អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោកត្រាំ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​នៅ​ក្នុង​បរិបទ​ប្រទាញប្រទង់​រឿង​សង់ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី៥ កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​នៅ​ចំពោះ​មុខ​សមាជិក​សភា និង​ព្រឹទ្ធសភា​ក្នុង​ទីក្រុង​វ៉ាស៊ីតោន។ គឺ​ជា​ឱកាស​មួយ​ដ៏​សំខាន់​សម្រាប់​គ្រប់​ប្រធានាធិបតី​អាមេរិក ហើយ​សម្រាប់​លោក​ដូណាល់ ត្រាំ នេះ​ជា​សុន្ទរកថា​លើកទី២ របស់​លោក​តាំង​ពី​ពេល​ចូល​កាន់​តំណែង​ប្រធានាធិបតី​ក្នុង​ខែ​មករា ឆ្នាំ ២០១៧។ តែ​អ្វី​ជា​ការ​កត់សម្គាល់ សុន្ទរកថា​លើក​ទី២ ពេល​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​បាន​ជួប​វិបត្តិ​ថវិកា​រហូត​ធ្វើ​ឲ្យ​ស្ថាប័ន និង​សេវាកម្ម​សាធារណៈ​ជា​ច្រើន​ជាប់គាំង​ដែល​គេ​ហៅ​ថា « Shutdown » អស់​រយៈពេល ៣៥ថ្ងៃ។ ភាព​ជាប់គាំង​ក៏​ដោយសារ​តែ​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​ជា​ក្រុមប្រឆាំង​មិន​ព្រម​ផ្តល់​ថវិកា​ឲ្យ​លោក​ត្រាំ​យក​ទៅ​សង់ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក។

លោក​​ប្រធានាធិបតី​​អាមេរិក​​ដូណាល់ ត្រាំ
លោក​​ប្រធានាធិបតី​​អាមេរិក​​ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឆ្នាំ ១៩៣០ ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​របស់​ប្រធានាធបតី​អាមេរិក​ជា​ទំនៀមទម្លាប់​មួយ​ដែល​បាន​ធ្វើ​ឡើង ១ឆ្នាំ​ម្តង​នៅ​ចុង​ខែ​មករា ឬ​ដើម​ខែ​កុម្ភៈ។ មាន​កត្តា​សំខាន់​ចំនួន​ពីរ​សម្រាប់​រូប​ប្រធានាធិបតី ទី១ ជា​ឱកាស​តែ​មួយ​គត់​ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ប្រមូល​អំណាច​ទាំង ៣ គឺ​អំណាច​នីតិប្រតិបត្តិ អំណាច​នីតិប្បញ្ញត្តិ និង​អំណាច​តុលាការ​ឲ្យ​ជួបជុំ​គ្នា​ក្នុង​ពេល​តែ​មួយ និង​កត្តា​សំខាន់​ទី២ វា​ជា​ឱកាស​តែ​មួយ​គត់​ដែល​ប្រធានាធិបតី​ត្រូវ​ធ្វើ​តុល្យការ​រួម​ស្តីពី​ស្ថានការណ៍​ទូទៅ​របស់​ប្រទេស បង្ហាញ​ចេញ​នូវ​កម្មវិធី​នយោបាយជាតិ និង​អន្តរជាតិ រួម​ទាំង​សំណុំរឿង​អាទិភាព​មួយ​ចំនួន។

សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទូទៅ សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​របស់​ប្រធានាធបតី​ជា​ឱកាស​តែ​មួយ​គត់​ដើម្បី​បាន​ដឹង​ពី​តុល្យការ​រួម​ដែល​ប្រធានាធិបតី​សម្រេច​បាន រួម​ទាំង​កម្មវិធី​នយោបាយជាតិ អន្តរជាតិ និង​ប្រធានបទ​អាទិភាព​របស់​ប្រធានាធិបតី​ប្រចាំ​ឆ្នាំ។ គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា តាំង​ពី​ឆ្នាំ ១៩៦៦ សុន្ទរកថា​ប្រចាំ​ឆ្នាំ​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​របស់​ប្រធានាធិបតី​តែង​ទទួល​រង​ការ​រិះគន់ វាយប្រហារ​ពី​ក្រុមប្រឆាំង។

ជញ្ជាំង​ប្រឆាំង​អន្តោប្រវេសន៍​នៅ​ជា​ប្រធានរឿង​អាទិភាព​របស់​លោក​ត្រាំ

តាំង​ពី​ចូល​កាន់​តំណែង​ប្រធានាធិបតី​ក្នុង​ខែ​មករា ឆ្នាំ ២០១៧ នេះ​ជា​សុន្ទរកថា​ប្រចាំ​ឆ្នាំ​លើក​ទី២ របស់​លោក​ដូណាល់ ត្រាំ។ មាន​ប្រធានរឿង​ច្រើន​ដែល​លោក​ត្រាំ​ត្រូវ​លលក​ឡើង តាំង​ពី​នយោបាយជាតិ​ដល់​នយោបាយ​ការបរទេស​ដែល​លោក​ត្រាំ​បាន​អនុវត្ត និង​កំពុង​បន្ត​អនុវត្ត។ នៅ​ក្នុង​សំណុំរឿង​ទាំង​អស់ មាន​ខ្លះ​ក៏​ទទួល​បាន​ការ​សាទរ និង​ខ្លះ​ទៀត​បន្ត​ក្លាយ​ជា​ភាព​ប្រទាញប្រទង់ និង​ចម្រូងចម្រាស​រវាង​លោក​ត្រាំ និង​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​ជា​ក្រុមប្រឆាំង​មាន​សម្លេងភាគច្រើន​នៅ​ក្នុង​សភា។ ចំណែក​ជាមួយ​ក្រុម​អ្នកសាធារណរដ្ឋ​គ្នា​ឯង​ក៏​ហាក់​មិន​សូវ​រលូន​ប៉ុន្មាន​ដែរ ព្រោះ​មាន​អ្នក​ខ្លះ​យល់ស្រប និង​ខ្លះ​ទៀត​ប្រឆាំង។ ទោះ​ជា​យ៉ាង​នេះ​ក្តី និង​អ្វី​ដែល​លោក​ត្រាំ​មិន​ភ្លេច​លើក​យក​ទៅ​ថ្លែង​ជា​ថ្មី​ដោយ​ចំហ និង​មាន​អំណួត គឺ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ​របស់​អាមេរិក​សព្វថ្ងៃ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​កើន​ឡើង និង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ពលរដ្ឋ​អាមេរិកាំង​អត់​ការងារ​ធ្វើ។

នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ជាក់ស្តែង និង​មាន​តួលេខ​បង្ហាញ​ត្រឹមត្រូវ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ទេ។ បន្ទាប់​មក និង​ជា​ថ្មី​ម្តង​ទៀត លោក​ត្រាំ​អាច​រម្លឹក​ជា​ថ្មី​នូវ​ឃ្លា​មួយ​ដែល​លោក​បាន​ប្រើ​តាំង​ពី​ដើម​គឺ « America first »។ ឥឡូវ​នេះ និង​អ្វី​ដែល​លោក​ត្រាំ​គ្រោង​នឹង​និយាយ​បញ្ចុះបញ្ចូល​ជា​ថ្មី​នៅ​ចំពោះ​មុខ​ប្រជាជាតិ​ពេល​នេះ គឺ​ជញ្ជាំង​ដែល​លោក​ត្រាំ​ចង់​សង់​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ដើម្បី​ទប់​ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍។ លោក​ត្រាំ​អាច​បញ្ជាក់​ជា​ថ្មី​ថា រឿង​សង់ជញ្ជាំង​មួយ​នេះ​ក៏​ស្ថិត​ក្នុង​ប្រធានបទ​អាទិភាព​របស់​លោក​ដើម្បី​ពលរដ្ឋ​អាមេរិកាំង​ដែរ។ គួរ​រម្លឹក​ថា គឺ​គម្រោង​សង់​ជញ្ជាំង​នេះ​ហើយ​ដែល​លោក​ត្រាំ​កំពុង​បន្ត​ប្រឈម​មុខ​តតាំង​ខ្លាំង​ទល់​នឹង​ក្រុម​អ្នកប្រជាធិបតេយ្យ និង​ក្រុម​អ្នកសាធារណរដ្ឋ​មួយ​ចំនួន។

លោក​ត្រាំ​ត្រូវ​ការ​លុយ​ចំនួន ៥ ០០០លានដុល្លារ​ដើម្បី​សង់​ជញ្ជាំង​នោះ តែ​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​បាន​ខ្ទប់​ជាប់។ ភាព​ប្រទាញប្រទង់​មួយ​នេះ​បាន​រុញ​អាមេរិក​ធ្លាក់​ក្នុង​វិបត្តិ​ថវិកា​បង្ក​ឲ្យ​មាន​ភាព​ជាប់គាំង​ក្នុង​ស្ថាប័ន​សហព័ន្ធ​ដែល​គេ​ហៅ​ថា « Shutdown » អស់​រយៈពេល ៣៥ថ្ងៃ។

លោក​ត្រាំ​ប្រកាស​អាសន្នជាតិ​ដើម្បី​សង់ជញ្ជាំង ឬ​សុទ្ធចិត្ត​ឲ្យ​មាន « Shutdown » ជា​ថ្មី?

បន្ទាប់​ពី​បាន​ជាប់គាំង​អស់​រយៈពេល ៣៥ថ្ងៃ « Shutdown » ត្រូវ​បាន​ដោះស្រាយ​បណ្តោះអាសន្ន​ត្រឹម​ថ្ងៃទី១៥ កុម្ភៈ។ បើ​ការ​ចរចា​រវាង​ក្រុម​អ្នកប្រជាធិបតេយ្យ និង​លោក​ត្រាំ​បន្ត​គ្មាន​លទ្ធផល នោះ​« Shutdown » ​នឹង​កើត​មាន​ជា​ថ្មី​នៅ​ក្រោយ​ថ្ងៃទី១៥ កុម្ភៈ។ តែ​លោក​ត្រាំ​អាច​ប្រកាស​អាសន្នជាតិ​ដើម្បី​យក​លុយ​ពី​ហិបបំរុង​ក្នុង​កញ្ចប់​ថវិកា​ការពារជាតិ​ដើម្បី​សង់ជញ្ជាំង​ដែល​លោក​ចង់​បាន​យ៉ាង​ទទូច។ វិធានការ​ប្រកាសអាសន្នជាតិ​ដែល​លោក​ត្រាំ​អាច​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​ជា​សិទ្ធិ​របស់​ប្រធានាធិបតី​អាមេរិក​ដែល​មាន​ចែង​ច្បាស់​នៅ​ក្នុង​ច្បាប់​អាមេរិកាំង។

បើ​គិត​តាំង​ពី​ឆ្នាំ ១៩៧៤ មក សិទ្ធិ​ប្រកាស​អាសន្នជាតិ​មួយ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​មុនៗ​ប្រើ​ចំនួន ៥៨ដង ក្នុង​នោះ​មាន ៣១ដង​កំពុង​បន្ត​មាន​ជា​ធរមាន​មក​ដល់​សព្វថ្ងៃ។ ជាទូទៅ ប្រធានាធិបតី​ប្រើ​សិទ្ធិពិសេស​មួយ​នេះ​ក្នុង​ពេល​ដែល​សភា​មិន​យល់ព្រម​តាម​ផែនការ​របស់​ប្រធានាធិបតី​ដែល​យល់​ថា ផែនការ​របស់​លោក​គឺ​ដើម្បី​សន្តិសុខជាតិ។ តើ​ការ​សង់ជញ្ជាំង​មួយ​នេះ​ជា​វិធានការ​ដើម្បី​សន្តិសុខជាតិ​ឬ​អត់?។ លោក​ត្រាំ​យល់​ថា លំហូរ​ជនអន្តោប្រវេសន៍​ចូល​ក្នុង​ទឹកដី​អាមេរិក​ដោយ​គ្មាន​ខុស​ច្បាប់​អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខជាតិ។ គួរ​បញ្ជាក់​ថា បើ​លោក​ត្រាំ​ប្រកាស​អាសន្នជាតិ​មែន លោក​អាច​យក​លុយ​ចំនួន ៥ ០០០លានដុល្លារ​ក្នុង​ហិបបំរុង​ការពារជាតិ​ចំនួន ៧ ០០០លានដុល្លារ​ទៅ​សង់​ជញ្ជាំង​ដូច​ដែល​លោក​ចង់​បាន។

តែ​យ៉ាង​ណា​ក៏​ដោយ និង​ទោះ​បី​លោក​ត្រាំ​សម្រេចចិត្ត​ប្រកាស​អាសន្នជាតិ​ក៏​ដោយ ក៏​លោក​ត្រូវ​បន្ត​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ពី​សភា​នៃ​ក្រុម​អ្នកប្រជាធិបតេយ្យ​តាម​ផ្លូវ​តុលាការ​ដោយ​ចៀស​មិន​រួច។ តើ​លោក​ត្រាំ​សម្រេច​ប្រកាស​អាសន្នជាតិ​ដើម្បី​សង់ជញ្ជាំង ឬ​មួយ​ទុក​ឲ្យ « Shutdown » កើត​មាន​ជា​ថ្មី​នៅ​ក្រោយ​ថ្ងៃទី១៥ កុម្ភៈ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ