ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT

លោក ត្រាំ ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី ទៅ​នឹង​សន្តិសុខ​យុទ្ធជនគួដ ?

លោក ត្រាំ ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី ទៅ​នឹង​សន្តិសុខ​យុទ្ធជនគួដ ?
 
លោក ដូណាល់ ត្រាំ គំរាម​តួកគី​កុំ​ឱ្យ​វាយប្រហារ​លើ​ពួក​គួដ REUTERS/Leah Millis

​កាលពី​ខែ​ធ្នូ​ ប្រធានាធិបតី​អាមេរិក​បាន​ធ្វើ​សេចក្តី​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​ចង់​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី ! សេចក្តីសម្រេច​បានរុញ​ច្រាន​​អាមេរិករបស់​លោក​ត្រាំ​និង​តួកគី​ល្អួកល្អើន​នឹង​គ្នា​ខ្លាំង។​ ជិត​មួយ​ខែ​ក្រោយ​មក ​ផែនការ​នៅជា​ផែនការ​ ! ភាព​ស្រពិចស្រពិល​បាន​គ្រប​ដណ្តប់​លើ​តំបន់​ដើម​បូព៌ា​ទាំង​មូល។ ប៉ុន្តែ​នៅ​ចុងសប្តាហ៍​នេះ នៅ​ក្នុង​សារ​ទ្វីត​មួយ​ខ្សែ លោក ដូណាល់ ត្រាំ បែរ​ជា​ប្តូរ​សំឡេង ដោយ​បាន​​គំរាម​​បំផ្លាញ​សេដ្ឋកិច្ច​តួកគី និង​បាន​ស្រែក​ឱ្យ​ពួក​គួដ​កុំ​ផ្គើន​ ហើយ​បាន​រំលឹក​ថា​អាមេរិក​មិនមែន​ជា​មិត្ត​របស់​រុស្ស៊ី អ៊ីរ៉ង់ និង​ស៊ីរី​ទេ។

ល្ងាច​មិញ​នេះ លោក​ ដូណាល់ ត្រាំ បានប្រើ​ពាក្យ​ធ្ងន់ៗ​ខ្លាំង​ណាស់ គំរាម​តួកគី​ តាមរយៈ​ការ​បង្ហោះ​សារ​ទ្វីតថា អាមេរិក​នឹង​បំផ្លាញ​សេដ្ឋកិច្ច​តួកគី​ ប្រសិន​បើ​ប្រទេស​នេះ​ហ៊ាន​វាយប្រហារ​លើ​ពួក​គួដ។ ជាមួយ​គ្នា​នោះ លោក​ប្រធានាធិបតី​បាន​ស្នើ​ ឱ្យ​បង្កើត​ “តំបន់សុវត្ថិភាព” ប្រវែង​៣០​គីឡូម៉ែត្រ​ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​​ថា​តើ​តំបន់​សន្តិសុខ​នោះ ស្ថិត​នៅ​ទី​ណា ចំណុច​ណា និង​តើ​នរណា​ជា​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​​ឡើយ។

ទន្ទឹម​គ្នា​នោះ​ដែរ លោក ដូណាល់ ត្រាំ ក៏​បាន​អំពាវនាវ​ឱ្យ​ភាគីយុទ្ធជន​គួដ កុំ​ធ្វើ​អ្វីដែល​ជា​ការ​ផ្គើន​ដល់​រដ្ឋាភិបាល​តួកគី​ឱ្យ​សោះ។ រុស្ស៊ី​ អ៊ីរ៉ង់ ស៊ីរី បាន​ផល​ចំណេញ​ពី​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​​របស់​អាមេរិក​ យូរពេល​មក​ហើយ​។ អាមេរិក​ក៏​បាន​ផល យក​ឈ្នះ​ពួក​ជីហាត​ដែរ តែ​ដល់​វេលា​ដែល​ទាហាន​អាមេរិក​ត្រូវ​ត្រលប់​មក​ផ្ទះ​វិញ​ ! ឈប់​ធ្វើ​សង្គ្រាម​គ្មាន​ទី​បញ្ចប់​ !​

សេចក្តី​ប្រកាស​របស់​លោក ដូណាល់ ត្រាំ​នេះ ធ្វើ​ឡើង​ក្នុង​ខណៈ ដែល​​តួកគី​និ​ងអាមេរិក​កំពុង​ឆ្លង​កាត់​សម្ពាធ​ដ៏​តាន​តឹង​នឹង​គ្នា​ ជុំ​វិញ​ជោគ​វាសនា​យុទ្ធជនគួដ និង​ក្នុង​ខណៈ​​ដែល​រដ្ឋមន្ត្រីការបរទេស​​អាមេរិក​លោក ម៉ាយ ប៉ុមប៉េអូ ​កំពុង​បំពេញ​ទស្សនកិច្ច​​​នៅ​តំបន់​ដើម​បូព៌ា។ ប្រមុខការទូត​អាមេរិក ចង់​ផ្តល់​ការ​ធានាអះអាងនិង​​ស្វែង​រក​ការ​ពារ​ឱ្យ​​​​យុទ្ធជន​គួដ ដែល​បាន​កាន់​អាវុធ​ជាមួយ​កងទ័ព​អាមេរិក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ​

តួកគីអំពាវនាវ​ឱ្យ​អាមេរិក​លើក​កិត្តិយស​ប្រទេស​ដៃគូ

គាំទ្រ​ដោយ​តួកគី​​ ការ​​ដកកងទ័ពអាមេរិក​​ចេញ​ពី​ស៊ីរី នឹង​ធ្វើក្រុម​​យុទ្ធ​ជន​គួដនៅ​ស៊ីរី​ ចុះ​​ទន់​​ខ្សោយ ហើយ​ងាយរង​ការ​វាយប្រហារ​ពី​សំណាក់​តួកគី​បាន​គ្រប់​ពេល។​ ​សម្រាប់​​អង់ការ៉ា ក្រុមប្រដាប់អាវុធ​​គួដ (YPG) ​ជា​ក្រុម​​ភេរវនិយម​ ព្រោះ​មាន​ចំណង​ទាក់ទង​នឹង​បក្ស​ពលករ​គួដ (PKK) ដែលបាន​​ដឹកនាំ​ចលនា​ឧទ្ទាម​លើ​ទឹកដី​តួកគី​ តាំង​ពី​ឆ្នាំ​១៩៨៤​មក។ ដើម្បី​កុំ​ឱ្យក្រុមគួដ​ ​​កកើត​ជា​ “រដ្ឋ​” នៅ​ជាប់​របង​តួកគី ឬ​យូរ​ទៅ​អាច​ទាមទារ​ផ្តាច់​ទឹក​ដី​​ពី​តួកគី​បាន តួកគី​មិន​ដែល​លាក់​បាំង​គម្រោង​ចង់​បើក​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​គួដ​ (YPG) នៅ​ស៊ីរី​នេះទេ។

ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​គ្រាន់​តែ​បានឃើញ​សារ​ទ្វីត​របស់​លោក​ត្រាំ​ ដែល​មាន​​ន័យ​​​ចង់​ភ្ជាប់​លក្ខខណ្ឌ​​នៃ​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពីស៊ីរី ជាមួយ​នឹង​ការ​ធានា​សន្តិសុខ​ឱ្យ​យុទ្ធជន​គួដ​ភ្លាម ​តួកគី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​វិញភ្លែត ថា​ តួកគី​រង់ចាំ​មើល​សហរដ្ឋ​អាមេរិក​ផ្តល់​កិត្តិយស​ដល់​ដៃគូ​យុទ្ធសាស្ត្រ​។ អ្នក​នាំពាក្យ​របស់​ប្រធានាធិបតី​តួកគី បាន​ថែម​ទាំង​ព្រមាន​តប​វិញ​ថា​ តួកគី​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹ​ង ក្រុមប្រដាប់អាវុធ​គួដដដែល គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ពួក​​​ភេរវនិយម មិន​មែន​តួកគី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលរដ្ឋ​គួដ​ទេ។ តួកគី​មិន​ចាញ់​សំឡុត​​​នរណា​ទាំង​អស់ ! គំរាមតួកគី​ផ្នែក​សេដ្ឋកិច្ច​ គ្មាន​នាំ​ទៅ​សម្រេច​ផល​អ្វីទេ។ ប៉ុន្តែ​តួកគី​មិន​ច្រាន​ចោល​គំនិត​ចង់​បង្កើត​តំបន់​សន្តិសុខ​​តាម​បណ្តោយ​ព្រំដែន ​របស់​​លោក​ត្រាំ​ឡើយ ព្រោះ​គំនិត​នេះ​តួកគី​ធ្លាប់​បាន​ស្នើ​ជា​ច្រើន​លើក​សា​មក​ហើយ។

កាលពី​ខែ​មុន ក្នុង​ពេល​ប្រកាស​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ ​ លោក ត្រាំ​ ពិត​ជា​មិន​បាន​វាស់​វែង​​ឃើញ​​អំពី​ផលវិបាក​សម្រាប់​តំបន់​ដើមបូព៌ា​ទេ។ លោក គិត​ឃើញ​តែ​ម្យ៉ាង គឺ​គោរព​ពាក្យ​សន្យា​ពេល​ឃោសនា​បោះឆ្នោត​ នាំ​ទាហាន​អាមេរិក​ត្រលប់​មក​ផ្ទះ​វិញ។​

ដល់​តែ​សម្រេច​ហើយ​ ទើប​ឃើញ​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​តំបន់។ តាំង​ពី​ពេល​នោះ​មក លោក ត្រាំ បាន​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស ទីប្រឹក្សា​សន្តិសុខ ឱ្យ​ចុះ​ទៅ​ជួប​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​ ដើម្បី​ធានា​អះអាង​ និង​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រទេស​ជា​ដៃ​អាមេរិក។ ប៉ុន្តែ​មិន​ដឹង​ថា​ តើ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​ពួក​គេ ប៉ុន្មាន​សប្តាហ៍​មក​នេះ​​ អាច​ទប់​រួច​នឹង​ទម្ងន់​សារ​ទ្វីត​របស់​លោក​ប្រធានាធិបតី​ ដែល​បង្ហោះ​ស្ទើរ​គ្មាន​លួស​ថ្ងៃ​នោះ បាន​ដែល​ឬ​យ៉ាងណា​ទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក​ដក​ទ័ព​ចេញ​ពី​ស៊ីរី តួកគី​​ទទួល​ភារៈ​សម្របសម្រួល​ស្ថានការណ៍បន្ត

    ស្វែងយល់បន្ថែម

  • តួកគី​ថានឹង​វាយប្រហារ​កងកម្លាំងកួដ​ប្រសិន​អាមេរិក​ពន្យារពេល​ដកកងទ័ពពី​ស៊ីរី​

    ស្វែងយល់បន្ថែម

  • តួកគី-អាមេរិក

    ប្រធានាធិបតី​តួកគី​លោកអ៊ែរដូហ្កាន​ដំឡើង​សម្លេង​ដាក់​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    គម្រោង​ដក​កងទ័ពអាមេរិកចេញពី​ស៊ីរី​របស់លោកត្រាំ​ រងការ​រិះគន់ខ្លាំង​

    ស្វែងយល់បន្ថែម

  • វ៉ាស៊ីនតោន​ត្រៀម​ធ្វើ​សង្គ្រាម​គ្មាន​ថ្ងៃ​បញ្ចប់​នៅ​ស៊ីរី​ឬ ?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ