លោកដូណាល់ ត្រាំ គំរាមប្រកាសអាសន្នជាតិដើម្បីយកលុយសង់ជញ្ជាំងនៅព្រំដែន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១២
វិបត្តិថវិកា រហូតឈានដល់មានShutdown ឬការបិទស្ថាប័នរដ្ឋាភិបាលមួយផ្នែក នៅអាមេរិក មានរយៈពេល២០ថ្ងៃគត់ គិតមកត្រឹមថ្ងៃសុក្រទី១១នេះ។ ការនិយាយមិនចុះសម្រុងគ្នា រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយនិងសភាអ្នកតំណាងរាស្រ្ត ក្នុងរឿងផ្តល់ថវិកាសាងសង់ជញ្ជាំង គឺជាដើមហេតុដែលធ្វើឲ្យមានShutdown។ នៅក្នុងភាពទ័លច្រកបែបនេះ លោកប្រធានាធិបតីដូណាល់ ត្រាំ នៅពេលចុះទៅពិនិត្យមើលព្រំដែនជាមួយ ប្រទេសម៉ិចស៊ិក នៅត្រង់រដ្ឋតិចសាស់ កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមថា នឹងប្រកាសអាសន្នជាតិ។គ្មានកិច្ចព្រមព្រៀង នៅថ្ងៃសុក្រនេះ វិបត្តិថវិកា ឬShutdown នឹងអាចពន្យារពេលវែង តទៅទៀត និងមានរយៈពេលវែងជាងគេ ក្នុងប្រវត្តិសាស្រ្តអាមេរិក។
Shutdown ឬការបិទស្ថាប័នរដ្ឋអាមេរិកមួយផ្នែក មានអាយុកាល២០ថ្ងៃគត់ គិតមកត្រឹមថ្ងៃសុក្រនេះ ដោយសារតែប្រធានាធិបតីអាមេរិក ហើយនិងសភានិយាយមិនចុះសម្រុងគ្នាទាក់ទងនឹងថវិកាសម្រាប់សង់ជញ្ជាំង។ នៅពេលចុះទៅពិនិត្យព្រំដែនអាមេរិក ម៉ិចស៊ិក នៅក្នុងរដ្ឋតិចសាស់ លោកដូណាល់ ត្រាំបានគំរាម ថា បើសិនជាសភាCongress មិនព្រមអនុម័តថវិកា ជាង ៥ពាន់លានដុល្លារ សម្រាប់សង់ជញ្ជាំង នៅព្រំដែនទេ នោះ លោកនឹងប្រកាសអាសន្នជាតិ។ នេះជាលើកទី២ ហើយ ដែលគេលឺពាក្យនេះ ចេញពីមាត់របស់លោកដូណាល់ ត្រាំ ចាប់តាំងពីមានវិបត្តិថវិកា ផ្ទុះឡើង ចាប់តាំងពីថ្ងៃទី២២ធ្នូ។
បន្ទាប់ពីចរចាមិនត្រូវគ្នា ជាច្រើនលើក លោកដូណាល់ ត្រាំ គ្មានគម្រោងនឹងបើកការពិភាក្សាអ្វីទៀត ទេ ជាមួយ អ្នកតំណាងសភា មកពីគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ នៅចុងសប្តាហ៍នេះ។ ការណ៍នេះ ធ្វើឲ្យគេជឿថា លោកដូណាល់ ត្រាំ នឹងអាចរើសយក ប្រកាសអាសន្នជាតិនេះ ជាជម្រើសចុងក្រោយ ដើម្បីទម្លាយភាពទ័លច្រកលើកនេះ។
លោកដូណាល់ ត្រាំ អាចប្រើសិទ្ធិប្រធានាធិបតីដើម្បីប្រកាសអាសន្នជាតិ ដើម្បីបានថវិកាសង់ជញ្ជាំង ដោយមិនចាំបាច់ការអនុម័តថវិកាពីសភាCongress។ ប៉ុន្តែ លោកដូណាល់ ត្រាំមិនបានប្រើជម្រើសនេះតាំងពីដំបូងទី ដោយសារតែមិនចង់ប្រឈមខាងផ្នែកផ្លូវច្បាប់ ដូចជាការប្តឹងផ្តល់តាមផ្លូវតុលាការ បើសិនមានការតវ៉ាប្រឆាំងណាមួយ។ មួយវិញទៀត លោកខ្លាចរងការរិះគន់ ដែលថា លោកប្រើអំណាចប្រធានាធិបតី ឬអំណាចប្រតិបត្តិ ច្រើនជ្រុល ដោយមើលរំលងអំណាចនិតិបញ្ញត្តិរបស់សភា។
ដោយប្រកាសអាសន្នជាតិ លោកដូណាល់ ត្រាំនឹងអាចមានសិទ្ធិប្រើថវិការបស់ក្រសួងការពារជាតិ សម្រាប់យកទៅសង់ជញ្ជាំង ដែលលោកធ្លាប់បានសន្យា នៅក្នុងពេលឃោសនាបោះឆ្នោត។ កាសែតក្នុងស្រុកអាមេរិកបានចុះផ្សាយថា សេតវិមានកំពុងពិចារណាបេះបោចយកថវិកាដែលសភាធ្លាប់បានអនុម័តសម្រាប់ដោះស្រាយគ្រោះមហន្តរាយធម្មជាតិកន្លងមក នៅកោះ Puerto Rico ឬភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វនីញ៉ា កន្លងមក ដើម្បីយកទៅសង់ជញ្ជាំង នៅតាមព្រំដែនម៉ិចស៊ិក ដែលមានប្រវែង១៦០៩គីឡូម៉ែត្រ។
សម្រាប់គណបក្សប្រជាធិបតេយ្យដែលទើបចូលកាន់កាប់សភាអ្នកតំណាងរាស្រ្ត ការសង់ជញ្ជាំង គឺជារឿងអសីលធម៌ គ្មានប្រសិទ្ធិភាពដើម្បី ទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ នោះទេ។ ផ្ទុយទៅវិញ វាជាការខ្ជះខ្ជាយថវិកា ហើយអ្នកដែលប៉ះពាល់ខ្លាំងជាងគេ គឺប្រជាជន អាមេរិកដែលជាអ្នកបង់ពន្ធ។
ការប្រកាសអាសន្នជាតិនឹងធ្វើឲ្យShutdown បិទបញ្ចប់?
ដោយប្រកាសស្ថានភាពអាសន្នជាតិ លោកដូណាល់ ត្រាំ អាចមានសិទ្ធិ យកថវិកាពីកន្លែងផ្សេង មកសង់ជញ្ជាំង នៅព្រំដែនម៉ិចស៊ិក ពោលគឺដោយមិនចាំបាច់ថវិកាអនុម័តពីសភា។ បើសិនជាដូច្នេះ នោះ វិបត្តិថវិកា រហូតឈានទៅដល់ការបិទស្ថាប័ន និងក្រសួងរដ្ឋមួយផ្នែក ក៏នឹងត្រូវបិទបញ្ចប់ដែរ។ ត្រូវដឹងថា វិបត្តិថវិកា កើតឡើង ក៏ដោយសារតែលោកដូណាល់ ត្រាំ គំរាម មិនព្រមចុះហត្ថលេខា លើច្បាប់ថវិកាសភា ដោយសារតែនៅក្នុងច្បាប់ថវិកា គ្មានដាក់បញ្ចូលថវិកាជាង ៥ពាន់លានដុល្លារ សម្រាប់សង់ជញ្ជាំង នៅព្រំដែន តាមការទាមទាររបស់លោក។
យ៉ាងណាក៏ដោយ អ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ។ ទោះបីជាលោកដូណាល់ ត្រាំប្រកាសអាសន្នជាតិ ដើម្បីរកថវិកាពីកន្លែងផ្សេង ទៅសាងសង់ជញ្ជាំង ប៉ុន្តែ បើលោកនៅតែ មិនព្រម ចុះហត្ថលេខាលើច្បាប់ថវិការបស់សភាទេ នោះShutdown ក៏នឹងនៅតែបន្តមាន តទៅទៀត។ ហើយបើសិនជាលោកដូណាល់ ត្រាំ មិនសម្រេចអ្វីសោះ នៅថ្ងៃសុក្រនេះ នោះ Shutdown ឬការបិទស្ថាប័ន រដ្ឋមួយផ្នែក ដោយសារតែវិបត្តិថវិកា នឹងមានរយៈពេល២១ថ្ងៃ នៅថ្ងៃសៅរ៍ស្អែកនេះ ពោល គឺជារយៈពេលយូរជាងគេបំផុត បំបែកឯកត្តទ្ធកម្ម ក្នុងប្រវត្តិសាស្រ្តShut down នៅអាមេរិក។ Shutdown ដែលមានរយៈពេលវែងជាងគេ គឺ២០ នៅឆ្នាំ ១៩៩៥ នៅក្នុង អាណត្តិរបស់លោកប្រធានាធិបតីប៊ីល គ្លីនតុន ដោយសារតែការនិយាយមិនចុះសម្រុងគ្នា ជាមួយសភា ស្តីពីកញ្ចប់ថវិកាដូចគ្នានេះ។
សហជីព៖ សន្តិសុខនៅតាមច្រកត្រួតពិនិត្យ ព្រំដែន និងនៅព្រលានយន្តហោះ កំពុងចោទជាបញ្ហា
Shutdown ឬការបិទស្ថាប័នរដ្ឋសហព័ន្ធ ដែលកើតឡើងតាំងពីថ្ងៃទី ២២ធ្នូ បានប៉ះពាល់ទៅដល់បុគ្គលិករដ្ឋ ប្រមាណ ៨សែននាក់ ដែលនៅក្នុងនោះ ជាង ៤សែននាក់ត្រូវបន្តធ្វើការ ដោយគ្មានសង្ឃឹមទទួលប្រាក់ខែ ចំណែកជាង៣សែននាក់ផ្សេងទៀត ត្រូវគេព្យួរការងារ។
បុគ្គលិករដ្ឋ របស់ក្រសួងដឹកជញ្ជូន ហើយនិងក្រសួងមហាផ្ទៃ ដែលរងប៉ះពាល់ ដោយសារវិបត្តិShutdown លើកនេះ ពោល គឺ ឆ្មាំពន្ធនាគារ អ្នកធ្វើការនៅសួនសត្វ មន្រ្តីអន្តោប្រវេសន៍ បុគ្គលិករបស់ប៉ូលិស FBI និងមន្រ្តីអន្តោប្រវេសន៍ នៅតាមព្រលានយន្តហោះជាដើម ត្រូវមានកាតព្វកិច្ច បន្ត ធ្វើការ ដោយមិនសង្ឃឹមនឹងទទួលបានប្រាក់ខែ ទោះវិបត្តិថវិកាត្រូវបិទបញ្ចប់ទៅវិញ។
នៅថ្ងៃព្រហស្បតិ៍ សហជីពទទួលបន្ទុកសន្តិសុខព្រលានយន្តហោះជាដើមបានធ្វើបាតុកម្ម ជាមួយសហជីពដទៃទៀត នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីទាមទារឲ្យរដ្ឋាភិបាលបើកទ្វារឡើងវិញ ដើម្បី ជៀសវាងកុំឲ្យមានបញ្ហាសន្តិសុខ ហើយនិងផលប៉ះពាល់ទៅលើសេដ្ឋកិច្ចអាមេរិក។ សម្រាប់សមាគមតំណាងឲ្យបុគ្គលិកដឹកជញ្ជូន វិបត្តិថវិកាកំពុងធ្វើឲ្យសន្តិសុខរបស់អាមេរិកអាចប្រឈមនឹងការគំរាមកំហែង ព្រោះថា ការត្រួតពិនិត្យសន្តិសុខនៅតាមច្រកព្រំដែន និងនៅតាមព្រលានយន្តហោះ អាចចុះខ្សោយ ដោយសារអវត្តមាន របស់បុគ្គលិក ឬ ដោយសារតែកង្វះបុគ្គលិក បុគ្គលិកដែលបន្តធ្វើការ បានចុះខ្សោយកម្លាំងដោយសារធ្វើការហត់នឿយច្រើនជាងមុន។
សម្រាប់សហជីពជាច្រើន ដោយសារតែត្រូវបញ្ឈរជើង គ្មានប្រាក់ខែ បុគ្គលិករដ្ឋជាច្រើន បានប្តូរការងារថ្មី ចុះឈ្មោះជាអ្នកអត់ការងារធ្វើ ដើម្បីបានជំនួយរដ្ឋ ឬ រត់ទៅរកខ្ចីប្រាក់ពី ធនាគារ ក្នុងអត្រាខ្ពស់ ដើម្បីអាចយកប្រាក់មកបង់ថ្លៃការចាយវាយប្រចាំថ្ងៃ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ