អានតួអត្ថបទ

ការបាញ់រះ ក្លាយជា​ទម្លាប់​ដ៏ហិង្សា​សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​អាមេរិក​ឬ ?

មានហេតុការណ៍​បាញ់​រះ​មួយ​ករណី​ទៀត​ហើយ នៅ​សហរដ្ឋ​អាមេរិក នៅ​រសៀល​ថ្ងៃសុក្រ​មិញ ! មាន​ស្លាប់យ៉ាង​ហោច​​៥​នាក់​ និង​ប៉ូលិស​របួស​ជាច្រើន​នាក់ នៅ​​ក្នុង​ការ​បាញ់​រះមួយ​​ ក្នុង​តំបន់​ឧស្សាហកម្ម​ ជាយ​ទីក្រុង​ស៊ីកាហ្កោ។ ខ្មាន់​កាំភ្លើង​ អាយុ​៤៥ ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ នៅកន្លែង​កើត​ហេតុ​។

ប៉ូលិសរក្សា​សុវត្ថិភាព​តំបន់​កើត​ហេតុ​បាញ់​រះ​ នៅ​ Aurora (Illinois) ថ្ងៃទី ១៥ កុម្ភៈ​២០១៩
ប៉ូលិសរក្សា​សុវត្ថិភាព​តំបន់​កើត​ហេតុ​បាញ់​រះ​ នៅ​ Aurora (Illinois) ថ្ងៃទី ១៥ កុម្ភៈ​២០១៩ Scott Olson/Getty Images/AFP
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ១​កន្លះ​ថ្ងៃ​ត្រង់ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ឃ្លាំង​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​មួយ។ គ្រាន់​តែ​ប៉ូលិស​បាន​ចូល​មក​ដល់​ ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ​ ដោយ​គ្មាន​សំចៃ​ចៃ និង​បាន​ធ្វើ​ឱ្យ​ភ្នាក់ងារ​ប៉ូលិស៥​នាក់​រង​របួស។ នៅ​ពេល​ប៉ូលិស​មួយ​ក្រុម​ផ្សេង​ទៀត​ ​​កំណត់​ទីតាំង​​របស់​ខ្មាញ់​កាំភ្លើង​បាន​ហើយ​ ក៏​សម្រេច​បាញ់​សម្លាប់​ជន​នោះ​ទេ​ម្តង។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​មេប៉ូលិស​ស្រុក ដោយអះអាង​ថា​មាន​ជន​រងគ្រោះ​រង​៥​នាក់​បាន​ស្លាប់ ប៉ុន្តែ​គ្មាន​ការ​​​បញ្ជាក់​ឡើយ​ថា​តើក្នុង​ចំណោម​នោះ​​មាន​ប៉ូលិស​បាន​បាត់​បង់​ជីវិត​​ដែរ​ឬ​ក៏​អត់ទេ។

បើ​តាម​ប៉ូលិស ខ្មាន់​កាំភ្លើង​មាន​ឈ្មោះ​ថា Gary Martin ​ អាយុ​៤៥​ឆ្នាំ និង​ធ្លាប់​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន Henry Pratt Company ​ នៅ Aurora ​នេះ តាំង​ពី​១៥​ឆ្នាំ​មក​ហើយ។ ជន​នេះ​ទើប​ត្រូវ​បាន​ក្រុមហ៊ុន​បណ្តេញ​ចេញ​ពីការងារ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ​ ខ្មាន់​កាំភ្លើង​មាន​អាវុធ​ជាប់​នឹង​ខ្លួន ហើយ​បើក​ការ​បាញ់​រះ នៅពេល​ទទួល​ដំណឹង​ស្តី​អំពីការ​បញ្ឈប់​ការងារ ឬ​ក៏​ជន​នេះ​បាន​ទៅ​ស្វែង​រក​អាវុធ​ហើយ​ត្រលប់​មក​ធ្វើ​ការ​បាញ់​រះ​សង​សឹក​វិញ។​

ភ្លាម​មួយ​រំពេច លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​ស្វាគមន៍​ស្នាដៃ​ការងារ​របស់​ប៉ូលិស និងសារ​​ចែក​រំលែក​ក្តី​ក្រៀម​ក្រំ​ ជាមួយ​គ្រួសារ​ជនរងគ្រោះ។ “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សោកសៅ ! និង​គួរ​ឱ្យ​ខ្មាសអៀន​ណាស់ ដែល​ការបាញ់​រះ​លើ​មនុស្ស​ទាំង​ហ្វូង​បាន​ក្លាយ​ជា​ទម្លាប់​​របស់​ប្រទេស!” នេះ​ជា​ប្រសាសន៍ទៅ​កាន់​អ្នក​សារព័ត៌មាន​​របស់​​លោក​អភិបាល​ក្រុង​Aurora។ ក្រុង​​ដែល​មាន​មនុស្ស​រស់​នៅ​ជាង​ម្ភៃ​ម៉ឺន​នាក់។

សូម​បញ្ជាក់​ថា ការ​បាញ់​រះ​នេះ​បាន​កើត​ឡើង​ចំ​ថ្ងៃ​មួយ​ខួប​គត់​នៃ​ការ​បាញ់​រះ​នៅក្នុងវិទ្យាល័យ​មួយ​នៅ​ ​Parkland រដ្ឋ​ផ្លរីដា ដែល​កាលណោះ​មាន​សិស្សា​នុសិស្ស​១៧​នាក់​បាន​បាត់​បង់​ជីវិត។ ហើយ​អ្វី​ជា​ការ​គួរ​ឱ្យចាប់​អារម្មណ៍​ នៅ​មុន​ហេតុការណ៍​នេះ​បាន​កើត​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ប្រធាន​សភា​បក្ស​ប្រជាធិបតេយ្យ​ទើប​​បាន​ស្រែក​បន្ទោស​លោក​ដូណាល់​ ត្រាំ​ថា “ភាព​បន្ទាន់​ជាតិគឺ​ការ​រាតត្បាត​នៃ​ជំងឺ​ហិង្សា​ប្រើ​អាវុ​ធ​ក្នុង​ប្រទេស ​​មិន​មែន​ស្ថានភាព​នៅ​តាម​​ព្រំដែន​ទេ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ