ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT

កូឡំប៊ី៖​តើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម « កងទ័ពរំដោះជាតិ » ត្រូវ​ចប់​ត្រឹម​នេះ ឬ?

កូឡំប៊ី៖​តើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម « កងទ័ពរំដោះជាតិ » ត្រូវ​ចប់​ត្រឹម​នេះ ឬ?
 
លោកប្រធានាធិបតី​កូឡុំប៊ីអ៊ីវ៉ាន់ ឌុច Reuters

នៅ​ក្នុង​ប្រទេស​កូឡុំប៊ី ចលនា​ឧទ្ទាម « កងទ័ព​រំដោះជាតិ » ហៅ​កាត់ ELN បាន​ចេញ​មុខ​ប្រកាស​នា​ថ្ងៃ​ចន្ទ ទី២១ មករា​ថា អំពើ​ភេរវកម្ម​អត្តឃាត​នៅ​ក្នុង​សាលានគរបាល​មួយ​ក្នុង​ទីក្រុង​បូហ្គោតា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មករា​ពិត​ជា​ស្នាដៃ​របស់​ខ្លួន​មែន។ ភេរវកម្ម​អត្តឃាត​មួយ​នេះ​បាន​ផ្តាច់ជីវិត​មនុស្ស ២០នាក់ និង​របួស ៦៨នាក់ ហើយ​ភ្លាមៗ លោក​ប្រធានាធិបតី​អ៊ីវ៉ាន់ ឌុច​ក៏​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ចលនា ELN និង​បិទទ្វារ​ចរចា​សន្តិភាព។

គួរ​បញ្ជាក់​ថា កូឡុំប៊ី​ជា​ប្រទេស​មួយ​នៅ​អាមេរិកឡាទីន​ដែល​រងគ្រោះ​ដោយ​ជម្លោះ​ជាមួយ​ចលនា​ឧទ្ទាម​ប្រដាប់អាវុធ​ជា​ច្រើន​ក្រុម​អស់​ជា​ច្រើន​ទសវត្ស ពិសេស​ចលនា​ឧទ្ទាម​ហ្វាក។ តែ​ក្នុង​ឆ្នាំ ២០១៦ ចលនា​ឧទ្ទាម​មួយ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​បូហ្គោតា។ ចុះ​ជាមួយ​ចលនា​ឧទ្ទាម ELN វិញ ហេតុអ្វី​បាន​ជា​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព និង​ថា តើ​ការ​ចរចា​ជាមួយ ELN ពិត​ជា​ត្រូវ​ចប់​ដូច​ការ​ប្រកាស​របស់​លោក​អ៊ីវ៉ាន់ ឌុច​ដែរ ឬ​ទេ?។

បើ​គេ​និយាយ​ពី​ចលនា​ឧទ្ទាម​នៅ​កូឡុំប៊ី គេ​ពិត​ជា​នឹក​ឃើញ​ភ្លាម​ពី​ចលនា​« កម្លាំង​ប្រដាប់អាវុធ​បដិវត្តន៍​កូឡុំប៊ី » ហៅ​កាត់​ថា FARC ហើយ​ហាក់​មិន​សូវ​និយាយ​ច្រើន ឬ​ចាប់​អារម្មណ៍​តិចតួច​លើ​ចលនា​ឧទ្ទាម « កងទ័ព​រំដោះជាតិ » ហៅ​កាត់​ថា ELN នោះ​ទេ។ តែ​គឺ​ពួក ELN នេះ​ឯង​ដែល​បាន​រៀបចំ​ភេរវកម្ម​អត្តឃាត​ក្នុង​ទីក្រុង​បូហ្គោតា​កាល​ពី​ថ្ងៃទី១៧ មករា​ថ្មីៗ​ដោយ​បាន​ផ្តាច់ជីវិត​មនុស្ស ២០នាក់ និង​របួស ៦៨នាក់​ផ្សេង​ទៀត។ ទោះ​ជា​ចលនា ELN ទើប​ប្រកាស​ទទួល​ស្គាល់​ជា​ស្នាដៃ​របស់​ខ្លួន​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី​អ៊ីវ៉ាន់ ឌុច​បាន​ចង្អុល​មុខ​ពួក​នេះ​តាំង​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ។ មួយ​ថ្ងៃ​ក្រោយ​មក ប្រធានាធិបតី​កូឡុំប៊ី​រូប​នេះ​ក៏​បាន​ប្រកាស​បិទទ្វារ​ចរចា​សន្តិភាព​ជាមួយ​ចលនា ELN ព្រម​ទាំង​បាន​ស្នើ​ប្រទេស​គុយបា​ឲ្យ​ឃាត់​ខ្លួន​សមាជិក ELN ទាំង ១០នាក់​ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនោះ។

គួរ​រម្លឹក​បន្តិច​ថា គុយបា​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​កូឡុំប៊ី​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​សង់តូស និង​ចលនា​ឧទ្ទាម ELN។ គឺ​នៅ​ក្នុង​ប្រទេស​គុយបា​ដដែល​នោះ​ឯង​ដែល​មាន​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​កូឡុំប៊ី​ជំនាន់​លោក​សង់តូស​ដដែល និង​ចលនា​ឧទ្ទាម FARC រហូត​ទទួល​បាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ចុះ​ហត្ថលេខា​នៅ​ក្នុង​ទីក្រុង​បូហ្គោតា​កាល​ពី​ថ្ងៃទី២៦ កញ្ញា ឆ្នាំ ២០១៦។ សូម​ជម្រាប​ថា​នៅ​កូឡុំប៊ី ជម្លោះ​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម FARC ដែល​ចាប់​ផ្តើម​ពី​កំណើត​ឧទ្ទាម FARC ក្នុង​ឆ្នាំ ១៩៦៤ ជា​ជម្លោះ​ដ៏​យូរលង់ និង​រ៉ាំរ៉ៃ​ជាង​គេ​នៅ​ក្នុង​អាមេរិកឡាទីន។ សង្រ្គាមស៊ីវិល​យ៉ាង​បង្ហូរឈាម​ជាង​កន្លះ​សតវត្ស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២៦ម៉ឺននាក់ បាត់ខ្លួន ៤៥ ០០០នាក់ និង​មាន​ជនបម្លាស់ទី​គេច​ពី​តំបន់​ជម្លោះ​ជិត ៧លាននាក់។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​ពេល​នេះ​គឺ​ថា បើ​រដ្ឋាភិបាល​អាច​ចរចា​ជាមួយ​ពួក FARC រហូត​ទទួល​បាន​កិច្ចព្រមព្រៀង​សន្តិភាព​បាន ចុះ​វា​ពិបាក​អី​នឹង​ចរចា​ជាមួយ​ពួក ELN ដែល​មាន​កម្លាំង និង​ឥទ្ធិពល​ខ្សោយ​ជាង​ពួក FARC?។ តាម​ពិត​ទៅ ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​សង់តូស គឺ​បោះដៃ​ទៅ​រក​គ្រប់​ចលនា​ឧទ្ទាម​ទាំង​អស់​ដែល​កំពុង​តស៊ូ​ប្រដាប់​អាវុធ​នៅ​លើ​ទឹកដី​កូឡុំប៊ី។ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម FARC ក្នុង​ឆ្នាំ ២០១៦ កិច្ចចរចា​សន្តិភាព​ជាមួយ​ចលនា ELN ដែល​ជា​ចលនា​ឧទ្ទាម​ចុងក្រោយ​នៅ​កូឡុំប៊ី​ក៏​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០១៧។ តែ​បញ្ហា​នៅ​ត្រង់​ថា តាំង​ពី​លោក​អ៊ីវ៉ាន់ ឌុច​ឡើង​កាន់​តំណែង​ប្រធានាធិបតី​នា​ដើម​ខែ​សីហា ឆ្នាំ ២០១៨ មក លោក​ក៏​បាន​ព្យួរ​កិច្ចចរចា​នោះ​ចោល​វិញ​ដោយ​បាន​ទាមទារ​លក្ខខណ្ឌ​ចំនួន​ពីរ ទី១ ឲ្យ​ពួក ELN ដោះលែង​ចំណាប់ខ្មាំង​ប្រមាណ​ជា ១៧នាក់ និង​ទី២ ឲ្យ​ពួក ELN បញ្ឈប់​រាល់​សកម្មភាព​ឧក្រិដ្ឋ​ទាំង​អស់។

ទន្ទឹម​នឹង​លក្ខខណ្ឌ​នេះ លោក​អ៊ីវ៉ាន់ ឌុច​ក៏​មិន​ញញើត​ប្រើ​កម្លាំងបាយ​វាយប្រហារ​លើ​ទីតាំង​របស់​ពួក ELN ដែរ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ទទួល​ស្គាល់​ភេរវកម្មអត្តឃាត​កាល​ពី​ថ្ងៃទី១៧ មករា ពួក​ឧទ្ទាម ELN បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា គឺ​ជា​ការ​សងសឹក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​វាយប្រហារ​លើ​ពួក​គេ​ក្នុង​ពេល​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ២០១៩។ បន្ទាប់​មក សេចក្តីប្រកាស​របស់​ពួក ELN ដដែល​ក៏​បាន​ស្នើ​ឲ្យ​មាន​បទឈប់បាញ់​ជា​លក្ខណៈ​ទ្វេភាគី​ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព។ តើ​ចលនា​ឧទ្ទាម ELN ពិត​ជា​មាន​ឆន្ទៈ​ចង់​បាន​សន្តិភាព​មែន ឬ និង​ថា តើ​នីតិវិធី​ស្វែង​រក​សន្តិភាព​ដែល​បន្សល់​ទុក​ដោយ​រដ្ឋាភិបាល​មុន​នៅ​មាន​ជីវិត ឬ​មួយ​ក៏​ស្លាប់​បាត់​ទៅ​ហើយ?។

សម្រាប់​លោក​មីហ្គែល សេបាឡូស​ដែល​ជា​ឧត្តមស្នងការ​ដើម្បី​សន្តិភាព​បាន​យល់​ឃើញ​ថា ចលនា​ឧទ្ទាម ELN គ្មាន​ឆន្ទៈ​សន្តិភាព​ទេ។ ចំណែក​លោក​អារីយែល អាវីឡា អ្នកវិភាគ​បាន​អះអាង​ច្បាស់ៗ​ថា នីតិវិធី​សន្តិភាព​បាន​ស្លាប់ ហើយ​សង្រ្គាម​នឹង​បន្ត​មាន។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​អំពាវនាវ​ឲ្យ​បន្ត​កិច្ចចរចា​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម ELN ដែរ ពិសេស​ពី​លោក​រ៉ូឌ្រីហ្គោ ឡុងដូណូ ប្រមុខ​អតីត​ឧទ្ទាម FARC។ គ្រប់​គ្នា​បាន​មើល​ឃើញ​ថា សន្តិភាព ឬ​គ្មាន​សន្តិភាព វា​អាស្រ័យ​លើ​ភាគី​ជម្លោះ​នីមួយ”ៗ។ គួរ​រម្លឹក​ថា តាំង​ពី​ការ​ទម្លាក់​អាវុធ​របស់​ពួក​ឧទ្ទាម FARC តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ ២០១៦ ELN ដែល​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៦៤ និង​មាន​កម្លាំង​យុទ្ធជន​ប្រមាណ​ជា ១ ៨០០នាក់​បាន​ក្លាយ​ជា​ចលនា​ឧទ្ទាម​ចុង​ក្រោយ​នៅ​កូឡុំប៊ី។

ចប់​មែន​ទំព័រ​សង្រ្គាម​បង្ហូរ​ឈាម​ជាង​កន្លះ​សតវត្ស​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម FARC តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​ដើម្បី​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​វែងឆ្ងាយ​នៅ​ឡើយ។ ពួក ELN មិន​មាន​កម្លាំង និង​រចនាសម្ព័ន្ធ​ដូច FARC មែន តែ​ចលនា​ឧទ្ទាម​មួយ​នេះ​នៅ​បន្ត​ជា​ដង្កូវ​ស៊ីរូងផ្ទៃក្នុង​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្គម​កូឡំប៊ី៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កូឡុំប៊ី

    កូឡុំប៊ី៖​ក្រោយ​អំពើភេរវកម្ម លោក​អ៊ីវ៉ាន់ ឌុច​បិទទ្វារ​ចរចា​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម ELN

    ស្វែងយល់បន្ថែម

  • កូឡុំប៊ី

    កូឡុំប៊ី ៖ អតីតមេទ័ពព្រៃ​ក្រុម​ឧទ្ទាម​ហ្វាក (FARC) ត្រូវ​តុលាការ​ពិសេស​កាត់​ទោស​ជាលើកដំបូង​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    កិច្ចព្រមព្រៀង​សន្តិភាព​កូឡុំប៊ី ក្នុង​កណ្តាប់​ដៃ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ