អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក​រឹត​បន្តឹង​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។ សេតវិមាន​ទើប​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ក្រុម​ប្រទេស​ទាំង ៨ប្រទេស​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ឲ្យ​ទិញ​ប្រេងឆៅ​ពី​អ៊ីរ៉ង់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នឹង​លែង​មាន​សិទ្ធិ​ទិញ​ទៀត​ឡើយ​ចាប់​ពី​ថ្ងៃ​ទី២ ឧសភា ឆ្នាំ ២០១៩ ទៅ។ ក្រុម​ប្រទេស​ទាំង ៨ប្រទេស​នោះ​ក៏​មាន​ប្រទេស​ខ្លះ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ហើយ​សេចក្តីសម្រេច​មួយ​នេះ​បាន​ទទួល​ការ​សាទរ និង​ការ​ប្រឆាំង។ អ៊ីរ៉ង់​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​លើ​សេចក្តីសម្រេច​របស់​សហរដ្ឋអាមេរិក​ដោយ​ចាត់​ទុក​ទណ្ឌកម្ម​ទាំង​អស់​របស់​ក្រុង​វ៉ាស៊ីតោន​ប្រឆាំង​ក្រុង​តេហេរ៉ង់​ថា​មិន​ស្របច្បាប់។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​រូប​នេះ​ដដែល​បាន​បន្ថែម​ថា អ៊ីរ៉ង់​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​អាមេរិក​វិញ​នា​ពេល​ខាង​មុខ។

សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់
សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់ REUTERS/Raheb Homavandi/File Photo/File Photo
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​ពី​ការ​សម្រេច​របស់​ប្រធានាធីបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង​នោះ​មាន​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា។ តែ​លោក​ត្រាំ​បែរ​ជា​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​មួយ​នេះ​ថា​អាក្រក់ និង​មិន​គួរ​ណា​អាមេរិក​ចុះ​ហត្ថលេខា​ទេ។ លោក​ត្រាំ​បាន​យល់​ឃើញ​ថា ទីក្រុង​តេហេរ៉ង់​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ គ្រាប់មីស៊ីល និង​បន្ត​គាំទ្រ​ភេរវនិយម​នៅ​ក្នុង​តំបន់។ ក្រោយ​ពី​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ លោក​ត្រាំ​ក៏​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ប្រឆាំង​អ៊ីរ៉ង់​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ពិសេស​ក្នុង​វិស័យ​ប្រេងឆៅ។ ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ប្រឆាំង​អ៊ីរ៉ង់ សេតវិមាន​បាន​គំរាម​ប្រឆាំង​នឹង​ប្រទេស​ណា​ដែល​បន្ត​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ពិសេស​ទិញ​ប្រេងឆៅ​អ៊ីរ៉ង់។

តែ​ទន្ទឹម​គ្នា​នេះ សេតវិមាន​ក៏​បាន​អនុគ្រោះ​ដល់​ប្រទេស​ចំនួន ៨ ឲ្យ​បន្ត​ទិញ​ប្រេងឆៅ​អ៊ីរ៉ង់​ក្នុង​រយៈពេល ៦ខែ រួម​មាន​ប្រទេស​ចិន ឥណ្ឌា តួកគី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ អ៊ីតាលី និង​ប្រទេស​ក្រិក។ ដូច្នេះ​នៅ​ដើម​ខែ​ឧសភា ឆ្នាំ ២០១៩ ការ​អនុគ្រោះ​រយៈពេល ៦ខែ​បាន​ឈាន​ដល់​ទីបញ្ចប់​ដែល​ប្រទេស​ទាំង ៨ នឹង​លែង​មាន​សិទ្ធិ​ទិញ​ប្រេងឆៅ​ពី​អ៊ីរ៉ង់​បាន​ទៀត​ឡើយ។ ចាប់​ពី​ថ្ងៃទី២ ឧសភា ឆ្នាំ ២០១៩ ប្រទេស​ទាំង ៨ នោះ​នឹង​ត្រូវ​អនុវត្ត​តាម​ទណ្ឌកម្ម​ដែល​អាមេរិក​បាន​ដាក់​លើ​អ៊ីរ៉ង់។ ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo បាន​ព្រមាន​ថា បើ​មាន​ប្រទេស​ណា​មួយ​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​អាមេរិក ប្រទេស​នោះ​ត្រូវ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​របស់​អាមេរិក។ កម្មវត្ថុ​របស់​លោក​ត្រាំ គឺ​ខ្ទប់​អ៊ីរ៉ង់​មិន​ឲ្យ​នាំ​ប្រេងឆៅ​ចេញ​សូម្បី ១តំណក់​ក៏​គ្មាន​ដែរ។

ចិន និង​ឥណ្ឌា​ជា​ប្រទេស​ប៉ះពាល់​ខ្លាំង​នឹង​ចំណាត់ការ​របស់​អាមេរិក

សេចក្តីសម្រេច​របស់​អាមេរិក​ពេល​នេះ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំង ៨ ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​ជា​សេចក្តីសម្រេច​មួយ​ដែល​ពួក​គេ​បាន​រងចាំ។ មាន​ប្រទេស​ខ្លះ ដូច​យ៉ាង​តៃវ៉ាន់ អ៊ីតាលី និង​ក្រិក​បាន​បិទបញ្ចប់​ការ​ទិញ​ប្រេងឆៅ​របស់​អ៊ីរ៉ង់។ ចំណែក​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​កាត់​បន្ថយ​ការ​ទិញ​ប្រេងឆៅ​អ៊ីរ៉ង់​ក្នុង​កម្រិត​អប្បបរមា ហើយ​កំពុង​ស្វែង​រក​ទិញ​ប្រេង​ពី​ប្រទេស​ផ្សេង។ ដោយឡែក ប្រទេស​ដែល​នឹង​រងផល​ប៉ះពាល់​ខ្លាំង​ពី​ការ​សម្រេចចិត្ត​របស់​អាមេរិក មាន​ចិន ឥណ្ឌា និង​ប្រទេស​តួកគី​ដែល​សុទ្ធសឹង​ជា​អតិថិជន​គ្រាក់ៗ​របស់​អ៊ីរ៉ង់។ ឥណ្ឌា​អាច​នឹង​ជួប​ការ​លំបាក​ខ្លាំង​ជាង​គេ ព្រោះ​ជា​ប្រទេស​ទិញ​ប្រេងឆៅ​លំដាប់ទី៣ ក្នុង​លោក ហើយ​អ៊ីរ៉ង់​ជា​ប្រទេស​ផ្គត់ផ្គង់​លំដាប់​ទី១០ ឲ្យ​ឥណ្ឌា។

ខណៈ​នេះ ចិន និង​តួកគី​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​អាមេរិក។ ចិន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​ថា សេចក្តីសម្រេច​របស់​អាមេរិក​នឹង​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ថា ចិន​ប្រឆាំង​នឹង​ទណ្ឌកម្ម​ដែល​អាមេរិក​បាន​សម្រេច​ជា​លក្ខណៈ​អត្តនោម័តិ។ ដោយ​មិន​បញ្ជាក់​ថា តើ​ចិន​នឹង​ព្យួរ​ការ​ទិញប្រេងឆៅ​អ៊ីរ៉ង់ ឬ​អត់​នោះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​រូប​នេះ​ដដែល​បាន​ស្នើ​អាមេរិក​ឲ្យ​គោរព​ផលប្រយោជន៍ និង​យល់​ពី​ក្តីបារម្ភ​របស់​ចិន។ ប្រតិកម្ម​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រទេស​តួកគី​ដោយ​ប្រមុខ​ការទូត​បញ្ជាក់​ថា តួកគី​មិន​អាច​ទទួល​យក​ទណ្ឌកម្ម​ជា​លក្ខណៈ​អត្តនោម័តិ​របស់​អាមេរិក​បាន​ឡើយ និង​ថា តួកគី​ប្រឆាំង​ដាច់​ខាត​លើ​ទង្វើ​ដែល​បង្ខំ បង្គាប់​ឲ្យ​តួកគី​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​តាម​របៀប​ណា​នោះ។

ចំណែក​អ៊ីរ៉ង់​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ចេញ​មុខ​បរិហារ​លើ​សេចក្តីសម្រេច​របស់​អាមេរិក និង​បាន​ចាត់​ទុក​រាល់​ទណ្ឌកម្ម​ទាំង​អស់​របស់​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ថា​ជា​រឿង​ខុស​ច្បាប់។ ដោយ​មិន​បាន​លំអិត​អ្វី​បន្ថែម អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​រូប​នេះ​ដដែល​គ្រាន់​តែ​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​នឹង​ចាត់​វិធានការ​វាយបក​នឹង​អាមេរិក​វិញ​នា​ពេល​ខាង​មុខ។

អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ាក់​បាន​ចេញ​មុខ​ធានា​រ៉ាប់រង

សេចក្តីសម្រេច​របស់​សហរដ្ឋអាមេរិក​នឹង​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ច្រើន ពិសេស​លើ​តម្លៃ​របស់​ប្រេង​ដែល​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​សព្វថ្ងៃ។ តាំង​ពី​ថ្ងៃ​ចន្ទ ទី២២ មេសា​ដែល​សេតវិមាន​បាន​ប្រកាស​មិន​ពន្យារ​ពេល​បន្ថែម​ឲ្យ​ក្រុម​ប្រទេស​ទាំង ៨ ទិញ​ប្រេងឆៅ​អ៊ីរ៉ង់ តម្លៃ​ប្រេងឆៅ​ក្នុង​មួយ​បារីល​​បាន​កើន​ឡើង​ជិត ៣%។ នៅ​ពេល​ដែល​ប្រេង​ឡើង​ថ្លៃ គឺ​អ្នក​ដែល​មាន​ប្រេង​លក់​ជា​អ្នក​ទទួល​ផល​ច្រើន​ជាង​គេ ហើយ​អ្នក​ដែល​ខាត​បង់​ច្រើន​ជាង​គេ គឺ​អ៊ីរ៉ង់​ដែល​ដង្ហើម​សេដ្ឋកិច្ច​បាន​ពឹង​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ។ ចូរ​កុំ​ភ្លេច​ថា​នៅ​មុន​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ប្រឆាំង​អ៊ីរ៉ង់ អ៊ីរ៉ង់​បាន​នាំ​ប្រេងឆៅ​ចេញ​ចំនួន ២ ៤០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ។ តែ​តាំង​ពី​ប្រទេស​ជង្រុក​ប្រេងឆៅ​មួយ​ជាប់​ទណ្ឌកម្ម​អាមេរិក​ឡើង​វិញ​មក ការ​នាំ​ប្រេងឆៅ​ចេញ​ជា​មធ្យម​មាន​ប្រមាណ​តែ ១ ៧០០ ០០០បារីល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ ចិន​តែ​ម្នាក់​ឯង​បាន​ទិញ​ដល់​ទៅ​ជិត ៦៣០ ០០០បារីល។

គោលដៅ​របស់​អាមេរិក​ពេល​នេះ គឺ​ខ្ទប់​អ៊ីរ៉ង់​មិន​ឲ្យ​នាំ​ប្រេងឆៅ​ចេញ​ទាំងស្រុង។ តើ​អាច​ធ្វើ​ទៅ​រួច​ទេ? នេះ​ជា​សំណួរ​មួយ​ដែល​គេ​ត្រូវ​រងចាំ​មើល​នា​ពេល​ខាង​មុខ ព្រោះ​ខណៈ​នេះ ទីក្រុង​តេហេរ៉ង់​ហាក់​មិន​បាន​ទុក​ឲ្យ​អាមេរិក​ច្រៀង​ផង និង​រាំ​ផង​លើ​ឆាក​តែ​ម្នាក់​ឯង​ទេ។ កន្លង​មក អ៊ីរ៉ង់​ធ្លាប់​បាន​គំរាម​បិទ​ច្រក​សមុទ្រ Ormuz ដែល​ជា​ច្រក​ដឹក​ប្រេងឆៅ​ជាង ៣០% ក្នុង​លោក។ ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​ធ្លាប់​បាន​បញ្ជាក់​ថា បើ​ការ​នាំ​ប្រេងឆៅ​អ៊ីរ៉ង់​ត្រូវ​បាន​បិទខ្ទប់ នោះ​ក៏​គ្មាន​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​អាច​នឹង​ដឹក​នាំ​ប្រេងឆៅ​ចេញ​តាម​ច្រក​សមុទ្រ Ormuz នោះ​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​ប្រទេស​ខ្លះ​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ាក់​បាន​ចេញ​មុខ​ប្រកាស​ធានា​រក្សា​ស្ថិរភាព​តម្លៃប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ដោយ​មិន​ឲ្យ​ឡើង​ថ្លៃ។ នៅ​ក្នុង​ន័យ​នេះ អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ាក់​បាន​ត្រៀម​ខ្លួន​បូមប្រេងឆៅ​បន្ថែម​ដើម្បី​បំពេញ​កន្លែង​របស់​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ