តើក្រុមជីហាតរដ្ឋអ៊ីស្លាមនឹងរលាយសាបសូន្យទៅជាមួយកាលីហ្វាដែរឬទេ?
៥ឆ្នាំក្រោយ ពង្រីកវិសាលភាព របស់ខ្លួនក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ កាលីហ្វាឬរដ្ឋធានីរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាមបានផុតរលត់ សាបសូន្យ។ នេះបើតាមការប្រកាសកាលពីថ្ងៃសៅរ៍របស់កងកម្លាំងគួដ ស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក ដែលទើបបានឈ្នះ វាយដណ្តើមយកទីតាំងចុងក្រោយរបស់ក្រុមជីហាត នៅក្នុងទឹកដីស៊ីរី នៅសប្តាហ៍នេះ។ ក្រុមជីហាត រដ្ឋអ៊ីស្លាម បានបរាជ័យ បាត់បង់ទឹកដី ដែលខ្លួនធ្លាប់គ្រប់គ្រង កាន់កាប់ ក្រោមឈ្មោះថា កាលីហ្វា នៅអ៊ីរ៉ាក់ និងស៊ីរីមែន ប៉ុន្តែ មនោគមវិជ្ជា របស់ក្រុមនេះនៅតែរស់រវើក និងទាញទាញ មានបណ្តាញរបស់ខ្លួន នៅគ្រប់ទិសទី ក្នុងពិភពលោក។
ចុះផ្សាយនៅថ្ងៃ៖
ការវាយដណ្តើមយកបានទីតាំងចុងក្រោយរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅប្រទេសស៊ីរី ជាលទ្ធផលនៃការរួមដៃគ្នាប្រយុទ្ធអស់៥ឆ្នាំ របស់សម្ព័ន្ធអន្តរជាតិ ដែលនាំមុខដោយសហរដ្ឋអាមេរិក។ នៅពេលដែលរដ្ឋធានី កាលីហ្វារបស់ក្រុមជីហាត រដ្ឋអ៊ីស្លាម រលាយបាត់រូបរាង នៅក្នុងទឹកដី ស៊ីរី និងអ៊ីរ៉ាក់ បណ្តាញរបស់ក្រុមជីហាត រដ្ឋអ៊ីស្លាម មាននៅគ្រប់ទីកន្លែង ក្នុងពិភពលោក។
នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីខែកុម្ភៈមុន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្រង់ឃើញ ទីតាំង៨កន្លែង តាំងពីតំបន់ដើមបូព៌ា អាហ្រ្វិក រហូតដល់អាស៊ី ដែលក្រុមជីហាត រដ្ឋអ៊ីស្លាម កំពុងមានបណ្តាញចាក់គ្រឹះ សម្រាប់ដើរធ្វើភេរវកម្ម ប្រឆាំងអាជ្ញាធរម្ចាស់ស្រុក។ ក្រុមជីហាតរដ្ឋអ៊ីស្លាមមានជំរំ ហើយនិងទាហានប្រយុទ្ធដ៏សកម្ម នៅយេម៉ែន។ ចំណែក អេហ្ស៊ីប ក្រុមអ៊ីស្លាមជ្រុលនិយម នៅតំបន់ស៊ីណៃ ដែលមានគោលដៅវាយប្រហារទៅលើប៉ូលិស អេហ្ស៊ីបបានប្រកាសភ្ជាប់ខ្លួន ទៅក្រុមជីហាតរដ្ឋអ៊ីស្លាម។ នៅអាស៊ី ដូចជានៅហ្វីលីពីន ឬឥណ្ឌូណេស៊ី ក្រុមប្រដាប់អាវុធអ៊ីស្លាមដែលធ្លាប់ទៅជួយប្រយុទ្ធឲ្យក្រុមជីហាត នៅស៊ីរី ឬអ៊ីរ៉ាក់ បានបង្កភេរវកម្មសម្លាប់មនុស្ស ទៅតាមមនោគមវិជ្ជាផ្សព្វផ្សាយរបស់ក្រុមជីហាត។ នេះគេនៅមិនទាន់និយាយដល់ក្រុមទាហានជីហាត ដែលនៅសំងំ លាក់ខ្លួន រង់ចាំឱកាសល្អ ដើម្បី ធ្វើភេរវកម្ម នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់។
មនោគមវិជ្ជារបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅតែមានជានិច្ច ទោះក្រុមនេះ បាត់បង់ទឹកដីរបស់ខ្លួនទាំងស្រុង នៅស៊ីរី និងនៅអ៊ីរ៉ាក់ក្តី។ សម្រាប់អ្នកជំនាញ នៅពេលក្រុមជីហាតរដ្ឋអ៊ីស្លាម ពង្រីកដែនដី នៅស៊ីរី និងនៅអ៊ីរ៉ាក់ និងប្រកាសបង្កើតរដ្ឋធានីរបស់ខ្លួន ឡើងនៅឆ្នាំ ២០១៥ ក្រុមបានប្រើប្រាស់បណ្តាញសង្គម ដើម្បី ផ្សព្វផ្សាយ រូបភាពសម្លាប់មនុស្សដ៏ឃោឃៅរបស់ខ្លួន ក៏ដូចជាបង្ហោះសារឃោសនា ដើម្បី អូសទាញ សមាជិក ទាហាន បរទេសឲ្យចូលរួមប្រយុទ្ធដើម្បីបុព្វហេតុរបស់ខ្លួន។ ដូចជាអូសាម៉ា បិនឡាដិន អតីតមេដឹកនាំរបស់ក្រុមអាល់កៃដា ដែលរស់នៅលាក់ខ្លួន មុននឹងត្រូវកងកុម្មង់ដូរអាមេរិកចាប់បាន និងសម្លាប់ទម្លាក់សមុទ្រ មេដឹកនាំរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម អាប៊ូ បាក់ អាល់ បាក់ដាឌី ក៏កំពុងរត់ភៀសខ្លួន ដែរ នៅក្រោយបរាជ័យបាត់ទឹកដីនៅស៊ីរី។ ប៉ុន្តែ ខុសពីក្រុមអាល់កៃដា ក្រុមជីហាតរដ្ឋអ៊ីស្លាម នឹងនៅតែមានជីវិត សកម្មភាព ដោយសារតែ បណ្តាញគាំទ្ររបស់ខ្លួន ដ៏ចាក់ស្រេះ មិនថា ជាបុគ្គល ឬក្រុមភេរវនិយម នៅក្នុងពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ