ព្រឹទ្ធសភាអាមេរិកចេញសេចក្តីសម្រេច បែរខ្នងដាក់សម្ព័ន្ធមិត្ត អារ៉ាប៊ី សាអូឌីត
ព្រឹទ្ធសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍ទី ១៣ ធ្នូបានបោះឆ្នោត លើសេចក្តីសម្រេចដែលបញ្ជាក់ថា គឺព្រះរាជទាយាទ អារ៉ាប៊ី សាអូឌីត មហាម៉េដ បិន សាល់ម៉ាន ជាអ្នកទទួលខុសត្រូវលើឃាតកម្មលើអ្នកកាសែត Jamal Khashoggi។ សេចក្តីសម្រេចទី ២ របស់ព្រឹទ្ធសភាអាមេរិកបានទាមទារផងដែរ ឲ្យរដ្ឋបាលរបស់លោកដូណាល់ ត្រាំ ឈប់ជាបន្ទាន់ផ្តល់ជំនួយយោធា ដល់សម្ព័ន្ធអារ៉ាប់ ដែល កំពុងធ្វើសង្រ្គាមនៅប្រទេសយេម៉ែន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៥៥
សេចក្តីសម្រេចទាំងពីរ ដែលព្រឹទ្ធសភាអាមេរិកបានបោះឆ្នោត អនុម័តនៅថ្ងៃម្សិលមិញ សំដៅ ដាក់ពិន័យ អារ៉ាប៊ី សាអូឌីត ជាពិសេស រាជបុត្រស្នងរាជ្យ មហាម៉េដ បិនសាល់ម៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់លោកដូណាល់ ត្រាំ។ នៅក្នុងសេចក្តីសម្រេចទី១ ព្រឹទ្ធសភាអាមេរិកបានកំណត់ថា គឺរាជទាយាទអារ៉ាប៊ី សាអូឌីត ដែលជាអ្នកទទួលខុសត្រូវលើឃាតកម្ម ទៅលើអ្នកកាសែត លោកJamal Khashoggi។ ចំណែក សេចក្តីសម្រេចទី ២ របស់ព្រឹទ្ធសភា វិញ គឺ ទាមទារឲ្យរដ្ឋាភិបាលអាមេរិក បញ្ឈប់ រាល់ការគាំទ្រផ្នែកយោធា ដល់សម្ព័ន្ធអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ី សាអូឌីត ដែលកំពុងវាយប្រហារ ទៅលើក្រុមឧទ្ទាមហ៊ូទី ក្នុងទឹកដីយេម៉ែន។ សម្រាប់ព្រឹទ្ធសភាអាមេរិក យ៉ាងណាក៏ដោយ កងទ័ពអាមេរិកនៅតែអាចបន្ត វត្តមាន របស់ខ្លួន ក្នុងទឹកដីយេម៉ែន ប៉ុន្តែ ក្នុងគោលដៅ ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម អាល់កៃដា ហើយនិងបក្សពួក។
សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រឆាំង គណបក្សប្រជាធិបតេយ្យ លោកBernie Sanderបានថ្លែងថា សេចក្តីសម្រេចរបស់ព្រឹទ្ធសភាទៅលើសង្រ្គាមនៅយេម៉ែន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បី បញ្ជាក់ទៅកាន់ពិភពលោកទាំងមូលថា អាមេរិក នឹងមិនចូលរួមក្នុងគ្រោះមហន្តរាយជីវិតមនុស្សលើផែនដីនោះទេ។ សម្រាប់សមាជិកព្រឹទ្ធសភារូបនេះ សេចក្តីសម្រេចនេះនឹងបញ្ជាក់កាន់តែច្បាស់ ទៅរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីតថា អាមេរិកនឹងមិនចូលរួម ក្នុងដំណើរផ្សងព្រេងយោធារបស់អារ៉ាប៊ីសាអូឌីតទៀតហើយ។
សេចក្តីសម្រេចរបស់ព្រឹទ្ធសភា សបញ្ជាក់ពីកំហឹង និងការអស់ភាពអត់ធ្មត់របស់សមាជិកគណបក្សសាធារណរដ្ឋ ទៅលើសម្ព័ន្ធមិត្តអារ៉ាប៊ី សាអូឌីត នៅក្រោយសង្រ្គាមដ៏ចម្រូងចម្រាសនៅយេម៉ែន ហើយនិងឃាតកម្មទៅលើអ្នកកាសែត លោកJamal Khashoggi។ ជំហរផ្ទុយរបស់គណបក្សសាធារណរដ្ឋ ដែលជាគណបក្សរបស់លោកដូណាល់ ត្រាំ យ៉ាងដូច្នេះ គឺ ប្រៀបបាននឹងការដាល់ចំមុខរបស់ប្រធានាធិបតី លោកដូណាល់ ត្រាំ ដែលបដិសេធរហូតមក មិន ថ្កោលទោសរបបអារ៉ាប៊ី សាអូឌីត នៅក្នុងសំណុំរឿងឃាតកម្មលើអ្នកកាសែត។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំនៅបានលើកឡើងពីសារៈសំខាន់ ក្នុងរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងជាយុទ្ធសាស្រ្ត ព្រោះថា អារ៉ាប៊ី សាអូឌីត បានសន្យាទិញអាវុធអាមេរិកាំងតម្លៃជាង ១០០ពាន់លានដុល្លារឯណោះ។
ទៅតាមព្រឹទ្ធសភាអាមេរិក រដ្ឋាភិបាលអាមេរិក មានរយៈពេល ៣០ថ្ងៃ ដើម្បី អនុវត្តធ្វើតាមសេចក្តីសម្រេចទាំងពីរ។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ អាចនឹងមិនធ្វើតាម សេចក្តីសម្រេចរបស់ព្រឹទ្ធសភា អាមេរិក ដែលគ្រាន់តែជានិមិត្តរូប នឹងគ្មានកាតព្វកិច្ចផ្លូវច្បាប់ ចាប់តម្រូវឲ្យប្រធានាធិបតី ធ្វើតាមនោះទេ។ នៅក្នុងករណីអន្តរាគមន៍យោធា នៅប្រទេសយេម៉េន សេណារីយ៉ូនឹងអាចផ្លាស់ប្តូរទៅវិញ នៅពេលណាដែលសភាអ្នកតំណាងរាស្រ្ត ដែលនឹងដឹកនាំដោយគណបក្សប្រជាធិបតេយ្យ នៅខែមករាខាងមុខ អាច ចូលរួម គាំទ្រសេចក្តីសម្រេចទាំងពីររបស់ព្រឹទ្ធសភា។ នៅពេលនោះ សភាទាំងពីរជាន់ថ្នាក់ អាចបោះឆ្នោត ទាមទារឲ្យអនុវត្ត”ច្បាប់ អំណាចសង្រ្គាម” ដែលបង្កើតឡើងនៅសម័យសង្រ្គាមវៀតណាម និងដែលបានចែងកំណត់អំណាចប្រធានាធិបតី ក្នុងការធ្វើអន្តរាគមយោធា នៅបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ