អានតួអត្ថបទ
អាមេរិក-អ.ស.ប.

លោក​អាន់តូនីញ៉ូ ហ្គូទែរស៍​ទៅ​និយាយ​ជាមួយ​អាមេរិក​ពី​វិបត្តិថវិកា​របស់​អង្គការ​សហប្រជាជាតិ

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​អាន់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មីនា​នេះ។ គោលដៅ គឺ​ជជែក​ជាមួយ​រដ្ឋបាល​អាមេរិកាំង​ពី​វិបត្តិ​ថវិកា​ដែល​អ.ស.ប.កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន។ តាម​លោក​ហ្គូទែរស៍ បញ្ហា​កង្វះ​ថវិកា​ក៏​ដោយសារ​តែ​អាមេរិក​បាន​កាត់​បន្ថយ​វិភាគទាន​របស់​ខ្លួន និង​មាន​ប្រទេស​សមាជិក​ជា​ច្រើន​ទៀត​បាន​បង់​វិភាគទាន​យឺត​ពេល​ខ្លាំង។ ប្រមុខ​អង្គការ​ពិភពលោក​បាន​ព្រមាន​ទុក​ជា​មុន​ថា កង្វះ​ថវិកា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេសកម្ម​រក្សា​សន្តិភាព​របស់​កម្លាំង​មួកខៀវ​នៅ​ក្នុង​លោក។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិអាន់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres)
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិអាន់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) © AP Photo/ Khalil Senosi
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ស្រោចស្រង់​វិបត្តិ​ថវិកា​ធ្ងន់ធ្ងរ​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ លោក​អាន់តូនីញ៉ូ ហ្គូទែរស៍​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដាស់តឿន ក្រើនរម្លឹក​ដល់​ប្រទេស​សមាជិក​កុំ​ឲ្យ​កាត់​បន្ថយ​ការ​បង់​វិភាគទាន ឬ​ឲ្យ​បង់វិភាគទាន​ទៀងទាត់​ពេល​នោះ​ទេ។ បេសកកម្ម​មួយ​នេះ​ត្រូវ​បាន​លោក​ហ្គូទែរស៍​ផ្តើម​ធ្វើ​តាំង​ពី​ខែ​មករា ឆ្នាំ ២០១៩ និង​បាន​ចំណាយ​ពេល​ប្រជុំ​មួយ​ខែ​ម្តង​ជាមួយ​ប្រទេស​សមាជិក​ក្នុង​ក្រុម​ប្រឹក្សាសន្តិសុខ​ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ។ ចំណែក​វត្តមាន​របស់​លោក​ហ្គូទែរស៍​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​និយាយ​ជាមួយ​រដ្ឋបាល​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​បាន​សម្រេច​កាត់​បន្ថយ​ការ​បង់​វិភាគទាន​ទៅ​ឲ្យ​អ.ស.ប.​ពី ២៨% ទៅ ២៥% តាំង​ពី​ឆ្នាំ ២០១៧។

សម្រាប់​លោក​ហ្គូទែរស៍ កាត់​បន្ថយ​ចំនួន ២៥% ជា​ការ​បាត់បង់​ទឹកប្រាក់​ប្រមាណ​ជា ២២០លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ថវិកា​របស់​អង្គការ រួម​ទាំង​ការ​បង់​វិភាគទាន​យឺត​ពេល​របស់​ប្រទេស​សមាជិក​ផ្សេង​ដែល​មាន​ទឹកប្រាក់​រាប់រយ​លានដុល្លារ។ គួរ​រម្លឹក​ថា ការ​ដែល​លោក​ត្រាំ​សម្រេច​កាត់​បន្ថយ​វិភាគទាន​របស់​អាមេរិក​មក​ពី​លោក​ច្រណែន​នឹង​ប្រទេស​សមាជិក​ខ្លះ​ដែល​មាន​លទ្ធភាព តែ​បែរ​ជា​បាន​បង់​តិចតួច​ទៅ​វិញ ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម តួកគី សិង្ហបុរី ព្រុយណេ ប្រេស៊ីល ម៉ិកស៊ិច ឬ​មួយ​ប្រទេស​ឥណ្ឌា។ គួរ​បញ្ជាក់​ថា អ.ស.ប.​មិន​បាន​ចែង​ពី​ទណ្ឌកម្ម​ដែល​ត្រូវ​ដាក់​លើ​ក្រុម​ប្រទេស​ដែល​មិន​បាន​បង់​វិភាគទាន​គ្រប់គ្រាន់ ឬ​ក្រុមប្រទេស​ដែល​បង់​យឺត​ពេល​ទេ។

គេ​មិន​ដឹង​ថា តើ​លោក​ហ្គូទែរស៍​អាច​ជំនះ​អាមេរិក​ឲ្យ​ឈប់​កាត់​បន្ថយ​ការ​បង់​វិភាគទាន​របស់​ខ្លួន​ឬ​អត់​ទេ?។ អ្វី​ដែល​គេ​ដឹង វិបត្តិ​ថវិកា​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរការ​របស់​អង្គការ​សហប្រជាជាតិ ពិសេស​បេសកកម្ម​រក្សាសន្តិភាព​របស់​កម្លាំង​មួកខៀវ​នៅ​ក្នុង​លោក។ សព្វថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ​កំពុង​មាន​បេសកកម្ម​រក្សា​សន្តិភាព​ចំនួន ១៥ នៅ​ទូទាំង​ពិភពលោក​ដោយ​ប្រើ​ទាហាន​មួកខៀវ​ជាង ១០០ ០០០នាក់ និង​ថវិកា​ជិត ៦ ៧០០លានដុល្លារ។ អេត្យូពី ឥណ្ឌា និង​ប៉ាគីស្ថាន​ជា​ប្រទេស​ដែល​បាន​បញ្ជូន​ទ័ព​មួកខៀវ​ទៅ​ឲ្យ​អ.ស.ប.ច្រើន​ជាង​គេ និង​ដែល​អ.ស.ប.​ត្រូវ​បង់​លុយ​ឲ្យ​ច្រើន​ជាង​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ