ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អាមេរិក

កូឡុំប៊ី៖​ក្រោយ​អំពើភេរវកម្ម លោក​អ៊ីវ៉ាន់ ឌុច​បិទទ្វារ​ចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម ELN

media  
លោក​ប្រធានាធិបតី​កូឡុំប៊ី Ivan Duque Courtesy of Colombian Presidency/Handout via REUTERS

នៅ​ក្នុង​ប្រទេស​កូឡុំប៊ី លោក​ប្រធានាធិបតី​អ៊ីវ៉ាន់ ឌុច​បាន​ប្រកាស​បិទទ្វារ​ចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម​ឈ្មោះ « កងទ័ព​រំដោះជាតិ » ដែល​ហៅ​កាត់ ELN។ ការ​ប្រកាស​របស់​លោក​អ៊ីវ៉ាន់ ឌុច​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស​យ៉ាង​តិច ២០នាក់ និង​របួស​ជាង ៦០នាក់​នៅ​ក្នុង​សាលា​នគរបាលជាតិ​ស្ថិត​ក្នុង​ទីក្រុង​បូហ្គោតា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មករា។ អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចង្អុល​មុខ​ចលនា ELN។ តែ​មក​ទល់​ពេល​នេះ ELN នៅ​មិន​ទាន់​ទទួល​ស្គាល់ ហើយ​ក៏​នៅ​មិន​ទាន់​បដិសេធ​ជា​ទង្វើ​របស់​ខ្លួន​ដែរ៕

មុន​នឹង​សម្រេច​ចិត្ត​ប្រកាស​បិទទ្វារ​ចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម « កងទ័ព​រំដោះជាតិ » ELN លោក​អ៊ីវ៉ាន់ ឌុច​បាន​ចំណាយ​ពេល​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​រដ្ឋមន្រ្តី និង​ក្រុម​យោធា។ ការ​ប្រកាស​របស់​លោក​អ៊ីវ៉ាន់ ឌុធ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​លោក​បាន​បញ្ជូន​សារ​ត្រង់​ទៅ​ពួក ELN ដោយ​អះអាង​ថា ប្រទេស​កូឡុំប៊ី​ឆ្អែតឆ្អន់​នឹង​ទង្វើ​សម្លាប់ ការ​ចាប់​ជំរឹត និង​អំពើ​ភេរវកម្ម។ បន្ទាប់​មក លោក​អ៊ីវ៉ាន់ ឌុច​បាន​បញ្ជាក់​ពី​ការ​បិទ​បញ្ចប់​លើ​ការ​ព្យួរ​ដីការ​ឃាត់ខ្លួន​ប្រតិភូ ១០នាក់​របស់​ចលនា ELN ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​គុយបា។ បន្ទាប់​មក​ទៀត លោក​អ៊ីវ៉ាន់ ឌុច​បាន​ស្នើ​សុំ​រដ្ឋាភិបាល​គុយបា​ឲ្យ​ចាប់​ពួក​ភេរវជន​ទាំង​អស់​នោះ​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​កូឡុំប៊ី។

គួរ​បញ្ជាក់​ថា គឺ​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​គុយបា​ដែល​មាន​ការ​រៀបចំ​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​កូឡុំប៊ី និង​ចលនា​ឧទ្ទាម​នៃ​កម្លាំង​ប្រដាប់អាវុធ​បដិវត្ត​កូឡុំប៊ី​ហៅ​កាត់​ថា FARC ហើយ​គឺ​នៅ​ប្រទេស​គុយបា​ដដែល​នេះ​ដែល​មាន​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​កូឡុំប៊ី និង​ចលនា​ឧទ្ទាម ELN។ តែ​ខុស​ពី​កិច្ចចរចា​ជាមួយ​ចលនា​ឧទ្ទាម FARC ដែល​ទទួល​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៦ កិច្ចចរចា​ជាមួយ​ចលនា​ឧទ្ទាម ELN ដែល​បាន​ចាប់​ផ្តើម​ជាមួយ​រដ្ឋាភិបាល​មុន​ត្រូវ​បាន​ផ្អាក​តាំង​ពី​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​អ៊ីវ៉ាន់ ឌុច​កាល​ពី ៥ខែ​មុន។ ឥឡូវ​នេះ និង​ក្រោយ​ភេរវកម្ម​បង្ហូរ​ឈាម​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មករា​មក លោក​អ៊ីវ៉ាន់ ឌុច​បាន​ប្រកាស​បិទ​ទ្វារ​ចរចា​តែ​ម្តង។

មក​ដល់​ពេល​នេះ ចលនា​ឧទ្ទាម ELN នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​តប​នឹង​ការ​សម្រេចចិត្ត​របស់​លោក​អ៊ីវ៉ាន់ ឌុច​នៅ​ឡើយ​ទេ។ គួរ​បញ្ជាក់​ថា អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស ២០នាក់ និង​របួស​ជាង ៦០នាក់​នៅ​ក្នុង​សាលានគរបាលជាតិ​ក្នុង​ទីក្រុង​បូហ្គោតា​ត្រូវ​បាន​រដ្ឋាភិបាល​ទម្លាក់​កំហុស​ដាក់​ចលនា ELN។ តែ​ចលនា​ឧទ្ទាម​មួយ​នេះ​បន្ត​បិទមាត់​ដោយ​នៅ​មិន​ទាន់​ទទួល​ស្គាល់ ហើយ​ក៏​នៅ​មិន​ទាន់​បដិសេធ​ជា​ទង្វើ​របស់​ខ្លួន​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ