អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោកដូណាល់ ត្រាំ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង FBI ពិសេស​លោក James Comey

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​នា​ថ្ងៃ​សៅរ៍ ទី១២ មករា​ប្រឆាំង​នឹង​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ FBI ពិសេស លោក James Comey។ ក៏​ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង លោក​ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ដោយ​បាន​ចាត់​ទុក​លោក Comey ជា​មនុស្ស​កុហក និង​ជា​សម្រាម​មួយ។ ប្រតិកម្ម​ក្តៅក្រហាយ​របស់​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កាសែត New York Times ទើប​បាន​ទម្លាយ​ព័ត៌មាន​មួយ​ដែល​បញ្ជាក់​ថា ប៉ូលិស​សហព័ន្ធ​បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ចង់​ដឹង​ថា តើ​លោក​ត្រាំ​មាន​បាន​ធ្វើ​ការងារ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​រុស្ស៊ី ឬ​អត់។

លោក​ដូណាល់ ត្រាំ និង​អតីត​នាយក FBI លោក James Comey
លោក​ដូណាល់ ត្រាំ និង​អតីត​នាយក FBI លោក James Comey REUTERS/Jim Lo Scalzo/Pool, Gary Cameron/File Photo
ផ្សាយពាណិជ្ជកម្ម

លោក James Comey បាន​ចូល​កាន់​មុខ​តំណែង​ជា​នាយក FBI ក្នុង​ថ្ងៃទី៤ កញ្ញា ឆ្នាំ ២០១៣ ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។ ក្រោយ​ការ​ឡើង​កាន់​អំណាច​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ថ្ងៃទី២០ មករា ឆ្នាំ ២០១៧ ទំនាក់ទំនង​តានតឹង​ក៏​បាន​កើត​មាន​ឡើង​រវាង​លោកត្រាំ និង​លោក Comey។ នៅ​ទីបំផុត លោក​ត្រាំ​បាន​សម្រេច​ដក​តំណែង​លោក Comey ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៧។ ការ​ដក​តំណែង​លោក Comey ភ្លាមៗ​ពេល​នោះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន ហើយ​ក៏​​ហាក់​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ពេល​បន្ទាប់​មក។ គឺ​ទើប​តែ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត New York Times ក្នុង​ថ្ងៃ​សុក្រ ទី១១ មករា​ដែល​បាន​ធ្វើ​ឲ្យ​លោក​ត្រាំ​ផ្ទុះកំហឹង​ជា​ថ្មី​ប្រឆាំង​នឹង​លោក Comey។

យោង​តាម​កាសែត New York Times នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ដក​លោក Comey ពី​តំណែង​នាយក FBI ក្នុង​ឆ្នាំ ២០១៧ ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​មួយ​នេះ​ក៏​បាន​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ចង់​ដឹង​ថា តើ​លោក​ត្រាំ​មាន​បាន​ធ្វើ​ការងារ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាមួយ​ប្រទេស​រុស្ស៊ី ឬ​អត់?។ នៅ​ក្នុង​ករណី​មួយ​នេះ FIB ចង់​ផ្តោត​សំខាន់​លើ​ការ​លូកដៃ​ជា​យថាហេតុ​របស់​រុស្ស៊ី​ក្នុង​ការ​ជួយ​លោក​ដូណាល់ ត្រាំ​ឲ្យ​ជាប់​ឆ្នោត​ប្រឈម​នឹង​គូប្រជែង​មក​ពី​គណបក្សប្រជាធិបតេយ្យ គឺ​លោកស្រី​ហ៊ីលឡារី គ្លីនតុន។ បន្ទាប់​មក FBI ក៏​ចង់​ដឹង​ពី​ហេតុផល​ដែល​លោក​ត្រាំ​បាន​ដក​តំណែង​លើក Comey។

តាម New York Times ដដែល FBI មាន​មន្ទិលសង្ស័យ​ស្តីពី​ទំនាក់ទំនង​ជា​យថាហេតុ​រវាង​លោក​ត្រាំ និង​រុស្ស៊ី​តាំង​ពី​នៅ​ក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​ក្នុង​ឆ្នាំ ២០១៦។ បន្ទាប់​មក កាសែត New York Times ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ផង​ដែរ​ពី​ការ​រួម​សហការណ៍​ស៊ើបអង្កេត​លើ​សំណុំរឿង​មួយ​នេះ​រវាង FBI និង​រដ្ឋអាជ្ញាពិសេស​លោក Robert Muellers។ តើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត New York Times ពេល​នេះ​ជា​រឿង​ពិត ឬ​មួយ​ជា​រឿង​ប្រឌិត។ខណៈ​នេះ FBI បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។

លោក​ត្រាំ​និយាយ​ដៀមដាម​ដាក់ FBI និង​ប្រមាថ​លោកJames Comey

នៅ​ក្នុង​ប្រតិកម្ម​ក្តៅក្រហាយ​របស់​លោក​ត្រាំ​តាម​រយៈបណ្តាញ​សង្គម Twitters គេ​ហាក់​មិន​បាន​ឃើញ​មាន​ភស្តុតាង​អ្វី​ដែល​លោក​ត្រាំ​លើក​យក​ទៅ​សំអាង​ដើម្បី​ច្រាន​ចោល​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត New York Times ទេ។ អ្វី​ដែល​លោក​ត្រាំ​បាន​សរសេរ គឺ​ពាក្យ​ដៀមដាម​លើ FBI ដែល​ជា​ស្ថាប័ន​របស់​លោក និង​សម្តី​ប្រមាថ​លើ​លោក James Comey។ លោក​ត្រាំ​បាន​ចាត់​ទុក​អតីត​នាយក FBI រូប​នេះ​ជា​មនុស្ស​កុហក ជា​សម្រាម និង​ជា​ប៉ូលិស​អាក្រក់។ បន្ទាប់​មក លោក​ត្រាំ​បាន​រម្លឹក​ឡើង​វិញ​ពី​ស្ថានភាព​ច្របូកច្របល់​នៅ​ផ្ទៃក្នុង FBI ក្រោម​ការ​ដឹកនាំ​របស់​លោក James Comey និង​បាន​ចាត់​ទុក​ថ្ងៃ​ដក​តំណែង​លោក Comey ថា​ជា​ថ្ងៃ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​សហរដ្ឋអាមេរិក។

ក្រៅ​ពី​ប្រតិកម្ម​របស់​លោក​ត្រាំ​ដែល​ជា​សមីខ្លួន​ផ្ទាល់ ក៏​គេ​ឃើញ​មាន​ប្រតិកម្ម​ពី​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋបាល​លោក​ត្រាំ និង​ក្រុមអ្នកគាំទ្រ​លោក​ត្រាំ។ ប្រមុខ​ការទូត​លោក Mike Pompeo បាន​ថ្លែង​ថា ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត New York Times ជា​រឿង​គួរ​ឲ្យ​អស់សំណើច និង​មិន​សក្តិសម​នឹង​ឆ្លើយ​តប​ទេ។ ចំណែក​ក្រុមអ្នកប្រជាធិបតេយ្យ​ដែល​ជា​ក្រុមប្រឆាំង​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ដោយ​អះអាង​ថា អ្វី​ដែល​លោក​ត្រាំ​បាន​ឆ្លើយ​តប​ពេល​នេះ​មិន​អាច​បិទបាំង​នូវ​ការ​ពិត​បាន​ទេ។ លោក Jerrold Nadler តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​តុលាការ​នៅ​ក្នុង​សភា​បាន​បញ្ជាក់​ពី​ភាព​គ្មាន​មន្ទិលសង្ស័យ​លើ​ការងារ​អាជីព ប្រាកដប្រជា​របស់ FBI។

លោក Nadler ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា គណៈកម្មការ​របស់​លោក​នឹង​ធ្វើ​ការ​សិក្សា​លើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត New York Times។ គួរ​រម្លឹក​ថា រឿងរ៉ាវ​ជុំវិញ​ទំនាក់ទំនង​ជា​យថាហេតុ​រវាង​លោក​ដូណាល់ ត្រាំ និង​ប្រទេស​រុស្ស៊ី​មិនមែន​ជា​រឿង​ថ្មី ហើយ​លោក​ត្រាំ​តែង​បដិសេធ រួច​មិន​ញញើត​នឹង​ទិតៀន វាយប្រហារ​លើ​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller និង​អតីត​នាយក FBI លោក James Commey។ យ៉ាង​ណា​ក៏​ដោយ ការ​ពិត​នឹង​ត្រូវ​លាត​ត្រដាង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​តាម​រយៈ​លទ្ធផល​ស៊ើបអង្កេត​របស់​លោក Robert Mueller៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ