អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជំនួប​ចចារ​ពាណិជ្ជ​កម្ម​អាមេរិក-ចិន៖ ដំណើរការ​ទៅ​មុខ​ ប៉ុន្តែ​នៅ​តែ​រក​ទីបញ្ចប់​មិន​ឃើញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទាញ​ចេញពី​ជំនួប​ចចារ​ពាណិជ្ជកម្ម​អាមេរិក-ចិន​ ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​ ទី​០៣ ​ខែ​មីនា​នេះ ​ទាំង​ប្រធានាធិបតី​អាមេរិក​ លោកដូណាល់ ត្រាំ​ និង​​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់​ខ្ពស់​​របស់​គាត់​ លោក​ Larry Kudlow បាន​លើក​សរសើរ​ថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កាន់តែ​​មាន​​ភាព​​រីក​ចម្រើន​​ទៅ​មុខ ​ក៏ប៉ុន្តែកិច្ចព្រមព្រៀងបិទបញ្ចប់​​សង្គ្រាម​​ពាណិជ្ជកម្ម​​នៅតែ​មិ​ន​​ទាន់​រកឃើញ​​នៅ​ឡើយ។​

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់​របស់ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ គឺ​លោក Larry Kudlow បានលើកសរសើរអំពី ដំណើរការរីកចម្រើន និង​ការ​ខិត​កាន់តែជិតនៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុង​​​ជំនួបចរចាពាណិជ្ជកម្មអាមេរិក-ចិន ប៉ុន្តែ​ក៏​បាន​លើក​ឡើងផងដែរ​ថា កិច្ចព្រមព្រៀងចុងក្រោយមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម នៅតែ​មិន​ទាន់​បញ្ចប់​នៅឡើយ ខណៈ​ការ​ចរចាកំពុង​បន្ត​នៅ​ទីក្រុងវ៉ាស៊ីនតោន ក្រោយ​ការ​មកដល់​របស់​ ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He កាល​ពី​ថ្ងៃ​ពុធ ទី០៣ ខែ​មីនា នេះ។ នេះ​បើយោងតាម​ការ​ចេញផ្សាយ​របស់​ការសែតអាមេរិក The Bloomberg

ទស្សនាវដ្តី​អាមេរិក The Financial Times បានរាយការណ៍ថា ប្រទេសទាំងពីរមិន​ទាន់​ឯកភាព​គ្នានៅឡើយ​នោះ​ទេ លើអ្វីដែលបាន​និង​កំពុង​កើត​មាន​ឡើង​លើទំនិញចិន និង​ល័ក្ខខ័ណ្ឌនៃយន្តការអនុវត្តច្បាប់ ដើម្បីធានាថា ប្រទេសចិនអាចរក្សា​កិច្​ច​ព្រមព្រៀង​ពាណិជ្ជកម្មបាន។ ទោះជាយ៉ាងណា ជំនួបចរចាពាណិជ្ជកម្ម​ ក្នុងពេល​ថ្មី​ៗ​នេះ​ បាន​ផ្តោត​លើ​បញ្ហា​ចម្បងៗ ​រួមមាន​៖

កាត់បន្ថយឱនភាព

ការចរចាមកទល់នឹងពេលនេះ ផ្តោតសំខាន់លើអ្វីដែលប្រទេសចិននឹងត្រូវធ្វើ ដើម្បី​កាត់​បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​ចិន ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​​ ៤១៩,២ ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ​២០១៨។ ទីក្រុង​ប៉េកាំង បាន​ធ្វើ​សម្បទានយ៉ាង​ធំ​នៅ​ក្នុង​បញ្ហានេះ ដោយ​បេ្ដជ្ញាថា​នឹង​កាត់​បន្ថយ​រហូត​ដល់​សូន្យ​នៅ​ឆ្នាំ​២០២៤។​ ​វា​​ជាពេល​នៃ​ចុងបញ្ចប់អាណត្តិទី២ របស់លោក​ត្រាំ​។

យ៉ាងណាមិញ ​ល័ក្ខខ័ណ្ឌនេះ​ត្រូវ​បាន​មតិ​សាធារណៈ​វាយតម្លៃ​ថា មិន​អាច​ទៅរួច និង​ពិបាក​សម្រេចបានណាស់។

ការដាក់ឱ្យប្រតិបត្តិ

ចំណុចទាមទារ​ដ៏សំខាន់​មួយទៀត ដែល​អាមេរិកចង់បានគឺ ការរក្សា​អំណាច​របស់ខ្លួន ដើម្បីត្រួតពិនិត្យ​លើការ​អនុវត្ត​កិច្ច​ព្រមព្រៀង។ សហរដ្ឋអាមេរិក​ចង់ឱ្យមាន​កិច្ច​ប្រជុំជា​ទៀង​ទាត់ ដើម្បីវាយតម្លៃថាតើប្រទេសចិនកំពុងអនុវត្ត តាមការសន្យាឬយ៉ាងណា ហើយចង់ឱ្យមានការដាក់ពន្ធលើប្រទេសចិនដោយគ្មានការគំរាមសងសឹកមកវិញទេ។ ចិនឯណោះវិញ ចង់​ឱ្យ​អាមេរិក​ដក់​ពន្ធគយទាំងអស់ដែលបានដាក់ កំឡុង​ពេល១២​ខែ​កន្ល​ង​មកសិន ប៉ុន្តែ​អាមេរិក​នៅ​តែចង់​ទុក​ផ្នែក​ខ្លះ ដើម្បី​ធានាអាច​អនុវត្ត​យន្តការ​របស់​ខ្លួន​បាន។

កម្មសិទ្ធិបញ្ញា

ការទាមទាររបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹង​ បញ្ហាកម្មសិទ្ធិបញ្ញារបស់ខ្លួន ក៏ជា​ចំណុច​សំខាន់មួយនៃការចរចាផងដែរ ស្របពេលដែលមានការអះអាងថា ក្រុមហ៊ុន​ចិន​ជាទូទៅ ចម្លងឬលួច បច្ចេកវិទ្យា​ពី​គូប្រជែងបរទេស។ រដ្ឋាភិបាល​ចិន ​នៅ​ខែមីនានេះ បានអនុម័តច្បាប់វិនិយោគទុនបរទេសថ្មីមួយ ដែលមានការអះអាងថា ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជីនៅក្នុងប្រទេសចិនត្រូវបាន​ច្បាប់អនុវត្ត​ដោយស្មើៗគ្នា។ ជំនួប​លើក​នេះ​នៅ​វ៉ាស៊ីនតោន ក៏បានលើកឡើងផងដែរពី ការព្រួយបារម្ភអំពី ការឧបត្ថម្ភ ប្រាក់ជំនួយ របស់​ក្រុង​ប៉េកាំងឱ្យ​ទៅក្រុមហ៊ុនរដ្ឋចិន​ ដែល​គេអះអាងថា វា​រារាំង​ដល់​​ការប្រកួតប្រជែង និងអនុញ្ញាតឱ្យក្រុមហ៊ុនចិនបង្កើតឧស្សាហកម្មយុទ្ធសាស្ត្រ។

កំណើនសេដ្ឋកិច្ចសាកល

មនុស្ស​គ្រប់គ្នា​បាននិង​កំពុងផ្តោតអារម្មណ៍លើ​ជំនួប​នេះ។ លោកស្រី Christine Lagarde នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ កាលពីថ្ងៃអង្គារនេះបានព្រមានថា សេដ្ឋកិច្ច​ពិភពលោកស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់​ ដោយកំណើនសេដ្ឋកិច្ច​សាកល​បាន​បាត់បង់​ថាមពលរបស់​ខ្លួន​ ចាប់តាំងពីដើមឆ្នាំនេះ។ ការព្រមានរបស់លោកស្រី បានធ្វើ​ឡើង​ស្របជាមួយនឹងការប្រកាសរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែល​បាន​ទម្លាក់​ការព្យាករណ៍ពីកំណើនពាណិជ្ជកម្មសាកលរបស់​ខ្លួន​នៅ​ឆ្នាំ​២០១៩ ដល់​កម្រិត​​ទាបបំផុត ក្នុងរយៈពេលបីឆ្នាំ ដោយបាន​សង្កត់ធ្ងន់​ពី​ផលប៉ះពាល់​នៃភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និងការ​ដំឡើង​ពន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ