សហរដ្ឋអាមេរិកបន្តប្រើប្រេងឆៅជាអាវុធដើម្បីសង្កត់ ក អ៊ីរ៉ង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣១
សហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ សេតវិមានទើបបានបញ្ជាក់ជាផ្លូវការថា ក្រុមប្រទេសទាំង ៨ប្រទេសដែលទទួលបានការអនុគ្រោះឲ្យទិញប្រេងឆៅពីអ៊ីរ៉ង់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ នឹងលែងមានសិទ្ធិទិញទៀតឡើយចាប់ពីថ្ងៃទី២ ឧសភា ឆ្នាំ ២០១៩ ទៅ។ ក្រុមប្រទេសទាំង ៨ប្រទេសនោះក៏មានប្រទេសខ្លះជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហើយសេចក្តីសម្រេចមួយនេះបានទទួលការសាទរ និងការប្រឆាំង។ អ៊ីរ៉ង់តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ចេញប្រតិកម្មបរិហារលើសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកដោយចាត់ទុកទណ្ឌកម្មទាំងអស់របស់ក្រុងវ៉ាស៊ីតោនប្រឆាំងក្រុងតេហេរ៉ង់ថាមិនស្របច្បាប់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះដដែលបានបន្ថែមថា អ៊ីរ៉ង់នឹងចាត់វិធានការប្រឆាំងនឹងអាមេរិកវិញនាពេលខាងមុខ។
អ្វីៗបានចាប់ផ្តើមពីការសម្រេចរបស់ប្រធានាធីបតីអាមេរិកលោកដូណាល់ ត្រាំក្នុងខែឧសភា ឆ្នាំ ២០១៨ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។ គឺជាកិច្ចព្រមព្រៀងមួយដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយសហគមន៍អន្តរជាតិ ក្នុងនោះមានអាមេរិកក្នុងជំនាន់លោកប្រធានាធិបតីអូបាម៉ា។ តែលោកត្រាំបែរជាបានចាត់ទុកកិច្ចព្រមព្រៀងមួយនេះថាអាក្រក់ និងមិនគួរណាអាមេរិកចុះហត្ថលេខាទេ។ លោកត្រាំបានយល់ឃើញថា ទីក្រុងតេហេរ៉ង់បន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ គ្រាប់មីស៊ីល និងបន្តគាំទ្រភេរវនិយមនៅក្នុងតំបន់។ ក្រោយពីបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ លោកត្រាំក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីប្រឆាំងអ៊ីរ៉ង់ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ពិសេសក្នុងវិស័យប្រេងឆៅ។ ជាមួយនឹងការដាក់ទណ្ឌកម្មឡើងវិញប្រឆាំងអ៊ីរ៉ង់ សេតវិមានបានគំរាមប្រឆាំងនឹងប្រទេសណាដែលបន្តរកស៊ីជាមួយអ៊ីរ៉ង់ ពិសេសទិញប្រេងឆៅអ៊ីរ៉ង់។
តែទន្ទឹមគ្នានេះ សេតវិមានក៏បានអនុគ្រោះដល់ប្រទេសចំនួន ៨ ឲ្យបន្តទិញប្រេងឆៅអ៊ីរ៉ង់ក្នុងរយៈពេល ៦ខែ រួមមានប្រទេសចិន ឥណ្ឌា តួកគី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ អ៊ីតាលី និងប្រទេសក្រិក។ ដូច្នេះនៅដើមខែឧសភា ឆ្នាំ ២០១៩ ការអនុគ្រោះរយៈពេល ៦ខែបានឈានដល់ទីបញ្ចប់ដែលប្រទេសទាំង ៨ នឹងលែងមានសិទ្ធិទិញប្រេងឆៅពីអ៊ីរ៉ង់បានទៀតឡើយ។ ចាប់ពីថ្ងៃទី២ ឧសភា ឆ្នាំ ២០១៩ ប្រទេសទាំង ៨ នោះនឹងត្រូវអនុវត្តតាមទណ្ឌកម្មដែលអាមេរិកបានដាក់លើអ៊ីរ៉ង់។ ប្រមុខការទូតអាមេរិកលោក Mike Pompeo បានព្រមានថា បើមានប្រទេសណាមួយមិនគោរពតាមសេចក្តីសម្រេចរបស់អាមេរិក ប្រទេសនោះត្រូវប្រឈមមុខនឹងទណ្ឌកម្មរបស់អាមេរិក។ កម្មវត្ថុរបស់លោកត្រាំ គឺខ្ទប់អ៊ីរ៉ង់មិនឲ្យនាំប្រេងឆៅចេញសូម្បី ១តំណក់ក៏គ្មានដែរ។
ចិន និងឥណ្ឌាជាប្រទេសប៉ះពាល់ខ្លាំងនឹងចំណាត់ការរបស់អាមេរិក
សេចក្តីសម្រេចរបស់អាមេរិកពេលនេះហាក់មិនបានធ្វើឲ្យប្រទេសពាក់ព័ន្ធទាំង ៨ ភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះជាសេចក្តីសម្រេចមួយដែលពួកគេបានរងចាំ។ មានប្រទេសខ្លះ ដូចយ៉ាងតៃវ៉ាន់ អ៊ីតាលី និងក្រិកបានបិទបញ្ចប់ការទិញប្រេងឆៅរបស់អ៊ីរ៉ង់។ ចំណែកប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានកាត់បន្ថយការទិញប្រេងឆៅអ៊ីរ៉ង់ក្នុងកម្រិតអប្បបរមា ហើយកំពុងស្វែងរកទិញប្រេងពីប្រទេសផ្សេង។ ដោយឡែក ប្រទេសដែលនឹងរងផលប៉ះពាល់ខ្លាំងពីការសម្រេចចិត្តរបស់អាមេរិក មានចិន ឥណ្ឌា និងប្រទេសតួកគីដែលសុទ្ធសឹងជាអតិថិជនគ្រាក់ៗរបស់អ៊ីរ៉ង់។ ឥណ្ឌាអាចនឹងជួបការលំបាកខ្លាំងជាងគេ ព្រោះជាប្រទេសទិញប្រេងឆៅលំដាប់ទី៣ ក្នុងលោក ហើយអ៊ីរ៉ង់ជាប្រទេសផ្គត់ផ្គង់លំដាប់ទី១០ ឲ្យឥណ្ឌា។
ខណៈនេះ ចិន និងតួកគីបានបញ្ចេញប្រតិកម្មខ្លាំងៗប្រឆាំងនឹងការសម្រេចចិត្តរបស់អាមេរិក។ ចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា សេចក្តីសម្រេចរបស់អាមេរិកនឹងបង្កឲ្យមានភាពចលាចលនៅក្នុងតំបន់មជ្ឈិមបូព៌ា និងថា ចិនប្រឆាំងនឹងទណ្ឌកម្មដែលអាមេរិកបានសម្រេចជាលក្ខណៈអត្តនោម័តិ។ ដោយមិនបញ្ជាក់ថា តើចិននឹងព្យួរការទិញប្រេងឆៅអ៊ីរ៉ង់ ឬអត់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះដដែលបានស្នើអាមេរិកឲ្យគោរពផលប្រយោជន៍ និងយល់ពីក្តីបារម្ភរបស់ចិន។ ប្រតិកម្មដូចគ្នានេះក៏មានពីប្រទេសតួកគីដោយប្រមុខការទូតបញ្ជាក់ថា តួកគីមិនអាចទទួលយកទណ្ឌកម្មជាលក្ខណៈអត្តនោម័តិរបស់អាមេរិកបានឡើយ និងថា តួកគីប្រឆាំងដាច់ខាតលើទង្វើដែលបង្ខំ បង្គាប់ឲ្យតួកគីត្រូវមានទំនាក់ទំនងជាមួយប្រទេសជិតខាងតាមរបៀបណានោះ។
ចំណែកអ៊ីរ៉ង់តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសបានចេញមុខបរិហារលើសេចក្តីសម្រេចរបស់អាមេរិក និងបានចាត់ទុករាល់ទណ្ឌកម្មទាំងអស់របស់អាមេរិកប្រឆាំងអ៊ីរ៉ង់ថាជារឿងខុសច្បាប់។ ដោយមិនបានលំអិតអ្វីបន្ថែម អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះដដែលគ្រាន់តែបានបញ្ជាក់ថា អ៊ីរ៉ង់នឹងចាត់វិធានការវាយបកនឹងអាមេរិកវិញនាពេលខាងមុខ។
អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់បានចេញមុខធានារ៉ាប់រង
សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកនឹងអាចបង្កឲ្យមានផលវិបាកច្រើន ពិសេសលើតម្លៃរបស់ប្រេងដែលអាចឡើងថ្លៃខ្ពស់ជាងសព្វថ្ងៃ។ តាំងពីថ្ងៃចន្ទ ទី២២ មេសាដែលសេតវិមានបានប្រកាសមិនពន្យារពេលបន្ថែមឲ្យក្រុមប្រទេសទាំង ៨ ទិញប្រេងឆៅអ៊ីរ៉ង់ តម្លៃប្រេងឆៅក្នុងមួយបារីលបានកើនឡើងជិត ៣%។ នៅពេលដែលប្រេងឡើងថ្លៃ គឺអ្នកដែលមានប្រេងលក់ជាអ្នកទទួលផលច្រើនជាងគេ ហើយអ្នកដែលខាតបង់ច្រើនជាងគេ គឺអ៊ីរ៉ង់ដែលដង្ហើមសេដ្ឋកិច្ចបានពឹងលើចំណូលបានមកពីការលក់ប្រេងឆៅ។ ចូរកុំភ្លេចថានៅមុនអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីប្រឆាំងអ៊ីរ៉ង់ អ៊ីរ៉ង់បាននាំប្រេងឆៅចេញចំនួន ២ ៤០០ ០០០បារីលក្នុងមួយថ្ងៃ។ តែតាំងពីប្រទេសជង្រុកប្រេងឆៅមួយជាប់ទណ្ឌកម្មអាមេរិកឡើងវិញមក ការនាំប្រេងឆៅចេញជាមធ្យមមានប្រមាណតែ ១ ៧០០ ០០០បារីលប៉ុណ្ណោះក្នុងមួយថ្ងៃ ក្នុងនោះ ចិនតែម្នាក់ឯងបានទិញដល់ទៅជិត ៦៣០ ០០០បារីល។
គោលដៅរបស់អាមេរិកពេលនេះ គឺខ្ទប់អ៊ីរ៉ង់មិនឲ្យនាំប្រេងឆៅចេញទាំងស្រុង។ តើអាចធ្វើទៅរួចទេ? នេះជាសំណួរមួយដែលគេត្រូវរងចាំមើលនាពេលខាងមុខ ព្រោះខណៈនេះ ទីក្រុងតេហេរ៉ង់ហាក់មិនបានទុកឲ្យអាមេរិកច្រៀងផង និងរាំផងលើឆាកតែម្នាក់ឯងទេ។ កន្លងមក អ៊ីរ៉ង់ធ្លាប់បានគំរាមបិទច្រកសមុទ្រ Ormuz ដែលជាច្រកដឹកប្រេងឆៅជាង ៣០% ក្នុងលោក។ ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់លោកអាលី ខាមេណីធ្លាប់បានបញ្ជាក់ថា បើការនាំប្រេងឆៅអ៊ីរ៉ង់ត្រូវបានបិទខ្ទប់ នោះក៏គ្មានប្រទេសណាមួយនៅក្នុងតំបន់អាចនឹងដឹកនាំប្រេងឆៅចេញតាមច្រកសមុទ្រ Ormuz នោះដែរ។ ទោះជាយ៉ាងនេះក្តី មានប្រទេសខ្លះដូចយ៉ាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់បានចេញមុខប្រកាសធានារក្សាស្ថិរភាពតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិដោយមិនឲ្យឡើងថ្លៃ។ នៅក្នុងន័យនេះ អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់បានត្រៀមខ្លួនបូមប្រេងឆៅបន្ថែមដើម្បីបំពេញកន្លែងរបស់អ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ