អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សំណុំរឿង​រុស្ស៊ី៖ របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេសគ្មាន​ដាក់​បន្ទុកលើ​លោកដូណាល់​ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​ស៊ើបអង្កេត របស់​រដ្ឋអាជ្ញាពិសេស អាមេរិក ទាក់ទង​នឹងលោក​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ អាមេរិក​បានបញ្ជូន​ របាយការណ៍​កម្រាស ៤៤៨ទំព័រ ដែល​ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត ជិត ២ឆ្នាំ​របស់​រដ្ឋអាជ្ញាពិសេស ទៅ​ឲ្យ​សភាអាមេរិក។ ចំណុច​សំខាន់​២ ដែល​រដ្ឋអាជ្ញាពិសេស លោកRobert Mueller​បាន​សន្និដ្ឋាន​នៅក្នុង​របាយការណ៍ គឺ ក្រុមឃោសនា​របស់​លោកដូណាល់​ត្រាំ មិនធ្វើការ​សហការ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ហើយ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ក៏​មិនបាន​រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ។ 

របាយការណ៍​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស ដែល​ត្រូវ​ចេញផ្សាយ​ជា​សាធារណៈ នៅថ្ងៃទី ១៨​មេសា ២០១៩
របាយការណ៍​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស ដែល​ត្រូវ​ចេញផ្សាយ​ជា​សាធារណៈ នៅថ្ងៃទី ១៨​មេសា ២០១៩ © REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស អាមេរិក ក្នុង​សំណុំរឿង​លូកដៃ​របស់​រុស្ស៊ី ដែល​គេទន្ទឹង​រង់ចាំ​អស់​ពេល​ជាយូរ ត្រូវ​បានក្រសួង​យុត្តិធម៌​អាមេរិក​ចេញផ្សាយ​ជា​សាធារណៈ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី ១៩ មេសា។ កាល​ពីទី ២៤​ខែ​មីនា នៅបន្ទាប់ពីបាន​ទទួល​របាយការណ៍ ពី​រដ្ឋអាជ្ញាពិសេស លោក​ Bill Barr រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​ធ្លាប់​បាន​លើកឡើង​ពី​របាយការណ៍​ដែលទាញ​សេចក្តីសន្និដ្ឋាន​ថា លោក​ដូណាល់ ត្រាំ គ្មាន​ជាប់ទាក់ទង​នឹង​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៦ ហើយ​ប្រធានាធិបតី អាមេរិក ក៏​មិន​បាន​រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់តុលាការ ដូច​ការចោទប្រកាន់​ដែរ។

នៅ​ក្នុង​របាយការណ៍ ចេញផ្សាយ​ជា​សាធារណរៈ  គេ​ឃើញ​មាន​ចំណុច​មួយចំនួន ដែល​ដូចគ្នា ទៅ​នឹង​ការអះអាង​កន្លងមក​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ នោះ គឺ​លោក​រដ្ឋអាជ្ញា​ពិសេស បាន​សន្និដ្ឋាន​ថា លោក​ដូណាល់ ត្រាំ គ្មាន​ជាប់ទាក់ទង នឹង​សំណុំរឿង​លូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០១៦។ តាម លោក​Robert Mueller រដ្ឋអាជ្ញាពិសេស រុស្ស៊ី បាន​លូកដៃ ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក តាមរយៈ យុទ្ធនាការ​ផ្សព្វផ្សាយ បង្ខូច​កេរ្តិ៍ឈ្មោះ របស់​លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​ជា​គូប្រជែងរបស់​លោកដូណាល់ ត្រាំ។ ប៉ុន្តែ ក្រុមស៊ើបអង្កេត មិន​បាន​រកឃើញ​ភស្តុតាង ដែល​បញ្ជាក់ថា ក្រុមឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ មានជាប់ទាក់ទង សហការចាប់ដៃ ជាមួយ​ភាគី​រុស្ស៊ី ដើម្បី​ទាញយក​ប្រយោជន៍​ឆ្នោត​នោះទេ។

មួយវិញទៀត នៅក្នុង​រឿង ចោទប្រកាន់ ដែលថា លោកដូណាល់ ត្រាំ រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ រដ្ឋអាជ្ញាពិសេស លោក​Robert Mueller ក៏បាន​សនិ្នដ្ឋាន​ដែរ​ថា លោក​ដូណាល់ ត្រាំ មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដូច​ការចោទប្រកាន់។

ជ័យជំនះ​ទាំងស្រុង​ សម្រាប់​លោកដូណាល់ ត្រាំ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នកច្បាប់​របស់​លោកដូណាល់ ត្រាំ ចាត់ទុក ការចេញផ្សាយ​ខ្លឹមសារ របាយការណ៍​របស់​រដ្ឋអាជ្ញាពិសេស ថា ជា​ជ័យជំនះ​ទាំងស្រុង​សម្រាប់​លោកដូណាល់ ត្រាំ។ លោកត្រាំ ដែលបាន​ចាត់ទុក​ការស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ថា ជា​ការប្រមាញ់​មេធ្មប់ បង្កឡើង​ដោយ​ក្រុមបក្ស​ប្រឆាំង ដែល​ស្អប់​និន្ទារ​រូបលោក បាន​សរសេរ​នៅក្នុង​សារ​Twitter នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា “ល្បែង​ចប់ហើយ”។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ  គឺ​ជា​លើកដំបូង ដែល​គេ​បាន​អាន ដោយ​ផ្ទាល់​ភ្នែក សេចក្តី​សន្និដ្ឋាន ជា​លាយល័ក្ខ​អក្សរ​របស់​រដ្ឋអាជ្ញាពិសេស នៅក្នុង​របាយការណ៍ ស៊ើបអង្កេត​ទៅលើ​សំណុំរឿង​លូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​អាមេរិក ដែល​មាន​ជាប់​ទាក់ទិន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ នៅក្នុង​សេចក្តី សន្និដ្ឋាន លោក​រដ្ឋអាជ្ញា​ពិសេស​បាន​សរសេរ​ថា “ភស្តុតាង​ស្តីពី​សកម្មភាព និង​បំណង​របស់​ប្រធានាធិបតី​ដែល​ក្រុមស៊ើបអង្កេត​ប្រមូលបាន សំបូរ​ទៅចំណុច​លំបាក​ជាច្រើន ដែល​មិនអាច​ឲ្យ​ក្រុមស៊ើបអង្កេត​សន្និដ្ឋាន​ ប្រធានាថិបតី បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ ជា​លទ្ធផល បើទោះបី​ជា​របាយការណ៍​មិន​សន្និដ្ឋាន​ថា ប្រធានាធិបតី ប្រព្រឹត្ត​បទឧក្រិដ្ឋ ប៉ុន្តែ របាយការណ៍​ក៏​មិន​បាន​លើកលែង​ដែរ”។

របាយការណ៍​របស់​រដ្ឋអាជ្ញាពិសេស បាន​លើកឡើង​ពី​ចំណុច​ជា​ច្រើន ដែល​ដាក់​មន្ទិលសង្ស័យ​ទៅលើ​ជំហរ​របស់​ប្រធានាធិបតី​អាមេរិក ដូចជា ការដកតំណែង​ប្រធាន​ប៉ូលិស FBI លោក​Comey ដែល​មិនព្រម​ឈប់​ស៊ើបអង្កេត​លើ​លោក​Michael Flynn មនុស្ស​ស្និទ្ធ​នឹង​លោក ត្រាំ។

របាយការណ៍​របស់​រដ្ឋអាជ្ញាពិសេស​បង្ហាញ​ដែរ​ថា លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​និយាយ​ចង់ឲ្យ​គេ​ដក​លោក​Robert Mueller ពី​តំណែង​រដ្ឋអាជ្ញាពិសេស។ ដើម្បី​ដកលោក​Robert Mueller  លោកត្រាំ បាន​បញ្ជា​ឲ្យ​ទីប្រឹក្សាផ្នែក​ច្បាប់​របស់​លោក ម្នាក់ ចេញមុខ ប្រកាស ពី​អសមត្ថភាព​របស់​លោក​Robert Mueller ប៉ុន្តែ ទីប្រឹក្សា​ច្បាប់​របស់លោក បដិសេធ​មិនធ្វើតាម ដោយសារ​តែ​ខ្លាច​កើតមាន​រឿងរ៉ាវ ដូច​ឆ្នាំ ១៩៧៣ ដែលនៅពេលនោះ ប្រធានាធិបតី Nixon ត្រូវប្រឈម​នឹង​ការបោះឆ្នោត​ទម្លាក់ចេញពីតំណែង នៅក្រោយ សម្រេច​ដកតំណែង​រដ្ឋអាជ្ញាពិសេស ដែល​ស៊ើបអង្កេត​លើ​សំណុំរឿង Watergate។

នៅក្នុង​របាយការណ៍ គេ​បាន​សរសេរថា នៅពេល​លឺ​អតីត​រដ្ឋមន្រ្តី​យុត្តិធម៌ ប្រកាស​ជ្រើសតាំង​លោក​Robert Mueller ឲ្យ​ធ្វើ​ជា​រដ្ឋអាជ្ញាពិសេស លោកដូណាល់ ត្រាំ បាន​ភ្លាត់មាត់ ថា “ព្រះជាម្ចាស់។ នេះ​ជារឿង​ដ៏អាក្រក់​បំផុត។ នេះជាការបិទបញ្ចប់​អាណត្តិ​ប្រធានាធិបតី​របស់ខ្ញុំ​ហើយ”។ នៅក្នុង​ការស៊ើបអង្កេត​ជិត ២​ឆ្នាំ លោក​រដ្ឋអាជ្ញាពិសេស ពិនិត្យ​មើល​លើ​សកម្មភាព​១០​យ៉ាង​របស់​លោក​ប្រធានាធិបតី ដែល​អាច​ទាក់ទង​នឹង​បទឧក្រិដ្ឋ រំខាន​ប្រព័ន្ធ​តុលាការ។ របាយការណ៍​បង្ហាញដែរថា ការប៉ុនប៉ង​បំផ្លាញ ដំណើរការ​ស៊ើបអង្កេត ពីសំណាក់​លោកប្រធានាធិបតី បាន​បរាជ័យ​ទៅវិញ ដោយសារ​តែ​មាន​ការជំទាស់​ពី​មន្រ្តី ទីប្រឹក្សា​ជុំវិញ លោកដូណាល់ ត្រាំ។

លោក Robert Mueller បង្វែរ​សំណុំរឿង​ស៊ើបអង្កេត​ទៅលើ​ការរារាំង​ប្រព័ន្ធ​តុលាការ ទៅ​ឲ្យ​សភា

លោករដ្ឋអាជ្ញាពិសេស Robert Mueller ​សន្និដ្ឋានថា លោក​ដូណាល់ ត្រាំ មិន​បាន​រារាំង​ប្រព័ន្ធ​តុលាការ ប៉ុន្តែ លោក​ក៏​បាន​បញ្ជាក់ថា លោក​ដូណាល់ ក៏​មិនបាន​រួចផុត​ពីការសង្ស័យ​ដែរ។ តាម​អ្នកជំនាញ​ខ្លះ ជំហរ​របស់​លោក​រដ្ឋអាជ្ញាពិសេស អាច​ទាក់ទង​នឹង​ទម្លាប់​ប្រពៃណី​របស់​អាមេរិក ដែល​ហាមមិន​ឲ្យ​ក្រសួង​យុត្តិធម៌ ចោទប្រកាន់ ប្តឹង​ប្រធានាធិបតី​ដែលកំពុង​កាន់តំណែង។

មួយវិញទៀត ដោយ​លើកឡើង​ពី​សកម្មភាព មិន​ប្រក្រតី​ជា​ច្រើន​របស់​លោកដូណាល់ ត្រាំ ដូចជា​រឿង ដក​មេប៉ូលិស FBI ឬ​ការបញ្ជា​ឲ្យ​ដកតំណែង​របស់លោកផ្ទាល់នោះ លោក​Robert Mueller​ហាក់​ចង់​បញ្ជូន​សំណុំរឿង​នេះ ទៅ​សភាវិញ ដែល​បើតាមរូបលោក មានសិទ្ធិ​អំណាច​ធម្មនុញ្ញ សមត្ថភាព​តាម​ផ្លូវច្បាប់ ដើម្បី​កំណត់​ថា តើ​លោក​ប្រធានាធិបតី​មាន​បាន​រារាំង​ប្រព័ន្ធតុលាការ​ដែរ​ឬ​ទេ។

របាយការណ៍ បង្ហាញ​ថា លោកដូណាល់ ត្រាំ គ្មានជាប់ពាក់ព័ន្ធ​នឹង​រឿង​លូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​អាមេរិក ហើយ​រដ្ឋអាជ្ញា​មិន​អាច​សរុប​សេចក្តី​ថា លោក​ដូណាល់ ត្រាំ បានបំផ្លាញ ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការទៀត។ អាច​និយាយ​បាន​ថា របាយការណ៍​លើកនេះ បាន​ជួយ​លាងមុខមាត់​របស់​លោកដូណាល់ ត្រាំ ឲ្យ​ស្អាតស្អំ រួចផុត​ពី​ការចោទប្រកាន់

សម្រាប់​ក្រុមអ្នកច្បាប់​របស់លោកដូណាល់ ត្រាំ របាយការណ៍ របស់​រដ្ឋអាជ្ញា​ពិសេស​បានជួយ​លាងមុខមាត់​របស់​លោកដូណាល់ ត្រាំ​ឲ្យ​ស្អាតស្អំ រួចផុត​ពី​ការចោទប្រកាន់។ ប៉ុន្តែ ទោះជា​នៅក្នុង​របាយការណ៍ លោក​រដ្ឋអាជ្ញាពិសេស​បាន​សន្និដ្ឋាន ថា លោក​ត្រាំ មិនបាន​រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការមែន ប៉ុន្តែ ក្រុមបក្សប្រឆាំង ដែល​មាន​សំឡេង​ភាគច្រើន​នៅ​សភាអ្នកតំណាង អាច​យក​ចំណុច​ជាច្រើន ដែល​លោក​Robert Mueller បាន​សរសេរ​នៅក្នុង​របាយការណ៍ ដើម្បី យក​ទៅ​ប្រើ​ជាភស្តុតាង​បន្ថែម សម្រាប់​ស៊ើបអង្កេត​ប្រឆាំង​លោកដូណាល់ ត្រាំ។ ប្រធាន​សភាអ្នកតំណាង​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​អះអាង​រួចហើយ ថា​ចង់​​កោះហៅ លោក​Robert Mueller ទៅ​ពន្យល់លម្អិត​នៅ​សភា ឲ្យ​បាន​មុន​ថ្ងៃទី ២៣​ឧសភា។ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ក៏​មិន​បាន​ជំទាស់​នឹង​ការទាមទារ​របស់​មេបក្សប្រឆាំង​នៅ​សភាដែរ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​ក្រុមរបស់​បក្ស​ប្រឆាំង គណបក្ស​ប្រជាធិបតេយ្យ នៅ​សភា និង​ព្រឹទ្ធសភា​បានចោទប្រកាន់​រិះគន់ រដ្ឋមន្រ្តី យុត្តិធម៌ ថា ដើរតួ​ជា​មេធាវី របស់​លោកដូណាល់ ត្រាំ ជាជាង អ្នកតំណាង​យុត្តិធម៌​របស់​ប្រជាជន​អាមេរិក។ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​Bill Barr បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​មួយម៉ោង​កន្លះ​មុន​ ការចេញផ្សាយ​ជា​សាធារណៈ របាយការណ៍​សន្និដ្ឋាន​របស់​លោក​Robert Mueller។

នៅក្រោយ​ចេញ​របាយការណ៍ របស់​រដ្ឋអាជ្ញាពិសេស ដែល​ហាក់​លាងជម្រះ​មន្ទិលសង្ស័យ​ទៅលើ​លោកដូណាល់ ត្រាំ​យ៉ាងដូច្នេះ ​គណបក្ស​ប្រជាធិបតេយ្យ ហាក់​ដូចជា​បាត់​កម្លាំង​ថាមពល ម្យ៉ាង ព្រោះថា បក្ស​ប្រឆាំង ធ្លាប់បាន​សង្ឃឹម​គិតទុក​ថា លទ្ធផល របាយការណ៍ របស់​រដ្ឋអាជ្ញាពិសេស នឹង​អាច​ជួយ​ឲ្យគេ​អាច​បោះឆ្នោត​ទម្លាក់​លោក​ដូណាល់ ត្រាំ ក្នុងករណី​គេ​រកឃើញថា លោកត្រាំ រារាំង ប្រព័ន្ធ​តុលាការ។

នៅ​ពេល​ការបោះឆ្នោត​ប្រធានាធិបតី កាន់តែ​ខិត​ចូល​មក​ដល់​ទៀត​យ៉ាងដូច្នេះ គណបក្ស​ប្រជាធិបតេយ្យ មាន​តែ​ប្រើ​យុទ្ធសាស្រ្ត​ចុងក្រោយ។ បក្ស​ប្រឆាំង​នឹង​មិន​ជំរុញ​ឲ្យ​មាន​ការបោះឆ្នោត​ទម្លាក់ លោកត្រាំ​នៅពេលនេះទេទេ ប៉ុន្តែ គេ​នឹង​ធ្វើ​យុទ្ធនាការ បន្ត បំបាក់​មុខមាត់ របស់​លោកដូណាល់ ត្រាំ តាមរយៈ ការបើកស៊ើបអង្កេត​ដើម្បី បញ្ជាក់​ថា លោកត្រាំ​ពិតជា​មាន​ចេតនា​មិន​ល្អ លូកដៃ រារាំង ប្រព័ន្ធ​តុលាការ ពោល គឺ​ធ្វើ​យ៉ាងណា ឲ្យ​លោក​ដូណាល់ ត្រាំ មានជាប់របួស ស្នាម រហូត​ដល់​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ