អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មានទស្សនៈ​ផ្ទុយ​នឹង​លោកត្រាំ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លាលែង​ពីតំណែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ដឹកនាំមន្ទីរ​បញ្ចកោណ បាន​សម្រេច​ចិត្ត​​លាលែង​ចេញ​តំណែង ! លោករដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក ជីម ម៉ាទីស ជ្រើសរើស​ ការ​ដើរ​ចេញ​ពី​តួនាទី ក្រោយ​សេចក្តីប្រកាស​​របស់​លោក​ដូណាល់ ត្រាំ ដក​កងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី។ ការ​លាលែង​នេះ​ជា​សារ​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ ផ្កាយ​បួន ប្រឆាំង​នឹង​យុទ្ធសាស្ត្រ​ថ្មី​​របស់សេតវិមាន។ ដូច​ទម្លាប់​ លោកប្រធានាធិបតី​អាមេរិក​បាន​ជូន​ដំណឹង​តាម​សារ​ទ្វីតទ័រ អរគុណ​លោក​​រដ្ឋមន្ត្រីការពារជាតិ ដែល​បាន​បម្រើ​ជាតិ និង​ដែល​ត្រូវ​ចាក​ចេញ​ពី​តួនាទី ទៅ​ចូល​និវត្តន៍។

លោក James Mattis  និង​ប្រធានាធិបតី ​Trump កាលពី​ខែ​តុលា ២០១៨ នៅ​សេតវិមាន
លោក James Mattis និង​ប្រធានាធិបតី ​Trump កាលពី​ខែ​តុលា ២០១៨ នៅ​សេតវិមាន REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

​ក្រសួងការពារ​ជាតិ​អាមេរិក​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ លិខិត​សុំ​លាលែង​ចេញ​ពី​តំណែង​របស់​លោ​ក ជីម ម៉ាទីស Jim Mattis។ ជាការ​លាលែង​ដែល​នឹង​ចាប់​មាន​សុពលភាព​ នៅ​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ (ដើម្បីទុក​ពេល​ឱ្យ​សេតវិមាន​រក​អ្នក​ថ្មី​មក​ជំនួស)។ នៅក្នុង​លិខិត លោក​ម៉ាទីស​បានសរសេរ​ត្រង់ៗ​ថា “ដោយ​អ្នក​មាន​សិទ្ធិ​ជ្រើសរើស​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​មាន​ទស្សនៈ​ស្របនឹង​​លោក ខ្ញុំ​គិត​ថា​ល្អ​បំផុត​ដែល​ខ្ញុំ​ត្រូវ​ដក​ខ្លួន​ចេញ"។

ឃ្លានេះ​អាច​ឱ្យ​យើង​កាត់​យល់​បាន​ថា លោក​ម៉ាទីស មានជំហរ​មិន​ត្រូវ​គ្នា​ជា​មួយ​នឹង​លោក​ប្រធានាធិបតី​ ដូណាល់ត្រាំ និង​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ទៀត​ឡើយ។ ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​ បាន​ចាប់​លេចឡើង​តាំង​ពី​ខែ​តុលាមក​ម្ល៉េះ។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ លោក​ ដូណាល់ ត្រាំ បាន​បង្ហាញ​លក្ខណៈ​ត្រៀម​ដើរ​បែក​ផ្លូវពី​លោក​ម៉ាទីស ដោយ​ពន្យល់​ថា​លោក​រដ្ឋមន្ត្រី​មានជំហរ​ដូច​អ្នក​ប្រជាធិបតេយ្យ។

គោរព​សម្ព័ន្ធមិត្ត

ដូច្នេះ​មាន​ន័យ​ថា ​សំណុំ​រឿង​ដក​កងទ័ព​ស៊ីរី​ ប្រៀប​បាន​នឹង​ទឹក​មួយ​ដំណក់​ ដែល​គេ​ចាក់​ លើ​កែវ​​​ពេញ​ស្រាប់​ ​ឱ្យ​ហៀ​តែ​ប៉ុណ្ណោះ។ ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង គឺ​អត្ថន័យ​នៃ​លិខិត​សុំ​លាលែង​ចេញ​តំណែង​ដែល​មាន​ដល់​មួយ​ទំព័រ​កន្លះ រៀប​រាប់​​យ៉ាង​លម្អិត​អំពី​​ការ​យល់​ឃើញ​ខុស​គ្នា​រវាង​លោក និង​ប្រធានាធិបតី តែ​ដោយមិន​និយាយ​​​ចំៗ ពីការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី​​ឡើយ។

ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​សេចក្តី​​សម្រេច​ដកកងទ័ព​២០០​នាក់​ពី​ស៊ីរី ឱ្យ​បាន​ឆាប់ លោក ម៉ាទីស បាន​បញ្ជាក់​ថា “ខ្ញុំក៏យល់​​ដូច​អ្នក ទាហាន​អាមេរិក​មិន​មែន​ជាកងអាវុធហត្ថរបស់ពិភពលោក​ទេ ! ប៉ុន្តែ​ត្រូវ​គោរព​សម្ព័ន្ធមិត្ត​ខ្លះផង” ! សម្រាប់​លោក​ម៉ាទីស អាមេរិក​​ត្រូវ​ប្រឹង​ឱ្យ​អស់​ពីលទ្ធភាព​​ក្នុង​ការ​​សម្រួល​សណ្តាប់​ធ្នាប់​អន្តរជាតិ ដើម្បី​សន្តិសុខ​អាមេរិក ដើម្បី​រក្សា​តម្លៃអាមេរិក និង​ដើម្បី​ភាព​រឹង​មាំ តាម​រយៈ​​សាមគ្គីភាព​ជាមួយ​សម្ព័ន្ធមិត្ត (មិន​គួរ​​ទុក​សម្ព័ន្ធមិត្ត គួដ ឱ្យ​នៅ​ហេហាល​​លើសមរភូមិ​តែ​ឯងទេ)។

​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​

ទាក់ទង​នឹង​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថានវិញ ​លោក ម៉ាទីស មាន​ជំហរ​ប្រឆាំង​តាំង​តែ​ដើម​មក ! ​កាល​ពី​ឆ្នាំ​មុន លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​ថែម​ទាំង​អាច​បញ្ចុះ​បញ្ចូល​លោក​ត្រាំ ឱ្យ​ដំឡើង​កម្លាំង​ទាហាន​ ព្រោះ​ខណៈ​នេះ​ពួក​តាលីបង់ កំពុង​មាន​ប្រៀប​លើ​កង​កម្លាំង​អាហ្វហ្កានីស្ថានផង។ សម្រាប់​ស្ទើរ​គ្រប់​អ្នក​ជំនាញ​ ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ គឺ​ដូច​ជា​បើក​ឱកាស​ឱ្យពួក​តាលីបង់​បាន​ទទួល​ជោគជ័យ​តាក់ទិក ដោយ​មិន​បាច់​ប្រឹង​ធ្វើ​សម្បទាន​អ្វី​។

ប៉ុន្តែ​នៅ​ថ្ងៃនេះ ក្រោយ​ពី​លោក​ម៉ាទីស​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង លោក​ត្រាំ ក្រលាស់​ចិត្ត​ ត្រលប់​មក​ប្រកាន់​ជំហរ​ដើម​វិញ។ ក្រោយ​ពី​បាន​ប្រកាស​ដក​កងទ័ព​ចេញ​ពី​ស៊ីរីបាន​មួយ​ថ្ងៃ ​​អាមេរិកក៏​​បាន​សម្រេចដក​កង​ទ័ព​ទ្រង់ទ្រាយ​ធំ​ចេញ​​ពីអាហ្វហ្កានីស្ថាន​ទៀត។ ហើយ​បើ​តាម​សារព័ត៌មាន​អាមេរិក លោកប្រធានាធិបតី ត្រាំ ​គ្រោង​ដក​ទ័ព​អាមេរិក​ចំនួន​៧ពាន់​នាក់​ ក្នុង​ចំណោម​១៤០០០​នាក់ ដែល​ដាក់​ពង្រាយ​លើ​ដីអាហ្វហ្កានីស្ថាន តាំង​ពី​១៧​ឆ្នាំ​មុន​មក។

សេចក្តី​សម្រេច​ចិត្ត​នេះ បាន​ធ្វើ​គ្រប់​ភាគី​នយោបាយ​ខាក​ចិត្ត​ និង​ព្រួយ​បារម្ភ ព្រមទាំង​សោកស្តាយ​ការ​ចាកចេញ​របស់​លោក ម៉ាទីស។

លោក ម៉ាទីស ជា​និម្មិត្តរូប​នៃ​ស្ថិរភាព

គិត​ចាប់​តាំង​ពី​លោក ត្រាំ​បាន​ឡើង​​កាន់​អំណាច​មក មាន​មន្ត្រី​ស្និទ្ធ​ ជំនិត និង​សំខាន់ៗ​មិន​តិច​ជាង​១០​នាក់​ទេ ដែល​ត្រូវ​បាន​ខ្ទាត​ចេញ​ពី​តំណែង។ លោក ម៉ាទីស អតីត​ឧត្តមសេនីយ៍​ទ័ព​ម៉ារីន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​មាន​អាយុជីវិត​វែង​ឆ្ងាយ​ជាងគេ​នៅ​ក្នុង​រដ្ឋបាល​លោក​ត្រាំ។ លោក​ធ្លាប់​មាន​ឥទ្ធិពល​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​នៅ​ក្នុង​សំនុំ​រឿង​សូម៉ាលី យេម៉ែន ឬ​ក្នុង​ការ​សម្រេច​ពង្រាយ​ទ័ព​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ... ប៉ុន្តែ​ទម្ងន់​ឥទ្ធិពល​របស់​លោក ចាប់​សាប​រលាប​បន្តិចម្តងៗ​ សម្រាប់​ក្រសែ​ភ្នែក​លោក​ ត្រាំ នៅ​ពេល​អតីត​ប្រមុខ​ការទូត​អាមេរិក រិច Tillerson និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ ត្រូវបាន​ដក​ចេញ​ពី​តំណែង។

មាន​អាយុ​៦៨​ឆ្នាំ មាន​ងារ​ជា​ ឆ្កែប្រយុទ្ធ (ដោយ​សារ​ភាព​ពុះពារ​ក្នុង​សមរភូមិ ធ្លាប់​ចូល​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន) លោក​ម៉ាទីស ជា​មនុស្ស​ដែល​បាន​ទទួល​ការ​គោរព​យ៉ាង​ខ្លាំង​លើ​ឆាក​អន្តរជាតិ ព្រោះ​បាន​ធ្វើ​ឱ្យ​រដ្ឋបាល​អាមេរិក​អង្រួន​ដោយ​លោក​ត្រាំ មាន​លំនឹង​។ លោក​ជា​មនុស្ស​ក៏​កម្រ​ម្នាក់​ដែល​ជា​គំរូ​និង​ជា​តំណាង​នៃ​កម្លាំង​និង​ស្ថិរភាព របស់​រដ្ឋាភិបាល​អាមេរិក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា មិន​ថា​បក្ស​សាធារណរដ្ឋ​ឬ​បក្ស​ប្រជាធិបតេយ្យ​ទេ សុទ្ធ​តែ​នាំ​គ្នាខក​ចិត្ត ​សោក​ស្តាយ និង​ព្រួយ​បារម្ភ​ នៅ​ពេលឮ​ដំណឹង​ថា​លោក​ ម៉ាទីស ត្រូវ​ដើរ​ចេញ​ពី​តួនាទី​នោះ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ អ្នក​សាធារណរដ្ឋ​ Marco Rubio បាន​ចាត់​ទុក​អាមេរិក​ថា​កំពុង​លុង​ឆ្ពោះ​ទៅ​ក្នុង​កំហុស​នយោបាយ​កាន់​តែ​ជ្រៅ ដែល​អាច​បំផ្លាញ​ចំណង​សម្ព័ន្ធភាព​។ ប្រធាន​ព្រឹទ្ធសភា បក្ស​សាធារណរដ្ឋ បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង នៅពេល​ឃើញ​​ ​មូលហេតុ​នៃ​ការ​លាលែងពី​តំណែង​របស់​រដ្ឋមន្ត្រីការពារ​ បណ្តាល​មក​ពី​​គំនិត​ផ្ទុយ​ស្រឡះ​ខ្លាំង​ជា​មួយ​ប្រធានាធិបតី លើ​គោលការណ៍​ និងចំណុច​សំខាន់ៗ​នៃ​ភាព​ជាមេ​ដឹកនាំពិភពលោក​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ