អានតួអត្ថបទ

បាក់ទំនប់នៅប្រេស៊ីល ៖ តុលាការកាត់​​ថវិកា​របស់​ក្រុមហ៊ុន​សម្រាប់​​សង​ជន​រងគ្រោះ​និង​បរិស្ថាន

ក្រុមសង្គ្រោះ​ប្រេស៊ីល បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​ស្វែងរក​ជន​បាត់​ខ្លួន​ ក្នុង​គ្រោះ​ធ្លាយ​ទំនប់​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ប្រមូល​កម្លាំង​ជួយ​ជម្លៀស​​ប្រជាជន​ប្រមាណ​ជាង ២៤០០០​នាក់ ពីការ​គំរាម​កំហែង​បាក់​ទំនប់​មួយ​ទៀត។ ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ ដ៏​ធ្ងន់ធ្ងរ ចំពោះ​ជីវិត​មនុស្ស​និង​ចំពោះ​បរិស្ថាន​​យ៉ាង​ដូច្នេះ ប្រេស៊ីល​បាន​ប្រកាស​ទទួល​ជំនួយ​ពី​អ៊ីស្រាអែល ជា​កម្លាំង​មនុស្ស​និង​បច្ចេកវិទ្យា។ ឯ​តុលាការ​វិញ​ បាន​បញ្ជា​ឱ្យ​​ក្រុមហ៊ុន​មើល​ការ​ខុស​ត្រូវ​ជនរងគ្រោះ និង​តំកល់​ថវិកា​៣ពាន់​លាន​ដុល្លារ​សម្រាប់​សង​ជំងឺ​ចិត្ត​ជនរងគ្រោះ​និង​ការ​ខូត​ខាត​បរិស្ថាន។

តំបន់​ឧស្សាហកម្ម​រ៉ែ Brumadinho រង​ការ​គំរាម​ដាច់​ទំនប់​មួយ​ទៀត
តំបន់​ឧស្សាហកម្ម​រ៉ែ Brumadinho រង​ការ​គំរាម​ដាច់​ទំនប់​មួយ​ទៀត Isac Nobrega/Presidency Brazil/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​សង្គ្រោះ និង​ការ​ស្វែង​រក​អ្នក​រួច​ពី​ស្លាប់ ក្នុង​គ្រោះ​បាក់​ទំនប់​កាលពី​ថ្ងៃ​សុក្រ​ ត្រូវ​ផ្អាក​​ ទាំង​ស្រុង​តាំង​ពី​យប់​មក​ ដោយ​ហេតុ​តែ​មាន​ការ​គំរាម​កំហែង​ធ្លាយ​ទំនប់​មួយ​ទៀត។ តាំង​ពី​ព្រហាម​​ថ្ងៃ​អាទិត្យ​មក​ អាទិភាព​ចំបង​ គឺ​ផ្តោត​ទាំង​ស្រុង​ទៅ​លើការ​ជម្លៀស​ប្រជាជននៅក្នុង​តំបន់​តែ​ម្តង។ ជា​ប្រតិបត្តិការ​ជម្លៀស​ ជា​ទូទៅ និង​ដោយ​បន្ទាន់​ ដោយ​សំឡេង​ស៊ីរ៉ែន​លាន់​ទ្រហឹង​ដាស់។​ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ​ទំនប់​ទី​ពីរ​​នេះ គ្មាន​ផ្ទុក​សំណល់ឧស្សាហកម្ម​រ៉ែ​ទេ មាន​តែ​ការ​ស្តុក​ទឹក​ប្រមាណ​ពី​៣​ទៅ៤​លាន​ម៉ែត្រ​គូប​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា តំបន់​ឧស្សាហកម្ម​រ៉ែ Brumadinho របស់​ក្រុមហ៊ុន​Vales ​របស់​ប្រេស៊ីល មាន​ទំនប់​ទប់​សំណល់​និង​ទឹក​សម្រាប់​ឧស្សាហកម្ម​​រ៉ែ​ចំនួន​បី។ ទំនប់​ទី​មួយ​បាន​បាក់​កាលពី​ថ្ងៃ​សុក្រ និង​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ៣៧​នាក់ និង​បាត់​ខ្លួន​ជិត​បី​រយ​នាក់​ទៀត។ នេះ​បើតាម​តុល្យការ​បណ្តោះ​អាសន្ន​ផ្តល់​ដោយ​ក្រុម​អ្នក​សង្គ្រោះ នៅ​ព្រឹក​ថ្ងៃអាទិត្យ។

ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​នេះ​ ប្រធានាធិបតី​ប្រេស៊ីល ដែល​​ចេញ​ត្រួត​ពិនិត្យ​ស្ថានការ​ណ៍ដោយ​ផ្ទាល់​​​​តាម​ឧទ្ធម្ភាគចក្រ​យោធា ​បាន​ប្រកាស​ទទួល​យក​ជំនួយ​ពី​អាជ្ញាធរ​អ៊ីស្រាអែល ដែល​ជា​​ជំនួយ​ផ្នែក​​បច្ចេកវិទ្យា ក្នុងការ​ស្វែងរក​ជន​បាត់​ខ្លួន។ ឧបករណ៍​ដ៏​ទំនើប​របស់​អ៊ីស្រាអែល​នេះ មាន​សមត្ថភាព​ប្រាប់​ទីតាំង​​ដែល​មាន​សាកសព​ ទោះ​កប់​នៅ​ក្នុង​ជម្រៅ​ជ្រៅ​ខ្លាំង​ក៏​ដោយ។ ប្រតិបត្តិការ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ។

គ្រោះ​ថ្នាក់​បាក់​ទំនប់​ប្រភេទ​នេះ និងរបស់​ក្រុមហ៊ុន​រ៉ែដដែល​តែ​មួយ​នេះ​ធ្លាប់​បាន​កើត​មាន​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៥។ កាលណោះ​មាន​មនុស្ស​១៩​នាក់​បាន​ស្លាប់ និង​គ្រោះ​មហន្តរាយ​បរិស្ថាន​ យ៉ាង​ធ្ងន់ធ្ងរ ​ដោយ​ទឹក​ភក់​សំណល់​រ៉ែ ធ្លាយ​ទៅ​​បំពុល​ទន្លេ​ដ៏​សំខាន់​របស់​រដ្ឋ និង​ជន់​លិច​ផ្ទៃដី​ប្រវែង​៦៥០​គីឡូម៉ែត្រ។

ដើម្បី​ជា​ការ​ព្រមាន តុលាការ​ប្រេស៊ីល​បាន​សម្រេច​នៅ​ថ្ងៃ​អាទិត្យ​នេះ បិទ​ខ្ទប់ថវិកា​របស់​ក្រុមហ៊ុន​ចំនួន ៣​ពាន់​លាន​ដុល្លារ​ មួយភាគ​សម្រាប់​ទុក​ជា​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ក្នុង​ការ​បាក់​ទំនប់​ទីមួយ​ និង​មួយភាគ​ទៀត​សម្រាប់​ជា​សំណង​នៃ​ការ​ខូត​ខាត​បរិស្ថាន។ តុលាការ​ប្រេស៊ីល​បាន​បញ្ជាឱ្យក្រុមហ៊ុន​រក​ជម្រក​ឱ្យ​ដល់​គ្រប់​ជន​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ និង​ផ្តល់​សេវាកម្ម​សុខាភិបាល​និង​ចិត្ត​សាស្ត្រ​ដល់​គ្រប់​គ្រួសារ​ជន​រងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ