ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/03 12h00 GMT

អ.ស.ប.៖​ក្រុមប្រឹក្សាសន្តិសុខ​ទទួល​សមាជិកថ្មី​មិន​អចិន្ត្រៃយ៍​ចំនួន ៥ ប្រទេស

អ.ស.ប.៖​ក្រុមប្រឹក្សាសន្តិសុខ​ទទួល​សមាជិកថ្មី​មិន​អចិន្ត្រៃយ៍​ចំនួន ៥ ប្រទេស
 
អ.ស.ប.៖​ក្រុមប្រឹក្សាសន្តិសុខ​ទទួល​សមាជិកថ្មី​មិន​អចិន្ត្រៃយ៍​ចំនួន ៥ ប្រទេស Manuel ELIAS / UNITED NATIONS / AFP

ចាប់​ពី​ថ្ងៃ​ទី១ មករា ឆ្នាំ​ថ្មី ២០១៩ មាន​ប្រទេស​ចំនួន ៥ បាន​ក្លាយ​ជា​សមាជិក​ថ្មី​មិន​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​រយៈពេល ២ឆ្នាំ។ ប្រទេស​សមាជិក​ថ្មី​ទាំង ៥ នោះ​មាន​អាហ្រ្វិកខាងត្បូង ឥណ្ឌូណេស៊ី សាធារណរដ្ឋដូមីនីក បែលហ្ស៊ិក និង​ប្រទេស​អាល្លឺម៉ង់។ វត្តមាន​សមាជិក​ថ្មី​ទាំង ៥ប្រទេស​បាន​កើត​មាន​ឡើង​ចំ​ពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខ​កំពុង​ជួប​វិបត្តិ​ផ្ទៃក្នុង​យ៉ាង​ខ្លាំង ពិសេស​ប្រឈម​នឹង​ជំហរ​រឹងរូស និង​មិន​ទៀងទាត់​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។

តែ​សម្រាប់​ប្រទេស​បារាំង​ដែល​ជា​សមាជិក​អចិន្រ្តៃយ៍ វត្តមាន​ជា​ថ្មី​របស់​ប្រទេស​អាល្លឺម៉ង់​ជា​ដំណឹង​ល្អ​មួយ។ តើ​ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​សមាជិក​ថ្មី​ពេល​នេះ ក្រុមប្រឹក្សាសន្តិសុខ​អាច​មាន​លទ្ធភាព និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ពិភពលោក​ឲ្យ​មាន​ប្រសិទ្ធិភាព​ជាង​មុន​ដែរ​ឬ​ទេ?

អ្វី​ដែល​គួរ​បញ្ជាក់​ជា​ដំបូង ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មាន​សមាជិក​ទាំង​អស់ ១៥ប្រទេស ក្នុង​នោះ មាន ៥ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ និង ១០ប្រទេស​ជា​សមាជិក​មិន​អចិន្រ្តៃយ៍។ ៥ប្រទេស​សមាជិក​អចិន្ត្រៃយ៍​មាន​សហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និង​ប្រទេស​អង់គ្លេស។ សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ប្រទេស​នេះ​គ្មាន​ការ​បោះឆ្នោត​ដោះដូរ​ទេ តែ​សម្រាប់​សមាជិក​មិន​អចិន្ត្រៃយ៍​ទាំង ១០ប្រទេស​វិញ គឺ​មាន​ការ​បោះឆ្នោត​ដោះដូរ​ថ្មី​ចំនួន​ពាក់កណ្តាល​នៅ​រៀងរាល់​ឆ្នាំ ហើយ​សមាជិក​ថ្មី​មាន​អាណត្តិ​រយៈពេល ៥ឆ្នាំ។ ក្រុមប្រឹក្សាសន្តិសុខ​ជា​ស្ថាប័នជាន់ខ្ពស់បំផុត​របស់​អង្គការ​សហប្រជាជាតិ ហើយ​រាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ គឺ​មាន​លក្ខណៈ​បង្ខិតបង្ខំ​តាម​ផ្លូវច្បាប់ ពោល​ខុស​ពី​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ។

គេ​អាច​និយាយ​បាន​ថា ក្រុមប្រឹក្សាសន្តិសុខ​ជា​អ្នក​ធានា​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។ នេះ​ជា​ទ្រឹស្តី តែ​ការ​អនុវត្ត​ជាក់ស្តែង​ជា​រឿង​មួយ​ផ្សេង​ទៅ​វិញ។ ជា​រឿង​មួយ​ផ្សេង​ព្រោះ​គេ​បាន​សង្កេត​ឃើញ​ជា​ទូទៅ​ថា មាន​ប្រទេស​សមាជិក​ខ្លះ ពិសេស​ប្រទេស​មហាអំណាច​បាន​ប្រើ​វេទិកា​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​គំរាម​ដាក់​គ្នា និង​ការពារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​ប្រយោជន៍​ផ្ទាល់ខ្លួន។ មាន​វិបត្តិ​ក្នុង​លោក​ច្រើន​ណាស់​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​មិន​អាច​អនុម័ត​សេចក្តីសម្រេច​រួម​បាន​ដោយសារ​តែ​និន្នាការ និង​ជំហរ។ ឧទាហរណ៍​ជាក់ស្តែង វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​នៅ​ម្ខាង រុស្ស៊ី រួម​ជា​មួយ​សមាជិក​មួយ​ចំនួន​បន្ត​គាំទ្រ​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ និង​នៅ​ម្ខាង​ទៀត អាមេរិក រួម​ជាមួយ​សមាជិក​ខ្លះ​បន្ត​គាំទ្រ​ពួកប្រឆាំង​នៅ​ស៊ីរី។

មន្រ្តីការទូត​ជា​ច្រើន​បាន​សារភាព​ត្រង់ៗ​ពី​កង្វះ​ឯកភាព​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សាសន្តិសុខ និង​ទទួល​ស្គាល់​ថា នៅ​ក្នុង​កិច្ចប្រជុំ​សាធារណៈ ឬ​បិទទ្វារ ការ​ប៉ះទង្គិច​ពាក្យសម្តី​មាន​ច្រើន​ជាង​ការ​ស្វែង​រក​កុងសង់ស៊ុស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​លោក។ តើ​ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​សមាជិក​ថ្មី​មិន​អចិន្ត្រៃយ៍​ចំនួន ៥ប្រទេស​ពេល​នេះ ក្រុមប្រឹក្សាសន្តិសុខ​អាច​នឹង​មាន​ឯកភាព ហើយ​អាច​រួម​កម្លាំង​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​លោក​ឲ្យ​មាន​ប្រសិទ្ធិភាព​ជាង​ពេល​កន្លង​មក​ដែរ ឬ​ទេ?។ នេះ​ជា​សំណួរ​ដែល​គេ​ត្រូវ​រង់ចាំ​ចម្លើយ​នា​ពេល​ខាង​មុខ។ តែ​សម្រាប់​ប្រទេស​បារាំង​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម​សមាជិក​ទាំង ៥ ហាក់​មាន​សង្ឃឹម​ច្រើន​ចំពោះ​វត្តមាន​ប្រទេស​អាល្លឺម៉ង់​ពេល​នេះ។

សង្ឃឹម​ច្រើន​ព្រោះ​ក្រុង​ប៉ារីស​បាន​រក​ឃើញ​ឡើង​វិញ​នូវ​សម្ព័ន្ធមិត្ត​អឺរ៉ុប​មួយ​របស់​ខ្លួន ចំ​ពេល​ដែល​ប្រទេស​អង់គ្លេស​ត្រៀម​ខ្លួន​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​នៅ​ខែ​មីនា​ខាង​មុខ។ គួរ​រម្លឹក​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ប្រទេស​អាល្លឺម៉ង់​ជាប់ឆ្នោត​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​សម្រាប់​រយៈពេល ២ឆ្នាំ។ អាល្លឺម៉ង់​ធ្លាប់​បាន​អង្គុយ​កៅអី​មួយ​នេះ​ចំនួន ៥ដង​មក​ហើយ លើកទី១ ពី​ឆ្នាំ ១៩៧៧ ដល់​១៩៧៨ លើកទី២ ពី​ឆ្នាំ ១៩៨៧ ដល់​១៩៨៨ លើកទី៣ ពី​ឆ្នាំ ១៩៩៥ ដល់​១៩៩៦ លើកទី៤ ពី​ឆ្នាំ ២០០៣ ដល់​២០០៤ និង​លើកទី៥ ពី​ឆ្នាំ ២០១១ ដល់​២០១២។ ក្រុម​មន្រ្តីការទូត​សង្ឃឹម​ថា អាល្លឺម៉ង់​នឹង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​និយាយ​ជាមួយ​រុស្ស៊ី​ក្នុង​ការ​ពន្លឿន​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី និង​អ៊ុយក្រែន។

បន្ទាប់​មក ប៊ែរឡាំង​ក៏​ជា​តួអង្គ​ដ៏​សំខាន់​ដើម្បី​រួម​កម្លាំង​ជាមួយ​ប្រទេស​ផ្សេង​ក្នុង​ការ​ព្យាយាម​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ។ បារាំង និង​អាល្លឺម៉ង់​រួម​កម្លាំង​គ្នា​ជា​ម៉ាស៊ីន​ដើម្បី​ផ្តល់​សន្ទុះ​ដំណើរការ​របស់​ក្រុមប្រឹក្សាសន្តិសុខ។ បារាំង និង​អាល្លឺម៉ង់​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នា​ជា​សក្ខីកម្ម​ដើម្បី​បញ្ជាក់​ពី​ទម្ងន់ និង​ទឹកមាត់ប្រៃ​របស់​អឺរ៉ុប​នៅ​លើ​ឆាក​អន្តរជាតិ។ បន្ទាប់​មក បារាំង​ក៏​អាច​ពឹងពាក់​លើ​ការ​គាំទ្រ​របស់​សមាជិក​មិន​អចិន្ត្រៃយ៍​ថ្មី​មួយ​ទៀត គឺ​ប្រទេស​បែលហ្ស៊ិក។

បើ​ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​ថ្មី​នេះ ក្រុមប្រឹក្សាសន្តិសុខ​នៅ​តែ​បន្ត​បែកបាក់​ផ្ទៃក្នុង​ដដែល នៅ​សល់​សេណារីយ៉ូ​មួយ​ទៀត​មិន​អាច​ខ្វះ​បាន គឺ​ការ​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​ការ​រុះរើ ដោះដូរ​សមាជិក​អចិន្ត្រៃយ៍ និង​ទាំង​របៀប​ជ្រើសរើស​ដោះដូរ​សមាជិក​មិន​អចិន្ត្រៃយ៍។ គ្រប់​គ្នា​បាន​មូលមតិ និង​យល់​ឃើញ​ដូច​គ្នា​ថា បរិបទ​ពិភពលោក​សព្វថ្ងៃ​មិន​ដូច​គ្នា​នឹង​បរិបទ​ពិភពលោក​កាល​ពី​ជាង ៧០ឆ្នាំ​មុន​ទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អង្កការ​សហប្រជាជាតិ

    អ.ស.ប ​រងការរិះគន់ នៅក្រោយ​ហ្វីលីពីន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ហេតុអ្វី​បានជា​ការសម្រេច​បង្កើត​កងទ័ព​ជាតិ​កូសូវ៉ូ បង្ក​ឱ្យ​មាន​ចរន្ត​ប្រឆាំង​ខ្លាំង ?

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អ.ស.ប. ព្យាយាម​ការពារ​កតិកាសញ្ញា​ស្តីពី​អន្តោប្រវេសន៍ ​ទោះបី​ប្រទេស​ខ្លះ​ប្រឆាំង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ