អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ការ​ប្រើ​ទណ្ឌកម្មប្រេង​ដើម្បី​ខ្ទប់​ដង្ហើម​វ៉េណេស៊ុយអេឡា​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋបាល​អាមេរិក​បាន​បង្កើន​គំនាប​លើ​របបដឹកនាំ​របស់​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូ​ដើម្បី​ប្រយោជន៍​លោក​ហ័ន ហ្កាយដូ​ដែល​ជា​ប្រធានរដ្ឋសភា និង​ជា​ប្រធានាធិបតី​ស្តីទី​ប្រកាស​ខ្លួនឯង។ នៅ​ថ្ងៃ​សុក្រ ទី២៦ មេសា ទីក្រុង​វ៉ាស៊ីតោន​បាន​បញ្ចូល​ឈ្មោះ​រដ្ឋមន្រ្តី​ការបរទេស​វ៉េណេស៊ុយអេឡា​លោក​ហ្សក អារ៉េអាហ្សា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក។ លោក​អារ៉េអាហ្សា​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​អាមេរិក​ដោយ​ចាត់ទុក​ជា​ទង្វើ​តាម​ព្យាបាទ​វ៉េណេស៊ុយអេឡា។ ចំណែក​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ម៉ាឌូរ៉ូ​បាន​ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​បង្ក​ភាពតានតឹង​នៅ​វ៉េណេស៊ុយអេឡា​ពី​បរទេស និង​ស្នើ​អាមេរិក​ឲ្យ​ងាក​ចូល​ផ្លូវ​ច្បាប់​អន្តរជាតិ​វិញ។ ក្រៅ​ពី​គំនាប​ថ្មី​មួយ​នេះ វ៉េណេស៊ុយអេឡា​ក៏​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​មួយ​ទៀត​ក្នុង​វិស័យ​ប្រេង​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី២៨ មេសា។

ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ
ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

ប្រមុខការទូត​វ៉េណេស៊ុយអេឡា​លោកហ្សក អារ៉េអាហ្សា​គ្រាន់​ជា​ផ្ទាំងស៊ីប​មួយ​ក្នុង​ចំណោម​ផ្ទាំងស៊ីប​ជា​ច្រើន​ទៀត​ដែល​រដ្ឋបាល​អាមេរិក​បាន​វាយប្រហារ និង​គ្រោង​វាយប្រហារ​ជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ។ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin បាន​បញ្ជាក់​ច្បាស់ៗ​ថា គ្រប់​មន្រ្តី​ពុករលួយ​ទាំង​អស់​ដែល​គាំទ្រ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​ម៉ាឌូរ៉ូ មិន​ថា​មាន​ឋានៈ​ជា​រដ្ឋមន្រ្តី​ការបរទេស ឬ​រដ្ឋមន្រ្តី​យុត្តិធម៌​នឹង​ត្រូវ​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក។ លោក Steven បាន​បន្ថែម​ថា រដ្ឋបាល​អាមេរិក​នឹង​បង្កក​ទ្រព្យសម្បតិ្ត និង​លុយកាក់​របស់​មន្រ្តី​ពុករលួយ​វ៉េណេស៊ុយអេឡា​ទាំង​អស់​នោះ​ដែល​មាន​នៅ​លើ​ទឹកដី​អាមេរិក ឬ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ពលរដ្ឋ​អាមេរិក។

ក្រៅ​ពី​ផ្ទាំងស៊ីប​ជា​មនុស្ស រដ្ឋបាល​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ស្ថាប័ន​មួយ​ចំនួន​របស់​លោក​ម៉ាឌូរ៉ូ។ ក្រៅ​ពី​ជា​មនុស្ស​ជំនិត​ខ្លាំង​ម្នាក់​របស់​លោក​ម៉ាឌូរ៉ូ​ដែល​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ចាត់​ទុក​ជា​ខ្ញុំ​កំដរ និង​ជា​ខ្ញុំ​កញ្ចះ​លោក​ម៉ាឌូរ៉ូ លោកហ្សក អារ៉េអាហ្សា​ធ្លាប់​បាន​ប្រើ​សម្តី​វាយប្រហារ​អាមេរិក​មិន​សំចៃមាត់។ ជាក់ស្តែង​នា​ពាក់​កណ្តាល​ខែ​មេសា​ថ្មីៗ​នេះ ពោល​ក្រោយ​ពី​អាមេរិក​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ធនាគារកណ្តាល​វ៉េណេស៊ុយអេឡា លោក​អារ៉េអាហ្សា​បាន​ចោទ​អាមេរិក​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ គួរ​បញ្ជាក់​ថា មុន​នឹង​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ការបរទេស​ក្នុង​ខែ​សីហា ឆ្នាំ ២០១៧ លោកហ្សក អារ៉េអាហ្សា​ធ្លាប់​បាន​កាន់​តំណែង​រដ្ឋមន្រ្តី​នៅ​ក្នុង​ក្រសួង​មួយ​ចំនួន​តាំង​ពី​ឆ្នាំ ២០១០ ដូច​យ៉ាង​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ឬ​មួយ​ក្រសួង​អភិវឌ្ឍន៍​រ៉ែ។

ប្រាក់ចំណូលជាតិ ៩៦% បាន​មក​ពី​ការ​លក់​ប្រេង

ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ប្រមុខ​ការទូត​វ៉េណេស៊ុយអេឡា​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​រដ្ឋបាល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យប្រេង​ដែល​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី២៨ មេសា។ គោលដៅ​របស់​ក្រុង​វ៉ាស៊ីនតោន គឺ​បង្ខំ​ឲ្យ​លោក​ម៉ាឌូរ៉ូ​ចុះចេញ​ពី​តំណែង​ប្រធានាធិបតី។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ថា អាមេរិក​ក៏​បាន​ទិញប្រេងឆៅ​យ៉ាង​ច្រើន​ពី​វ៉េណេស៊ុយអេឡា​ដែរ។ រហូត​មក​ដល់​ពេល​នេះ ផ្ទាំងស៊ីប​របស់​អាមេរិក​ដែល​សំដៅ​លើ​ស្ថាប័ន និង​ក្រុម​មន្រ្តី​ជំនិត​នឹង​លោក​ម៉ាឌូរ៉ូ​មិន​បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​កាន់​អំណាច​ផ្តាច់ការ​រូប​នេះ​ខ្លាច​រអា​ទេ។ តែ​ការ​យក​ប្រេងឆៅ​ធ្វើ​ជា​ផ្ទាំងស៊ីប​វាយប្រហារ​ពេល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​លោក​ម៉ាឌូរ៉ូ​ពិចារណា​បន្តិច ព្រោះ​ជា​ការ​វាយប្រហារ​ចំ​ប្រភព​ដង្ហើម​សេដ្ឋកិច្ច​របស់​វ៉េណេស៊ុយអេឡា។

គួរ​បញ្ជាក់​ថា ប្រាក់ចំណូលជាតិ​វ៉េណេស៊ុយអេឡា​ចំនួន ៩៦% បាន​មក​ពី​ការ​បូមប្រេង​លក់។ គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨ វ៉េណេស៊ុយអេឡា​នាំ​ប្រេងឆៅ​ទៅ​អាមេរិក​ចំនួន ៥០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ ហើយ​ប្រាក់ចំណូលជាតិ​ចំនួន ៧៥% បាន​មក​ពី​ការ​លក់​ប្រេង​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង។ តែ​ជាមួយ​នឹង​ទណ្ឌកម្ម​ដែល​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី២៨ មេសា ក្រុមហ៊ុន​អាមេរិកាំង​ទាំង​អស់​នឹង​អាច​លែង​ទិញ​ប្រេង​វ៉េណេស៊ុយអេឡា ហើយ​ក្រុមហ៊ុន​បរទេស​ដែល​ប្រើ​ការ​ទូរទាត់​តាម​ប្រព័ន្ធ​ធនាគារ​អាមរិក​ក៏​មិន​អាច​ទិញ​ប្រេង​ពី​វ៉េណេស៊ុយអេឡា​បាន​ដែរ។ នៅ​ចំពោះ​មុខ ផលវិបាក​ចេញ​ពី​ទណ្ឌកម្ម​មួយ​នេះ​នឹង​កើត​ចេញ​ភ្លាមៗ​លើ​ប្រទេស និង​ពលរដ្ឋ​វ៉េណេស៊ុយអេឡា ព្រោះ​ការ​បូមប្រេង​នឹង​ធ្លាក់​ចុះ​ដែល​ជា​ការ​ធ្លាក់​ចុះ​ចំណូលជាតិ។

សំណួរ​សួរ​ថា តើ​ទណ្ឌកម្ម​មួយ​នេះ​អាច​នឹង​បង្ខំ​លោក​ម៉ាឌូរ៉ូ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ឬ​អត់?។ បើ​អាច នោះ​វា​ជា​រឿង​ល្អ តែ​បើ​មិន​អាច​ទម្លាក់​លោក​ម៉ាឌូរ៉ូ​បាន នោះ​វា​ជា​រឿង​អាក្រក់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​វ៉េណេស៊ុយអេឡា​ដែល​កំពុង​ត្រដរខ្យល់​ស្រាប់​សព្វថ្ងៃ​នឹង​ដាច់​ដង្ហើម​ភ្លាម​តែ​ម្តង។ ចូរ​កុំ​ភ្លេច​ថា ទោះ​បី​ជា​នៅ​មុន​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ប្រេង​ពេល​នេះ​ក៏​ដោយ ក៏​ពលរដ្ឋ​ក្នុង​ប្រទេស​ជង្រុកប្រេង​នៅ​អាមរិកឡាទីន​មួយ​នេះ​ខ្វះខាត​សព្វគ្រប់ ហើយ​ទំនិញ​បាន​ឡើង​ថ្លៃ​កប់​ពពក។ តាម​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ អត្រា​អតិផរណា​ក្នុង​ឆ្នាំ ២០១៩ នឹង​មាន​ដល់​ទៅ ១០ ០០០ ០០០%។

ចិន និង​រុស្ស៊ី​ជា​ខ្នងបង្អែក​របស់​លោក​ម៉ាឌូរ៉ូ

ដើម្បី​ប្រឈម​ទប់​នឹង​ទណ្ឌកម្ម​អាមេរិក​លើ​ប្រេង​ពេល​នេះ វ៉េណេស៊ុយអេឡា​បាន​ងាក​រក​ប្រទេស​ចិន និង​រុស្ស៊ី​ឲ្យ​ជួយ​ចាត់ចែង​លក់​ប្រេង​របស់​ខ្លួន។ មាន​ការ​លើក​ឡើង​ថា ក្រុមហ៊ុន​ប្រេងឥន្ធនៈ​រុស្ស៊ី​ឈ្មោះ Rosneft ដែល​រដ្ឋ​មាន​ភាគហ៊ុន​ពាក់​កណ្តាល​បាន​ធ្វើ​ជា​អ្នក​លក់​ប្រេងឆៅ​វ៉េណេស៊ុអេឡា​នៅ​លើ​ទីផ្សារ។ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​ក្រុមហ៊ុន Rosneft បដិសេធ។ ថ្មីៗ​នេះ ប្រធាន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​វ៉េណេស៊ុយអេឡា​បាន​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌា​ដើម្បី​បង្កើន​ការ​លក់​ប្រេងឆៅ​ទ្វេដង​ឲ្យ​ក្រុមហ៊ុន រោងចក្រ​ឥណ្ឌា។ តែ​ជាមួយ​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​ពេល​នេះ ឥណ្ឌា​បាន​បញ្ជាក់​ពី​ការ​កាត់បន្ថយ​ការ​ទិញ​ប្រេងវ៉េណេស៊ុយឡា។

ដូច្នេះ​នៅ​ចំពោះ​មុខ នៅ​សល់​តែ​ចិន និង​រុស្ស៊ី​ដែល​វ៉េណេស៊ុយអេឡា​អាច​នៅ​បន្ត​ពឹងពាក់​បាន។ តែ​ខណៈ​នេះ លុយ​ដែល​បាន​មក​ពី​ការ​លក់​ប្រេង​ឲ្យ​រុស្ស៊ី និង​ចិន​ត្រូវ​ទូទាត់​សង​ប្រាក់បំណុល​ដែល​វ៉េណេស៊ុយអេឡា​ជំពាក់​ចិន និង​រុស្ស៊ី​សរុប​មាន​ដល់​ទៅ ១៥០ ០០០លានដុល្លារ។ ឃើញ​ថា​វិល​ចុះ វិល​ឡើង ដំណោះស្រាយ​មិនត្រឹម​គ្មាន​ច្រក​ចេញ​ទេ តែ​ហាក់​ចៀស​មិន​រួច​ពី​ការ​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត។ នេះ​ហើយ​ជា​ស្ថានការណ៍​មួយ​ដែល​អាមេរិក​ចង់​បាន​ដើម្បី​បញ្ឆេះ​កំហឹង និង​ភាព​ក្តៅក្រហាយ​របស់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ឲ្យ​ក្រោក​ឈរ​ប្រឆាំង​លោក​ម៉ាឌូរ៉ូ​កាន់​តែ​ខ្លាំង។ តែ​បើ​កងទ័ព​នៅ​បន្ត​គាំទ្រ​លោក​ម៉ាឌូរ៉ូ កំហឹង និង​ភាព​ក្តៅក្រហាយ​របស់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ពិបាក​នឹង​បញ្ចប់​សករាជ​របស់​លោក​ម៉ាឌូរ៉ូ​បន្តិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ