ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/02 12h00 GMT

ហ្វេសប៊ុក​អាយុ​បាន​១៥ឆ្នាំ រង​​ការរិះគន់​​កាន់​​តែច្រើន ប្រមូល​​ចំណូល​​បាន​​កាន់តែ​​ខ្ពស់

ហ្វេសប៊ុក​អាយុ​បាន​១៥ឆ្នាំ រង​​ការរិះគន់​​កាន់​​តែច្រើន ប្រមូល​​ចំណូល​​បាន​​កាន់តែ​​ខ្ពស់
 
ហ្វេសប៊ុករងការរិះគន់​កាន់​តែ​ខ្លាំង ចំណូល​មាន​កាន់​តែ​ខ្ពស់ REUTERS/Regis Duvignau

នៅ​ថ្ងៃ​ចន្ទទី ៤កុម្ភៈ​ នេះ​ជា​គម្រប់​ខួប​១៥​ឆ្នាំ​គត់​នៃការ​បង្កើត​ហ្វេសប៊ុក ដែល​កំពុង​ក្លាយ​ជា​ប្រព័ន្ធ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ និង​ដ៏​ចម្រូង​ចម្រាស។ ហ្វេសប៊ុក​​រង​ការ​រិះគន់​និង​រឿង​អាស្រូវ​យ៉ាងច្រើន​ មាន​ជាអាទិ៍​​ការ​លួចលក់​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ និង​សមត្ថភាព​នៃ​ការចែកចាយ​​ព័ត៌មាន​ ​មិន​ពិត។ តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​មួយ​នេះ បន្ត​កើន​ឡើង​ឥតឈប់ ហើយ​ក្រុមហ៊ុន​ទទួល​ផល​ចំណេញ​កើន​ឡើង​ជា​លំដាប់។

គឺ​នៅ​ថ្ងៃទី ៤កុម្ភៈ​ឆ្នាំ​២០០៤ ដែល​ហ្វេសប៊ុក​ត្រូវ​បានត​​ភ្ជាប់​​ក្នុង​បណ្តាញអ៊ីនធ័រនែត​​ជា​លើក​ទី​មួយ ក្នុង​ទម្រង់​ជា​បណ្តាញ​សម្រាប់ឱ្យ​ក្រុម​និស្សិត​​ភ្ជាប់​ទំនាក់ទំនងឆ្លង​​​មហាវិទ្យាល័យ។ តែ​នៅ​ថ្ងៃ​នេះ​ហ្វេសប៊ុក​បាន​ក្លាយ​ជា​ប្រព័ន្ធ​សង្គម ដែល​ល្បី​ល្បាញ​ជាងគេ មាន​ប្រជាប្រិយភាព​ជាងគេ និង​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ (ក្នុង​មួយ​ខែៗមានអ្នក​ប្រើបណ្តាញ​នេះ​ដល់​ទៅ​២,៣​ពាន់​លាន​នាក់​) ព្រមទាំង​មាន​ប្រាក់​ចំណូល​ក៏​ច្រើន ដល់​ទៅ​ប្រមាណ​៥៥ពាន់​លាន​ដុល្លារ ក្នុង​នោះ​៩៨%​ជា​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម។

ចាប់​កំណើត​នៅ​ឆ្នាំ​២០០៤ ក្នុង​នាម​ជា​បណ្តាញ​ទាក់ទង​របស់​ក្រុម​និស្សិត ហ្វេសប៊ុក​បានក្លាយ​ជា​ប្រព័ន្ធ​សង្គម “ហ្វេសប៊ុក” នៅ​ឆ្នាំ​២០០៥ ហើយ​បើក​ឱ្យ​ជន​ទូទៅ ដែល​មិនមែន​ជា​និស្សិត ​ចូល​ជា​សមាជិករបស់​​បណ្តាញ នៅ​ឆ្នាំ​២០០៦។ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ហ្វេសប៊ុក​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​អាចប​ង្កើត​ទំព័រ​ហ្វេសប៊ុក​ (ផេក) តែ​ក៏​ជា​​ការ​បើក​ផ្លូវ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុងប្រព័ន្ធ។ គឺ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ហើយ​ដែលជា​ប្រភព​ចំណូល​ដ៏​ធំរបស់​ក្រុមហ៊ុន​ហ្វេសប៊ុក (​ក្នុង​កំរិត​៩៨%​នៅឆ្នាំ​២០១៨) និង​ដែល​អនុញ្ញាត​ឱ្យ​ពិភពលោកអាច​​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​នេះ​ដោយ​ឥត​គិត​ថ្លៃ​ជារហូត។

​ហ្វេសប៊ុក​បាន​ស្គាល់​​ការ​វិវឌ្ឍ​គួរ​ឱ្យ​សម្គាល់ខ្លាំង និង​អាច​ចាត់​ទុក​ថា​ជា​របត់​ថ្មី​នៃ​​ប្រព័ន្ធ​សង្គម​ និង​ក្រុមហ៊ុន គឺ​នៅ​ពេល​ប្រព័ន្ធ​នេះ​បាន​ភ្ជាប់​កម្មវិធី​នៅក្នុង​ទូរស័ព្ទ​ចល័ត Iphone​នៅ​ឆ្នាំ​២០០៨។ ចាប់​ពីពេលនោះ​មក អ្នកប្រើប្រាស់​ហ្វេសប៊ុក​ទាំងអស់ អាច​មើល តាមដាន បង្ហោះ​ផ្សាយ ធ្វើ​គ្រប់​ពេល​គ្រប់​ម៉ោង​ និង​គ្រប់​ទិសទី។ ហើយតាម​រយៈកម្មវិធី​កាន់​តែច្រើន ដែល​​ហ្វេសប៊ុកបង្កើត​ជា​បន្ត​បន្ទាប់​នៅ​ ហ្វេសប៊ុក​​ក៏​អាច​កំណត់​ពី​ទីតាំង​របស់​អ្នកប្រើប្រាស់​និង​ដឹង​អំពី​ស្ទើរ​គ្រប់​សកម្មភាព​​របស់​អ្នក​ប្រើប្រាស់វិញ។

​ហ្វេសប៊ុក​កាន់​តែ​ជឿន​លឿន​ ការ​រិះគន់​កាន់​តែ​ច្រើន ចំណូល​ឡើង​កាន់​ខ្ពស់

តាមការពិត តាំង​ពី​ចាប់​កំណើត​មក​ ហ្វេសប៊ុក​រង​ការរិះគន់​តែ​រហូតមក ជាពិសេស​ទាក់ទង​ការ​គោរព​ជីវិត​​ឯកជន​និង​ទិន្ន័យ​បុគ្គល។ ការ​ផ្សាយ​ពាណិជ្ជកម្ម ក៏​ជា​ប្រភព​នៃ​ការ​រំលោភ​ជីវិត​ឯកជន និងលួច​​ទិន្នន័យ​បុគ្គល ព្រោះ​ហ្វេសប៊ុក​បាន​ដាក់​កម្មវិធី​​សម្រាប់​វិភាគ​អ្វី​ដែល​យើង​ធ្វើ​ ដើម្បីផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ចំណុច និង​ចំ​ចិត្ត​ម្ចាស់​គណនី។

រហូត​ដល់​អាយុ​៧​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ​២០១១ ទើប​ហ្វេសប៊ុក​ចាប់​មាន​នយោបាយ​ការពារ​ទិន្នន័យ​និង​ជីវិត​ឯកជន​របស់​អ្នកប្រើប្រាស់។ កន្លង​មក​ លោក​ Mark Zuckerberg ដែល​ជា​​ស្ថាបនិក បាន​ត្រឹម​​តែ​​ធ្វើការ​សុំ​ទោស​ប៉ុណ្ណោះ។

ប៉ុន្តែទោះ​មាន​ននយោបាយ​​​ការពារ​​​ទិន្នន័យ​បុគ្គលក៏​ដោយ​ ! ក៏​បញ្ហា​ការពារ​ទិន្នន័យ​មិន​ត្រូវ​បាន​គោរព​ទាំងស្រុង​ទេ។ កាលពី​ដើម​ឆ្នាំ​២០១៨ ហ្វេសប៊ុក​បាន​ពង្វាង​ លក់​ទិន្នន័យ​បុគ្គល ជាង​ ៨៧​លាននាក់​ទៅ​​ឱ្យ​ក្រុមហ៊ុន​អង់គ្លេស Cambridge Analytica ​។ រឿង​អាស្រូវដ៏​ធំ​នេះ បាន​ជំរុញ​ឱ្យ​ Mark Zuckerberg ចេញ​សេចក្តី​ពន្យល់​នៅ​ចំពោះមុខ​ព្រឹទ្ធសភា​អាមេរិក និង​រង​ការ​ពិន័យ។ ហើយ​ពេញ​មួយ​ឆ្នាំ​កន្លង​មក​នេះ​ ហ្វេសប៊ុក​ក៏ជាប់​ឈ្មោះ​ជា​ប្រភព​ផ្តល់​ព័ត៌មាន​មិន​ពិត។

បើ​តាម​អ្នក​វិភាគ​ម្នាក់ដែល​មាន​ឯកទេស​ផ្នែក​ប្រព័ន្ធ​សង្គម នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀតហ្វេសប៊ុក​ នឹង​លែង​ក្លាយ​ជា​ប្រព័ន្ធ​សង្គម​លំដាប់​ទី​មួយ​ទៀត​ហើយ។ ក្រៅ​អំពី​ការ​បាត់​បង់​ទំនុក​ចិត្ត​ពី​អ្នក​ប្រើប្រាស់ អ្នក​វិភាគ​រូប​នេះ​បានពន្យល់​ថា​ ជាទូទៅ​ជីវិត​របស់​ប្រព័ន្ធ​សង្គម​ខ្លីណាស់ ហ្វេសប៊ុក​មាន​អាយុ​យឺត​យូរ​​​ជាងគេមែន ក៏​ប៉ុន្តែ​ក៏​ថយ​ឥទ្ធិពល​របស់​ខ្លួន​ទេ ព្រោះលោក​សង្កេត​ឃើញ​ថា​ពេល​​ក្មេងជំទង់​ជំនាន់​ក្រោយ (១៣-១៥ឆ្នាំ) មិន​សូវ​ចង់​លេង​ហ្វេសប៊ុក​ទេ - ក្មេង​ចង់​គេច​ពី​ការ​ត្រួត​ពិនិត្យ​របស់​ឪពុកម្តាយ​ដោយ​ជ្រើសរើស​ប្រព័ន្ធ​សង្គម​ថ្មី​ប្លែក ដែល​មិនមែនជា​ប្រព័ន្ធ​សង្គម​របស់​មនុស្ស​ចាស់។

ប៉ុន្តែ​លោក Mark Zuckerberg ​ មាន​យុទ្ធសាស្ត្រ​របស់​ខ្លួន ដើម្បីការ​ពារ​ហ្វេសប៊ុក​ និង​បន្ត​ទាក់ទាញសមាជិក​ក្មេង ហ្វេសប៊ុក​បាន​បង្កើត​ប្រព័ន្ធ​រណប​ជា​ច្រើន​ផ្សេងទៀត គ្រប់គ្រង​ដោយ​ហ្វេសប៊ុក ដូច​ជា Instagramme និង WhatsApp។ គឺ​កម្មវិធី​ពីរ​នេះ​ហើយ​ដែល​បាន​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​សង្គម​ឱ្យ​នៅ​ឈរ​លំដាប់​កំពូល​ដដែល​។

ជា​សរុប​ទៅ ទោះ​បី​ជា​បាន​ឆ្លង​កាត់​រឿង​អាស្រូវ​ខ្លាំងពេញ​មួយ​ឆ្នាំ​២០១៨​នេះក៏​ដោយ ក៏​ហ្វេសប៊ុក មាន​អ្នក​ប្រើប្រាស់​សរុប​ជាង​ពីរពាន់​លាន​នាក់​ ពោល​គឺ​ជិត​មួយ​ភាគ​បី​នៃ​មនុស្ស​ជាតិ។ ចំណែក​ឯ​ចំណូល​វិញ ក៏​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ៦,២ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​។ ឆ្នាំ​២០១៨​ មាន​រឿង​អាស្រូវ​ខ្លាំង តែ​ប្រាក់​ចំណូល​បាន​កើន​ឡើង​ជាង​៦០% ពលោក គឺ​ជា​ចំណូល​ដ៏​ខ្ពស់​ជាង​គេ​បំផុត​។ ប៉ុន្តែ​នៅ​ត្រីមាស​ទី​បួន ក្រុមហ៊ុន​បានស្គាល់​កំណើនចំណូល​​ទាប​បំផុត​ មិន​ធ្លាប់​មាន​គិត​ចាប់​ពី​៦​ឆ្នាំ​មក។

ក្នុង​វ័យ​៣៤​ឆ្នាំ បានក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ធន​កំពូល​លំដាប់​ទី​៥​ពិភពលោក ដោយ​ទ្រព្យ​ធន​សរុប ប្រមាណ​៦៥,៦ពាន់​លាន​ដុល្លារ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ