អានតួអត្ថបទ

ប៊ូអ៊ីង​ហៅ​អន្តរជាតិ​មកពិនិត្យ​យន្តហោះ៧៣៧Max ដើម្បីសុំ​សិទ្ធិ​ធ្វើ​ចរាចរណ៍​ឡើងវិញ

ភ្នាក់ងារ​​អាកាសចរណ៍​ស៊ីវិលអាមេរិក​ (FAA) បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ បើក​ការ​ត្រួត​ពិនិត្យ​​ យន្តហោះ​ប៊ូអ៊ីង​ ៧៣៧Max ពី​សំណាក់​អាជ្ញាធរ​អាកាសចរណ៍​អន្តរជាតិ​មក​ពី​៩​ប្រទេស។ ជា​ការសិក្សា​​ត្រួត​ពិនិត្យរួម​គ្នា​ ដើម្បីកែ​សម្រួល​និង​ចេញបទ​បញ្ជា​ថ្មី​ សម្រាប់​អនុវត្ត​នា​ថ្ងៃ​អនាគត​ នៅ​ពេល​យន្តហោះ​៧៣៧​ម៉ាក ចាប់​ហោះហើរ​ឡើង​វិញ។

ក្រោយ​ពី​បាន​ប្តូរ​ផ្លាស់​ប្រព័ន្ធ​ហោះហើរ​ស្វ័យប្រវត្តិ ប៊ូអ៊ីង​ហៅ​អន្តរជាតិ​មក​ត្រួត​ពិនិត្យយន្តហោះ៧៣៧Max
ក្រោយ​ពី​បាន​ប្តូរ​ផ្លាស់​ប្រព័ន្ធ​ហោះហើរ​ស្វ័យប្រវត្តិ ប៊ូអ៊ីង​ហៅ​អន្តរជាតិ​មក​ត្រួត​ពិនិត្យយន្តហោះ៧៣៧Max REUTERS/Willy Kurniawan/File Photo
ផ្សាយពាណិជ្ជកម្ម

ការ​ត្រួតពិនិត្យ​បច្ចេកទេស នឹង​ចាប់​ធ្វើ​នៅ​ថ្ងៃ ២៩​មេសា សម្រាប់​រយៈ​ពេល​៩០​ថ្ងៃ ដោយ​ក្រុម​អ្នក​ជំនាញ ក្រោម​ការ​ដឹកនាំរបស់​​អតីត​ប្រធាន​ភ្នាក់ងារ​សន្តិសុខដឹកជញ្ជូន​​ និង​អ្នក​ជំនាញនៃ​ភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​អាមេរិក​ ព្រមទាំង​ភ្នាក់ងារ​ណាសា​។ អាជ្ញាធរ​អាកាសចរណ៍​អន្តរជាតិ​ចំនួន​៩ ប្រទេស​ មាន​ជាអាទិ៍ អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន សហភាព​អឺរ៉ុប (ភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​អឺរ៉ុប) ជប៉ុន ឥណ្ឌូណេស៊ី សិង្ហបុរី និង​អេមីរ៉ាត់អារ៉ាបរួម ​​ក៏​នឹង​មក​ចូល​រួម​ជាមួយ​ដែរ។

​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ទាំង​នេះ នឹង​វាយតម្លៃ​​​ប្រព័ន្ធ​បញ្ជា​ការ​ហោះហើរ​ស្វ័យប្រវត្តិ​ជា​ទូទៅ​របស់​យន្តហោះ​ប៊ូអ៊ីង ៧៣៧Max ផង ​រចនា​សម្ព័ន្ធ​នៃ​ប្រព័ន្ធបញ្ជា និង​ ​អន្តរកម្ម​របស់​អ្នក​បើកបរ​ នៅ​ពេល​ប្រើប្រព័ន្ធ​ទប់​ស្កាត់​ការហោះ​​សំយ៉ុង​ចុះ​របស់​យន្តហោះផង។ កម្មវត្ថុ​ គឺ​​ ដើម្បីកំណត់​បញ្ហា​​​ដែល​ត្រូវ​ធ្វើ​ប្រសើរ​ឡើង​ផង និង​ដើម្បី​បញ្ជាក់​ថា​យន្តហោះ​បាន​បំពេញ​តាម​លក្ខន្តិកៈ​សុវត្ថិភាព​ដូច​មាន​ចែង​ក្នុង​ច្បាប់​សុវត្ថិភាព​អាកាសចរណ៍​ផង។

ការ​ត្រួតពិនិត្យ​បច្ចេកទេស​​ប្រព័ន្ធគ្រប់គ្រង​ការ​​ហោះហើរស្វ័យប្រវត្តិ​របស់​យន្តហោះ​​បែប​នេះ ជា​ដំណាក់កាល​វាយតម្លៃ​ដ៏​សំខាន់។ ប្រសិន​បើ​យន្តហោះ​អាច​ឆ្លង​កាត់​វិញ្ញាសា​នេះ​រួច​​ នោះ​មាន​ន័យ​ថា យន្តហោះ​អាច​មានសិទ្ធិ​ធ្វើ​ការ​ហោះហើរ​បាន​ជា​ថ្មី​ឡើង​វិញ​ហើយ។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​គ្រប់គ្រង​ការ​ហោះហើរ​ស្វ័យប្រវត្តិ​របស់​ប៊ូអ៊ីង ៧៣៧Max ត្រូ​វ​ជាប់​សង្ស័យ​ថា​​ដើម​ហេតុ​នាំ​មាន​មហន្តរាយ​ធ្លាក់​យន្តហោះ​ពីរ​គ្រឿង​ ស្លាប់​មនុស្ស​អស់​សរុប​ ៣៤៦​នាក់។ ទីមួយ​គឺ​យន្តហោះ​ប៊ូអ៊ីង​៧៣៧​របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ Lion Air​ បាន​ធ្លាក់​កាលពី​ខែតុលា​ឆ្នាំ​២០១៨ ស្លាប់​មនុស្ស​អស់​១៨៩​នាក់។ ៥​ខែ​ក្រោយ នៅ​ថ្ងៃទី ១០​​មីនា ២០១៩ យន្តហោះ​មួយ​គ្រឿង​ទៀតម៉ាកដដែល​ប្រភេទ​ដដែល​ តែ​ជា​របស់​ប្រទេស​អេត្យូពី បាន​ធ្លាក់​ស្លាប់​មនុស្ស​អស់​១៥៧​នាក់ បន្ទាប់​ពី​ហោះឡើង​បាន​តែ​ប្រមាណ​៥-៦​នាទី។ តាំង​ពីពេល​នោះ​មក យន្តហោះ​ប៊ូអ៊ីង៧៣៧Max ត្រូវ​ជាប់​បម្រាមមិន​ឱ្យ​​ហោះហើរ​ដឹកអ្នក​ដំណើរ​ទៀត​ឡើយ។

​កាលពី​ថ្ងៃអង្គារ​ ប៊ូអ៊ីង​បាន​ធ្វើការ​ហោះ​សាកល្បង​ជា​ថ្មី​ ជា​លើក​ចុងក្រោយ បន្ទាប់ពី​បាន​ជួលជុល​កែប្រព័ន្ធ​​ប្រឆាំង​នឹង​ការ​ធ្លាក់​យន្តហោះថ្មី​ឡើងវិញ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ