ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT
អាមេរិក

យានDragon របស់SpaceX បញ្ចប់​​បេសកកម្ម​ត្រលប់​មក​ផែនដី​វិញ​ដោយ​ជោគជ័យ

media  
យាន​Dragon របស់​ SpaceX ពេល​ចុះ​ចត​នៅ​ក្នុង​មហាសមុទ្ទ​អាត្លង់ទិក ថ្ងៃសុក្រទី ៨ មីនា ២០១៩ © Reuters

យាន​នាគ Dragon ​របស់​ក្រុមហ៊ុន​អវកាស​ឯកជន​SpaceX​បាន​ត្រលប់​មក​ដល់ភព​ផែនដី​ប្រកប​ដោយ​សុវត្ថិភាព បន្ទាប់​ពី​បាន​បំពេញ​បេសកកម្មបង្អួត​​ណាសា អស់​​រយៈពេល​៦​ថ្ងៃ​​នៅ​ក្នុង​អវកាស។ ​ជោគជ័យ​នេះ ជា​ការ​បើក​ផ្លូវ​ឱ្យ​ក្រុមហ៊ុនអវកាស​អាច​​ចាប់​ផ្តើម​បង្ហោះ​យាន​មាន​មនុស្ស​ជិះ​ទៅចេញ​ពី​ទឹក​ដី​សហរដ្ឋ​អាមេរិក​​ជា​ថ្មី​ឡើង​វិញ និង​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។

គ្មាន​ស្លាប មាន​ទម្រង់​ដូច​គ្នា​ទៅ​នឹង​យាន​អវកាស​ដំបូង​របស់​អាមេរិ​កក្នុង​ទសវត្សរ៍​១៩៦០-១៩៧០ ឈ្មោះ​ Apollo ប្រើ​​​ឆ័ត្រយោង​បួន ជា​ហ្វ្រាំង​ទប់​កុំ​ឱ្យ​បុក​ផ្ទៃ​ទឹក​ខ្លាំង​ពេក​ យាន​Dragon ដឹក​រូប​ម៉ាណឺកាំង បាន​ចុះ​ចត នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ តាម​សម្រួល​ ​លើ​ផ្ទៃមហាសមុទ្ទ​អាត្លង់​ទិក ចម្ងាយ​ប្រមាណ​៣៧០​គីឡូម៉ែត្រ​ពី​ឆ្នេរ​Florida។ បន្ទាប់​មក​​​ក្រុមនាវិក ក៏​បាន​ទៅ​ស្រង់យាន​និង​មនុស្ស (​រូប​ម៉ាណឺកាំង)ឡើង ​ពោល​គឺ​ ដូច​ដំណើរវិល​ចុះ​មក​ផែនដីវិញ​​របស់​​ក្រុមអវកាសយានិក​នៃ​បេសកកម្ម​អាប៉ូឡូ​ យ៉ាង​ដូច្នោះ។ ហើយ​នេះ​ក៏​ជា​សេណារីយោ​នៃ​ការ​ចុះ​ចតត្រលប់​មក​ភព​ផែនដី​វិញ​របស់​​អ្នកដំណើរ​ទៅ​ឋានកាន់​​អវកាស​នា​​ថ្ងៃអនាគតផង។

នាយក​បេសកកម្ម​Space X បាន​សម្តែង​អំណរ​ និង​បាន​ប្រកាស​បញ្ជាក់​អំពី​ការ​ចុះ​ចត​ដោយ​ជោគជ័យ​នៃ​យាន​Dragon នេះ។ ​តំណាង​ណាសា ក៏​បាន​ស្រែក​អបអរ​ដោយ​គ្មាន​បង្អង់​ដែរ ថា នេះ​ជា​ដំណាក់កាល​សំខាន់​នៃ​ការ​បើក​សករាជ​ថ្មី​ ស្តី​ពី​ការ​បង្ហោះ​យាន​មាន​មនុស្សជិះ។ ការ​កោត​សរសើរ​បាន​ធ្លាក់​មកជាបន្ត​បន្ទាប់​ មាន​ជាអាទិ៍​មក​ពី​ភ្នាក់ងារ​អវកាស​អឺរ៉ុប។

ក្នុង​ពេល​រង់ចាំ​ការ​វិភាគ​ទិន្នន័យលម្អិត​ បេសកកម្ម​របស់​SpaceX​ ត្រូវ​បាន​គេ​ចាត់ទុក​ជា​យាន​អវកាស​ដឹកមនុស្ស​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ដំបូង​គេ​របស់​អាមេរិក គិត​ចាប់​ពី​​ឆ្នាំ​​២០១១​មក​​ ដែលគួរ​ឱ្យជឿជាក់​និង​មាន​​សុវត្ថិភាព​សម្រាប់​អវកាសយានិក។

សូម​បញ្ជាក់​ថា យាន Dragon របស់​SpaceXត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ទៅកាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន ចេញ​ពី​ស្ថានីយ៍​កេនេឌី​ ទៅ​ភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​នឹង​​ស្ថានីយ៍​អវកាស​អន្តរជាតិ​ISS។ គ្រាន់​តែ​ការ​បាញ់​បង្ហោះ​បាន​សម្រេច​ជោគជ័យ​ភ្លាម​ ណាសា និង​រដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ​ បាន​ចាត់​ទុក​បេសកកម្ម​របស់​SpaceX ថា​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​ស្រេច​ទៅហើយ ព្រោះ​នេះ​ជា​លើក​ទី​មួយ​ដែលយាន​​​អវកាសដឹក​មនុស្ស​របស់​ក្រុមហ៊ុន​​ឯកជន​បាន​ឡើង​ទៅ​ដល់​ស្ថានីយ៍​អវកាស​អន្តរជាតិ និង​ជា​លើក​ទីមួយ​ដែល​យាន​បាន​បង្ហោះ​ចេញ​ពី​ទឹក​ដី​អាមេរិក។

អាមេរិកធ្លាប់​​មាន​យាន​ដឹកនាំមនុស្ស​ ចំនួន​បួនគ្រឿង ដូច​យន្តហោះ​ ទៅមក​​ស្ថានីយ៍​អវកាស​អន្តរជាតិ​ រយៈពេល​៣០​ឆ្នាំ (១៩៨១-២០១១) ប៉ុន្តែ​ជា​ចំណាយ​ក៏​ខ្ពស់​ខ្លាំង​ណាស់និង​បន្ទាប់​ពី​យាន​ពីរគ្រឿង​មាន​គ្រោះថ្នាក់​សម្លាប់​អវកាសយានិក​អស់​១៤​នាក់​មក រដ្ឋាភិបាល​អាមេរិកបាន​សម្រេច​បញ្ឈប់​សកម្មភាព​ ដោយ​ប្រគល់​បន្ទុក​ទៅឱ្យ​ក្រុមហ៊ុន​Space Boeing​ ជា​អ្នក​អភិវឌ្ឍយាន​ចម្លង​ទៅ​ស្ថានីយ៍​អវកាស​វិញ។ តាំង​ពី​ពេល​នោះ​មក​ អាមេរិក​តែង​ពឹង​ពាក់​រុស្ស៊ី​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ៍​អន្តរជាតិ។ ជា​មួយ​នឹង​ជោគជ័យ​របស់​Dragon ណាសា​នឹងលែង​ត្រូវ​ការ​រុស្ស៊ី​ហើយ បើ​ទោះភាគី​ទាំង​ពីរ​បន្តរក្សា​​​កិច្ចសហប្រតិបត្តិការរវាង​គ្នា​ក៏​ដោយ។

យាន​Dragon នឹង​ចេញធ្វើ​បេសកកម្ម​ដឹក​អវកាស​យានិក​ពិតៗ​ នៅ​យ៉ាង​យូរ​ចុង​ឆ្នាំ​២០១៩នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ