អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គ្រោះ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​នៅ​អាមេរិក ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិកកំពុង​រងអាកាសធាតុ​ត្រជាក់​ខ្លាំង​ខុស​ពី​ធម្មតា តាំ​ងពី​ថ្ងៃ​ចន្ទ​មក ដោយ​នៅ​រដ្ឋ​ខ្លះ សីតុណ្ហភាពបាន​​ធ្លាក់​ចុះ​ដល់​ទៅ -៣០​អង្សា កន្លែង​ខ្លះទៀត -៤០​អង្សាក្រោម​សូន្យ។ ជា​អាកាសធាតុ​ត្រជាក់​ខ្លាំង ដែល​អាមេរិក​មិន​ធ្លាប់​ជួប​ប្រទះឡើយ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ ចុងក្រោយ​នេះ។ មានស្លាប់​យ៉ាង​ហោច​ណាស់ ៧​នាក់ នេះ​បើ​តាម​តុល្យការ​បណ្តោះ​អាសន្ន​ដំបូង​។ ប្រឈម​នឹង​ស្ថានភាព​អាកាសធាតុ​ខុស​ប្រក្រតី​បែប​នេះ រដ្ឋ​ជា​ច្រើន​ចេញ​ក្រិត្យ​ប្រកាស​អាកាស​អាសន្ន។ ​​ តើ​នេះ​ជា​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ឬ ?

ផ្លូវ​ស្រប​មាត់​បឹង​មួយ​នៅ​Chicago គ្របដណ្តប់​ដោយ​ទឹកកក
ផ្លូវ​ស្រប​មាត់​បឹង​មួយ​នៅ​Chicago គ្របដណ្តប់​ដោយ​ទឹកកក REUTERS/Pinar Istek
ផ្សាយពាណិជ្ជកម្ម

ព្រិល ឬទឹក​កក​សំឡី​​បាន​ចាប់​ផ្តើម​ធ្លាក់​យ៉ាង​អនេក​លើ​តំបន់​ភាគ​ខាង​ជើង​អាមេរិក។ តាំង​ពី​ថ្ងៃទី ១៧​មករា​មក មាន​ទឹកកក​សំឡីធ្លាក់​ជា​ប់​ជា​រៀង​រាល់​ថ្ងៃ (១៣​ថ្ងៃ)​ ពោល​គឺ​ជា​រយៈ​ពេល​ដ៏​យូរ​បំផុត​ គិត​ចាប់​តាំង​ពី​រដូវ​រងារ​ឆ្នាំ​១៩៧៨-៧៩មក។​

ចំណែក​​សីតុណ្ហភាព​ក៏​ចាប់​ចុះទាប​ខ្លាំង។ សីតុណ្ហភាព​ក្រោម​សូន្យ​អាច​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ព្រោះ​ជា​រដូវ​រងារ ប៉ុន្តែ​នៅ​សប្តាហ៍​នេះ អាកាសធាតុ​ត្រជាក់ និង​ការ​ធ្លាក់​ព្រិល​ ​មាន​លក្ខណៈខុស​ធម្មតា ស្ទើរ​មិន​ដែល​មាន​ក្នុង​ប្រវត្តិអាកាសធាតុ​អាមេរិកទេ។ នៅ​កន្លែង​ខ្លះ ជាក់​ស្តែង​នៅ​ស៊ីកាហ្គោ សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់​ -៣០​អង្សា​ក្រោមសូន្យ។ ទែរម៉ូម៉ែត្រ​ចង្អុល​លេខ​ -៣០មែន តែ​បូក​ផ្សំ​​នឹង​​មាន​ខ្យល់​បក់​ខ្លាំង​ទៀត ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា កាន់​តែ​ត្រជាក់ ដូចស្មើ​នឹង​-៥០​អង្សា។

សម្រាប់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​អាមេរិក​ជាង​៦០​លាន​នាក់ កំពុង​រស់​ប្រឈម​នឹង​ភាព​ត្រជាក់​ខុស​ពី​ប្រក្រតី។ អាជ្ញាធរ​រដ្ឋនៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស មាន​ជាអាទិ៍​រដ្ឋ​​មីសូតា មីស៊ីហ្គែន ស៊ីកាហ្គោ អ៊ីនទ្រីយ៉ាណា អាយអូវ៉ា ... បានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ចៀសវាង​កុំ​ចេញ​ក្រៅ​។ តាំង​ពីថ្ងៃ​ចន្ទ​មក​ សាលា​រៀន​ មហាវិទ្យាល័យ មជ្ឈមណ្ឌល​សង្គម​ ត្រូវ​បាន​បិទ​ និ​ងលុប​ចោល​កម្មវិធី​របស់​ខ្លួន។ មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ ក៏​ត្រូវ​ផ្អាក​សកម្មភាព។ ជើង​ហោះហើរ ទៅ​និង​មក​ អាកាសយានដ្ឋាន​ស៊ីកាហ្កោ​ ដែល​ជា​ទី​ក្រុង​សំខាន់​ទីបី​របស់​​អាមេរិក ​រាប់​ពាន់ជើង​​ត្រូវ​លុប​។ អ្នក​ដំណើរ​រាប់​សិប​ពាន់​នាក់ ត្រូវ​ជាប់​កុន​ ទ្រាំ​ត្រជាក់​នៅ​អាមេរិក​បន្ថែមមួយថ្ងៃពីរ​ទៀត។

សេវាប្រៃសណីយ៍ ក៏​បាន​សម្រេច​​ផ្អាកការ​ចែកចាយ​សំបុត្រ​ ​ដែរ នៅ​ថ្ងៃ​នេះ ! នេះ​ជា​វិធានការ​ដ៏​កម្រ​បំផុត​​សម្រាប់​​អាមេរិក។

សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​បើក​មណ្ឌល​ទទួល​អ្នក​គ្មាន​ជម្រក​ជាប់​លាប់ (១៦០០០​នាក់​នៅ​ស៊ីកាហ្គោ) ​ចំនួន​២៧០​កន្លែងបន្ថែម​ ព្រោះ​គ្រោះធម្មជាតិ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​៧​នាក់​ស្លាប់រួច​ទៅ​ហើយ។

​​​​អាកាសធាតុ​ត្រជាក់​ ​មាន​ពាក់ព័ន្ធ​នឹង​​ការ​ប្រែប្រួល​អាកាសធាតុ ?

សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បែប​នេះ ដោយ​សារ​តែ​អាមេរិករង​ចំ​ទិស​ខ្យល់​ទឹកកក​មក​ពី​តំបន់​ប៉ូល​អាកទិក។ ​ភាព​ត្រជាក់​​ខ្លាំង​ទំនង​ជា​ត្រូវ​បន្តគ្រប​ដណ្តប់​ លើ​ភាគ​ខាង​ជើង​​រហូត​ដល់​ចុង​សប្តាហ៍​ ទម្រាំ​ខ្យល់​ត្រជាក់​បក់ផុតទៅ​ទិស​ខាង​លិច​នៃ​សហរដ្ឋ។

​សម្រាប់​អ្នក​ជំនាញ​អាកាសធាតុ​ សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នេះ គឺ​ជា​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ យ៉ាង​ប្រាកដ។ មិន​មែន​ដូច​អ្វី​ដែល​លោក ដូណាល់ ត្រាំ​ បាន​គិត​នោះ​ឡើយ។ នៅ​ចំពោះ​មុខ​ស្ថានភាព​ត្រជាក់​ខ្លាំង​ដ៏​ចម្លែក​នេះ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ ដែល​​ជឿ​ថា​សកម្មភាព​មនុស្ស​ធ្វើ​ឱ្យ​មាន​ការ​​ប្រែប្រួល​អាកាសធាតុ​នោះ​ ​បាន​បញ្ចេញ​ប្រតិកម្ម​​ថា ការ​ឡើ​ងកម្តៅ​ភពផែន​នៅ​ឯណា យើង​ត្រូវការ​អ្នក !

“ព្យុះទឹកកក​មិន​បញ្ជាក់​​ថា​គ្មានការ​ឡើង​កម្តៅអាកាសធាតុ​​ទេ ! នេះ​ជា​ចម្លើយ​តប​របស់​ភ្នាក់ងារ​ឧតុនិយម​អាមេរិក​ ជាមួយ​នឹង​ការ​គូរ​រូប​ពន្យល់​ថា​ ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ទឹក​សមុទ្ទ​នេះ​ឯង​ជា​ដើម​ហេតុ​នាំ​ឱ្យ​មានភាព​ត្រជាក់​ខ្លាំង​នៅ​អាមេរិក។

អ្នក​ជំនាញ​ធ្លាប់​បាន​អះអាង​ និង​ព្រមាន​ជា​ញឹក​ញយ​ហើយ​ថា ការ​ប្រែប្រួលអាកាសធាតុ នឹង​ធ្វើ​ឱ្យ​ភពផែន​ដី​ងាយ​រងគ្រោះ និង​ជួប​បាតុភូត​អាកាសធាតុ​ជ្រុល​ហួសហេតុ ក្តៅ​ខ្លាំង រីងស្ងួត​ខ្លាំង ព្យុះភ្លៀងឬ​ទឹកជំនន់​​កំណាចៗ។ ជាក់ស្តែង​នៅ​ពេល​នេះ ក្នុង​ពេល​ដែល​អាមេរិក​កំពុង​ជួប​ត្រជាក់​ខុស​ប្រក្រតី​ នៅ​អូស្តាលី​ឯណោះ​ ​កំពុង ​ក្តៅ​រោលរាលយ៉ាង​ខ្លាំង។​ ​

ចំនង​រវាង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​​ ការឡើង​កម្តៅ​ខ្លាំង​ភព​ផែន​ដី ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ ពន្យល់​ថា​បណ្តាល​មក​ពី​ កំណើន​ឧស្ម័ន​​​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស​ ទើប​​​សីតុណ្ហភាព​ឡើង​ខ្ពស់។ ជា​សេចក្តី​ពន្យល់​បំភ្លឺ​ដែល​អ្នក​ស្តាប់ងាយ​យល់​។ ប៉ុន្តែបើ​ទោះ​បី​​​ជា​​បញ្ចាស​នឹងនិន្នាការ​ -ការ​ឡើង​កម្តៅ​អាកាសធាតុ​នឹង​ធ្វើ​ឱ្យ​រដូវ​រងារ​មិន​ត្រូវ​ត្រជាក់​ក៏​ដោយ​- ក៏​ការប្រែប្រួល​អាកាសធាតុ​ ពិត​ជា​អាច​ធ្វើ​ឱ្យផែនដី​ត្រូវ​ជួបភាព​​ត្រជាក់​ខ្លាំង​ហួសហេតុដែរ ។

មូលហេតុ ៖ ​នៅ​ពេលតំបន់​ប៉ូល​​ឡើង​កម្តៅ​ ប្រព័ន្ធ​ចរន្ត​ខ្យល់ក្នុង​បរិយាកាស​​ក៏​ប្រែប្រួល។ តាម​ធម្មតា កម្លាំង​ចរន្ត​ខ្យល់​នៅ​តំបន់​ប៉ូល ខ្លាំង​ឬ​ខ្សោយ​​អាស្រ័យ​ទៅ​លើ​ គម្លាត​នៃ​សីតុណ្ហភាពរវាង​តំបន់​ត្រូពិក និង​តំបន់​ប៉ូល។ ប៉ុន្តែ​ដោយ​សារ​ការ​ប្រែប្រួល​អាកាសអាតុ តំបន់​ប៉ូល​បាន​ឡើង​កម្តៅយ៉ាង​​លឿន ! លឿន​ជាង​តំបន់​ផ្សេង​ដល់​ពីរ​ដង ជា​ហេតុធ្វើ​ឱ្យ​​តំបន់ប៉ូល​និង​តំបន់​ត្រូពិច លែង​សូវ​មាន​គម្លាត​អាកាសធាតុ​នឹង​គ្នា។ គម្លាត​តិច​បានធ្វើ​ចរន្ត​ខ្យល់​នៅ​តំបន់​ប៉ូល​ ដែលហៅ​ជា​ភាសា​អង់គ្លេស Jet-Stream​ ចុះ​ខ្យោយ​ និង​បាត់​លំនឹង ដូច្នេះ​ចំហាយ​ខ្យល់​ត្រជាក់នៃ​តំបន់​ប៉ូល​ ក៏​រីកសាយភាយ​មកដល់​​តំបន់ ​ ដែល​ពុំ​ធ្លាប់មាន និងដែល​ពុំ​បាន​ត្រៀមខ្លួន​ជា​មុន។

ប៉ុន្តែ​ចំណុ​ចនេះ​​នៅ​ជា​ការ​ជជែក​តស៊ូ​មតិ​គ្នា​នៅ​ឡើយ​ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​ពុំ​ទាន់​មាន​ភស្តុតាង​បង្ហាញ​គ្រប់​គ្រាន់​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ