អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ គំរាម​ប្រកាស​អាសន្នជាតិ​ដើម្បី​យកលុយ​សង់ជញ្ជាំង​នៅព្រំដែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​ថវិកា រហូត​ឈាន​ដល់​មាន​Shutdown ឬ​ការបិទ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ផ្នែក នៅ​អាមេរិក មាន​រយៈពេល​២០​ថ្ងៃ​គត់ គិត​មកត្រឹម​ថ្ងៃ​សុក្រទី​១១​នេះ។ ការនិយាយ​មិន​ចុះសម្រុង​គ្នា រវាង​លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយ​និង​សភា​អ្នកតំណាងរាស្រ្ត ក្នុង​រឿង​ផ្តល់​ថវិកា​សាងសង់​ជញ្ជាំង គឺ​ជា​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​មាន​Shutdown។ នៅក្នុង​ភាពទ័លច្រក​បែបនេះ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅពេល​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​ជាមួយ ប្រទេស​ម៉ិចស៊ិក នៅត្រង់​រដ្ឋតិចសាស់ កាលពីថ្ងៃ​ព្រហស្បតិ៍ បានគំរាម​ថា នឹង​ប្រកាស​អាសន្ន​ជាតិ។គ្មាន​កិច្ចព្រមព្រៀង នៅថ្ងៃ​សុក្រនេះ វិបត្តិថវិកា ឬ​Shutdown នឹង​អាច​ពន្យារពេល​វែង តទៅទៀត និងមានរយៈពេល​វែង​ជាងគេ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។

ប្រធានាធិបតី​ដូណាល់ ត្រាំ នៅពេល​ចុះ​ពិនិត្យ​ព្រំដែន​ម៉ិចស៊ិក ក្នុងទឹកដី​រដ្ឋ​តិចសាស់ នៅថ្ងៃទី ១០​មករា ២០១៩
ប្រធានាធិបតី​ដូណាល់ ត្រាំ នៅពេល​ចុះ​ពិនិត្យ​ព្រំដែន​ម៉ិចស៊ិក ក្នុងទឹកដី​រដ្ឋ​តិចសាស់ នៅថ្ងៃទី ១០​មករា ២០១៩ ©REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

Shutdown ឬ​ការបិទស្ថាប័ន​រដ្ឋអាមេរិក​មួយផ្នែក មាន​អាយុកាល​២០​ថ្ងៃគត់ គិត​មកត្រឹម​ថ្ងៃ​សុក្រនេះ ដោយសារ​តែ​ប្រធានាធិបតី​អាមេរិក ហើយ​និង​សភា​និយាយ​មិនចុះសម្រុង​គ្នា​ទាក់ទង​នឹង​ថវិកា​សម្រាប់សង់ជញ្ជាំង។ នៅពេល​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​អាមេរិក ម៉ិចស៊ិក នៅ​ក្នុង​រដ្ឋតិចសាស់ លោកដូណាល់ ត្រាំបាន​គំរាម ថា បើ​សិន​ជា​សភាCongress មិនព្រម​អនុម័ត​ថវិកា ជាង ៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង នៅព្រំដែន​ទេ នោះ លោក​នឹង​ប្រកាស​អាសន្ន​ជាតិ។ នេះ​ជា​លើកទី២ ហើយ ដែល​គេ​លឺ​ពាក្យ​នេះ ចេញពី​មាត់​របស់​លោកដូណាល់ ត្រាំ ចាប់តាំង​ពី​មាន​វិបត្តិ​ថវិកា ផ្ទុះឡើង ចាប់តាំង​ពី​ថ្ងៃ​ទី​២២​ធ្នូ។

បន្ទាប់ពី​ចរចា​មិន​ត្រូវគ្នា ជាច្រើនលើក លោក​ដូណាល់ ត្រាំ គ្មាន​គម្រោង​នឹង​បើក​ការពិភាក្សា​អ្វី​ទៀត ទេ ជាមួយ អ្នកតំណាង​សភា មក​ពី​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ប្រជាធិបតេយ្យ នៅចុងសប្តាហ៍នេះ។ ការណ៍នេះ ធ្វើ​ឲ្យ​គេ​ជឿថា លោកដូណាល់ ត្រាំ នឹង​អាច​រើស​យក​ ប្រកាស​អាសន្ន​ជាតិនេះ ជា​ជម្រើស​ចុងក្រោយ ដើម្បីទម្លាយ​ភាពទ័លច្រក​លើកនេះ។

លោកដូណាល់ ត្រាំ អាច​ប្រើ​សិទ្ធិ​ប្រធានាធិបតី​ដើម្បី​ប្រកាស​អាសន្ន​ជាតិ ដើម្បី​បាន​ថវិកា​សង់ជញ្ជាំង ដោយ​មិនចាំបាច់​ការអនុម័ត​ថវិកា​ពីសភា​Congress។ ប៉ុន្តែ លោក​ដូណាល់ ត្រាំ​មិន​បាន​ប្រើ​ជម្រើសនេះ​តាំង​ពី​ដំបូងទី ដោយសារ​តែ​មិនចង់​ប្រឈម​ខាងផ្នែក​ផ្លូវច្បាប់ ដូចជា​ការប្តឹងផ្តល់​តាម​ផ្លូវតុលាការ បើសិន​មាន​ការតវ៉ាប្រឆាំង​ណាមួយ។ មួយវិញទៀត លោក​ខ្លាច​រង​ការរិះគន់ ដែល​ថា លោក​ប្រើ​អំណាច​ប្រធានាធិបតី ឬអំណាច​ប្រតិបត្តិ ច្រើនជ្រុល ដោយ​មើល​រំលង​អំណាច​និតិបញ្ញត្តិ​របស់សភា។

ដោយប្រកាស​អាសន្នជាតិ លោកដូណាល់ ត្រាំ​នឹង​អាច​មាន​សិទ្ធិ​ប្រើ​ថវិកា​របស់​ក្រសួងការពារ​ជាតិ សម្រាប់​យក​ទៅ​សង់ជញ្ជាំង ដែល​លោក​ធ្លាប់​បាន​សន្យា នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត។ កាសែត​ក្នុង​ស្រុក​អាមេរិក​បាន​ចុះផ្សាយ​ថា សេតវិមាន​កំពុង​ពិចារណា​បេះបោច​យក​ថវិកា​ដែល​សភា​ធ្លាប់​បានអនុម័ត​សម្រាប់​ដោះស្រាយ​គ្រោះមហន្តរាយ​ធម្មជាតិ​កន្លងមក នៅ​កោះ Puerto Rico ឬ​ភ្លើងឆេះព្រៃ នៅ​រដ្ឋកាលីហ្វនីញ៉ា កន្លងមក ដើម្បី​យក​ទៅ​សង់ជញ្ជាំង នៅ​តាម​ព្រំដែនម៉ិចស៊ិក ដែល​មាន​ប្រវែង១៦០៩​គីឡូម៉ែត្រ។

សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ទើប​ចូល​កាន់កាប់​សភាអ្នកតំណាងរាស្រ្ត ការសង់ជញ្ជាំង គឺ​ជារឿង​អសីលធម៌ គ្មាន​ប្រសិទ្ធិភាព​ដើម្បី ទប់ស្កាត់​លំហូរចូល​ជនអន្តោប្រវេសន៍ នោះទេ។ ផ្ទុយទៅវិញ វា​ជា​ការខ្ជះខ្ជាយ​ថវិកា ហើយ​អ្នកដែល​ប៉ះពាល់​ខ្លាំងជាងគេ គឺ​ប្រជាជន អាមេរិក​ដែល​ជា​អ្នកបង់ពន្ធ។

ការប្រកាស​អាសន្នជាតិ​នឹង​ធ្វើ​ឲ្យ​Shutdown បិទបញ្ចប់?

ដោយ​ប្រកាស​ស្ថានភាពអាសន្ន​ជាតិ លោក​ដូណាល់ ត្រាំ អាច​មាន​សិទ្ធិ យក​ថវិកា​ពី​កន្លែង​ផ្សេង មក​សង់​ជញ្ជាំង នៅព្រំដែន​ម៉ិចស៊ិក ពោល​គឺ​ដោយ​មិនចាំបាច់​ថវិកា​អនុម័ត​ពី​សភា។ បើ​សិន​ជា​ដូច្នេះ នោះ វិបត្តិថវិកា រហូត​ឈាន​ទៅដល់​ការបិទ​ស្ថាប័ន និង​ក្រសួង​រដ្ឋ​មួយផ្នែក ក៏​នឹង​ត្រូវ​បិទ​បញ្ចប់​ដែរ។ ត្រូវដឹងថា វិបត្តិ​ថវិកា កើតឡើង ក៏​ដោយសារ​តែ​លោកដូណាល់ ត្រាំ គំរាម មិន​ព្រម​ចុះ​ហត្ថលេខា លើ​ច្បាប់​ថវិកា​សភា ដោយសារ​តែ​នៅក្នុង​ច្បាប់​ថវិកា គ្មាន​ដាក់បញ្ចូល​ថវិកា​ជាង ៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង នៅព្រំដែន តាមការទាមទារ​របស់​លោក។

យ៉ាងណាក៏ដោយ អ្វីៗ​គឺ​ស្ថិតនៅ​លើ​ការសម្រេចចិត្ត​របស់លោកដូណាល់ ត្រាំ។ ទោះបី​ជា​លោកដូណាល់ ត្រាំ​ប្រកាស​អាសន្នជាតិ ដើម្បី​រកថវិកា​ពីកន្លែងផ្សេង ទៅ​សាងសង់ជញ្ជាំង ប៉ុន្តែ បើលោក​នៅតែ មិន​ព្រម ចុះ​ហត្ថលេខា​លើ​ច្បាប់​ថវិកា​របស់​សភា​ទេ នោះ​Shutdown ក៏​នឹងនៅ​តែ​បន្តមាន តទៅទៀត។ ហើយ​បើសិន​ជា​លោកដូណាល់ ត្រាំ មិនសម្រេច​អ្វីសោះ នៅថ្ងៃ​សុក្រនេះ នោះ Shutdown ឬ​ការបិទ​ស្ថាប័ន រដ្ឋ​មួយផ្នែក ដោយសារ​តែ​វិបត្តិ​ថវិកា​ នឹងមាន​រយៈពេល​២១ថ្ងៃ នៅថ្ងៃ​សៅរ៍​ស្អែកនេះ ពោល គឺជា​រយៈពេល​យូរជាងគេ​បំផុត បំបែក​ឯកត្តទ្ធកម្ម ក្នុង​ប្រវត្តិសាស្រ្ត​Shut down នៅ​អាមេរិក។ Shutdown ដែល​មាន​រយៈពេល​វែង​ជាងគេ គឺ​២០ នៅឆ្នាំ ១៩៩៥ នៅក្នុង អាណត្តិ​របស់​លោកប្រធានាធិបតី​ប៊ីល គ្លីនតុន ដោយសារ​តែ​ការនិយាយមិនចុះ​សម្រុងគ្នា ជាមួយ​សភា ស្តីពី​កញ្ចប់​ថវិកា​ដូចគ្នានេះ។

សហជីព៖ សន្តិសុខ​នៅ​តាម​ច្រក​ត្រួតពិនិត្យ ព្រំដែន និង​នៅ​ព្រលានយន្តហោះ កំពុង​ចោទ​ជាបញ្ហា

Shutdown ឬ​ការបិទ​ស្ថាប័ន​រដ្ឋសហព័ន្ធ ដែល​កើតឡើង​តាំង​ពី​ថ្ងៃទី ២២​ធ្នូ បាន​ប៉ះពាល់​ទៅដល់​បុគ្គលិក​រដ្ឋ ប្រមាណ ៨សែននាក់ ដែលនៅក្នុង​នោះ ជាង ៤សែននាក់​ត្រូវបន្ត​ធ្វើការ ដោយ​គ្មាន​សង្ឃឹម​ទទួល​ប្រាក់ខែ ចំណែក​ជាង​៣សែន​នាក់​ផ្សេង​ទៀត ត្រូវ​គេ​ព្យួរ​ការងារ។

បុគ្គលិក​រដ្ឋ របស់​ក្រសួង​ដឹកជញ្ជូន ហើយ​និង​ក្រសួងមហាផ្ទៃ ដែល​រង​ប៉ះពាល់ ដោយសារ​វិបត្តិ​Shutdown លើកនេះ ពោល គឺ ឆ្មាំ​ពន្ធនាគារ អ្នកធ្វើការ​នៅ​សួនសត្វ មន្រ្តី​អន្តោប្រវេសន៍ បុគ្គលិក​របស់ប៉ូលិស FBI និង​មន្រ្តីអន្តោប្រវេសន៍ នៅ​តាម​ព្រលាន​យន្តហោះ​ជាដើម ត្រូវ​មាន​កាតព្វកិច្ច បន្ត ធ្វើការ ដោយ​មិន​សង្ឃឹម​នឹង​ទទួល​បាន​ប្រាក់ខែ ទោះវិបត្តិ​ថវិកា​ត្រូវ​បិទបញ្ចប់ទៅវិញ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ សហជីព​ទទួលបន្ទុក​សន្តិសុខ​ព្រលាន​យន្តហោះ​ជាដើម​បាន​ធ្វើ​បាតុកម្ម ជាមួយ​សហជីព​ដទៃទៀត នៅទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ទ្វារ​ឡើងវិញ ដើម្បី ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​សន្តិសុខ ហើយ​និង​ផលប៉ះពាល់​ទៅលើ​សេដ្ឋកិច្ចអាមេរិក។ សម្រាប់​សមាគម​តំណាង​ឲ្យ​បុគ្គលិក​ដឹកជញ្ជូន វិបត្តិ​ថវិកា​កំពុង​ធ្វើ​ឲ្យ​សន្តិសុខ​របស់​អាមេរិក​អាច​ប្រឈម​នឹង​ការគំរាមកំហែង ព្រោះថា ការត្រួតពិនិត្យ​សន្តិសុខ​នៅ​តាមច្រក​ព្រំដែន និង​នៅ​តាម​ព្រលាន​យន្តហោះ អាច​ចុះ​ខ្សោយ ដោយសារ​អវត្តមាន របស់​បុគ្គលិក ឬ ដោយសារ​តែ​កង្វះបុគ្គលិក បុគ្គលិក​ដែល​បន្តធ្វើការ បាន​ចុះខ្សោយ​កម្លាំង​ដោយសារ​ធ្វើការហត់នឿយ​ច្រើន​ជាងមុន។

សម្រាប់​សហជីព​ជាច្រើន ដោយសារ​តែ​ត្រូវ​បញ្ឈរជើង គ្មាន​ប្រាក់ខែ បុគ្គលិក​រដ្ឋ​ជាច្រើន បាន​ប្តូរ​ការងារ​ថ្មី ចុះ​ឈ្មោះ​ជា​អ្នកអត់ការងារ​ធ្វើ ដើម្បី​បានជំនួយ​រដ្ឋ ឬ រត់ទៅ​រកខ្ចីប្រាក់ពី ធនាគារ ក្នុង​អត្រាខ្ពស់ ដើម្បី​អាច​យក​ប្រាក់​មក​បង់ថ្លៃ​ការចាយវាយ​ប្រចាំថ្ងៃ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ