អានតួអត្ថបទ
សហរដ្ឋអាមេរិក-ស៊ីរី

តើ​ក្រុមជីហាត​រដ្ឋអ៊ីស្លាមនឹង​រលាយ​សាបសូន្យទៅ​ជាមួយ​កាលីហ្វា​ដែរឬទេ?

៥ឆ្នាំ​ក្រោយ ពង្រីកវិសាលភាព របស់​ខ្លួន​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ កាលីហ្វា​ឬ​រដ្ឋធានី​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​បាន​ផុត​រលត់ សាបសូន្យ។ នេះ​បើតាម​ការប្រកាស​កាលពី​ថ្ងៃ​សៅរ៍របស់​កងកម្លាំង​គួដ ស៊ីរី គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ដែល​ទើប​បាន​ឈ្នះ វាយដណ្តើម​យក​ទីតាំង​ចុងក្រោយ​របស់​ក្រុមជីហាត នៅ​ក្នុង​ទឹកដី​ស៊ីរី នៅ​សប្តាហ៍នេះ។ ក្រុមជីហាត រដ្ឋអ៊ីស្លាម បាន​បរាជ័យ បាត់បង់​ទឹកដី ដែល​ខ្លួន​ធ្លាប់​គ្រប់គ្រង កាន់កាប់ ក្រោមឈ្មោះថា កាលីហ្វា នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​មែន ប៉ុន្តែ មនោគមវិជ្ជា របស់​ក្រុម​នេះ​នៅតែ​រស់រវើក និង​ទាញទាញ មាន​បណ្តាញ​របស់ខ្លួន នៅគ្រប់​ទិសទី ក្នុង​ពិភពលោក។ 

កងកម្លាំង​គួដ​ស៊ីរី ដើម្បី​ប្រជាធិបតេយ្យ​ បាន​ប្រកាស​ពីការវាយបំផ្លាញ​ទាំងស្រុង​រដ្ឋធានី​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅថ្ងៃទី ២៣​មីនា ២០១៩
កងកម្លាំង​គួដ​ស៊ីរី ដើម្បី​ប្រជាធិបតេយ្យ​ បាន​ប្រកាស​ពីការវាយបំផ្លាញ​ទាំងស្រុង​រដ្ឋធានី​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅថ្ងៃទី ២៣​មីនា ២០១៩ ©. REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

ការវាយដណ្តើម​យក​បាន​ទីតាំង​ចុងក្រោយ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី ជា​លទ្ធផល​នៃ​ការរួមដៃ​គ្នា​ប្រយុទ្ធ​អស់​៥​ឆ្នាំ របស់​សម្ព័ន្ធ​អន្តរជាតិ ដែលនាំមុខ​ដោយ​សហរដ្ឋអាមេរិក។ នៅពេល​ដែល​រដ្ឋធានី កាលីហ្វា​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម រលាយបាត់រូបរាង នៅក្នុង​ទឹកដី ស៊ីរី និង​អ៊ីរ៉ាក់ បណ្តាញ​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម មាន​នៅ​គ្រប់​ទីកន្លែង ក្នុង​ពិភពលោក។

នៅក្នុង​របាយការណ៍​របស់​ខ្លួន ចេញផ្សាយ​កាលពី​ខែ​កុម្ភៈ​មុន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ស្រង់​ឃើញ ទីតាំង​៨​កន្លែង តាំង​ពី​តំបន់ដើមបូព៌ា អាហ្រ្វិក រហូត​ដល់​អាស៊ី ដែល​ក្រុមជីហាត រដ្ឋអ៊ីស្លាម កំពុង​មាន​បណ្តាញ​ចាក់គ្រឹះ សម្រាប់​ដើរ​ធ្វើ​ភេរវកម្ម ប្រឆាំង​អាជ្ញាធរ​ម្ចាស់ស្រុក។ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​មាន​ជំរំ ហើយ​និង​ទាហាន​ប្រយុទ្ធ​ដ៏​សកម្ម នៅ​យេម៉ែន។ ចំណែក ​អេហ្ស៊ីប ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅ​តំបន់​ស៊ីណៃ ដែល​មាន​គោលដៅ​វាយប្រហារ​ទៅ​លើ​ប៉ូលិស អេហ្ស៊ីប​បាន​ប្រកាស​ភ្ជាប់ខ្លួន ទៅ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម។ នៅ​អាស៊ី ដូចជា​នៅ​ហ្វីលីពីន ឬ​ឥណ្ឌូណេស៊ី ក្រុមប្រដាប់អាវុធ​អ៊ីស្លាម​ដែល​ធ្លាប់​ទៅ​ជួយ​ប្រយុទ្ធ​ឲ្យ​ក្រុមជីហាត នៅ​ស៊ីរី ឬ​អ៊ីរ៉ាក់ បាន​បង្ក​ភេរវកម្ម​សម្លាប់​មនុស្ស ទៅតាម​មនោគមវិជ្ជា​ផ្សព្វផ្សាយ​របស់​ក្រុមជីហាត។ នេះ​គេ​នៅ​មិនទាន់​និយាយ​ដល់​ក្រុមទាហាន​ជីហាត ដែលនៅសំងំ ​លាក់ខ្លួន រង់ចាំ​ឱកាស​ល្អ ដើម្បី ធ្វើ​ភេរវកម្ម នៅក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។

មនោគមវិជ្ជា​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​តែមាន​ជានិច្ច ទោះ​ក្រុមនេះ បាត់បង់​ទឹកដី​របស់ខ្លួន​ទាំងស្រុង នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ក្តី។ សម្រាប់​អ្នកជំនាញ នៅពេល​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ពង្រីក​ដែនដី នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ និង​ប្រកាស​បង្កើតរដ្ឋធានី​របស់ខ្លួន ឡើង​នៅ​ឆ្នាំ ២០១៥ ក្រុម​បាន​ប្រើប្រាស់​បណ្តាញសង្គម ដើម្បី ផ្សព្វផ្សាយ រូបភាព​សម្លាប់​មនុស្ស​ដ៏​ឃោឃៅ​របស់ខ្លួន ក៏ដូច​ជា​បង្ហោះ​សារ​ឃោសនា ដើម្បី អូសទាញ សមាជិក ទាហាន បរទេស​ឲ្យ​ចូលរួម​ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​របស់ខ្លួន។ ដូចជា​អូសាម៉ា បិនឡាដិន អតីត​មេដឹកនាំ​របស់​ក្រុមអាល់កៃដា ដែល​រស់នៅ​លាក់ខ្លួន មុន​នឹង​ត្រូវ​កងកុម្មង់ដូរ​អាមេរិក​ចាប់បាន និង​សម្លាប់​ទម្លាក់​សមុទ្រ មេដឹកនាំ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម អាប៊ូ បាក់ អាល់ បាក់ដាឌី ក៏​កំពុង​រត់ភៀសខ្លួន ដែរ នៅក្រោយ​បរាជ័យ​បាត់ទឹកដី​នៅ​ស៊ីរី។ ប៉ុន្តែ ខុសពី​ក្រុមអាល់កៃដា ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម នឹង​នៅតែ​មាន​ជីវិត សកម្មភាព ដោយសារ​តែ បណ្តាញ​គាំទ្រ​របស់ខ្លួន ដ៏​ចាក់ស្រេះ មិនថា ជាបុគ្គល ឬ​ក្រុមភេរវនិយម នៅក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ