អានតួអត្ថបទ
សហរដ្ឋអាមេរិក-វ៉េណេស៊ុយអេឡា

សហរដ្ឋអាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​វ៉េណេស៊ុយអេឡា

នៅ​សហរដ្ឋអាមេរិក ៥ថ្ងៃ​ក្រោយ​ពី​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រកាស​ទទួល​ស្គាល់​ប្រធាន​រដ្ឋសភា​វ៉េណេស៊ុយអេឡា​លោក​ហ័ន ហ្កាយដូ​ជា​ប្រធានាធិបតីស្តីទី​មក ទីក្រុង​វ៉ាស៊ីនតោន​បាន​បន្ថែម​គំនាប​លើ​វ៉េណេស៊ុយអេឡា​ដោយ​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេងឥន្ធនៈជាតិ​ឈ្មោះ PDVSA។ ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​វ៉េណេស៊ុយអេឡា​មួយ​នេះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ទៀត​ឡើយ។ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​យល់​ឃើញ​ថា ប្រាក់ចំណូល​របស់​ក្រុមហ៊ុន PDVSA កំពុង​បន្ត​ចិញ្ចឹម​អំពើ​ពុករលួយ​នៃ​របប​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ា។ ចំណែក​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​ទណ្ឌកម្ម​ដាក់​លើ​ក្រុមហ៊ុន PDVSA និង​បាន​រម្លឹក​ជា​ថ្មី​ពី​ការ​គំរាម​របស់​លោក​ដូណាល់ ត្រាំ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចន បុលតុន
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចន បុលតុន REUTERS/Jim Young
ផ្សាយពាណិជ្ជកម្ម

« ដូច​អស់​លោក​បាន​ដឹង​រួច​ហើយ​ថា​កាល​ពី​ថ្ងៃទី២៣ មករា​កន្លង​ទៅ ប្រធានាធិបតី​ត្រាំ​បាន​ប្រកាស​ជា​ផ្លូវការ​ទទួល​ស្គាល់​ប្រធាន​រដ្ឋសភា​វ៉េណេស៊ុយអេឡា​លោក​ហ័ន ហ្កាយដូ​ជា​ប្រធានាធិបតី​ស្តីទី​វ៉េណេស៊ុយអេឡា។ តាំង​ពី​ថ្ងៃ​ប្រកាស​នោះ​មក មាន​រដ្ឋាភិបាល​ក្នុង​តំបន់ និង​ក្នុង​លោក​សរុប​ចំនួន ២១ ប្រទេស​ក៏​បាន​ទទួល​លោក​ហ័ន ហ្កាយដូ​ជា​ប្រធានាធិបតី​ស្តីទី​វ៉េណេស៊ុយអេឡា​ដូច​សហរដ្ឋអាមេរិក​ដែរ។

ថ្ងៃ​នេះ យើង​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​វ៉េណេស៊ុយអេឡា​ឈ្មោះ PDVSA ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ។ យើង​បន្ត​បរិហារ​អំពើ​ពុករលួយ​របស់​លោក​ម៉ាឌូរ៉ូ និង​ក្រុម​គូកន​របស់​គាត់។ ទណ្ឌកម្ម​របស់​យើង​ថ្ងៃ​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ម៉ាឌូរ៉ូ និង​ក្រុម​គូកន​របស់​គាត់​នឹង​មិន​អាច​កើប​ប្រមូល​ទ្រព្យសម្បត្តិ​ពី​ប្រជាជន​វ៉េណេស៊ុយអេឡា​បាន​ទៀត​ឡើយ។

យើង​យល់​ឃើញ​ថា ទណ្ឌកម្ម​ទាំង​អស់​នេះ​នឹង​អនុញ្ញាត​ឲ្យ​បង្កក​ទឹកប្រាក់​ចំនួន ៧ ០០០លានដុល្លារ និង​ធ្វើ​ឲ្យ​ការ​នាំ​ប្រេង​ចេញ​បាត់បង់​ចំណូល​ដល់​ទៅ ១១ ០០០លានដុល្លារ​នៅ​រង្វង់​ឆ្នាំ​ខាង​មុខ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ