អានតួអត្ថបទ

ប្រមុខ​បក្សប្រឆាំង​វ៉េណេស៊ុយអេឡា ចង់អនុញ្ញត​​ឱ្យ​មាន​អន្តរាគមន៍​យោធា​អាមេរិក

វិបត្តិ​វ៉េណេស៊ុយអេឡា កំពុង​បោះ​​ជំហាន​ទៅ​មុខ​មួយ​ដំណាក់​ទៀតហើយ។ ​​ប្រមុខ​បក្ស​ប្រឆាំង ហ័ន ហ្កាយដូ ដែលបាន​ធ្វើការ​ស្វ័យ​ប្រកាស​តាំង​ខ្លួន​ជា​ប្រធានាធិបតី​ស្តីទី បាន​ប្រកាស​ត្រៀម​ខ្លួន​ធ្វើ​គ្រប់​យ៉ាង រាប់​ទាំង​ការ​សុំ​អន្តរាគមន៍​យោធា​អាមេរិក​ផង បើ​ចាំ​បាច់ ដើម្បី​ទម្លាក់​ប្រធានាធិបតី​ម៉ាឌូរ៉ូ និង​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​និង​កុមារ​ពី​ភាព​អត់​ឃ្លាន។

លោក Juan Guaidó ចង់​អនុញ្ញាត​ឱ្យ​មាន​អន្តរាគមន៍​យោធា​អាមេរិក​នៅវ៉េណេស៊ុយអេឡា
លោក Juan Guaidó ចង់​អនុញ្ញាត​ឱ្យ​មាន​អន្តរាគមន៍​យោធា​អាមេរិក​នៅវ៉េណេស៊ុយអេឡា Fuente: YURI CORTEZ / AFP.
ផ្សាយពាណិជ្ជកម្ម

លោក ហ័ន ហ្កាយ​ដូ​ ប្រធានាធិបតី​ស្តី​ទី​ស្វ័យ​ប្រកាស បាន​ព្រលយ​ឱ្យ​ដឹង​ថា ក្នុង​នាម​ជា​ប្រធាន​សភា​ជាតិ លោក ត្រៀម​ជា​ស្រេច​នឹង​បើក​ផ្លូវ​ឱ្យ​មាន​អន្តរាគមន៍​យោធាអាមេរិក ដើម្បី​បង្ខំ​លោកប្រធានាធិបតី​​​ម៉ាឌុយរ៉ូ ចាក​ចេញ​ពី​តំណែង​ និង​ដើម្បី​បិទ​បញ្ចប់​វិបត្តិ​មនុស្សធម៌​របស់​វ៉េណេស៊ុយអេឡា។

“យើង​ត្រៀម​ធ្វើ​គ្រប់​យ៉ាង​ទាំង​អស់ ដែល​ចាំបាច់ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ និង​ដើម្បី​កុំ​ឱ្យ​មាន​កុមារ​ស្លាប់​ព្រោះ​ភាព​អត់​ឃ្លាន” ! អន្តរាគមន៍​យោធា​បរទេស អាច​ជា​ចំណោទ​ដ៏​អាស្រូវ​មែន​ហើយ ប៉ុន្តែ​យើងនឹ​ងធ្វើ​គ្រប់​យ៉ាង​ដែល​ចាំ​បាច់​ ដោយ​រក្សា​អធិបេតយ្យភាព​ជាតិ ដោយ​ស្វ័យភាព ​និង​ដោយ​ស្រប​តាម​ច្បាប់”។ នេះ​ជា​អះអាងបន្ថែម​របស់​លោក ហ្កាយដូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ស្តីទី ដែល​ទទួល​ស្គាល់​ដោយ​ប្រទេស​ធំៗ​ជាង​សែសិប និង​ដោយ​សហរដ្ឋ​អាមេរិក។

សេចក្តី​ប្រកាស​នេះ​ធ្វើឡើង​ក្រោយ​ពី​ លោកប្រធានាធិបតី​​ ម៉ាឌូរ៉ូ បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ ថានឹង​បិទ​ខ្ទប់​មិន​ឱ្យ​ក្បួន​ដឹកជំនួយ​មនុស្សធម៌​របស់​អាមេរិក​ចូល​ឡើយ ព្រោះ​ដូច​ជា​បើក​ផ្លូវ​ឱ្យ​អាមេរិក​ចូល​លុក​លុយ​ឈ្លានពាន​ប្រទេស។ លោកប្រធានាធិបតី​បាន​ឆ្លៀត​ធ្វើការ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ជា​ថ្មី​ថា ជំនួយ​អាមេរិក​នេះ គឺគ្រាន់​តែ​ជា​លេស​សម្រាប់​ចូល​ធ្វើ​អន្តាគមន៍​យោធា​ក្នុង​ប្រទេស​​​ប្រេងកាតប៉ុណ្ណោះ។ រដ្ឋាភិបាល​លោក​ម៉ាឌូរ៉ូ បាន​ដាក់​កម្លាំង​បិទ​ច្រក​ដូច​ ត្រៀម​ប្រឈម​នឹង​ការ​វាយលុក​ចូល​ឈ្លានពាន​ពី​បរទេស​យ៉ាង​ដូច្នោះ។

​​ក្បួន​ដឹកជំនួយ​មនុស្ស​ធម៌របស់​អាមេរិក​ ស្នើ​សុំ​ដោយ​​មេ​បក្ស​ប្រឆាំង មួយ​វគ្គ​ដំបូង​​​បាន​មក​ដល់​ព្រំដែន​វ៉េណេស៊ុយអេឡាហើយ​ ហើយ​ក្បួន​បន្ត​បន្ទាប់​ក៏​នឹង​ជិត​មក​ដល់​ដែរ។

សូម​បញ្ជាក់​ថា​ វ៉េណេស៊ុយអេឡា បាន​ធ្លាក់ផុង​​ក្នុង​វិបត្តិសេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ប្រែក្លាយ​ប្រទេស​អ្នក​មាន​ប្រេងកាត​លំដាប់​ទី​បីពិភពលោក ទៅ​ជា​ប្រទេស​រងគ្រោះ​ ខ្វះ​ស្បៀង​អាហារ ថ្នាំ​សង្កូវ និង​ផលិតផល​ចាំបាច់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ផ្សេង​ទៀត។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក មាន​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា ជាង​២​លាន​​នាក់ បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ