អានតួអត្ថបទ

លោក ត្រាំ គំរាម​បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់​ទៅ​ក្រុង​អ្នកប្រជាធិបតេយ្យ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញ​ដំណោះស្រាយ​​ថ្មី​ ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ ដោយ​គ្រោង​នឹង​បញ្ជូនអន្តោប្រវេសន៍​ខុស​ច្បាប់​ ចាប់​បាន​នៅ​តាម​ព្រំដែន​ម៉ិចស៊ិក ទៅ​កាន់​ខេត្ត​ក្រុង​ណា​ដែល​អ្នក​ដឹកនាំ ​បាន​សម្រេច​ចិត្ត​ មិន​ចាត់វិធានការ​ប្រឆាំង​នឹងអន្តោប្រវេសន៍។ ​​​​ក្រុង​ទាំងនោះ​ ភាគ​ច្រើន​ គ្រប់គ្រង​ដោយ​​​អ្នក​ប្រជាធិបតេយ្យ​ និង​ដែល​មាន​និន្នការនយោបាយ​ប្រឆាំង​នឹង​លោក។

លោក ដូណាល់ ត្រាំ នៅ​សេតវិមាន ថ្ងៃទី ១២ មេសា ២០១៩
លោក ដូណាល់ ត្រាំ នៅ​សេតវិមាន ថ្ងៃទី ១២ មេសា ២០១៩ NICHOLAS KAMM / AFP
ផ្សាយពាណិជ្ជកម្ម

គ្មាន​ថវិកាសម្រាប់​សង់​ជញ្ជាំង គ្មាន​សំឡេង​ភាគ​ច្រើន សម្រាប់​អនុម័ត​ច្បាប់​អន្តោប្រវេសន៍​ដ៏​តឹង​តែង ហើយ​​ប្រឈមខ្លាំង​​នឹង​លំហូរ​អន្តោប្រវេសន៍​យ៉ាង​គំហុក​មិន​ធ្លាប់​មាន លោក ដូណាល់ ត្រាំ មាន​ដំណោះស្រាយ​ថ្មី​មួយ​ គឺ​បិទ​ព្រំដែន និង​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់លួច​ឆ្លង​ព្រំដែន​បាន​ទាំង​នោះ ទៅ​កាន់​ក្រុងណា​​​​ដែល​មិន​ព្រមគាំទ្រច្បាប់​ប្រឆាំង​នឹងអន្តោប្រវេសន៍។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​។

“យើងគិតយ៉ាង​ហ្មត់ចត់ ចង់​បញ្ជូន​ជនអន្តោប្រវេសន៍​ ​ដែល​ក្រោយ​ពីជាប់​ឃុំតាម​ច្បាប់​អស់​២០​ថ្ងៃហើយ​ ​ទៅ​កាន់​ក្រុង​ណា​ ដែល​ចង់​បាន​មនុស្ស​ថែម។ យើង​អាច​បញ្ជូនឱ្យ​​ក្នុង​ចំនួន​គ្មាន​កំណត់! ចាំ​មើល​តើ​គេសប្បាយ​ចិត្ត​ឬ​អត់?! គេ​និយាយ​ថា​គេបើក​ទ្វារ​ចាំស្វាគមន៍។ ចាំ​មើល​គេ​ស្វាគមន៍​យ៉ាងណា?” នេះ​ជា​ប្រសាសន៍​បែប​ចំអក​របស់​លោក​ប្រធានាធិបតី​ ពី​​សេតវិមាន។

ទិសដៅ​​ដែលលោកប្រធានាធិបតី​ចង់​​បញ្ជូន​​អន្តោប្រវេសន៍​ទៅ​នោះ មាន​ជា​អាទិ៍រដ្ឋ​កាលីហ្វ័រនីញ៉ា ក្រុង​សាន់ហ្វាន់ស៊ីហ្កូ ក្រុង​​ឈីកាហ្គោ ...។ រដ្ឋ​កាលីហ្វ័រនីញ៉ា ​ដឹក​នាំ​ដោយ​លោកស្រី Nancy Pelosi ប្រធាន​សភាមក​ពី​គណ​បក្ស​ប្រជាធិបតេយ្យ។ លោកស្រី​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ថា «ប្រធានាធិបតី​អាមេរិក​ចេញ​គំនិត​ដ៏គួរ​ឱ្យ​អៀន​ខ្មាស និង​មិន​គួរ​ឱ្យ​គោរព​​មួយ​ទៀត​ហើយ ! យក​ជីវិត​មនុស្ស​ក្មេង​ចាស់​ មក​ធ្វើ​ជា​កូន​អុក​ ដើម្បីការពារ​នយោបាយ​រើសអើង​ស្អប់​អន្តោប្រវេសន៍​ ដែល​មិនមែន​ជា​សីលធម៌​របស់​ជាតិ​អាមេរិក”។ ជា​យុទ្ធសាស្ត្រ​ឥតអៀន​ខ្មាស បង្កើត​បញ្ហា​ជាន់​លើ​បញ្ហា ! នេះ​ជា​ប្រតិកម្ម​ របស់​អភិបាល​ក្រុង​ធំៗ​ ជា​ច្រើន​រូប​ផ្សេង​ទៀត។

អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​ជា​ច្រើន បាន​ឱ្យ​ដឹង​ថា គ្មានទេ​គម្រោង​ជាក់ស្តែង ស្តីពីការ​បញ្ជូន​អន្តោប្រវេសន៍​ទៅ​តាម​ក្រុង​ដឹកនាំ​ដោយ​អ្នកប្រជាធិបតេយ្យ​នោះ។ ទំនង​គ្រាន់​តែ​ជា​អ្វី​ដែល​គេ​ប៉ុនប៉ង​រៀប​ចំ​ឡើង​តែ​ប៉ុណ្ណោះ។ ក្រៅ​អំពី​សេចក្តី​ថ្លែងការណ៍​ លោក ដូណាល់ ត្រាំ បាន​បង្ហោះសារ​​ចំនួន​បីទៀត ​ស្តីអំពី​ប្រធានបទដដែល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ