វ៉េណេស៊ុយអេឡា ៖ លោក ហ្កៃដូ ត្រលប់ចូលស្រុកវិញ ជាហានិភ័យ ឬជាការទម្លាយវិបត្តិ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣០
ប្រមុខដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក ហ័ន ហ្កៃដូ ដែលបានប្រកាសតាំងខ្លួនជាប្រមុខរដ្ឋស្តីទី គ្រោងនឹងត្រលប់ចូលក្នុងប្រទេសវិញ នៅថ្ងៃចន្ទទី ៤ មីនា នេះ ដើម្បីបន្តដឹកនាំចលនាបាតុកម្មប្រឆាំងនឹងប្រធានាធិបតីកំពុងកាន់អំណាច លោក ម៉ាឌូរ៉ូ។ ប៉ុន្តែនៅពេលចូលដល់ទឹកដីកំណើតវិញ លោក ហ្កៃដូ អាចនឹងត្រូវអាជ្ញាធរចាប់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសវិលត្រលប់ចូលស្រុក នៅថ្ងៃចន្ទនេះ លោកហ្កៃដូ ថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទូទាំងប្រទេសជាថ្មី ប្រឆាំងនឹងរដ្ឋាភិបាលម៉ាឌូរ៉ូ ចាប់ពីម៉ោង ១១ទៅម៉ោងនៅក្នុងស្រុក ត្រូវជាម៉ោង ១៥រសៀលម៉ោងសកល។ ក្នុងវ័យ៣៥ឆ្នាំ ស្វ័យប្រកាសជាប្រធានាធិបតីស្តីទី និងទទួលស្គាល់ដោយសហគមន៍អន្តរជាតជាង៥០ប្រទេស លោក ហ្កៃដូ បានស្នើសុំឱ្យប្រជាពលរដ្ឋផ្ទៀងផ្ទាត់ដំណឹងតាមប្រព័ន្ធសង្គមដើម្បីបានដឹងអំពីកន្លែងដែលត្រូវប្រមូលផ្តុំធ្វើបាតុកម្ម។
លោក ហ្កៃដូ ក៏បានប្រកាសទៀតថា លោក នឹងថ្លែងទៅកាន់ប្រជាពលរដ្ឋ នៅម៉ោង ២០និង៣០នាទីយប់ ដើម្បីបង្ហាញអំពីតុល្យការនៃទស្សនកិច្ចក្រៅប្រទេសរបស់លោក ព្រមទាំងដើម្បីបង្ហាញអំពីសកម្មភាពថ្មី តែគ្មានសេចក្តីបញ្ជាក់ទីតាំង ថាលោកកំពុងស្ថិតនៅទីណា កន្លែងណាឡើយ។
គេគ្រាន់តែដឹងថា កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ លោក កំពុងស្ថិតនៅក្នុងប្រទេសអេក្វាទ័រនៅឡើយទេ តែបើតាមកាលវិភាគផ្លូវការ លោក ត្រូវចាកចេញពីប្រទេសនេះតាំងពីព្រឹកម្ល៉េះ។ ដើម្បីសុវត្ថិភាព គ្មានព័ត៌មានលម្អិតទាក់ទងនឹងដំណើររបស់លោក ត្រូវបានទម្លាយឱ្យដឹងច្រើនឡើយ។ កាលពីសប្តាហ៍មុន លោក ហ្កៃដូ បានទទួលស្គាល់ថា លោកត្រៀមខ្លួនជាស្រេចនឹងទទួលរងផលវិបាកនៃការចាប់ខ្លួន ឬជាប់ពន្ធនាគារផង នៅពេលត្រលប់ចូលស្រុកវិញ។
នៅក្នុងខ្សែអាត់វីដេអូ បង្ហោះតាមប្រព័ន្ធសង្គម ល្ងាចមិញ លោក ហ្កៃដូ បានចាត់ទុកការវិលត្រលប់របស់លោកថាជាវិញ្ញាសាប្រវត្តិសាស្ត្ររបស់វ៉េណេស៊ុយអេឡា ព្រោះ “ប្រសិនបើអាជ្ញាធររបស់លោក ម៉ាឌូរ៉ូ ពិតជាហ៊ានចាប់ខ្លួនលោកមែន នោះមានន័យថាពួកគេបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយទៀត សម្រាប់ប្រទេស”។
លោកហ្កៃដូ ប្រឈមនឹងការចាប់ខ្លួន
កាលពី ជាង១០ថ្ងៃមុន លោក ហ្កៃដូ បានចាកចេញពីប្រទេស ដោយមានជំនួយពីក្រុមយោធាវ៉េណេស៊ុយអេឡាមួយចំនួន លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសកូឡុំប៊ី ដើម្បីចូលរួមកម្មវិធីប្រគុំតន្ត្រីស្វែងរកជំនួយមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋ។ នៅទីនោះលោក បានសន្យាទម្លាយព្រំដែន ឱ្យក្បួនជំនួយមនុស្សធម៌ ដែលកកជាប់នៅខាងប្រទេសកូឡុំប៊ីអាចបើកចូលវ៉េណេស៊ុយអេឡាបាន។ ដោយគ្មានលទ្ធផល លោកក៏កែប្រែ ដំណើរចាកចេញពីប្រទេសនោះ ទៅជាដំណើរទស្សនកិច្ចមួយជុំ នៅប្រទេសកូឡុំប៊ី ជិតខាងបន្ទាប់មកលោកបានអញ្ជើញទៅប្រទេសប្រេស៊ីល ប៉ារ៉ាហ្កាយ អាហ្សង់ទីន និងចុងក្រោយគេ គឺអេក្វាទ័រ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍ក្នុងនាមលោកជាប្រមុខរដ្ឋ។
ប៉ុន្តែការលួចចាកចេញពីប្រទេសរបស់លោក ហ្កៃដូ ថ្ងៃនោះ ជាទង្វើល្មើសនឹងបម្រាមរបស់តុលាការ។ ដោយមានជាប់អង្កេត ពីបទ ចង់ដណ្តើមអំណាច លោក ហ្កៃដូ ត្រូវបានតុលាការ ហាមឃាត់មិនឱ្យចាកចេញពីប្រទេសទេ ទ្រព្យធនរបស់លោកក៏ត្រូវបង្កដែរ បើទោះបីជាពុំទាន់មានការចោទប្រកាន់ជាផ្លូវការក៏ដោយ។
ហេតុដូច្នេះហើយបានជាអាជ្ញាធរវ៉េណេស៊ុយអេឡា អាចនឹងចាប់ខ្លួនលោក ហ្កៃដូ បាននៅពេលលោកត្រលប់ចូលស្រុកវិញនោះ។ លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានទន្ទេញពាក្យដដែលៗថា ក្នុងនាមជាប្រធានសភាជាតិ លោក ហ្កៃដូ ត្រូវតែគោរពច្បាប់ និងថាប្រសិនបើលោកហ្កៃដូត្រលប់ចូលស្រុកវិញ លោក ត្រូវតែសងតុលាការ ចំពោះសកម្មភាពល្មើសរបស់ខ្លួន។
មិនអាចពាល់បាន មែនឬយ៉ាងណា ?
ប៉ុន្តែការវិលត្រលប់របស់លោកហ្កៃដូ ក៏ជាតំណាងហានិភ័យសម្រាប់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូដែរ។ លោក ម៉ាឌូរ៉ូ កំពុងឈឺក្បាលខ្លាំង មិនដឹងថាត្រូវដើរចេញតាមច្រកណាទេ។
បើបណ្ដោយឱ្យលោកហ្កៃដូ ចូលដោយសេរី នោះមានន័យថាអាជ្ញាធរសាបអំណាច តែបើចាប់ខ្លួន នោះនឹងអាចមានប្រតិកម្មកាន់ខ្លាំង ទាំងក្នុងផ្ទៃប្រទេស និងមកពីខាងអន្តរជាតិ។ រដ្ឋាភិបាលអាមេរិក ដែលមានគម្រោងធ្វើអន្តរាគមន៍យោធានៅវ៉េណេស៊ុយអេឡា បានគំរាមរួចជាស្រេចថា ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះលោក ហ្កៃដូ នោះវ៉េណេស៊ុយអេឡានឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ។ ចំណែកខាងសហភាពអឺរ៉ុប ក៏បានព្រមានថា រាល់គ្រប់អន្តរាគមន៍ប៉ះពារលើរូបសកម្មជននៃបក្សប្រឆាំង ដូចជាការ រំលោភសេរីភាព សន្តិសុខ និងសុច្ចរិតភាពរបស់ បុគ្គល ហ្កៃដូ នឹងបង្កឱ្យមានភាពតានតឹង ព្រមទាំង ការថ្កោលទោស។
បើតាមអ្នកវិភាគ ឥទ្ធិពលនយោបាយរបស់លោក ហ្កៃដូ បានរីកសាយភាពធំហួសប្រមាណ ហួសព្រំដែន រហូតលោកម៉ាឌូរ៉ូ លែងអាចប្រើអំណាចបង្ក្រាប ដោយដាក់ឱ្យស្ថិតនៅក្រោមគំនាបយ៉ាងខ្លាំង រំខានយារយី និងបង្ខំឱ្យរត់គេខ្លួច ដូចសម័យលោក ឆាវេស តែងមានទម្លាប់ធ្វើពីមុនមកបានទៀតហើយ។
មានការគាំទ្រពីអន្តរជាតិយ៉ាងសន្ធឹកសន្ធាប់ហើយ ដំណើរត្រលប់ចូលស្រុកវិញ ជាមធ្យោបាយបន្តដាក់សម្ពាធផ្ទៃក្នុងលើរដ្ឋាភិបាលកាន់អំណាច។ ពេលនេះវ៉េណេស៊ុយអេឡា កំពុងស្ថិតក្នុងស្ថានភាពដ៏ផុយស្រួយជាងពេលណាៗទាំងអស់ ! វិបត្តិវេណេស៊ុយអេឡា ប្រៀបបាននឹងបុសឱ្យមុខ ដែលអាចធ្លាយបាន នៅនាទីណាមួយ។ សង្ឃឹមថាការធ្លាយដែលមិននាំឱ្យមានមហន្តរាយធ្ងន់ធ្ងរទៅចុះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ