អានតួអត្ថបទ
សហរដ្ឋអាមេរិក

ដើម្បី សង់ជញ្ជាំង នៅ​ព្រំដែន លោកដូណាល់ ត្រាំ គំរាម​ប្រកាស​ស្ថានភាព​អាសន្ន​ថ្នាក់​ជាតិ

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​សុក្រម្សិលមិញ នៅតែ​ប្រកាន់ជំហរ​តឹងខ្លាំង ក្នុង​ការទាមទារ​ ថវិកា​សម្រាប់​សាងសង់​ជញ្ជាំង​ថ្ម នៅព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក។ នៅក្រោយ​ជំនួប​ចរចា​ដ៏តានតឹង​ជាមួយ​មេដឹកនាំ​របស់​គណបក្ស​ប្រឆាំង នៅ​សភា​អាមេរិក កាលពី​ថ្ងៃ​សុក្រ លោកដូណាល់ ត្រាំ បានបញ្ជាក់​សាជាថ្មី ថា ស្ថាប័ន​រដ្ឋាភិបាល​នឹងអាច​បន្ត​បិទ​រាប់ខែ រហូត​ដល់​ឆ្នាំ បើសិន​សភា​មិន​ព្រម​ផ្តល់​បោះឆ្នោត អនុម័ត​ថវិកា ជាង ៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង ទេនោះ។ 

លោកដូណាល់ ត្រាំ​ធ្វើ​សន្និសីទ​កាសែត នៅក្រោយ​ជំនួប​ជាមួយ​អ្នកតំណាង​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា កាលពីថ្ងៃទី ៤​មករា ២០១៩
លោកដូណាល់ ត្រាំ​ធ្វើ​សន្និសីទ​កាសែត នៅក្រោយ​ជំនួប​ជាមួយ​អ្នកតំណាង​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា កាលពីថ្ងៃទី ៤​មករា ២០១៩ © REUTERS/Jim Young
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ចរចា​ដ៏តានតឹង នៅ​សេតវិមាន ទាំង​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ហើយ​និង​អ្នកតំណាង​របស់​បក្ស​ប្រជាធិបតេយ្យ នៅ​សភាអាមេរិក​ទាំង​ពីរ​ជាន់ថ្នាក់ នៅ​តែ​និយាយ​មិន​ចុះសម្រុង គ្នា ដើម្បី​បិទបញ្ចប់​វិបត្តិ​ថវិកា ដែល​បាន​ធ្វើ​ឲ្យ​ក្រសួង និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ត្រូវ​បិទទ្វា មិន​ធ្វើការ ចាប់តាំង​ពី​ថ្ងៃ​ទី ២២​ធ្នូមក។

អ្នកតំណាង​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ពេលនេះ មាន​សំឡេង​ភាគច្រើន​នៅ​សភា​អ្នកតំណាងរាស្រ្ត បាន​ទាមទារ​ឲ្យក្រសួង និង​ស្ថាប័នរដ្ឋ​​បើក​ដំណើរការ​ឡើង​វិញ ប៉ុន្តែ បើតាម​ប្រធាន​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​អាមេរិក លោក Chuck Shumer លោកដូណាល់ ត្រាំ បាន​ចចេស មិន​យល់ស្រប​តាម និង​បាន​អះអាង​ថា Shutdown ដែល​ប៉ះពាល់​ដល់​បុគ្គលិក​រដ្ឋអាមេរិក ៨សែននាក់ នឹង​អាច​បន្ត​រាប់ខែ ឬ​ដល់​ឆ្នាំ។

នៅក្នុង​សន្និសីទ​កាសែត ដែល​ធ្វើឡើង​ក្រោយ​ជំនួប​ជាមួយ​អ្នកតំណាង​បក្ស​ប្រឆាំង លោកដូណាល់ ត្រាំ បាន​ឆ្លើយ​បញ្ជាក់​ទៅ​អ្នកកាសែត ថា លោក​ពិត​ជា​បាន​និយាយ​យ៉ាង​ដូច្នេះ មែន។ លោកដូណាល់ ត្រាំ នៅ​បាន​អះអាង​ទៀត​ថា លោក​បាន​ត្រៀមខ្លួន បន្ត​បិទ​រដ្ឋាភិបាល យូរ​តទៅទៀត គឺ​រហូត​ដល់ ​សភា​យល់ព្រម​ផ្តល់​ថវិកា​ជាង ៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង​របស់​លោក នៅ​តាមព្រំដែន​ជាមួយ​ម៉ិចស៊ិក។ ដោយលើកឡើង​ពី​សន្តិសុខ​ជាតិ លោក​ដូណាល់ បាន​គំរាមផងដែរ​នឹង​ប្រើសិទ្ធិ​ប្រធានាធិបតី ដើម្បី​ប្រកាស​ស្ថានភាព​អាសន្ន​ជាតិ ដើម្បី​សង់ជញ្ជាំង ដោយ​មិនចាំបាច់ ភ្លើងខៀវ ការអនុម័ត​ថវិកា​ពី​សភា។

តាមអ្នកវិភាគ ការលើកឡើង របស់​លោកដូណាល់ ត្រាំ មាន​លក្ខណៈ​គំរាម​ច្រើនជាង ការអនុវត្ត​ផ្ទាល់។ ដោយមិនចាំបាច់​ការអនុម័ត​កញ្ចប់​ថវិកា​ពី​សភា លោកដូណាល់ ត្រាំ អាច​ចេញក្រឹត្យ​ប្រើ​កញ្ចប់​ថវិកា​របស់​ក្រសួងការពារ​ជាតិ សម្រាប់​សាងសង់​ជញ្ជាំងថ្ម ឬ​ដែក តាមការចង់បាន​របស់លោក នៅតាម​ព្រំដែន។ ប៉ុន្តែ លោកដូណាល់ ត្រាំ នៅតែ​ប្រឈម​នឹង​ការប្រឆាំង​របស់​ ​គណបក្ស​ប្រឆាំង ដែល​ពេលនេះ កំពុង​មាន​សំលេងភាគច្រើន​នៅ​សភា អ្នកតំណាងរាស្រ្ត។

នៅ​ក្រោយ​ជំនួបជាមួយ​លោក​ដូណាល់ ត្រាំ នៅថ្ងៃ​សុក្រ លោកស្រី Nancy Pelosi ប្រធានសភា​អ្នកតំណាងរាស្រ្ត មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា លោកស្រី គាំទ្រ​គំនិត​ដែល​ចង់រឹតបន្តឹង​ការហូរចូល​ជនអន្តោប្រវេសន៍ ប៉ុន្តែ គណបក្ស​របស់លោកស្រី ប្រឆាំង​ដាច់ខាត​នឹង​គំនិត​សង់​ជញ្ជាំង​ព្រំដែន ដែល​បើតាម​លោកស្រី គឺ​”អសីលធម៌” និង​ដែល​មិនមែន​ជា​ការប៉ងប្រាថ្នា​ចង់​បាន​របស់​ប្រជាជន​អាមេរិកាំង​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ