អានតួអត្ថបទ

ស្ថាន​តំណាង​អាមេរិក​ប្រចាំ​ប៉ាឡេស្ទីន ក្លាយ​ជា​ផ្នែក​មួ​យក្រោម​​ស្ថានទូត​អាមេរិក​នៅអ៊ីស្រាអែល

ស្ថានតំណាង​ការទូត​អាមេរិក​ប្រចាំ​ប៉ាឡេស្ទីន នៅ​ក្រុង​ហ្សេរុយសាឡិម លែង​មាន​រូបរាង​​ ​ហើយ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ៤​មីនា​នេះ​តទៅ ! សម្រាប់​ប៉ាឡេស្ទីន រដ្ឋបាល​អាមេរិករបស់​លោក ត្រាំ​ ដែល​ត្រូវ​ដើរ​តួ​ជា​អ្នក​សម្របសម្រួល និងដែល​ត្រូវ​​បង្ហាញ​ផែនការ​​ស្វែង​រក​សន្តិភាព​ឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន នៅ​ថ្ងៃទី ៩មេសា​ខា​ង​មុខ បាន​បង្ហាញទំនោរ​ងា​ក​ទៅ​កាន់​ជើង​អ៊ីស្រាអែល​កាន់​តែ​ខ្លាំង និង​កំពុង​ជាន់​ពន្លិច​ក្តី​សង្ឃឹម​របស់​ប៉ាឡេស្ទីន។​

ស្ថាន​តំណាង​អាមេរិក​ប្រចាំ​ប៉ាឡេស្ទីន ត្រូវ​បញ្ជូល​ទៅ​ជា​ផ្នែក​មួយ​ក្នុង​ស្ថានទូត​អាមេរិក​នៅ​អ៊ីស្រាអែល
ស្ថាន​តំណាង​អាមេរិក​ប្រចាំ​ប៉ាឡេស្ទីន ត្រូវ​បញ្ជូល​ទៅ​ជា​ផ្នែក​មួយ​ក្នុង​ស្ថានទូត​អាមេរិក​នៅ​អ៊ីស្រាអែល REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង​ហ្សេរ៉ុយសាឡិម ដែល​ជា​ស្ថានតំណាង ប្រៀប​ដូច​ជា​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ប៉ាឡេស្ទីន គិត​ចាប់​ពី​មាន​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ នៅ​​ទសវត្សរ៍​ឆ្នាំ​៩០​មក ត្រូវ​បញ្ឈប់​​សកម្មភាព​និងលែង​មាន​​រូប​រាង​ទៀត​ហើយ។ ចាប់​ពី​ថ្ងៃទី ៤ មីនា ២០១៩​នេះ​តទៅ ស្ថានកុងស៊ុល​នឹង​ត្រូវ​​ច្របាច់​បញ្ជូលទៅ​ជា​ផ្នែក​មួយ​នៃ​​​​ស្ថានទូត​អាមេរិកនៅ​អ៊ីស្រាអែល​​​​តែ​មួយរួម​គ្នាវិញ ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ដោយ​​​គូស​បញ្ជាក់បន្ថែម​ទៀត​ថា ការ​ច្របាច់​បញ្ចូល​គ្នា​នេះ គឺ​ដើម្បី​ឱ្យ​ស្ថានទូតអាមេរិក​​នៅ​អ៊ីស្រាអែល ដែល​ទើបរើ​ទីតាំង​មក​នៅ​ក្រុង​​ហ្សេរ៉ុយសាឡិម កាលពី​ឆ្នាំ​២០១៨ អាច​ផ្តុំ​​​បេសកកម្ម​ការ​ទូត​តែ​មួយ​ ប្រកប​ដោយ​ប្រសិទ្ធភាព​។

សម្រាប់​ភាគី​អាមេរិក ការ​បញ្ចូល​ស្ថាន​កុង​ស៊ុលប៉ាឡេស្ទីន​ទៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំអ៊ីស្រាអែល​នៅ​​ក្រុង​ហ្សេរ៉ុយសាឡិម​ ដែល​បាន​ប្រកាស​ជូន​ដំណឹង​តាំង​ពី​ខែ​តុលា​២០១៨ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​នេះ មិនមែន​ជា​ការ​ប្តូរ​ទិសដៅ​នយោបាយ​​ការ​ទូត​អាមេរិក​ចំពោះ​លក្ខន្តិកៈ​ក្រុង​ហ្សេរ៉ុយសាឡិម​ និង​ចំពោះ​ដែន​ដី​ប៉ាឡេស្ទីន​ទេ។

ក៏​ប៉ុន្តែចំពោះ​​ប៉ាឡេស្ទីន​វិញ សេចក្តី​សម្រេច​​របស់​​រដ្ឋបាល​លោក​ត្រាំ​នេះ គឺ​ជា​វិធានការថ្មី​បន្ថែម​មួយ​ទៀត ​ដែលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បុព្វហេតុ​ប៉ាឡេស្ទីន និង​ប្រៀប​ដូច​ជា​ការ​ដំដែក​គោល​​​ផ្ជិត​​បញ្ចប់​តួនាទី​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ ក្នុង​កិច្ចរ៉ាប់​រង​សន្តិភាព​ឱ្យ​តំបន់​ដើម​បូព៌ា​យ៉ាង​ដូច្នោះ។ អ្នក​ទទួល​ខុស​ត្រូវ​ប៉ាឡេស្ទីន បាន​​សម្តែងក្តី​រន្ធត់​ និង​ចុកចាប់​ជាពិសេស​ នៅ​ពេល​ឃើញ​ទំនាក់ទំនង​ការទូត​អាមេរិក និង​ប៉ាឡេស្ទីន ត្រូវ​កាត់​បន្ថយ​មក​ស្ថិត​ក្រោម​ស្លាប​​នៃ​អំណាច​របស់​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​។ រដ្ឋបាល​អាមេរិក​ ដាក់​ប៉ាឡេស្ទីន​ឱ្យ​ស្ថិត​ក្រោម​អ៊ីស្រាអែល​។

សូម​បញ្ជាក់​ថា ស្ថាន​តំណាង​ការទូត​អាមេរិក​ប្រចាំ​ប៉ាឡេស្ទីន មាន​វត្តមាន​នៅ​ក្រុង​ហ្សេរ៉ុយសាឡិម​តាំង​ពី​ឆ្នាំ ១៨៥៧​មក ពោល​គឺ​មុន​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​ទៅ​ទៀត។ តែ​ជាមួយ​ការ​បិទ​ស្ថានកុងស៊ុល​ថ្ងៃ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​មហាអំណាច​ពិភពលោក​ដ៏​ធំ​ជាង​គេ​បំផុត​មួយ​ដែល​គ្មាន​ស្ថានតំណាង​ការទូត​ប្រចាំ​ប៉ាឡេស្ទីន​។ តាំង​ពី​ឆ្នាំ​២០១៧​មក អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​រដ្ឋាភិបាលលោក​ត្រាំ។ ជា​ចម្លើយ​តប​ អាមេរិក​បាន​បិទ​ស្ថានទូត​ប៉ាឡេស្ទីន​នៅ​វ៉ាស៊ីនតោន និង​ឈប់​ផ្តល់​វិភាគទាន​ដល់​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីនទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ