គ្រោះត្រជាក់ខ្លាំងខុសប្រក្រតីនៅអាមេរិក ជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០២
សហរដ្ឋអាមេរិកកំពុងរងអាកាសធាតុត្រជាក់ខ្លាំងខុសពីធម្មតា តាំងពីថ្ងៃចន្ទមក ដោយនៅរដ្ឋខ្លះ សីតុណ្ហភាពបានធ្លាក់ចុះដល់ទៅ -៣០អង្សា កន្លែងខ្លះទៀត -៤០អង្សាក្រោមសូន្យ។ ជាអាកាសធាតុត្រជាក់ខ្លាំង ដែលអាមេរិកមិនធ្លាប់ជួបប្រទះឡើយក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ។ មានស្លាប់យ៉ាងហោចណាស់ ៧នាក់ នេះបើតាមតុល្យការបណ្តោះអាសន្នដំបូង។ ប្រឈមនឹងស្ថានភាពអាកាសធាតុខុសប្រក្រតីបែបនេះ រដ្ឋជាច្រើនចេញក្រិត្យប្រកាសអាកាសអាសន្ន។ តើនេះជាផលវិបាកនៃការប្រែប្រួលអាកាសធាតុឬ ?
ព្រិល ឬទឹកកកសំឡីបានចាប់ផ្តើមធ្លាក់យ៉ាងអនេកលើតំបន់ភាគខាងជើងអាមេរិក។ តាំងពីថ្ងៃទី ១៧មករាមក មានទឹកកកសំឡីធ្លាក់ជាប់ជារៀងរាល់ថ្ងៃ (១៣ថ្ងៃ) ពោលគឺជារយៈពេលដ៏យូរបំផុត គិតចាប់តាំងពីរដូវរងារឆ្នាំ១៩៧៨-៧៩មក។
ចំណែកសីតុណ្ហភាពក៏ចាប់ចុះទាបខ្លាំង។ សីតុណ្ហភាពក្រោមសូន្យអាចចាត់ទុកថាជារឿងធម្មតាព្រោះជារដូវរងារ ប៉ុន្តែនៅសប្តាហ៍នេះ អាកាសធាតុត្រជាក់ និងការធ្លាក់ព្រិល មានលក្ខណៈខុសធម្មតា ស្ទើរមិនដែលមានក្នុងប្រវត្តិអាកាសធាតុអាមេរិកទេ។ នៅកន្លែងខ្លះ ជាក់ស្តែងនៅស៊ីកាហ្គោ សីតុណ្ហភាពបានធ្លាក់ចុះដល់ -៣០អង្សាក្រោមសូន្យ។ ទែរម៉ូម៉ែត្រចង្អុលលេខ -៣០មែន តែបូកផ្សំនឹងមានខ្យល់បក់ខ្លាំងទៀត ធ្វើឱ្យយើងមានអារម្មណ៍ថា កាន់តែត្រជាក់ ដូចស្មើនឹង-៥០អង្សា។
សម្រាប់ពេលនេះ មានប្រជាពលរដ្ឋអាមេរិកជាង៦០លាននាក់ កំពុងរស់ប្រឈមនឹងភាពត្រជាក់ខុសពីប្រក្រតី។ អាជ្ញាធររដ្ឋនៅតំបន់ភាគខាងជើងប្រទេស មានជាអាទិ៍រដ្ឋមីសូតា មីស៊ីហ្គែន ស៊ីកាហ្គោ អ៊ីនទ្រីយ៉ាណា អាយអូវ៉ា ... បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងចៀសវាងកុំចេញក្រៅ។ តាំងពីថ្ងៃចន្ទមក សាលារៀន មហាវិទ្យាល័យ មជ្ឈមណ្ឌលសង្គម ត្រូវបានបិទ និងលុបចោលកម្មវិធីរបស់ខ្លួន។ មធ្យោបាយដឹកជញ្ជូនសាធារណៈ ក៏ត្រូវផ្អាកសកម្មភាព។ ជើងហោះហើរ ទៅនិងមក អាកាសយានដ្ឋានស៊ីកាហ្កោ ដែលជាទីក្រុងសំខាន់ទីបីរបស់អាមេរិក រាប់ពាន់ជើងត្រូវលុប។ អ្នកដំណើររាប់សិបពាន់នាក់ ត្រូវជាប់កុន ទ្រាំត្រជាក់នៅអាមេរិកបន្ថែមមួយថ្ងៃពីរទៀត។
សេវាប្រៃសណីយ៍ ក៏បានសម្រេចផ្អាកការចែកចាយសំបុត្រ ដែរ នៅថ្ងៃនេះ ! នេះជាវិធានការដ៏កម្របំផុតសម្រាប់អាមេរិក។
សីតុណ្ហភាពត្រជាក់ខ្លាំង បានជំរុញឱ្យអាជ្ញាធរបើកមណ្ឌលទទួលអ្នកគ្មានជម្រកជាប់លាប់ (១៦០០០នាក់នៅស៊ីកាហ្គោ) ចំនួន២៧០កន្លែងបន្ថែម ព្រោះគ្រោះធម្មជាតិនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោច៧នាក់ស្លាប់រួចទៅហើយ។
អាកាសធាតុត្រជាក់ មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ?
សីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះ ដោយសារតែអាមេរិករងចំទិសខ្យល់ទឹកកកមកពីតំបន់ប៉ូលអាកទិក។ ភាពត្រជាក់ខ្លាំងទំនងជាត្រូវបន្តគ្របដណ្តប់ លើភាគខាងជើងរហូតដល់ចុងសប្តាហ៍ ទម្រាំខ្យល់ត្រជាក់បក់ផុតទៅទិសខាងលិចនៃសហរដ្ឋ។
សម្រាប់អ្នកជំនាញអាកាសធាតុ សីតុណ្ហភាពត្រជាក់ខ្លាំងនេះ គឺជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ យ៉ាងប្រាកដ។ មិនមែនដូចអ្វីដែលលោក ដូណាល់ ត្រាំ បានគិតនោះឡើយ។ នៅចំពោះមុខស្ថានភាពត្រជាក់ខ្លាំងដ៏ចម្លែកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជឿថាសកម្មភាពមនុស្សធ្វើឱ្យមានការប្រែប្រួលអាកាសធាតុនោះ បានបញ្ចេញប្រតិកម្មថា ការឡើងកម្តៅភពផែននៅឯណា យើងត្រូវការអ្នក !
“ព្យុះទឹកកកមិនបញ្ជាក់ថាគ្មានការឡើងកម្តៅអាកាសធាតុទេ ! នេះជាចម្លើយតបរបស់ភ្នាក់ងារឧតុនិយមអាមេរិក ជាមួយនឹងការគូររូបពន្យល់ថា ការឡើងកម្តៅសីតុណ្ហភាពទឹកសមុទ្ទនេះឯងជាដើមហេតុនាំឱ្យមានភាពត្រជាក់ខ្លាំងនៅអាមេរិក។
អ្នកជំនាញធ្លាប់បានអះអាង និងព្រមានជាញឹកញយហើយថា ការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យភពផែនដីងាយរងគ្រោះ និងជួបបាតុភូតអាកាសធាតុជ្រុលហួសហេតុ ក្តៅខ្លាំង រីងស្ងួតខ្លាំង ព្យុះភ្លៀងឬទឹកជំនន់កំណាចៗ។ ជាក់ស្តែងនៅពេលនេះ ក្នុងពេលដែលអាមេរិកកំពុងជួបត្រជាក់ខុសប្រក្រតី នៅអូស្តាលីឯណោះ កំពុង ក្តៅរោលរាលយ៉ាងខ្លាំង។
ចំនងរវាងការប្រែប្រួលអាកាសធាតុ និង ការឡើងកម្តៅខ្លាំងភពផែនដី ត្រូវបានអ្នកវិទ្យាសាស្ត្រ ពន្យល់ថាបណ្តាលមកពី កំណើនឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ទើបសីតុណ្ហភាពឡើងខ្ពស់។ ជាសេចក្តីពន្យល់បំភ្លឺដែលអ្នកស្តាប់ងាយយល់។ ប៉ុន្តែបើទោះបីជាបញ្ចាសនឹងនិន្នាការ -ការឡើងកម្តៅអាកាសធាតុនឹងធ្វើឱ្យរដូវរងារមិនត្រូវត្រជាក់ក៏ដោយ- ក៏ការប្រែប្រួលអាកាសធាតុ ពិតជាអាចធ្វើឱ្យផែនដីត្រូវជួបភាពត្រជាក់ខ្លាំងហួសហេតុដែរ ។
មូលហេតុ ៖ នៅពេលតំបន់ប៉ូលឡើងកម្តៅ ប្រព័ន្ធចរន្តខ្យល់ក្នុងបរិយាកាសក៏ប្រែប្រួល។ តាមធម្មតា កម្លាំងចរន្តខ្យល់នៅតំបន់ប៉ូល ខ្លាំងឬខ្សោយអាស្រ័យទៅលើ គម្លាតនៃសីតុណ្ហភាពរវាងតំបន់ត្រូពិក និងតំបន់ប៉ូល។ ប៉ុន្តែដោយសារការប្រែប្រួលអាកាសអាតុ តំបន់ប៉ូលបានឡើងកម្តៅយ៉ាងលឿន ! លឿនជាងតំបន់ផ្សេងដល់ពីរដង ជាហេតុធ្វើឱ្យតំបន់ប៉ូលនិងតំបន់ត្រូពិច លែងសូវមានគម្លាតអាកាសធាតុនឹងគ្នា។ គម្លាតតិចបានធ្វើចរន្តខ្យល់នៅតំបន់ប៉ូល ដែលហៅជាភាសាអង់គ្លេស Jet-Stream ចុះខ្យោយ និងបាត់លំនឹង ដូច្នេះចំហាយខ្យល់ត្រជាក់នៃតំបន់ប៉ូល ក៏រីកសាយភាយមកដល់តំបន់ ដែលពុំធ្លាប់មាន និងដែលពុំបានត្រៀមខ្លួនជាមុន។
ប៉ុន្តែចំណុចនេះនៅជាការជជែកតស៊ូមតិគ្នានៅឡើយ ព្រោះអ្នកវិទ្យាសាស្ត្រពុំទាន់មានភស្តុតាងបង្ហាញគ្រប់គ្រាន់នៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ