ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/03 12h00 GMT
អាមេរិក

អាមេរិក​បង្ហាញ​យុទ្ធសាស្រ្តថ្មី​ទាក់ទង​នឹង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល

media  
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ REUTERS/Leah Millis

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មករា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បង្ហាញ​យុទ្ធសាស្រ្ត​ថ្មី​ទាក់ទង​នឹង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល។ គោលដៅ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ពី​គ្រឿងសព្វាវុធ​ថ្មី​របស់​ប្រទេស​រុស្ស៊ី និង​ចិន រួម​ទាំង​របស់​ប្រទេស​អ៊ីរ៉ង់ ឬ​កូរ៉េខាងជើង​ផង​ដែរ។ លោក​ត្រាំ​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​នៃ​ការ​គំរាមកំហែង​ដែល​កំពុង​តែវិវត្ត​ជានិច្ច និង​ឆាប់​រហ័ស អាមេរិក​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​ទេ។

យុទ្ធសាស្រ្ត​ថ្មី​ទាក់ទង​នឹង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ដែល​លោក​ដូណាល់ ត្រាំ​ទើប​បាន​បង្ហាញ​ពេល​នេះ គឺ​បង្កើន​សមត្ថភាព​គ្រាប់មីស៊ីល​អាមេរិក​ដើម្បី​កម្ទេច​រាល់​គ្រាប់មីស៊ីល​គ្រប់​ប្រភេទ​របស់​សត្រូវ​ដែល​បាញ់​សំដៅ​លើ​ទឹកដី​អាមេរិកាំង ទោះ​បី​ជា​ការ​បាញ់​នោះ​មក​ពី​ទិស​ណា និង​បាន​ធ្វើ​ឡើង​ដោយ​ចេតនា ឬ​ដោយ​ភាន់ច្រឡំ​ក្តី។ គួរ​រម្លឹក​ថា​សព្វថ្ងៃ​នេះ គ្រាប់មីស៊ីល​អាមេរិក​មាន​លទ្ធភាព​បាញ់កម្ទេច​តែ​គ្រាប់មីស៊ីល​សត្រូវ​ដែល​កំពុង​ហោះ​លើ​អាកាស​សំដៅ​លើ​ទឹកដី​អាមេរិក​ប៉ុណ្ណោះ។ ជាមួយ​នឹង​គ្រាប់មីស៊ីល​ថ្មី អាមេរិក​អាច​បាញ់​កម្ទេច​គ្រាប់មីស៊ីល​សត្រូវ​ដែល​កំពុង​ស្ថិត​ក្នុង​សភាព​បង្កើន​ល្បឿន​ពី​ទីតាំង​បាញ់​ចេញ​ភ្លាម។

បន្ទាប់​មក គ្រាប់មីស៊ីល​ថ្មី​នេះ​ក៏​ត្រូវ​បំពាក់​នៅ​តាម​យន្តហោះចម្បាំង F-៣៥ ដើម្បី​កម្ទេច​គ្រាប់មីស៊ីល​បាលីស្ទិក​របស់​កូរ៉េខាងជើង ឬ​អ៊ីរ៉ង់។ ដោយឡែក ទាក់ទង​នឹង​គ្រាប់មីស៊ីល​ថ្មី​ដែល​ហោះ​ល្បឿន​លឿន ពោល​ជាង ៥ ០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផលិត​ដោយ​ប្រទេស​ចិន និង​រុស្ស៊ី​នោះ អាមេរិក​ហាក់​នៅ​មាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ។ តែ​ដើម្បី​ឆ្លើយ​តប​នឹង​ភាព​យឺតយ៉ាវ​មួយ​នេះ អាមេរិក​បាន​ងាក​ទៅ​ពង្រឹង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​លើ​អាកាស​វិញ។ បន្ទាប់​មក អាមេរិក​នឹង​បំពាក់​ឧបករណ៍​ពិសេស​នៅ​តាម​ផ្កាយរណប​ដើម្បី​តាម​ដាន​គន្លង​ផ្លូវ​ហោះហើរ​របស់​មីស៊ីល​សត្រូវ និង​បញ្ជូន​ព័ត៌មាន​ជា​ស្វ័យប្រវត្តិ​ទៅ​ឲ្យ​ប្រព័ន្ធខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នៅ​ដី​ដើម្បី​ស្ទះបាញ់​កម្ទេច​ចោល។

ទន្ទឹម​គ្នា​នេះ អាមេរិក​ក៏​គ្រោង​បង្កើត​ប្រព័ន្ធ​ស្ទាក់ចាប់​កម្ទេច​លើ​អាកាស​ដោយ​ផលិត​យន្តហោះ​ដ្រូន​ដែល​មាន​បំពាក់​គ្រាប់មីស៊ីល និង​អាច​ចត​ជា​ប្រចាំ​នៅ​ក្នុង​តារាវិថី​ដើម្បី​ចាំ​កម្ទេច​មីស៊ីល​ហោះ​ល្បឿនលឿន។ លោក Patrick Shanahan រដ្ឋមន្រ្តីការពារជាតិ​ស្តីទី​អាមេរិក​បាន​បញ្ជាក់​ដោយ​អួតអាង​ថា​ពី​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​ដែល​សត្រូវ​ពិបាក​នឹង​ទប់ទល់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ