អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖​គណបក្សប្រឆាំង​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ដើម្បី​រៀបចំ​បោះឆ្នោត​ឡើងវិញ

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា លោក Juan Guaido ប្រធាន​រដ្ឋសភា​បាន​ប្រកាស​នា​ថ្ងៃ​សុក្រ ទី១១ មករា​ពី​ការ​ត្រៀមខ្លួន​ដើម្បី​កាន់​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល​អន្តរកាល​មួយ។ ការ​ប្រកាស​របស់​ប្រធាន​រដ្ឋសភា​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នីកូឡា ម៉ាឌុយរ៉ូ​បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​សម្រាប់​អាណត្តិទី២។ គួរ​រម្លឹក​ថា លោក​ម៉ាឌុយរ៉ូ​បាន​ជាប់ឆ្នោត​អាណត្តិថ្មី​នា​ការ​បោះឆ្នោត​ក្នុង​ខែ​ឧសភា​កន្លង​មក តែ​ក្រុម​គណបក្សប្រឆាំង​បាន​ធ្វើ​ពហិកា​មិន​ចូលរួម និង​ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ទេ។ ក្រុមប្រឆាំង​សង្ឃឹម​លើ​ការ​ដាក់សម្ពោធ​ពី​សហគមន៍​អន្តរជាតិ ហើយ​ពេល​នេះ គឺ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ទូទៅ​ដើម្បី​អាច​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ឡើង​វិញ។

លោក Juan Guaido ប្រធាន​រដ្ឋសភា​វ៉េណេស៊ុយអេឡា
លោក Juan Guaido ប្រធាន​រដ្ឋសភា​វ៉េណេស៊ុយអេឡា REUTERS/Manaure Quintero
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​ប្រធាន​រដ្ឋសភា​លោក Juan Guaido បាន​ធ្វើ​ឡើង​នៅ​ក្នុង​អង្គមេទ្ទិញ​មួយ​ក្នុង​ទីក្រុង​ការ៉ាកាស់។ លោក Guaido បាន​លើក​យក​មាត្រា​ចំនួន ៣ នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ទៅ​សំអាង​ដើម្បី​បញ្ជាក់​ពី​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ​សម្រាប់​អាណត្តិទី២។ សម្រាប់​លោក Guaido បើ​ប្រធានាធិបតី​ម្នាក់​លែង​ស្របច្បាប់​ហើយ អំណាច​នឹង​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​ពលរដ្ឋ ហើយ​គឺ​មាន​តែ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា កងទ័ព និង​សហគមន៍​អន្តរជាតិ​ទេ​ដែល​អាច​ផ្តល់​អំណាច​ឲ្យ​យើង​បាន។

នៅ​ក្នុង​ន័យ​នេះ ប្រធាន​រដ្ឋសភា​បាន​អំពាវនាវ​ឲ្យ​មាន​មហាបាតុកម្ម​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃទី២៣ មករា​ខាង​មុខ។ ជម្រើស​ថ្ងៃទី២៣ នេះ​ទៀត​សោត​ក៏​មិនមែន​ជា​ជម្រើស​ចៃដន្យ​ដែរ ព្រោះ​វា​ជា​ថ្ងៃ​ធ្លាក់​ពី​អំណាច​របស់​អតីត​អ្នកកាន់អំណាច​ផ្តាច់ការ​នៅ​វ៉េណេស៊ុយអេឡា​ក្នុង​ឆ្នាំ ១៩៥៨។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​អំពាវនាវ​របស់​លោក Guaido ពេល​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​កម្រិត​ណា​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​ខ្លាំងៗ​ដាក់​លោក Guaido។ លោកស្រី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​គ្រប់គ្រង​ពន្ធនាគារ​បាន​ថ្លែង​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ថា បន្ទប់គុក និង​សម្លៀកបំពាក់អ្នកទោស​បាន​រៀបចំ​រួចរាល់​អស់​ហើយ​សម្រាប់​លោក Guaido។

ឃើញ​ថា ភាព​តានតឹង​ជា​រឿង​ចៀស​មិន​រួច​រវាង​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​នៅ​ក្នុង​ក្បួនបាតុកម្ម​ថ្ងៃទី២៣ មករា។ ក្រៅ​ពី​ការ​ចាប់​ខ្លួន​ឥស្សរជន​នយោបាយ​ជា​យថាហេតុ ក៏​អាច​មាន​ការ​វាយបង្រ្កាប​យ៉ាង​ហិង្សា បង្ហូរ​ឈាម​លើ​ហ្វូង​បាតុករ​ដូច​ដែល​គេ​ធ្លាប់​បាន​ឃើញ​ក្នុង​ឆ្នាំ ២០១៧ ដែល​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១០០នាក់។ ទាំង​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​និយាយ​ជំនះ​ពលរដ្ឋ ពិសេស​កងទ័ព​ដែល​ទើប​បាន​បង្ហាញ​ជំហរ​គាំទ្រ​ជា​ថ្មី​ចំពោះ​លោក​នីកូឡា ម៉ាឌុយរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ