សំណុំរឿងរុស្ស៊ី៖ របាយការណ៍របស់រដ្ឋអាជ្ញាពិសេសគ្មានដាក់បន្ទុកលើលោកដូណាល់ត្រាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៩
របាយការណ៍ស៊ើបអង្កេត របស់រដ្ឋអាជ្ញាពិសេស អាមេរិក ទាក់ទងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានចេញផ្សាយជាសាធារណៈ។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អាមេរិកបានបញ្ជូន របាយការណ៍កម្រាស ៤៤៨ទំព័រ ដែលជាលទ្ធផលនៃការស៊ើបអង្កេត ជិត ២ឆ្នាំរបស់រដ្ឋអាជ្ញាពិសេស ទៅឲ្យសភាអាមេរិក។ ចំណុចសំខាន់២ ដែលរដ្ឋអាជ្ញាពិសេស លោកRobert Muellerបានសន្និដ្ឋាននៅក្នុងរបាយការណ៍ គឺ ក្រុមឃោសនារបស់លោកដូណាល់ត្រាំ មិនធ្វើការសហការជាមួយរដ្ឋាភិបាលរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយ លោកប្រធានាធិបតី ដូណាល់ ត្រាំក៏មិនបានរារាំងដំណើរការស៊ើបអង្កេតរបស់តុលាការ។
របាយការណ៍ស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស អាមេរិក ក្នុងសំណុំរឿងលូកដៃរបស់រុស្ស៊ី ដែលគេទន្ទឹងរង់ចាំអស់ពេលជាយូរ ត្រូវបានក្រសួងយុត្តិធម៌អាមេរិកចេញផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ទី ១៩ មេសា។ កាលពីទី ២៤ខែមីនា នៅបន្ទាប់ពីបានទទួលរបាយការណ៍ ពីរដ្ឋអាជ្ញាពិសេស លោក Bill Barr រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកធ្លាប់បានលើកឡើងពីរបាយការណ៍ដែលទាញសេចក្តីសន្និដ្ឋានថា លោកដូណាល់ ត្រាំ គ្មានជាប់ទាក់ទងនឹងការលូកដៃរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ហើយប្រធានាធិបតី អាមេរិក ក៏មិនបានរារាំងដំណើរការស៊ើបអង្កេតរបស់តុលាការ ដូចការចោទប្រកាន់ដែរ។
នៅក្នុងរបាយការណ៍ ចេញផ្សាយជាសាធារណរៈ គេឃើញមានចំណុចមួយចំនួន ដែលដូចគ្នា ទៅនឹងការអះអាងកន្លងមករបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នោះ គឺលោករដ្ឋអាជ្ញាពិសេស បានសន្និដ្ឋានថា លោកដូណាល់ ត្រាំ គ្មានជាប់ទាក់ទង នឹងសំណុំរឿងលូកដៃរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០១៦។ តាម លោកRobert Mueller រដ្ឋអាជ្ញាពិសេស រុស្ស៊ី បានលូកដៃ ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក តាមរយៈ យុទ្ធនាការផ្សព្វផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះ របស់លោកស្រី ហ៊ីឡារី គ្លីនតុន ដែលជាគូប្រជែងរបស់លោកដូណាល់ ត្រាំ។ ប៉ុន្តែ ក្រុមស៊ើបអង្កេត មិនបានរកឃើញភស្តុតាង ដែលបញ្ជាក់ថា ក្រុមឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ មានជាប់ទាក់ទង សហការចាប់ដៃ ជាមួយភាគីរុស្ស៊ី ដើម្បីទាញយកប្រយោជន៍ឆ្នោតនោះទេ។
មួយវិញទៀត នៅក្នុងរឿង ចោទប្រកាន់ ដែលថា លោកដូណាល់ ត្រាំ រារាំងដំណើរការស៊ើបអង្កេតរបស់តុលាការ រដ្ឋអាជ្ញាពិសេស លោកRobert Mueller ក៏បានសនិ្នដ្ឋានដែរថា លោកដូណាល់ ត្រាំ មិនបានប្រព្រឹត្តបទឧក្រិដ្ឋដូចការចោទប្រកាន់។
ជ័យជំនះទាំងស្រុង សម្រាប់លោកដូណាល់ ត្រាំ
នៅថ្ងៃព្រហស្បតិ៍ ក្រុមអ្នកច្បាប់របស់លោកដូណាល់ ត្រាំ ចាត់ទុក ការចេញផ្សាយខ្លឹមសារ របាយការណ៍របស់រដ្ឋអាជ្ញាពិសេស ថា ជាជ័យជំនះទាំងស្រុងសម្រាប់លោកដូណាល់ ត្រាំ។ លោកត្រាំ ដែលបានចាត់ទុកការស៊ើបអង្កេតទៅលើការលូកដៃរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ថា ជាការប្រមាញ់មេធ្មប់ បង្កឡើងដោយក្រុមបក្សប្រឆាំង ដែលស្អប់និន្ទាររូបលោក បានសរសេរនៅក្នុងសារTwitter នៅថ្ងៃព្រហស្បតិ៍ថា “ល្បែងចប់ហើយ”។
នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ គឺជាលើកដំបូង ដែលគេបានអាន ដោយផ្ទាល់ភ្នែក សេចក្តីសន្និដ្ឋាន ជាលាយល័ក្ខអក្សររបស់រដ្ឋអាជ្ញាពិសេស នៅក្នុងរបាយការណ៍ ស៊ើបអង្កេតទៅលើសំណុំរឿងលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតអាមេរិក ដែលមានជាប់ទាក់ទិនលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នៅក្នុងសេចក្តី សន្និដ្ឋាន លោករដ្ឋអាជ្ញាពិសេសបានសរសេរថា “ភស្តុតាងស្តីពីសកម្មភាព និងបំណងរបស់ប្រធានាធិបតីដែលក្រុមស៊ើបអង្កេតប្រមូលបាន សំបូរទៅចំណុចលំបាកជាច្រើន ដែលមិនអាចឲ្យក្រុមស៊ើបអង្កេតសន្និដ្ឋាន ប្រធានាថិបតី បានប្រព្រឹត្តបទឧក្រិដ្ឋ។ ជាលទ្ធផល បើទោះបីជារបាយការណ៍មិនសន្និដ្ឋានថា ប្រធានាធិបតី ប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែ របាយការណ៍ក៏មិនបានលើកលែងដែរ”។
របាយការណ៍របស់រដ្ឋអាជ្ញាពិសេស បានលើកឡើងពីចំណុចជាច្រើន ដែលដាក់មន្ទិលសង្ស័យទៅលើជំហររបស់ប្រធានាធិបតីអាមេរិក ដូចជា ការដកតំណែងប្រធានប៉ូលិស FBI លោកComey ដែលមិនព្រមឈប់ស៊ើបអង្កេតលើលោកMichael Flynn មនុស្សស្និទ្ធនឹងលោក ត្រាំ។
របាយការណ៍របស់រដ្ឋអាជ្ញាពិសេសបង្ហាញដែរថា លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយចង់ឲ្យគេដកលោកRobert Mueller ពីតំណែងរដ្ឋអាជ្ញាពិសេស។ ដើម្បីដកលោកRobert Mueller លោកត្រាំ បានបញ្ជាឲ្យទីប្រឹក្សាផ្នែកច្បាប់របស់លោក ម្នាក់ ចេញមុខ ប្រកាស ពីអសមត្ថភាពរបស់លោកRobert Mueller ប៉ុន្តែ ទីប្រឹក្សាច្បាប់របស់លោក បដិសេធមិនធ្វើតាម ដោយសារតែខ្លាចកើតមានរឿងរ៉ាវ ដូចឆ្នាំ ១៩៧៣ ដែលនៅពេលនោះ ប្រធានាធិបតី Nixon ត្រូវប្រឈមនឹងការបោះឆ្នោតទម្លាក់ចេញពីតំណែង នៅក្រោយ សម្រេចដកតំណែងរដ្ឋអាជ្ញាពិសេស ដែលស៊ើបអង្កេតលើសំណុំរឿង Watergate។
នៅក្នុងរបាយការណ៍ គេបានសរសេរថា នៅពេលលឺអតីតរដ្ឋមន្រ្តីយុត្តិធម៌ ប្រកាសជ្រើសតាំងលោកRobert Mueller ឲ្យធ្វើជារដ្ឋអាជ្ញាពិសេស លោកដូណាល់ ត្រាំ បានភ្លាត់មាត់ ថា “ព្រះជាម្ចាស់។ នេះជារឿងដ៏អាក្រក់បំផុត។ នេះជាការបិទបញ្ចប់អាណត្តិប្រធានាធិបតីរបស់ខ្ញុំហើយ”។ នៅក្នុងការស៊ើបអង្កេតជិត ២ឆ្នាំ លោករដ្ឋអាជ្ញាពិសេស ពិនិត្យមើលលើសកម្មភាព១០យ៉ាងរបស់លោកប្រធានាធិបតី ដែលអាចទាក់ទងនឹងបទឧក្រិដ្ឋ រំខានប្រព័ន្ធតុលាការ។ របាយការណ៍បង្ហាញដែរថា ការប៉ុនប៉ងបំផ្លាញ ដំណើរការស៊ើបអង្កេត ពីសំណាក់លោកប្រធានាធិបតី បានបរាជ័យទៅវិញ ដោយសារតែមានការជំទាស់ពីមន្រ្តី ទីប្រឹក្សាជុំវិញ លោកដូណាល់ ត្រាំ។
លោក Robert Mueller បង្វែរសំណុំរឿងស៊ើបអង្កេតទៅលើការរារាំងប្រព័ន្ធតុលាការ ទៅឲ្យសភា
លោករដ្ឋអាជ្ញាពិសេស Robert Mueller សន្និដ្ឋានថា លោកដូណាល់ ត្រាំ មិនបានរារាំងប្រព័ន្ធតុលាការ ប៉ុន្តែ លោកក៏បានបញ្ជាក់ថា លោកដូណាល់ ក៏មិនបានរួចផុតពីការសង្ស័យដែរ។ តាមអ្នកជំនាញខ្លះ ជំហររបស់លោករដ្ឋអាជ្ញាពិសេស អាចទាក់ទងនឹងទម្លាប់ប្រពៃណីរបស់អាមេរិក ដែលហាមមិនឲ្យក្រសួងយុត្តិធម៌ ចោទប្រកាន់ ប្តឹងប្រធានាធិបតីដែលកំពុងកាន់តំណែង។
មួយវិញទៀត ដោយលើកឡើងពីសកម្មភាព មិនប្រក្រតីជាច្រើនរបស់លោកដូណាល់ ត្រាំ ដូចជារឿង ដកមេប៉ូលិស FBI ឬការបញ្ជាឲ្យដកតំណែងរបស់លោកផ្ទាល់នោះ លោកRobert Muellerហាក់ចង់បញ្ជូនសំណុំរឿងនេះ ទៅសភាវិញ ដែលបើតាមរូបលោក មានសិទ្ធិអំណាចធម្មនុញ្ញ សមត្ថភាពតាមផ្លូវច្បាប់ ដើម្បីកំណត់ថា តើលោកប្រធានាធិបតីមានបានរារាំងប្រព័ន្ធតុលាការដែរឬទេ។
របាយការណ៍ បង្ហាញថា លោកដូណាល់ ត្រាំ គ្មានជាប់ពាក់ព័ន្ធនឹងរឿងលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតអាមេរិក ហើយរដ្ឋអាជ្ញាមិនអាចសរុបសេចក្តីថា លោកដូណាល់ ត្រាំ បានបំផ្លាញ ដំណើរការស៊ើបអង្កេតរបស់តុលាការទៀត។ អាចនិយាយបានថា របាយការណ៍លើកនេះ បានជួយលាងមុខមាត់របស់លោកដូណាល់ ត្រាំ ឲ្យស្អាតស្អំ រួចផុតពីការចោទប្រកាន់
សម្រាប់ក្រុមអ្នកច្បាប់របស់លោកដូណាល់ ត្រាំ របាយការណ៍ របស់រដ្ឋអាជ្ញាពិសេសបានជួយលាងមុខមាត់របស់លោកដូណាល់ ត្រាំឲ្យស្អាតស្អំ រួចផុតពីការចោទប្រកាន់។ ប៉ុន្តែ ទោះជានៅក្នុងរបាយការណ៍ លោករដ្ឋអាជ្ញាពិសេសបានសន្និដ្ឋាន ថា លោកត្រាំ មិនបានរារាំងដំណើរការស៊ើបអង្កេតរបស់តុលាការមែន ប៉ុន្តែ ក្រុមបក្សប្រឆាំង ដែលមានសំឡេងភាគច្រើននៅសភាអ្នកតំណាង អាចយកចំណុចជាច្រើន ដែលលោកRobert Mueller បានសរសេរនៅក្នុងរបាយការណ៍ ដើម្បី យកទៅប្រើជាភស្តុតាងបន្ថែម សម្រាប់ស៊ើបអង្កេតប្រឆាំងលោកដូណាល់ ត្រាំ។ ប្រធានសភាអ្នកតំណាងមកពីគណបក្សប្រជាធិបតេយ្យ បានអះអាងរួចហើយ ថាចង់កោះហៅ លោកRobert Mueller ទៅពន្យល់លម្អិតនៅសភា ឲ្យបានមុនថ្ងៃទី ២៣ឧសភា។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក៏មិនបានជំទាស់នឹងការទាមទាររបស់មេបក្សប្រឆាំងនៅសភាដែរ។
នៅថ្ងៃព្រហស្បតិ៍ ប្រធានក្រុមរបស់បក្សប្រឆាំង គណបក្សប្រជាធិបតេយ្យ នៅសភា និងព្រឹទ្ធសភាបានចោទប្រកាន់រិះគន់ រដ្ឋមន្រ្តី យុត្តិធម៌ ថា ដើរតួជាមេធាវី របស់លោកដូណាល់ ត្រាំ ជាជាង អ្នកតំណាងយុត្តិធម៌របស់ប្រជាជនអាមេរិក។ នៅថ្ងៃព្រហស្បតិ៍ លោកBill Barr បានធ្វើសន្និសីទកាសែតនៅមួយម៉ោងកន្លះមុន ការចេញផ្សាយជាសាធារណៈ របាយការណ៍សន្និដ្ឋានរបស់លោកRobert Mueller។
នៅក្រោយចេញរបាយការណ៍ របស់រដ្ឋអាជ្ញាពិសេស ដែលហាក់លាងជម្រះមន្ទិលសង្ស័យទៅលើលោកដូណាល់ ត្រាំយ៉ាងដូច្នេះ គណបក្សប្រជាធិបតេយ្យ ហាក់ដូចជាបាត់កម្លាំងថាមពល ម្យ៉ាង ព្រោះថា បក្សប្រឆាំង ធ្លាប់បានសង្ឃឹមគិតទុកថា លទ្ធផល របាយការណ៍ របស់រដ្ឋអាជ្ញាពិសេស នឹងអាចជួយឲ្យគេអាចបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ ក្នុងករណីគេរកឃើញថា លោកត្រាំ រារាំង ប្រព័ន្ធតុលាការ។
នៅពេលការបោះឆ្នោតប្រធានាធិបតី កាន់តែខិតចូលមកដល់ទៀតយ៉ាងដូច្នេះ គណបក្សប្រជាធិបតេយ្យ មានតែប្រើយុទ្ធសាស្រ្តចុងក្រោយ។ បក្សប្រឆាំងនឹងមិនជំរុញឲ្យមានការបោះឆ្នោតទម្លាក់ លោកត្រាំនៅពេលនេះទេទេ ប៉ុន្តែ គេនឹងធ្វើយុទ្ធនាការ បន្ត បំបាក់មុខមាត់ របស់លោកដូណាល់ ត្រាំ តាមរយៈ ការបើកស៊ើបអង្កេតដើម្បី បញ្ជាក់ថា លោកត្រាំពិតជាមានចេតនាមិនល្អ លូកដៃ រារាំង ប្រព័ន្ធតុលាការ ពោល គឺធ្វើយ៉ាងណា ឲ្យលោកដូណាល់ ត្រាំ មានជាប់របួស ស្នាម រហូតដល់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ ២០២០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ