វ៉េណេស៊ុយអេឡា៖ក្រោយការប៉ុនប៉ងទម្លាក់លោកម៉ាឌូរ៉ូមិនបានសម្រេច តើអ្វីទៅជាសេណារីយ៉ូបន្ទាប់របស់លោកហ្កាយដូ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១២
នៅប្រទេសវ៉េណេស៊ុយអេឡា ឧត្តមសេនីយទ័ពអាកាសម្នាក់បានអំពាវនាវនៅក្នុងវីដេអូមួយផ្សាយតាម YouTube នាថ្ងៃអាទិត្យ ទី១២ ឧសភាឲ្យកងទ័ពក្រោកឈរប្រឆាំងប្រធានាធិបតីលោកនីកូឡា ម៉ាឌូរ៉ូ។ តាមរយៈវីដេអូ ឧត្តមសេនីយបានបញ្ជាក់ថា គេត្រូវតែរកមធ្យោបាយដើម្បីជំរុញកងទ័ពឲ្យធ្វើការផ្លាស់ប្តូរប្រព័ន្ធដឹកនាំរបស់លោកម៉ាឌូរ៉ូសព្វថ្ងៃ។ តែឧត្តមសេនីយរូបនេះដដែលមិនបានបង្ហាញជំហរគាំទ្រលោកហ័ន ហ្កាដូដែលជាប្រធានាធិបតីស្តីទីប្រកាសខ្លួនឯង និងដែលកំពុងធ្វើការតស៊ូដើម្បីទម្លាក់លោកម៉ាឌូរ៉ូពីអំណាច។ ការអំពាវនាវរបស់ឧត្តមសេនីយបានធ្លាក់មក បន្ទាប់ពីការប៉ុនប៉ងទម្លាក់លោកម៉ាឌូរ៉ូពីសំណាក់លោកហ្កាដូកាលពីថ្ងៃទី៣០ មេសាមិនបានសម្រេច។ តើមកពីមូលហេតុអ្វី និងថា អ្វីទៅជាសេណារីយ៉ូបន្ទាប់របស់លោកហ្កាយដូ?
កម្មវត្ថុរបស់លោកហ័ន ហ្កាយដូតាំងពីថ្ងៃប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីមកដល់សព្វថ្ងៃមិនផ្លាស់ប្តូរទេ នោះគឺទម្លាក់លោកនីកូឡា ម៉ាឌូរ៉ូចេញពីអំណាច។ ដើម្បីអាចសម្រេចកម្មវត្ថុមួយនេះបាន មេប្រឆាំងរូបនេះបានប្រើគ្រប់មធ្យោបាយទាំងអស់ រួមមាន កែនប្រមូលប្រជាជនឲ្យងើបបះបោរ ពឹងលើគំនាបរបស់បរទេស ពិសេសព្យាយាមបញ្ចុះបញ្ចូលកងទ័ពឲ្យនៅខាងខ្លួន។ រហូតដល់ពេលនេះ រឿងពឹងលើគំនាបរបស់បរទេសមិនពិបាកទេ ព្រោះមានប្រមាណជាង ៤០ប្រទេសបានគាំទ្រលោកពេញទំហឹង ពិសេសសហរដ្ឋអាមេរិកដែលមិនញញើតនឹងប្រើកម្លាំងទ័ពទម្លាក់លោកម៉ាឌូរ៉ូទេ ប្រសិនបើចាំបាច់។ ទន្ទឹមគ្នានេះ ទីក្រុងវ៉ាស៊ីនតោនថែមទាំងបានសន្យាលើកទណ្ឌកម្មសេដ្ឋកិច្ចចេញពីវ៉េណេស៊ុយអេឡានៅពេលដែលរបបលោកម៉ាឌូរ៉ូដួលរលំ និងបានយល់ព្រមលើកលែងទោសឲ្យទាហានវ៉េណេស៊ុយអេឡាណាដែលឈប់គាំទ្រលោកម៉ាឌូរ៉ូ។
ក្នុងរឿងកែនប្រមូលប្រជាជនឲ្យក្រោកឈរប្រឆាំងនឹងលោកម៉ាឌូរ៉ូវិញក៏លោកហ័ន ហ្កាយដូមិនសូវពិបាកដែរ ព្រោះរហូតមកទល់ពេលនេះ គេសង្កេតឃើញមានក្បួនបាតុកម្មនៅរៀងរាល់ថ្ងៃសៅរ៍តាមការអំពាវនាវរបស់លោកហ្កាយដូ។ តែបើនិយាយពីការបញ្ចុះបញ្ចូលកងទ័ពឲ្យនៅខាងខ្លួនវិញ លោកហ្កាយដូហាក់ពិបាកបន្តិច ពិសេសពិបាកអូសទាញអគ្គមេបញ្ជាការ និងមេទ័ពគ្រាក់ៗដែលលោកម៉ាឌូរ៉ូកំពុងក្តាប់យ៉ាងណែនក្នុងដៃ និងដែលពួកគេក៏កំពុងបន្តឈរពាំងការពារលោកម៉ាឌូរ៉ូដោយស្លាប់រស់។ ពិតណាស់នារយៈពេលចុងក្រោយនេះ មានមន្រ្តីយោធាខ្លះបានចេញមុខគាំទ្រលោកហ្កាយដូរ និងខ្លះទៀតបានបែរចុងកាំភ្លើងដាក់លោកម៉ាឌូរ៉ូ។ តែមន្រ្តីយោធាទាំងនេះច្រើនជាកូនទាហានកំប៉ិកកំប៉ុក ហើយមានស័ក្តិតូចតាចដែលគ្មានទម្ងន់ និងឥទ្ធិពលទេ។
សួរថា ឆន្ទៈចង់បានការផ្លាស់ប្តូរមានហើយ ការគាំទ្រពីប្រជាជនភាគច្រើនមិនខ្វះទេ និងការគាំទ្រពីបស្ចិមលោក ពិសេសពីសហរដ្ឋអាមេរិកក៏មានដែរ ចុះហេតុអ្វីបានជាលោកហ្កាយដូពិបាក ឬមួយនៅមិនទាន់អាចកំចាត់លោកម៉ាឌូរ៉ូចេញពីអំណាចបាន?។ គួររម្លឹកថា មានព្រឹត្តិការណ៍ចំនួនពីរដែលលោកហ្កាយដូបានព្យាយាមធ្វើ តែមិនបានសម្រេច ទី១ បរាជ័យក្នុងការនាំជំនួយស្បៀងអាហារ និងថ្នាំពេទ្យរបស់អាមេរិកចូលស្រុកនៅតាមព្រំដែនជាមួយប្រទេសកូឡុំប៊ីក្នុងថ្ងៃទី២៣ កុម្ភៈ និងទី២ បរាជ័យក្នុងការធ្វើរដ្ឋប្រហារទម្លាក់លោកម៉ាឌូរ៉ូក្នុងថ្ងៃទី៣០ មេសាកន្លងទៅថ្មីៗនេះ។ បរាជ័យក្នុងការនាំជំនួយអាមេរិកចូលស្រុកមិនសូវខកចិត្តប៉ុន្មានទេ តែបរាជ័យក្នុងរដ្ឋប្រហារទម្លាក់លោកម៉ាឌូរ៉ូមិនបានជារឿងដ៏ល្វីងជូរចត់ និងបាក់មុខ បាក់មាត់ខ្លាំងណាស់សម្រាប់លោកហ្កាយដូ។
តើនេះមកពីការមើលស្រាលស្ថានការណ៍ ទុកចិត្តលើខ្លួនឯងខ្លាំងពេក ឬមួយក៏រៀបចំផែនការយុទ្ធសាស្រ្តខុស?។ លោកហ្កាយដូបានឆ្លើយដោយចាត់ទុកបរាជ័យមួយនេះថា មកពីមានមន្រ្តីយោធា និងស៊ីវិលមួយចំនួនក្នុងរបបលោកម៉ាឌូរ៉ូមិនបានគោរពពាក្យសន្យាដោយបានដកខ្លួនឈប់រួមសហការណ៍ជាមួយលោកវិញនៅនាទីចុងក្រោយ។ តែក្រុមអ្នកវិភាគបានមើលឃើញថា មកពីលោកហ្កាយដូខ្លួនឯងបានមើលស្រាលលើសមត្ថភាព និងការតស៊ូរបស់លោកម៉ាឌូរ៉ូ។ ក្រោយការប៉ុនប៉ងមិនបានសម្រេចរបស់លោកហ្កាយដូមក លោកម៉ាឌូរ៉ូគ្មានជម្រើសអ្វីផ្សេងក្រៅពីបន្តឹងគំនាបលើក្រុមមនុស្សជំនិតនឹងលោកហ្កាយដូ រួមទាំងមន្រ្តីយោធា ស៊ីវិលជាច្រើននាក់ផង។ សមាជិកសភា ៧រូបត្រូវបានដកអភ័យឯកសិទ្ធិ មន្រ្តីយោធាជាន់ខ្ពស់ រួមទាំងកូនទាហានសរុប ៥៤នាក់ត្រូវបានបណ្តេញចេញ ហើយអតីតប្រមុខស៊ើបការណ៍បានជាប់ចោទពីបទក្បត់ជាតិ។
សំណួរដែលគ្រប់គ្នាកំពុងចោទពេលនេះគឺថា តើនៅសល់សេណារីយ៉ូអ្វីទៀតដែលលោកហ្កាយដូមានដើម្បីអាចទម្លាក់លោកម៉ាឌូរ៉ូបាន ?។ ក្រុមអ្នកវិភាគបានមើលឃើញថាឥឡូវនេះ លោកហ្កាយដូ និងលោកម៉ាឌូរ៉ូកំពុងមានកម្លាំងប្រហាក់ប្រហែលគ្នាដោយគ្មានអ្នកណាអាចកំចាត់អ្នកណាដោយប្រើកម្លាំងបាយបានទេ។ ដូច្នេះសេណារីយ៉ូបន្ទាប់ដែលគេបានមើលឃើញ គឺការចរចា។ នៅក្នុងកិច្ចសន្ទនាជាមួយ AFP លោកហ្កាយដូបានទម្លាយឲ្យដឹងពីលទ្ធភាពក្នុងការបង្កើតឲ្យមានសម័យអន្តរកាលផ្ទៃក្នុងមួយដូចដែលធ្លាប់បានធ្វើឡើងក្នុងការបិទបញ្ចប់របបផ្តាច់ការរបស់លោកម៉ាកូស ប៉េរ៉េ ជីម៉េណេកាលពីឆ្នាំ ១៩៥៨។ សម័យអន្តរកាលផ្ទៃក្នុងដែលលោកហ្កាយដូសម្លឹងឃើញ គឺការប្រគល់អំណាចទៅឲ្យក្រុមមួយទៀតរបស់សពអតីតប្រធានាធិបតីលោកអ៊ូហ្គោ ស្ហាវេសដោយដាក់លោកម៉ាឌូរ៉ូឲ្យនៅក្រៅឆាកនយោបាយ។
តែគេមិនភ្លេចនិយាយទេថា ទោះបីជាត្រូវធ្វើឡើងក្រោមសេណារីយ៉ូណាមួយក៏ដោយ ក៏កងទ័ពនៅបន្តជាតួអង្គឯកដែលមានទឹកមាត់ប្រៃចុងក្រោយដែរ។ បើកងទ័ពសម្រេចទៅគាំទ្រលោកហ្កាយដូនៅថ្ងៃណាមួយ លោកម៉ាឌូរ៉ូនឹងធ្លាក់ពីកៅអីប្រធានាធិបតីដោយមិនបាច់ទាញទម្លាក់ទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ