ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

ហេតុអ្វី កាណាដា​ផ្តល់​សិទ្ធិជ្រកកោន ដល់​កញ្ញាអារ៉ាប៊ី សាអូឌីត?

ហេតុអ្វី កាណាដា​ផ្តល់​សិទ្ធិជ្រកកោន ដល់​កញ្ញាអារ៉ាប៊ី សាអូឌីត?
 
លោកស្រី​រដ្ឋមន្រ្តីការបទេស​កាណាដា Chrystia Freeland (ស្តាំ) បានទៅទទួល​ដោយ​ផ្ទាល់​នារី​អារ៉ាប៊ី សាអូឌីត នៅព្រលាន​យន្តហោះ តូរ៉ុនតូ កាលពីថ្ងៃទី ១២មករា ២០១៩ © REUTERS/Carlos Osorio

បានទៅ​ជាន់ទឹកដី​កាណាដា កាលពី​ថ្ងៃ​សៅរ៍ នារី​អារ៉ាប៊ីសាអូឌីត រ៉ាហាហ្វ ម៉ូហាម៉េត បាន​ផ្តល់​បទសម្ភាសន៍​ដល់​កាសែត​ក្នុង​ស្រុក​កាណាដា ដែលនៅក្នុង​នោះ​នាង​បាន​បកអាក្រាត​របបទាសភាព ការធ្វើទុក្ខបុកម្នេញ រំលោភ​សិទ្ធិមនុស្ស​ស្រី នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។

មុន​នឹង​ទទួល​បាន​សិទ្ធិ​ជ្រកកោន នៅ​ប្រទេស​កាណាដា នារី​អារ៉ាប៊ី សាអូឌីត បាន​អង្រួន​ពិភព​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ តាមរយៈ ការបិទ​បង្ឃាំង​ខ្លួន​ក្នុង​សណ្ឋាគារ នៅ​ព្រលាន​យន្តហោះ​បាងកក ដើម្បី ជៀសវាង​ការចាប់បញ្ជូន​ត្រលប់​ទៅ ប្រទេស​ដើម អារ៉ាប៊ី សាអូឌីត។ ករណី​របស់​នាង រ៉ាហាហ្វ ម៉ូហាម៉េដ ដែល​បាន​លើកឡើង​ពីការសម្លាប់​សងសឹក បើសិន​នាង​ត្រូវ​បញ្ជូន​ត្រលប់​ទៅ​អារ៉ាប៊ី សាអូឌីត បាន​ទាក់ទាញ​មតិសាធារណៈ ជាពិសេស រដ្ឋាភិបាល​កាណាដា។ ជំហររបស់​កាណាដា ក្នុងការបើកដៃ​ទទួល​នារី​រងគ្រោះ​ដោយ​ការរំលោភសិទ្ធិមនុស្ស នឹង​ធ្វើ​ឲ្យ​កាណាដា កាន់តែ​មាន​ភាពតានតឹង​ជាមួយ​អារ៉ាប៊ី សាអូឌីត​កាន់តែ​ខ្លាំង។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​កាណាដា នៅ​តែ​ផ្តល់​ ដែលផ្តល់​សិទ្ធិជ្រកកោន ឲ្យ​នារី​អារ៉ាប៊ី សាអូឌីតទៀត?

 

នៅ​មុន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​នារី​អារ៉ាប៊ី សាអូឌីត រ៉ាហាហ្វ មហាម៉េដ កាណាដា បាន​ដើរ​តួសំខាន់ និង​សកម្មបំផុត ដើម្បី បញ្ចុះ​បញ្ចូលឲ្យ​អាជ្ញាធរ​ថៃ កុំ​ចាប់បញ្ជូន​នាង ត្រលប់​ទៅ​ប្រទេស​ដើម អារ៉ាប៊ី សាអូឌីត។ តាម​Phil Robertson អនុប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​នៅ​អាស៊ី គេ​ត្រូវ​ផ្តល់​មេដាយ​ដល់​លោកស្រី​ឯកអគ្គរាជទូត​កាណាដា ហើយ​និង​ក្រុមការងារ នៅ​ទីក្រុង​បាងកក ដែល​បាន​ខ្នះខ្នែង អន្តរាគមន៍ សុំ​ឲ្យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស ដើម្បី​ជនភៀសខ្លួន ចាត់ទុក ទទួល​នារី អារ៉ាប៊ី សាអូឌីត​ជា​ជនភៀសខ្លួន។ នៅក្រោយ​អន្តរាគមន៍​របស់​មន្រ្តីទូត​កាណាដា ស្ថានភាព​របស់​នារី អារ៉ាប៊ី សាអូឌីត​បានផ្លាស់ប្តូរ វិវឌ្ឍយ៉ាងលឿន​នៅ ចុងសប្តាហ៍មុន។ នាង រ៉ាហាហ្វ មហាម៉េដ ដែល​បាន​អះអាង​ថា លួចរត់គេច​ចេញពី​គ្រួសារ​ដ៏​ផ្តាច់ការ នៅ​អារ៉ាប៊ី សាអូឌីត និង​ចង់​ទៅ​សុំ​សិទ្ធិជ្រកោន នៅ​ប្រទេស​អូស្ត្រាលី នៅទីបំផុត ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​កាណាដា Justine Trudeau ប្រកាស​ផ្តល់​សិទ្ធិជ្រកកោន ក្នុង​ទឹកដី​កាណាដា។

នៅ​ពេល​ទៅដល់​ព្រលាន​យន្តហោះ ក្រុងតូរ៉ុនតូ ប្រទេស​កាណាដា នៅក្រោម ការចាប់រូបភាព​របស់​កាម៉េរ៉ា​អន្តរជាតិ នារី អារ៉ាប៊ី សាអូឌីត រ៉ាហាហ្វ មហាម៉េដ ត្រូវ​បាន​ទទួល​ស្វាគម​យ៉ាង​កក់ក្តៅ ពី​លោកស្រី រដ្ឋមន្រ្តី​ការបរទេស​កាណាដា Chrystia Freeland។ រូបភាព​ញញឹម​របស់​លោកស្រី ប្រមុខ​ការបរទេស​កាណាដា ចង់​បញ្ជាក់ថា កាណាដា ជាប្រទេស​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស ក្នុង​ពិភពលោក និង ជាពិសេស គឺ​សិទ្ធិ​ស្រ្តី​នៅ​អារ៉ាប៊ី សាអូឌីត។

កាណាដា​ជា​ដែនដី​សេរីភាព សម្រាប់​ជនរងគ្រោះ​នៃការរំលោភសិទ្ធិមនុស្ស​នៅ អារ៉ាប៊ី សាអូឌីត

វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​នាង​រ៉ាហាហ្វ មហាម៉េដ បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​កាណាដា លើកនេះ។ នាង រ៉ាហាហ្វ មហាម៉េដ បាន​ទទួល​ការជួយ​ជ្រោមជ្រែង​ខ្លាំង​ពី​សំណាក់​បណ្តាញ​ស្រ្តី​អារ៉ាប៊ីសាអូឌីត មួយ នៅ​ប្រទេស​កាណាដា ដែល​មានការងារ និង​គោលដៅ បិទបញ្ចប់​ទាសភាព​ស្រ្តី នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ បណ្តាញ​ស្រ្តី​អារ៉ាប៊ី សាអូឌីត ដឹកនាំ​ដោយ​ភរិយា​របស់​អ្នកនិពន្ធ និង​ជា​Blogger អារ៉ាប៊ីសាអូឌីត លោក​Badaoui ដែល​កំពុង​ត្រូវ​អាជ្ញាធរ​អារ៉ាប៊ី សាអូឌីត​ចាប់ខ្លួន។

នៅ​ខែ​សីហា​ឆ្នាំមុន សារTwitters របស់​ក្រសួងការបរទេស​កាណាដា​ដែល​ទាមទារ​អារ៉ាប៊ី សាអូឌីត​ដោះលែង លោក​Badaoui និងប្អូនស្រី ហើយ​និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ផ្សេងទៀត បានធ្វើ​ឲ្យ​ទីក្រុង​រីយ៉ាដ​ខឹងសម្បារ រហូត​កាត់ផ្តាច់​ចំណងការទូត ជាមួយ​កាណាដា។ សម្រាប់​អារ៉ាប៊ីសាអូឌីត ដោយចេះ​លូកដៃ និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​អារ៉ាប៊ី សាអូឌីត កាណាដា បាន​រំលោភ​ដែនអធិបតេយ្យភាព​របស់​ប្រទេស​មហាសេដ្ឋីប្រេង។ នៅក្នុង​ទណ្ឌកម្ម​ព្រមាន​កាណាដា រដ្ឋាភិបាល អារ៉ាប៊ី សាអូឌីត​បាន​បណ្តេញ​ឯកអគ្គរាជទូត​កាណាដា និងកោះហៅ​មកវិញ អ្នកតំណាងប្រទេស​របស់ខ្លួន​នៅ​កាណាដា។ នៅក្នុង​វិបត្តិ ទៅតាម​កំហឹង​មួយឆាវ​របស់ខ្លួន អារ៉ាប៊ី សាអូឌីត​បាន​សម្រេច​ហៅចូល​ប្រទេស​វិញ នូវ​និស្សិត​ដែល​បន្ត​ការសិក្សា​នៅ​កាណាដា និង​សម្រេច​ផ្អាកព្យួរ ការបោះទុន​វិនិយោគ​សេដ្ឋកិច្ច​ថ្មីៗ​ទៀត ជាមួយ​ទីក្រុង​អូតាវ៉ា។

ប្រយោជន៍​សំលេង​បោះឆ្នោត

ដោយ​យល់ព្រម​ទទួល​នាង រ៉ាហាហ្វ មហាម៉េដ ​ឲ្យ​រស់នៅ​ជ្រកកោន​ក្នុង​ទឹកដី​របស់ខ្លួន រដ្ឋាភិបាល​កាណាដា ប្រាកដណាស់ កំពុង​តែ​ផ្គើនដាក់​រដ្ឋអំណាច​អារ៉ាប៊ី សាអូឌីត ដែល​កំពុង​តែមាន​មុខមាត់​មិន​សូវ​ល្អ​រួចទៅហើយ ដោយសារ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ហើយ​និង​សំណុំរឿង​ឃាតកម្ម​ទៅលើ​អ្នកកាសែត។ កាណាដា ដឹងថា អារ៉ាប៊ី សាអូឌីត​នឹង​មិន​អាច​ប្រឆាំង​តបត អ្វីច្រើន​ទេ នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ ម្យ៉ាង ដោយសារ​មិន​ចង់​ឲ្យ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​អារ៉ាប៊ី សាអូឌីត កាន់តែ​ល្បីរន្ទឺ​កាន់តែ​ខ្លាំង និង​ម្យ៉ាងទៀត ដោយសារ តែ អារ៉ាប៊ី សាអូឌីត លែង​មាន​ឧបករណ៍ វិធីសាស្រ្ត​ថ្មី សម្រាប់​ដាក់​ទណ្ឌកម្ម​សម្ពាធ​បន្ថែម ទៅលើ​កាណាដា។ ទណ្ឌកម្ម​សេដ្ឋកិច្ច កាលពី​ខែ​សីហា​ឆ្នាំមុន ប៉ះពាល់​កាណាដា តិចណាស់ ដោយសារ​តែ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​មិនដល់​៣ពាន់​លាន​អឺរ៉ូផង។

កាណាដា វិញ យល់ថា ទំនាក់ទំនង​របស់ខ្លួន ជាមួយ​អារ៉ាប៊ី សាអូឌីត​ធ្លាក់​ចុះ​អាក្រក់ សឹង​ហៅលែងលឺ ដូច្នេះ​បើ​ទទួល​យក​ក្មេងស្រី​អារ៉ាប៊ី សាអូឌីត​ម្នាក់ទៀត ដែល​បរិហារ​រិះគន់​ការរំលោភ​សិទ្ធិស្រ្តី​នៅ​អារ៉ាប៊ី សាអូឌីត ក៏​នឹង​មិន​ធ្វើ​ឲ្យ​កាណាដា ខាតបង់​អ្វី​ច្រើន​ទៀត​ដែរ។ កាណាដា​ដែល​មិន​សូវ​ពឹងផ្អែក​ច្រើន លើ​ដង្ហើម​លុយ និង​កិច្ចសន្យាទិញអាវុធ​របស់​អារ៉ាប៊ី សាអូឌីត ដូចជា​សហរដ្ឋអាមេរិក អង់គ្លេស ឬ​បារាំង​ជាដើម នោះ គឺ​មិនសូវ​ជា​តមសំដី​រិះគន់​អំណាច​ផ្តាច់ការ​របស់ទីក្រុង​រីយ៉ាដ​នោះទេ។ អ្នកវិភាគ ជាច្រើន វាយតម្លៃ ថា ដោយ​ ការផ្តល់​សិទ្ធិជ្រកកោន​ដល់​ក្មេងស្រី ដែល​រត់គេច​ចេញពី​របបទាសភាព​នៅអារ៉ាប៊ី សាអូឌីត លើកនេះ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី Trudeau មិនត្រឹម​តែ​កសាង​មុខមាត់ប្រទេស នៅលើ​ឆាក​អន្តរជាតិ តែប៉ុណ្ណោះទេ ប៉ុន្តែ នៅ​បានទាញ​យក​ប្រយោជន៍​នយោបាយ​ នៅពេល​ដែល​ការបោះឆ្នោត សភា ដែល​លោក​Trudeau នឹង​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិថ្មី នឹង​រៀបចំឡើង នៅ​ខែ​តុលា​ខាងមុខ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កាណាដា-អារ៉ាប៊ីសាអូឌីត

    កាណាដា​បាន​យល់ព្រម​ផ្តល់​សិទ្ធិ​ជ្រកកោន​ឲ្យ​នារី​ជនជាតិ​អារ៉ាប៊ីសាអូឌីត

    ស្វែងយល់បន្ថែម

  • កាណាដា-អារ៉ាប៊ី សាអូឌីត

    បញ្ហាសិទ្ធិមនុស្ស​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត​ផ្ទុះវិបត្តិការទូត​ជាមួយ​កាណាដា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អារ៉ាប៊ីសាអូឌីត បណ្តេញ​ទូត​កាណាដា ក្រោយ​ការរិះគន់​លើ​បញ្ហា​សិទ្ធិមនុស្ស

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ហេតុអ្វីរដ្ឋាភិបាលកាណាដាមិនលប់ចោលកិច្ចសន្យាលក់រថពាសដែកទៅអោយអារ៉ាប៊ីសាអូឌីត?

    ស្វែងយល់បន្ថែម

  • អារ៉ាប៊ីសាអូឌីត

    ឃាតកម្ម​លើ​អ្នកកាសែត៖ អារ៉ាប៊ី​សាអូឌីត​រង​ការរិះគន់ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប

    ស្វែងយល់បន្ថែម

  • អារ៉ាប៊ី សាអូឌីត

    អង្គការ​HRW៖ សកម្មជន​ដើម្បី​សិទ្ធិមនុស្ស​អារ៉ាប៊ី សាអូឌីត អាច​ប្រឈមនឹងការ​ប្រហារជីវិត

    ស្វែងយល់បន្ថែម

  • អារ៉ាប៊ី​សាអូឌីត

    នៅ​អារ៉ាប៊ី សាអូឌីត ជេរប្រមាថ​ព្រះមហាក្សត្រ មានន័យ​ស្មើ​នឹង​ការបង្ក​អំពើភេរវកម្ម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ