អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ភេរវកម្មអត្តឃាត​សម្លាប់​ទាហានអាមេរិក​នៅ​ស៊ីរី​​អាច​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ប្តូរ​ជំហរ​វិញ​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ស៊ីរី អំពើ​ភេរវកម្មអត្តឃាត​នា​ថ្ងៃ​ពុធ ទី១៦ មករា​បាន​សម្លាប់​មនុស្ស​ចំនួន ១៦នាក់ ក្នុង​នោះ​ជនជាតិ​អាមេរិក​ចំនួន ៤នាក់។ ឧប្បត្តិហេតុ​មួយ​នេះ​បាន​កើត​មាន​ឡើង​នៅ​ស្រុក Manbij ស្ថិត​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​តួកគី ហើយ​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ទទួល​ជា​ស្នាដៃ​របស់​ខ្លួន។ អ្វី​ជា​ការ​កត់សម្គាល់ អំពើ​ភេរវកម្មអត្តឃាត​ប្រឆាំង​នឹង​កម្លាំង​សម្ព័ន្ធមិត្តអន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ក្នុង​ទឹកដី​ស៊ីរី​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រកាស​ពី​គម្រោង​ដក​ទ័ព​អាមេរិក​ទាំង ២ ០០០នាក់​ចេញ​ពី​ប្រទេស​ស៊ីរី។ ខណៈ​នេះ លោក​ត្រាំ​នៅ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ។

រូបភាព​នៅ​ក្រោយ​ភេរវកម្ម​អត្តឃាត​ក្នុង​ស្រុក Manbij ក្នុង​ប្រទេស​ស៊ីរី ថ្ងៃទី១៦ មករា ២០១៩
រូបភាព​នៅ​ក្រោយ​ភេរវកម្ម​អត្តឃាត​ក្នុង​ស្រុក Manbij ក្នុង​ប្រទេស​ស៊ីរី ថ្ងៃទី១៦ មករា ២០១៩ AFP / ANHA
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​អាច​បើក​ការ​វាយប្រហារ​នៅ​ក្នុង​ស្រុក Manbij បាន គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ឥទ្ធិពល និង​កម្លាំង​របស់​ពួក​នេះ​នៅ​គ្រប់ទីកន្លែង​ទាំង​អស់​ក្នុង​ប្រទេស​ស៊ីរី ពោល​ស្ថិត​ឆ្ងាយ​ពី​ទីតាំង​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ស្រុក Deir Ezzor ដែល​ស្ថិត​ប៉ែក​អាគ្នេយ៍​ស៊ីរី។ ភេរវកម្មអត្តឃាត​ក្នុង Manbij បាន​កើត​មាន​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ដែល​ទាហាន​របស់​សម្លាំង​សម្ព័ន្ធមិត្ត​ភាគ​ច្រើន​នាំ​គ្នា​ទៅ​ស៊ី ចុក​នៅ​ទីនោះ។ តុល្យការ​ចុង​ក្រោយ មាន​មនុស្ស​ស្លាប់​ចំនួន ១៦នាក់ ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក ៤នាក់​ដែល ២នាក់​ជា​ទាហាន​ក្នុង​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ និង ២នាក់​ជា​បុគ្គលិក​ស៊ីវិល​នៃ​ក្រសួង​ការពារជាតិ​អាមេរិក។ ចំណែក​អ្នកស្លាប់ ១២នាក់​ទៀត គឺ​ជា​ពលរដ្ឋ​ស៊ីរី​ដែល​មាន ៧នាក់​ជា​ជនស៊ីវិល និង ៥នាក់​ជា​ពួក​យុទ្ធជន​នៃ​កម្លាំង​អារ៉ាប់ គួដឌីស្ថាន។

ជម្រើស​វាយប្រហារ​លើ​ភោជនីយដ្ឋាន​មួយ​នេះ​ក៏​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា អង្គការ​រដ្ឋអ៊ីស្លាម​មាន​បណ្តាញ​គ្រប់គ្រាន់​ប្រកប​ដោយ​ប្រសិទ្ធិភាព​ក្នុង​ការ​ប្រមែប្រមូល​ព័ត៌មាន និង​ទីកន្លែង​ច្បាស់លាស់ ពិសេស​ដឹង​ពេល ម៉ោង​នៃ​វត្តមាន​ទាហាន​របស់​កម្លាំង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​ភោជនីយដ្ឋាន។ សម្រាប់​សហរដ្ឋអាមេរិក ការ​វាយប្រហារ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​អាមេរិក​ច្រើន​ជាង​គេ គិត​តាំង​ពី​ឆ្នាំ ២០១៤ មក។ កំណត់សម្គាល់​មួយ​ទៀត ភេរវកម្មអត្តឃាត​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០១៨ ពី​គម្រោង​ដកទ័ព​អាមេរិក​ទាំង ២ ០០០នាក់​ចេញ​ពី​ទឹកដី​ស៊ីរី។

លោក​ត្រាំ​អាច​មិន​ប្តូរ​ចិត្ត តែ​អាច​ពិចារណា​ឡើង​វិញ

លោក​ដូណាល់ ត្រាំ​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ភេរវកម្មអត្តឃាត​សម្លាប់​ទាហាន​អាមេរិក​នៅ​ស៊ីរី​ពេល​នេះ​ទេ។ ទោះ​បី​ជា​ព្រឹត្តិការណ៍​មួយ​មិន​បាន​ធ្វើ​ឲ្យ​លោក​ត្រាំ​ប្តូរចិត្ត​វិញ​ភ្លាមៗ​ក៏​ដោយ ក៏​យ៉ាង​ហោចណាស់ ក៏​អាច​ធ្វើ​ឲ្យ​លោក​ផ្តើម​គិតគូរ ពិចារណា​លើ​ជំហរ​របស់​លោក​ឡើង​វិញ​ដែរ។ គួរ​រម្លឹក​ឡើង​វិញ​ថា លោក​ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី១៩ ធ្នូ​ឆ្នាំ ២០១៨ ពី​ការ​ដក​ទ័ពអាមេរិក​ទាំង ២ ០០០នាក់​ចេញ​ពី​ប្រទេស​ស៊ីរី។ កាល​ណោះ លោកត្រាំ​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា អាមេរិក និង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ជា​កម្លាំង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​វាយ​ឈ្នះ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទាំង​ស្រុង។

តាម​លោក​ត្រាំ អង្គការ​រដ្ឋអ៊ីស្លាម​បាន​បាត់បង់​ទឹកដី​ដែល​ខ្លួន​ធ្លាប់​បាន​គ្រប់គ្រង​រវាង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​ដល់​ទៅ ៩៨%។ ដូច្នេះ​វា​គ្មាន​ហេតុផល​អ្វី​ដែល​អាមេរិក​បន្ត​រក្សា​ទុក​ទ័ព​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​ស៊ីរី​ទៀត​ឡើយ។ តែ​គេ​សង្កេត​ឃើញ​ថា​ពី​មួយ​សប្តាហ៍​ឆ្លង​ចូល​សប្តាហ៍​មួយ កាលវិភាគ​នៃ​ការ​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី​ហាក់​កាន់​តែ​ស្រពិចស្រពិល ហើយ​រដ្ឋបាល​អាមេរិក​ក៏​បាន​ផ្តើម​ព្យាយាម​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​នឹង​​ការ​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី។ អ្វី​ដែល​រដ្ឋបាល​អាមេររិក​បាន​ទាមទារ​នៅ​ចំពោះ​មុខ គឺ​សុំ​ឲ្យ​ប្រទេស​តួកគី​កុំ​បើក​ការ​វាយប្រហារ​លើ​ពួក​គួដឌីស្ថានស៊ីរី​ដែល​អាមេរិក​ចាត់ទុក​ជា​សម្ព័នមិត្ត​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម តែ​តួកគី​ចាត់​ទុក​ជា​ពួក​ភេរវជន​ដែល​ត្រូវ​កម្ទេច។

ដើម្បី​ទម្លាយ​ភាព​ខ្វែង​គំនិត​គ្នា​មួយ​នេះ អាមេរិក និង​តួកគី​បាន​ជជែក​គ្នា​លើ​គម្រោង​បង្កើត​ឲ្យ​មាន​តំបន់សន្តិសុខ​មួយ​សម្រាប់​កម្លាំង​គួដឌីស្ថានស៊ីរី​នៅ​ប៉ែកខាងជើង​ស៊ីរី ហើយ​តួកគី​ជា​អ្នក​គ្រប់គ្រង​តំបន់​នេះ។ កម្លាំង​គួដឌីស្ថាន​មិន​បដិសេធ​រឿង​ការ​បង្កើត​តំបន់​សន្តិសុខ​មួយ​នេះ​ទេ តែ​មិន​យល់ព្រម​ឲ្យ​តួកគី​ជា​អ្នក​គ្រប់គ្រង។ អ្នកនយោបាយ​គួដឌីស្ថានស៊ីរី​ម្នាក់​ដែល​មាន​ឥទ្ធិពល​បាន​យល់​ឃើញ​ថា តួកគី​ជា​តួអង្គ​ម្នាក់​នៅ​ក្នុង​ជម្លោះ ពោល​មិនមែន​ជា​ប្រទេស​អព្យាក្រឹត​ទេ។ កម្លាំង​គួដឌីស្ថានស៊ីរី​ចង់​ដាក់​តំបន់​សន្តិសុខ​មួយ​នេះ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្លាំង​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។

អាមេរិក​ប្តេជ្ញា​បន្ត​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម

លោក​រដ្ឋមន្រ្តី​ការពារជាតិ​ស្តីទី​អាមេរិក Patrick Shanahan មិន​បាន​និយាយ​ដល់​រឿង​ដក ឬ​មិន​ដក​ទ័ពអាមេរិក​ចេញ​ពី​ប្រទេស​ស៊ីរី​ទេ តែ​បាន​គូសបញ្ជាក់​ថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ពួក​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម​នឹង​បន្ត​មាន។ សម្រាប់​លោក Patrick Shanahan អាមេរិក​បន្ត​ស្ថិត​ប្រយ័ត្នប្រយែង និង​ប្តេជ្ញា​កំចាត់​ពួក​ភេរវជន​ឲ្យ​ដល់​ឫសគល់។ គួរ​រម្លឹក​ថា លោក Patrick Shanahan បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្រ្តី​ការពារជាតិ​ស្តីទី​ជំនួស​កន្លែង​លោក Jim Mattis ដែល​បាន​លា​ចុះ​ពី​តំណែង ក្រោយ​ពី​លោក​ត្រាំ​បាន​ប្រកាស​ដក​ទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី។ ខុស​ពី​ប្រមុខ​ការពារជាតិ​ស្តីទី លោក​អនុប្រធានាធិបតី Mike Pence បាន​បញ្ជាក់​ជា​ថ្មី​លើ​អ្វី​ដែល​លោកត្រាំ​បាន​អះអាង ពោល​ពី​ការ​បរាជ័យ​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។

ទន្ទឹម​គ្នា​នេះ លោក Pence ក៏​បាន​ថ្កោលទោស​លើ​ភេរវកម្មអត្តឃាត​ដោយ​អះអាង​ថា អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​សោយរាជ្យ​ឡើង​វិញ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ណា​មួយ​នោះ​ជា​ដាច់​ខាត។ បើ​គេ​មើល​ប្រតិកម្ម​ជា​ទូទៅ ក្រៅ​ពី​ថ្នាក់ដឹកនាំ​នៅ​ក្នុង​រដ្ឋបាល​អាមេរិក​វិញ ភាគ​ច្រើន​ដែល​មិន​បាន​គាំទ្រ​លើ​ការ​ប្រកាស​របស់​លោក​ត្រាំ​តាំង​ពី​ដំបូង​ហាក់​បាន​រក្សា​ជំហរ​របស់​ខ្លួន​ដដែល និង​បាន​អះអាង​ច្បាស់ៗ​ថា ភេរវកម្ម​អត្តឃាត​សម្លាប់​ពលរដ្ឋ​អាមេរិក​នៅ​ទឹកដី​ស៊ីរី​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ឥទ្ធិពល​មិន​ចុះ​ខ្សោយ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។

ចំណែក​ក្រុម​អ្នកជំនាញ​បាន​យល់​ឃើញ​ថា ការ​ប្រកាស​របស់​លោក​ត្រាំ​ក្នុង​ការ​ដកទ័ព​អាមេរិក​ចេញ​ពី​ទឹកដី​ស៊ីរី ជា​ការ​សម្រេចចិត្ត​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ហេតុផល​នយោបាយ​ផ្ទៃក្នុង ពោល​មិន​បាន​សម្លឹងមើល​លើ​ភាព​ជាក់ស្តែង​នៅ​លើ​សមរភូមិ​ស៊ីរី​ទេ។ លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ក៏​បាន​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ។ នៅ​ក្នុង​សារ​តាម​បណ្តាញសង្គម Tweeter លោក Marco Rubio បាន​យល់​ឃើញ​ថា ការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី​ជា​ទង្វើ​លើក​ទឹកចិត្ត និង​ពង្រឹង​កម្លាំង​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​ថា វា​មិនមែន​ជា​ពេល​វេលា​ដែល​អាមេរិក​ត្រូវ​ដក​ខ្លួន​ពី​ការ​ប្រយុទ្ធ​ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ