ប្រេស៊ីល៖លោកយ៉ាអៀរ បុលសូណារ៉ូស្បថចូលកាន់តំណែងប្រធានាធិបតីដោយសន្យាបើកទំព័រសករាជថ្មី
នៅថ្ងៃអង្គារ ទី១ មករាដែលជាថ្ងៃចូលឆ្នាំថ្មី ២០១៩ លោកយ៉ាអៀរ បុលសូណារ៉ូបានស្បថចូលកាន់តំណែងប្រធានាធិបតីប្រេស៊ីលសម្រាប់រយៈពេល ៤ឆ្នាំ។ មានអាយុ ៦៣ឆ្នាំ ប្រធានាធិបតីប្រេស៊ីលទី៣៨ រូបនេះជាអតីតទាហាន និងជាឥស្សរជននយោបាយស្តាំនិយមជ្រុលដែលបានជាប់ឆ្នោតប្រធានាធិបតីតាមរយៈការបោះឆ្នោតកាលពីខែតុលាកន្លងទៅដោយទទួលបានសម្លេងគាំទ្រដល់ទៅ ៥៥%។ ថ្លែងនៅចំពោះមុខក្រុមសមាជិកសភា និងព្រឹទ្ធសភា លោកបុលសូណារ៉ូនាពេលស្បថចូលកាន់តំណែងផ្លូវការ លោកបុលសូណារ៉ូបានតាំងខ្លួនជាប្រធានាធិបតីបិទទំព័រចាស់ និងបើកទំព័រថ្មីសម្រាប់ពលរដ្ឋ និងប្រទេសជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:១៨
« អាទិភាពមួយក្នុងចំណោមអាទិភាពរបស់ខ្ញុំ គឺការពារនិង ពង្រឹងលទ្ធិប្រជាធិបតេយ្យប្រេស៊ីលដោយធ្វើការយ៉ាងសកម្មដើម្បីធ្វើយ៉ាងណា មិនឲ្យអាទិភាពនោះបន្តស្ថិតនៅជាពាក្យសន្យា និងឃ្លាតឆ្ងាយទេ តែវាជាសមាសភាគមួយដ៏សំខាន់ និងជាក់ស្តែងនៃជីវិតនយោបាយរបស់ប្រេស៊ីលដោយមានការការគោរពរដ្ឋប្រជាធិបតេយ្យ។
ការកសាងជាតិមួយប្រកបដោយយុត្តិធម៌ គឺតម្រូវឲ្យមានការបិទបញ្ចប់នូវការអនុវត្តនយោបាយអវិជ្ជមានដែលបានពន្យឺតភាពរីកចម្រើនដល់យើងទាំងអស់គ្នា។ ភាពគ្មានការទទួលខុសត្រូវបាននាំយើងឲ្យធ្លាក់ក្នុងវិបត្តិប្រវត្តិសាស្រ្ត វិបត្តិសីលធម៌ និងវិបត្តិសេដ្ឋកិច្ច។ យើងចាប់ផ្តើមថ្ងៃនេះនូវការងារលំបាកដែលនឹងអនុញ្ញាតឲ្យប្រទេសប្រេស៊ីលផ្តើមបើកទំព័រសករាជថ្មីនៃប្រវត្តិសាស្រ្តរបស់ខ្លួន។
ជាទំព័រសករាជថ្មីមួយដែលប្រេស៊ីលនឹងត្រូវបានគ្រប់គ្នាមើលឃើញជាប្រទេសមួយខ្លាំង រុងរឿង មានជំនឿទុកចិត្ត និងមោះមុត »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ