ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
អាមេរិក

អាមេរិក​ដាក់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ក្នុង​បញ្ជី​អង្គការ​ភេរវនិយមបរទេស តែ​អ៊ីរ៉ង់​បាន​ឆ្លើយ​បក​វិញ​ភ្លាមៗ

media  
ប្រមុខការទូតអាមេរិកលោក Mike Pompeo REUTERS/Yuri Gripas

នៅ​ថ្ងៃ​ចន្ទ ទី៨ មេសា សហរដ្ឋអាមេរិក​បាន​សម្រេច​ដាក់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ទៅ​ក្នុង​បញ្ជី​នៃ​ក្រុម​អង្គការ​ភេរវនិយម​បរទេស។ ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ពី​វិមាន​ប្រធានាធិបតី។ នេះ​វិធានការ​លើកទី១ មិន​ធ្លាប់​មាន​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចុះ​ស្ថាប័ន​កងទ័ព​របស់​ប្រទេស​មួយ​ទៅ​ក្នុង​បញ្ជី​អង្គការ​ភេរវនិយម​បរទេស។ អ៊ីរ៉ង់​បាន​ឆ្លើយ​បក​វិញ​ភ្លាមៗ​ដោយ​ចាត់​ទុក​អាមេរិក​ជា​រដ្ឋ​ឳពុកធម៌​នៃ​ភេរវនិយម និង​ទ័ព​អាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា​ជា​ពួក​ភេរវជន។

« កងឆ្មាំបដិវត្តន៍​អនុវត្ត​យុទ្ធនាការ​ភេរវនិយម​ជា​សកល​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ » នេះ​ជា​ឃ្លា​ដែល​សរសេរ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេតវិមាន ព្រម​ទាំង​ព្រមាន​ត្រង់ៗ​ថា « រកស៊ី​ជាមួយ​កងឆ្មាំបដិវត្តន៍​អ៊ីស្លាម គឺ​ផ្តល់​ហិរញ្ញវត្ថុ​ឲ្យ​ភេរវនិយម »។ នៅ​ក្នុង​ន័យ​នេះ ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo បាន​អំពាវនាវ​ដល់​គ្រប់​ក្រុមហ៊ុន និង​ធនាគារ​ក្នុង​លោក​ឲ្យ​កាត់ផ្តាច់​ទំនាក់ទំនង​ផ្លូវហិរញ្ញវត្ថុ​ជាមួយ​ស្ថាប័ន​កងទ័ព​អ៊ីរ៉ង់។ ការ​អំពាវនាវ​របស់​លោក Pompeo បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដោយ​បាន​ចាត់​ទុក​របប​អ៊ីរ៉ង់​ជា​របប​ម៉ាហ្វីយ៉ា និង​ថា អ៊ីរ៉ង់​មិន​ត្រឹម​ជា​ប្រទេស​គាំទ្រ​ភេរវនិយម​ទេ តែ​ជា​ប្រទេស​ដែល​បាន​ចូលរួម​ផ្ទាល់​នៅ​ក្នុង​ភេរវនិយម។

ជាមួយ​នឹង​ការ​បន្ថែម​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​មួយ​ទៀត ចំនួន​អង្គការ​ភេរវនិយម​ដែល​មាន​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​បាន​ឡើង​ដល់ ៦៧អង្គការ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ នេះ​ជា​លើកទី១ មិន​ធ្លាប់​មាន​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចុះ​ស្ថាប័ន​កងទ័ព​របស់​ប្រទេស​មួយ​ទៅ​ក្នុង​បញ្ជី​អង្គការ​ភេរវនិយម​បរទេស។ មិន​បង្អែបង្អង់​យូរ អ៊ីរ៉ង់​តាម​រយៈ​ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​បាន​ចាត់​ទុក​រដ្ឋបាល​អាមេរិក​ជា​រដ្ឋបាល​គាំទ្រ​ភេរវនិយម និង​ចាត់​ទុក​កងបញ្ជាការ​ទ័ព​អាមេរិក​ក្នុង​តំបន់ អង្គភាព Centcom រួម​ទាំង​គ្រប់​ស្ថាប័ន​ដែល​មាន​ទំនាក់ទំនង​នឹង Centcom ជា​អង្គភាព​ភេរវនិយម។

គួរ​រម្លឹក​ថា អង្គភាព Centcom រាប់​បញ្ជូល​កម្លាំងទ័ពអាមេរិក​ប្រចាំ​នៅ​តំបន់​ឈូងសមុទ្រពែក្ស តំបន់​មជ្ឈិមបូព៌ា រួម​ទាំង​នៅ​ក្នុង​ប្រទេស​អាហ្វាហ្កានីស្ថាន និង​នៅ​អាស៊ីកណ្តាល។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពី​ការ​ដំឡើង​សំឡេង​ដាក់​គ្នា​រវាង​វ៉ាស៊ីនតោន និង​តេហេរ៉ង់​ពេល​នេះ គឺ​កំណើន​ហានិភ័យ​នៃ​ការ​ប្រឈម​ផ្លូវ​អាវុធ​ដាក់​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់ ពិសេស​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ