អានតួអត្ថបទ
អាមេរិក-យន្តហោះ

អាមេរិក៖​ការ​ហោះហើរ​សាកល្បង​លើកទី១ ដោយ​ជោគជ័យ​របស់​យន្តហោះ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក

នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន Stratolaunch បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី១៣ មេសា​ពី​ការ​ហោះហើរ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​យន្តហោះ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក។ ការ​ហោះ​សាកល្បង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពី​លើ​វាលរហោឋាន​នៃ​រដ្ឋ California។ យន្តហោះ Stratolaunch នេះ​មាន​សន្ធឹង​ស្លាប​វែង​ជាង​ជិត​ពាក់កណ្តាល​នៃ​សន្ធឹង​ស្លាប​របស់​យន្តហោះ Airbus A៣៨០ មាន​តួខ្លួន​ចំនួន​ពីរ និង​មាន​បំពាក់​ដោយ​ម៉ាស៊ីន​របស់​យន្តហោះ​ប៊ូអ៊ីង ៧៤៧ ចំនួន ៦គ្រឿង។

នៅ​អាមេរិក ​ការ​ហោះហើរ​សាកល្បង​លើកទី១ ដោយ​ជោគជ័យ​របស់​យន្តហោះ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក
នៅ​អាមេរិក ​ការ​ហោះហើរ​សាកល្បង​លើកទី១ ដោយ​ជោគជ័យ​របស់​យន្តហោះ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត​ទៅ យន្តហោះ Stratolaunch ជា​យន្តហោះ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក ពោល​ធំ​ជាង​យន្តហោះ A៣៨០។ ស្លាប​របស់​វា​មាន​ប្រវែង ១១៧ម៉ែត្រ ពោល​វែង​ជាង​ស្លាប A៣៨០ ដែល​មាន​ប្រវែង​តែ ៧៩,៧៥ម៉ែត្រ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ និង​ខុស​ពី A៣៨០ ដែល​ជា​យន្តហោះ​ដឹកអ្នកដំណើរ យន្តហោះ Stratolaunch ជា​ប្រភេទ​យន្តហោះ​ដែល​គេ​យក​ទៅ​ប្រើ​នៅ​ក្នុង​វិស័យ​អវកាស។ តាម​ក្រុមហ៊ុន Stratolaunch គេ​ប្រើ​យន្តហោះ​នោះ​សម្រាប់​នាំ​កាំជ្រួចខា្នតតូច​ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីន និង​ផ្កាយរណប​ទៅ​ទម្លាក់​នៅ​ក្នុង​លំហ​អាកាស។ ក្រោយ​ពី​យន្តហោះ​បាន​ទម្លាក់​កាំជ្រួចខ្នាតតូច​នៅ​ក្នុង​លំហ​អាកាស កាំជ្រួចខ្នាតតូច​នោះ​នឹង​ប្រើ​ម៉ាស៊ីន​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ដើម្បី​នាំ​ផ្កាយរណប​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី។

គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ ការ​នាំ​ផ្កាយរណប​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​បាញ់​បញ្ជូន​កាំជ្រួច​ចេញ​ពី​ស្ថានីយ៍​ផ្ទាល់ដី​មួយ​ត្រង់​ទៅ​លើ។ តែ​ជាមួយ​នឹង​យន្តហោះ Stratolaunch ការ​នាំ​ផ្កាយរណប​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​មាន​លក្ខណៈ​ងាយស្រួល មិន​សុំាញុំា ព្រោះ​គេ​ត្រូវ​ការ​តែ​ផ្លូវ​មាន​ទទឹង​ធំ​សម្រាប់​ឲ្យ​យន្តហោះ​នោះ​ហោះ​ឡើង។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី១៤ មេសា ក្រុមហ៊ុន​ Stratolaunch បាន​ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ហោះ​សាកល្បង​ថា យន្តហោះ​បាន​ហោះ​ក្នុង​ល្បឿន​អតិបរមា ៣០៤គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អាច​ហោះ​ក្នុង​កម្ពស់​ដល់​ទៅ ៥ ១៨២ម៉ែត្រ និង​បាន​ស្ថិត​ក្នុង​អាកាស​រយៈពេល ២ម៉ោង និង​៣០នាទី។

គួរ​បញ្ជាក់​ថា លោក Paul Allen សហស្ថាបនិក​ក្រុមហ៊ុន Microsoft ជា​អ្នក​ចំណាយ​លុយ​ដើម្បី​ផលិត​យន្តហោះ Stratolaunch។ គោលដៅ​របស់​លោក Allen គឺ​បង្កើត​ទីផ្សារ​អវកាស​ថ្មី​ស្តីពី​ការ​នាំ​ផ្កាយរណប​ខ្នាត​តូច​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី។ តែ​មរណភាព​របស់​លោក Allen ក្នុង​ខែ​តុលា ឆ្នាំ ២០១៨ កំពុង​ធ្វើ​ឲ្យ​អនាគត​នៃ​ទីផ្សារ​អាវកាស​មួយ​នេះ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ