អានតួអត្ថបទ
អាមេរិក-មជ្ឈិមបូព៌ា

អាមេរិក​មាន​សុទិដ្ឋិនិយម​លើ​លទ្ធភាព​ក្នុង​ការ​ការពារ​ប្រជាជន​តួកគី និង​ពលរដ្ឋ​គួដឌីស្ថានស៊ីរី

លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo បន្ត​ទស្សនកិច្ច​មួយ​ជុំតំបន់​មជ្ឈិមបូព៌ា។ ថ្លែង​នៅ​ក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាអារ៉ាប់រួម​នា​ថ្ងៃ​សៅរ៍ ទី១២ មករា លោក Pompeo បាន​សម្តែង​សុទិដ្ឋិនិយម​ស្តីពី​លទ្ធភាព​ដែល​ថា ពលរដ្ឋ​គួដឌីស្ថានស៊ីរី​នឹង​ទទួល​បាន​ការ​ការពារ ទោះបី​ជា​អាមេរិក​ដក​ទ័ព​របស់​ខ្លួន​ចេញ​ពី​ស៊ីរី​ក៏​ដោយ និង​ធានា​ថា ប្រជាជន​តួកគី​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ ការពារ​ប្រទេស​របស់​ខ្លួន​ប្រឆាំង​ទល់​នឹង​ពួក​ភេរវនិយម​ដែរ។ ទន្ទឹម​គ្នា​នេះ លោក Pompeo ក៏​មិន​ភ្លេច​និយាយ​ពី​ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដោយ​បាន​ប្រកាស​ពី​គម្រោង​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ថ្នាក់រដ្ឋមន្រ្តី​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​នា​ខែ​កុម្ភៈ​ខាង​មុខ។ គឺ​ជា​ជំនួបកំពូល​ស្តីពី​ស្ថិរភាព សន្តិភាព សេរីភាព និង​សន្តិសុខ​នៅ​តំបន់​មជ្ឈិមបូព៌ា។

លោក​ប្រមុខការទូត​អាមេរិក Mike Pompeo ក្នុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​អេហ្ស៊ីប
លោក​ប្រមុខការទូត​អាមេរិក Mike Pompeo ក្នុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​អេហ្ស៊ីប Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្រោយ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​តួកគី​ក្នុង​ថ្ងៃ​សៅរ៍ ទី១២ មករា​ដែល​ប្រមុខ​ការទូតអាមេរិក Mike Pompeo បាន​បញ្ជាក់​ថា លោក​មាន​សុទិដ្ឋិនិយម និង​ជឿជាក់​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ទាំង​ពីរ​រួម​គ្នា គឺ​ការពារ​ប្រជាជន​តួកគី និង​ពលរដ្ឋ​គួដឌីស្ថានស៊ីរី បន្ទាប់​ពី​អាមេរិក​ដក​ទ័ព​ចេញ​ពី​ទឹកដី​ស៊ីរី។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក Pompeo បាន​កើត​មាន​ឡើង បន្ទាប់​ពី​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន​បាន​ស្នើ​រដ្ឋាភិបាល​តួកគី​កុំ​ឲ្យ​វាយប្រហារ​លើ​ពួក​គួដឌីស្ថានស៊ីរី។ សំណើ​មួយ​នេះ​បាន​បញ្ឆេះ​កំហឹង​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ដោយ​បាន​ចាត់​ទុក​ការ​និយាយ​របស់​លោក​បុលតុន​ថា​ជា​កំហុសឆ្គង​មួយ​ធ្ងន់ធ្ងរ។

គួរ​បញ្ជាក់​ថា តួកគី និង​សហរដ្ឋអាមេរិក​យល់​ឃើញ​មិន​ដូច​គ្នា​ទេ​ចំពោះ​កម្លាំង​គួដឌីស្ថានស៊ីរី។ សម្រាប់​អាមេរិក និង​ប្រទេស​បស្ចិមលោក​មួយ​ចំនួន ពួក​គួដឌីស្ថានស៊ីរី​ជា​ដៃគូ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម​នៅ​ទឹកដី​ស៊ីរី។ តែ​ស្រាប់​តួកគី​វិញ ពួក​គួដឌីស្ថានស៊ីរី​ជា​ពួក​ភេរវជន​ដែល​ត្រូវ​កម្ទេចចោល​ដូច​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ក្រៅ​ពី​ចាប់​អារម្មណ៍​រឿង​គួដឌីស្ថានស៊ីរី ប្រមុខការទូត​អាមេរិក​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​តំបន់​មជ្ឈិមបូព៌ា​ជា​លក្ខណៈ​ទូទៅ​ដែរ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News ចាក់​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី១១ មករា លោក Mike Pompeo បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ស្តីពី​ស្ថិរភាព សន្តិភាព សេរីភាព និង​សន្តិសុខ​នៅ​តំបន់​មជ្ឈិមបូព៌ា។

កិច្ចប្រជុំ​អន្តរជាតិ​ថ្នាក់រដ្ឋមន្រ្តី​មួយ​នេះ​នឹង​រៀបចំ​នៅ​ថ្ងៃទី១៣ និង ១៤ ខែ​កុម្ភៈ​ក្នុង​ប្រទេស​ប៉ូឡូញ។ សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​អាមេរិក និង​ប៉ូឡូញ​បាន​ប្រាប់​ពី​ប្រធានរឿង​ដែល​ត្រូវ​ជជែក​រួម​មាន ភេរវនិយម ភាព​ជ្រុលនិយម ការ​អភិវឌ្ឃ​គ្រាប់មីស៊ីល និង​រំសាយនុយក្លេអ៊ែរ ពាណិជ្ជកម្ម​ផ្លូវសមុទ្រ និង​សន្តិសុខ រួម​ទាំង​ការ​គំរាម​ដោយ​ក្រុមជ្រុលនិយម​ដែល​គាំទ្រ​ដោយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ នៅ​ក្នុង​ន័យ​នេះ អ៊ីរ៉ង់​ត្រូវ​បាន​ភាគី​អាមេរិក​ចង្អុល​ចំ​មុខ។ ប្រតិកម្ម​តប​ភ្លាមៗ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក Javad Zarif បាន​ថ្លែង​ឌឺដង​ដាក់​ប៉ូឡូញ​ដែល​បាន​ចូលដៃ​ជាមួយ​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់។

លោក Zarif បាន​រម្លឹក​គុណ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​អតីតកាល​ដែល​បាន​ជួយ​យក​អាសាពលរដ្ឋ​ប៉ូឡូញ​ចំនួន ១០០ ០០០នាក់​នៅ​ក្នុង​សម័យ​សង្រ្គាមលោកលើកទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ