ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាមេរិក

ប្រធានាធិបតី​ប្រេស៊ីល​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ៣ថ្ងៃ​ក្នុង​ប្រទេស​អ៊ីស្រាអែល

media  
លោក​ប្រធានាធិបតី​ប្រេស៊ីល​យ៉ាអៀរ បុលសូណារ៉ូ (រូបឆ្វេង) និង​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ Reuters

នៅ​ថ្ងៃ​អាទិត្យ ទី៣១ មីនា លោក​ប្រធានាធិបតី​ប្រេស៊ីល​យ៉ាអៀរ បុលសូណារ៉ូ​បាន​ផ្តើម​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល ៣ថ្ងៃ​ក្នុង​ប្រទេស​អ៊ីស្រាអែល។ លោក​បុលសូណារ៉ូ​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​ទៅ​ទទួល​ផ្ទាល់​នៅ​ឯ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​តេឡាវី។ វត្តមាន​ប្រធានាធិបតី​ប្រេស៊ីល​មក​ពី​គណបក្ស​ស្តានិយមជ្រុល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ពេល​នេះ​ធ្វើ​ឡើង ចំ​ពេល​ដែល​អ៊ីស្រាអែល​កំពុង​ត្រៀម​រៀបចំ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី៩ មេសា និង​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ឈរ​ឈ្មោះ​សម្រាប់​មួយ​អាណត្តិ​ថ្មី គឺ​អាណត្តិទី៥។

សម្រាប់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​កាន់​តំណែង​ជិត ១៣ឆ្នាំ និង​កំពុង​ចង់​កាន់​ថែម​អាណត្តិ​ថ្មី វត្តមាន​ប្រធានាធិបតី​ប្រេស៊ីល​លោក​បុលសូណារ៉ូ​ពេល​នេះ​បាន​ធ្លាក់​មក​ចំ​ពេល​ល្អ​ណាស់។ ចំ​ពេល​ល្អ ព្រោះ​លោក​នេតាន់យ៉ាហ៊ូ​ទទួល​បាន​ការ​គាំទ្រ​ដ៏​មាន​ទម្ងន់​មួយ​ពី​ប្រធានាធិបតី​នៃ​មហាអំណាច​ធំ​ជាង​គេ​នៅ​អាមេរិកឡាទីន។ គួរ​រម្លឹក​ថា នៅ​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ប្រេស៊ីល​របស់​លោក​បុលសូណារ៉ូ​នា​ដើម​ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​ប្រាស៊ីលីយ៉ា លោក​នេតាន់យ៉ាហ៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ផ្ទាល់​ដែល​កាយវិការ​មួយ​នេះ ជា​កាយវិការ​ដែល​គេ​កម្រ​ឃើញ​មាន​ណាស់​ពី​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ប្រធានាធិបតី​ប្រេស៊ីល​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល​រូប​នេះ​មិន​ញញើត​នឹង​បង្ហាញ​សមានចិត្ត​ចំពោះ​អ៊ីស្រាអែល​ដោយ​បាន​ប្រកាស​នា​ដំណាច់​ខែ​តុលា ឆ្នាំ ២០១៨ ពី​បំណង​ចង់​រើ​ស្ថានទូត​ប្រេស៊ីល​ពី​ទីក្រុង​តេឡាវី​ទៅ​ដាក់​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡិម​នោះ​ទេ។ ការ​ប្រកាស​របៀប​នេះ​របស់​លោក​បុលសូណារ៉ូ​បាន​បង្ក​ឲ្យ​មាន​រឿងអាស្រូវ​ខ្លាំងក្លា។ តែ​ដោយ​ប្រឈម​នឹង​ការ​រិះគន់ ទិតៀន​ខ្លាំង​ពេក ពិសេស​ខ្លាច​ការ​សងសឹក​ពី​ក្រុម​ប្រទេស​អារ៉ាប់ លោក​បុលសូណារ៉ូ​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ មីនា​ថា លោក​នឹង​មិន​ប្រកាស​ពី​ការ​សម្រេចចិត្ត​រើ​ស្ថានទូត​ប្រេស៊ីល​ទៅ​ដាក់​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡិម​នា​ឱកាស​ទស្សនកិច្ច​ក្នុង​ទឹកដី​អ៊ីស្រាអែល​ទេ ហើយ​បាន​លើក​ឡើង​ពី​គម្រោង​ដាក់​តាំង​បេសកកម្ម​សេដ្ឋកិច្ច​នៅ​ទីនោះ​ជំនួស​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បុលសូណារ៉ូ​ហាក់​មិន​បាន​បោះបង់​ផែនការ​រើ​ស្ថានទូត​ប្រេស៊ីល​ទៅ​ដាក់​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡិម​ទេ​ដោយ​បាន​លើក​ឡើង​ថា សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រើ​ពេល​គិត និង​ពិចារណា​ដល់​ទៅ ៩ខែ មុន​នឹង​សម្រេច​រើ​ស្ថានទូត​អាមេរិក​ទៅ​ដាក់​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡិម។ សូម​បញ្ជាក់​ថា លក្ខន្តិកៈ​ក្រុង​ហ្សេរ៉ុយសាឡិម​ជា​បញ្ហា​ស្នូល​ដ៏​ក្តៅ​គគុក​នៃ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ សហគមន៍​អន្តរជាតិ​បាន​យល់​ឃើញ​ថា លក្ខន្តិកៈ​ផ្តាច់ព្រ័ត្រ​នៃ​ទីក្រុង​សក្ការៈ​មួយ​នេះ​នឹង​ត្រូវ​សម្រេច​តាម​រយៈ​ការ​ចរចា​រវាង​ភាគី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ