អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា និង​ចិន​ជា​ប្រធានបទស្នូល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ខាងត្បូង​របស់​លោក Mike Pompeo

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី១២ មេសា ប្រមុខ​ការទូតអាមេរិក​លោក Mike Pompeo បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​អាមេរិកខាងត្បូង។ ស៊ីលី​ជា​ប្រទេស​ដែល​លោក Pompeo បាន​ដាក់​ជើង​ជាន់​មុន​គេ មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ារ៉ាហ្កាយ ប៉េរូ និង​ប្រទេស​កូឡុំប៊ី​នា​ថ្ងៃ​អាទិត្យ ទី១៤ មេសា។ បន្ទាប់​មក​នៅ​ថ្ងៃ​ចន្ទ ទី១៥ មេសា ប្រមុខ​ការទូតអាមេរិក​នឹង​ត្រឡប់​ទៅ​កាន់​ប្រទេស​ស៊ីលី​ជា​ថ្មី​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​លីម៉ា​ដែល​មាន​ប្រទេស​កាណាដា និង ១៣ប្រទេស​នៅ​អាមេរិកឡាទីន​ជា​សមាជិក។ វិបត្តិ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា និង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​អាមេរិកខាងត្បូង​ជា​ប្រធានរឿង​សំខាន់​នៃ​វត្តមាន​របស់​លោក Mike Pompeo នៅ​ក្នុង​តំបន់​ពេល​នេះ។

ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo និង​ប្រធានាធិបតី​ស៊ីលី​លោក Sebastian Pinera
ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo និង​ប្រធានាធិបតី​ស៊ីលី​លោក Sebastian Pinera Reuters
ផ្សាយពាណិជ្ជកម្ម

លោក Mike Pompeo បាន​និយាយ​ច្រើន​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ស៊ីលី Sebastian Pinera លោក Pomopeo បាន​ដឹងគុណ និង​អរគុណ​លោក Pinera ដែល​មាន​ចិត្ត​មនុស្សធម៌ និង​ការ​អាណិតអាសូរ​ចំពោះ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដែល​បាន​រត់​ភៀសខ្លួន​គេច​ពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ សព្វថ្ងៃ​នេះ មាន​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ប្រមាណ​ជា ៣០០ ០០០នាក់​កំពុង​រស់នៅ​លើ​ទឹកដី​ស៊ីលី។ ទន្ទឹម​គ្នា​នេះ ប្រមុខ​ការទូត​អាមេរិក​មិន​ភ្លេច​សាទរ​លើ​ជំហរ​របស់​ប្រធានាធិបតី​ស៊ីលី​ដែល​បាន​ជួយ​អាមេរិក​ក្នុង​ការ​បន្ត​ដាក់​គំនាប​លើ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូ​ឲ្យ​នៅ​ឯកោ ហើយ​បាន​ខ្នះខ្នែង​ឲ្យ​មាន​ការ​គាំទ្រ​លើ​លោក​ហ្កាយដូ​ដែល​ជា​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ប្រកាស​ដោយ​ខ្លួន​ឯង។

តែ​ទោះ​បី​ជា​អាមេរិក និង​ស៊ីលី​មាន​ជំហរ​ប្រឆាំង​នឹង​លោក​ម៉ាឌូរ៉ូ និង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របបដឹកនាំ​សព្វថ្ងៃ​នៅ​វ៉េណេស៊ុយអេឡា​ក៏​ដោយ ក៏​អាមេរិក និង​ស៊ីលី​បន្ត​យល់​ឃើញ​មិន​ដូច​គ្នា​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​វ៉េណេស៊ុយអេឡា​ដែរ។ ទីក្រុង​វ៉ាស៊ីតោន​ធ្លាប់​បាន​ប្រាប់​ពី​វិធានការ​គ្រប់​យ៉ាង រួម​ទាំង​ការ​ប្រើ​កម្លាំងទ័ព​ដើម្បី​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ចេញ​ពី​អំណាច។ តែ​ស៊ីលី​មិន​ចង់​ឲ្យ​មាន​ការ​ប្រើ​កម្លាំងបាយ ហើយ​បន្ត​ទាមទារ​ឲ្យ​ដោះស្រាយ​វិបត្តិ​តាម​ផ្លូវនយោបាយ និង​ដោយ​សន្តិវិធី។ ជំហរ​ដដែល​នេះ​ត្រូវ​បាន​លោក Pinera បញ្ជាក់​ប្រាប់​លោក Pompeo ជា​ថ្មី។ លោក Pinera បាន​បន្ថែម​ថា ជំហរ​ចង់​ដោះស្រាយ​វិបត្តិ​វ៉េណេស៊ុយអេឡា​ដោយ​សន្តិវិធី​មិនមែន​ជា​ជំហរ​អត្តនោម័តិ​របស់​លោក​ម្នាក់​ឯង​ទេ តែ​ក៏​ជា​ជំហរ​ដែល​ត្រូវ​បាន​ចែក​រំលែក ទទួល​យក​ពី​ប្រទេស​ផ្សេង​នៅ​ក្នុង​ក្រុម​លីម៉ា​ដែរ។

ក្រុមលីម៉ា​បន្ត​រក្សា​ជំហរ​សន្តិវិធី​សម្រាប់​វិបត្តិ​វ៉េណេស៊ុយអេឡា

ក្រុម​លីម៉ា​ត្រូវ​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ ទី១៥ មេសា​នៅ​ក្នុង​ប្រទេស​ស៊ីលី។ លោក Mike Pompeo ដែល​ត្រូវ​បន្ត​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ប៉ារ៉ាហ្កាយ ប៉េរូ និង​បញ្ចប់​នៅ​ប្រទេស​កូឡុំប៊ី​នា​ថ្ងៃ​អាទិត្យ ទី១៤ មេសា​នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ស៊ីលី​ជា​ថ្មី​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​លីម៉ា។ នា​ឱកាស​នោះ លោក Pompeo អាច​នឹង​និយាយ​បន្ត​និយាយ​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​អាមេរិកឡាទីន​ឲ្យ​ទទួល​យក​ជំហរ​អាមេរិក​ក្នុង​ការ​ប្រើ​កម្លាំងទ័ព​ដើម្បី​ទម្លាក់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​ម៉ាឌូរ៉ូ នោះ​បើ​ទោះ​បី​ជា​លោក​ដឹង​ថា សមាជិក​ក្នុង​ក្រុម​លីម៉ា​ដែល​មាន​ប្រទេស​កាណាដា និង ១៣ប្រទេស​នៅ​អាមេរិកឡាទីន មាន​ជាង​ពាក់កណ្តាល​បាន​បន្ត​គាំទ្រ​លើ​ជំហរ​របស់​ប្រធានាធិបតី​ស៊ីលី​លោក Pinera ក៏​ដោយ។

ក្រៅ​ពី​មតិ​ជាង​ពាក់កណ្តាល​នៃ​ក្រុម​លីម៉ា ជំហរ​ទម្លាក់​ការ​គាំទ្រ​លើ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូ រួច​ងាយ​ទៅ​គាំទ្រ​លោក​ហ័ន ហ្កាយដូ​ដែល​ជា​ប្រធានាធិបតី​ប្រកាស​ដោយ​ខ្លួន​ឯង​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​ដែរ។ ដូច្នេះ​នៅ​ចំពោះ​មុខ ប្រមុខ​ការទូត​អាមេរិក​លោក Pompeo ប្រហែល​ជា​ពិបាក​និយាយ​បញ្ចុះបញ្ចូល​សមាជិក​នៃ​ក្រុម​លីម៉ា​ឲ្យ​ទទួល​យក​នូវ​ជំហរ​របស់​អាមេរិក​ដែល​ពួក​គេ​ធ្លាប់​បាន​ច្រាន​ចោល​កន្លង​មក។ អ្វី​ដែល​ក្រុម​លីម៉ា និង​អាមេរិក​អាច​សម្រេច​បាន​នា​ពេល​ខាង​មុខ គឺ​ការ​បន្ត​ដាក់​គំនាប​លើ​លោក​នីកូឡា ម៉ាឌូរ៉ូ។ តែ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា អ្វីៗ​អាច​មាន​ការ​ផ្លាស់ប្តូរ​ដោយ​អាស្រ័យ​លើ​ស្ថានការណ៍​ប្រែប្រួល​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​នា​ពេល​ខាង​មុខ។

គួរ​រម្លឹក​ជូន​ថា វ៉េណេស៊ុយអេឡា​ដែល​ជា​ប្រទេស​ជង្រុកប្រេងឆៅ​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ ពលរដ្ឋ​សឹង​ពេញ​ប្រទេស​ខ្វះ​សព្វគ្រប់ ហើយ​ទំនិញ​គ្រប់​សាពើ​មាន​តម្លៃ​កប់ពពក។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាឌូរ៉ូ​នៅ​បន្ត​ក្រអឺតក្រទម​ដោយ​មិន​ខ្ចី​ទទួល​យក​ជំនួយ​មនុស្សធម៌​ពី​ប្រទេស​ខ្លះ ពិសេស​ជំនួយ​មក​ពី​សហរដ្ឋអាមេរិក។ ប្រទេស​សមាជិក​ភាគ​ច្រើន​ក្នុង​ក្រុម​លីម៉ា​បាន​យល់​ឃើញ​ថា ទោះ​បី​ជា​គ្មាន​អន្តរាគមន៍​ពី​បរទេស​ដើម្បី​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ក៏​ដោយ​ក៏​ប្រធានាធិបតី​រូប​នេះ​នឹង​ត្រូវ​ពលរដ្ឋ​ខ្លួន​ឯង​ទម្លាក់​ចេញ​នៅ​ថ្ងៃ​ណា​មួយ​ដែរ ព្រោះ​វ៉េណេស៊ុយអេឡា​បាន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​មួយ​ដែល​លោក​ម៉ាឌូរ៉ូ​លែង​មាន​សមត្ថភាព​ក្នុង​ការ​ស្រោចស្រង់​ទេ។

វ៉េណេស៊ុយអេឡា​ត្រូវ​ការ​ពេល​យ៉ាង​តិច ១០ឆ្នាំ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ

លោក Alejandro Werner នាយក IMF សម្រាប់​តំបន់​អាមេរិកឡាទីន​បាន​ថ្លែង​ថា វ៉េណេស៊ុយអេឡា​បាន​ស្គាល់​ស្ថានការណ៍​សេដ្ឋកិច្ច​អាក្រក់​ជាង​ការ​ប្រមើលមើល​ទុក​របស់ IMF ទៅ​ទៀត​សម្រាប់​ឆ្នាំ ២០១៩។ តាម​លោក Werner ផលិតផល​សរុប​ក្នុង​ស្រុក​របស់​វ៉េណេស៊ុយអេឡា​ក្នុង​ឆ្នាំ ២០១៩ នឹង​ធ្លាក់​ចុះ​ចំនួន ២៥% អត្រា​អ្នក​អត់​ការងារធ្វើ​កើន​ជាង ៤៤% ហើយ​អត្រា​អតិផរណា​ឡើង​ដល់ ១០ ០០០ ០០០%។ មាន​ការ​លើក​ឡើង​ថា ការ​ទិញ ដូរ​ទំនិញ​ខ្លះ​ត្រូវ​បាន​ទូទាត់​ដោយ​ថ្លឹង​លុយ ពោល​មិនមែន​រាប់​លុយ​ទេ ព្រោះ​វា​ច្រើន​ពេក។ វ៉េណេស៊ុយអេឡា​ដែល​ជា​ប្រទេស​ជង្រុក​ប្រេងឆៅ និង​ពឹង​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ធនធាន​ធម្មជាតិ​មួយ​នេះ​នឹង​អាច​ស្គាល់​ផលិតកម្ម​ប្រេងឆៅ​ធ្លាក់​ចុះ​ដល់​ទៅ ៦០០ ០០០បារីល​ក្នុង ១ថ្ងៃ។

លោក Werner បាន​បញ្ជាក់​ត្រង់ៗ​ថា បញ្ហា​នៅ​វ៉េណេស៊ុយអេឡា​ជា​បញ្ហា​មនុស្សធម៌ ព្រោះ​ប្រព័ន្ធ​សេដ្ឋកិច្ច​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ហើយ​តាម​បទពិសោធន៍​ដែល IMF ធ្លាប់​បាន​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​ផ្សេង​ស្រដៀង​គ្នា​នឹង​វ៉េណេស៊ុយអេឡា​នោះ​គឺ​ថា គេ​ត្រូវ​ការ​ពេល​តិច​បំផុត ១០ឆ្នាំ ហើយ​មាន​ប្រទេស​ខ្លះ​បាន​ប្រើ​ពេល​ច្រើន​ជាង​នេះ​ដើម្បី​ឲ្យ​ស្ថានការណ៍​សេដ្ឋកិច្ច​ស្គាល់​ភាព​ប្រក្រតី​ឡើង​វិញ។ តែ​លោក Werner បាន​ទទួល​ស្គាល់​ពី​សក្តានុពល​ដែល​បណ្តា​ប្រទេស​នៅ​អាមេរិកឡាទីន​មាន ធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​ផ្សេង។ សក្តានុពល​នោះ គឺ​ប្រេងឆៅ​ដែល​ជា​សម្បត្តិ​ធម្មជាតិ​ក្រោម​ដី និង​ដែល​បណ្តា​ប្រទេស​ទាំង​នោះ​យក​ធ្វើ​ជា​ដើមទុន​ដើម្បី​​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​បាន​ឆាប់​រហ័ស។ លោក Werner មិន​បាន​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដែល​វ៉េណេស៊ុយអេឡា​ត្រូវ​ការ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ទេ។ តែ​មាន​ការ​លើក​ពី​ចំនួន​ទឹកប្រាក់ ៨០ ០០០លានដុល្លារ​ដែល​ប្រទេស​វ៉េណេស៊ុយអេឡា​ត្រូវ​ការ​ចំណាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ