អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វ៉េណេស៊ុយអេឡា៖ក្រោយការប៉ុនប៉ងទម្លាក់លោកម៉ាឌូរ៉ូមិនបានសម្រេច តើអ្វីទៅជាសេណារីយ៉ូបន្ទាប់របស់លោកហ្កាយដូ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ឧត្តមសេនីយ​ទ័ពអាកាស​ម្នាក់​បាន​អំពាវនាវ​នៅ​ក្នុង​វីដេអូ​មួយ​ផ្សាយ​តាម YouTube នា​ថ្ងៃ​អាទិត្យ ទី១២ ឧសភា​ឲ្យ​កងទ័ព​ក្រោក​ឈរ​ប្រឆាំង​ប្រធានាធិបតី​លោក​នីកូឡា ម៉ាឌូរ៉ូ។ តាម​រយៈ​វីដេអូ ឧត្តមសេនីយ​បាន​បញ្ជាក់​ថា គេ​ត្រូវ​តែ​រក​មធ្យោបាយ​ដើម្បី​ជំរុញ​កងទ័ព​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ​របស់​លោក​ម៉ាឌូរ៉ូ​សព្វថ្ងៃ។ តែ​ឧត្តមសេនីយ​រូប​នេះ​ដដែល​មិន​បាន​បង្ហាញ​ជំហរ​គាំទ្រ​លោក​ហ័ន ហ្កាដូ​ដែល​ជា​ប្រធានាធិបតីស្តីទី​ប្រកាស​ខ្លួន​ឯង និង​ដែល​កំពុង​ធ្វើ​ការ​តស៊ូ​ដើម្បី​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ពី​អំណាច។ ការ​អំពាវនាវ​របស់​ឧត្តមសេនីយ​បាន​ធ្លាក់​មក បន្ទាប់​ពី​ការ​ប៉ុនប៉ង​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ពី​សំណាក់​លោក​ហ្កាដូ​កាល​ពី​ថ្ងៃទី៣០ មេសា​មិន​បាន​សម្រេច។ តើ​មក​ពី​មូលហេតុ​អ្វី និង​ថា អ្វី​ទៅ​ជា​សេណារីយ៉ូ​បន្ទាប់​របស់​លោក​ហ្កាយដូ?

លោក​ហ្កាយដូ មេប្រឆាំង​នៅវ៉េណេស៊ុយអេឡា​
លោក​ហ្កាយដូ មេប្រឆាំង​នៅវ៉េណេស៊ុយអេឡា​ Yuri CORTEZ / AFP
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​របស់​លោក​ហ័ន ហ្កាយដូ​តាំង​ពី​ថ្ងៃ​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតីស្តីទី​មក​ដល់​សព្វថ្ងៃ​មិន​ផ្លាស់ប្តូរ​ទេ នោះ​គឺ​ទម្លាក់​លោក​នីកូឡា ម៉ាឌូរ៉ូ​ចេញ​ពី​អំណាច។ ដើម្បី​អាច​សម្រេច​កម្មវត្ថុ​មួយ​នេះ​បាន មេប្រឆាំង​រូប​នេះ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ រួម​មាន កែនប្រមូល​ប្រជាជន​ឲ្យ​ងើប​បះបោរ ពឹង​លើ​គំនាប​របស់​បរទេស ពិសេស​ព្យាយាម​បញ្ចុះបញ្ចូល​កងទ័ព​ឲ្យ​នៅ​ខាង​ខ្លួន។ រហូត​ដល់​ពេល​នេះ រឿង​ពឹង​លើ​គំនាប​របស់​បរទេស​មិន​ពិបាក​ទេ ព្រោះ​មាន​ប្រមាណ​ជាង ៤០ប្រទេស​បាន​គាំទ្រ​លោក​ពេញ​ទំហឹង ពិសេស​សហរដ្ឋអាមេរិក​ដែល​មិន​ញញើត​នឹង​ប្រើ​កម្លាំងទ័ព​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ទេ ប្រសិន​បើ​ចាំ​បាច់។ ទន្ទឹម​គ្នា​នេះ ទីក្រុង​វ៉ាស៊ីនតោន​ថែម​ទាំង​បាន​សន្យា​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​វ៉េណេស៊ុយអេឡា​នៅ​ពេល​ដែល​របប​លោក​ម៉ាឌូរ៉ូ​ដួលរលំ និង​បាន​យល់ព្រម​លើកលែង​ទោស​ឲ្យ​ទាហាន​វ៉េណេស៊ុយអេឡា​ណា​ដែល​ឈប់​គាំទ្រ​លោក​ម៉ាឌូរ៉ូ។

ក្នុង​រឿង​កែនប្រមូល​ប្រជាជន​ឲ្យ​ក្រោក​ឈរ​ប្រឆាំង​នឹង​លោក​ម៉ាឌូរ៉ូ​វិញ​ក៏​លោក​ហ័ន ហ្កាយដូ​មិន​សូវ​ពិបាក​ដែរ ព្រោះ​រហូត​មក​ទល់​ពេល​នេះ ​គេ​សង្កេត​ឃើញ​មាន​ក្បួនបាតុកម្ម​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍​តាម​ការ​អំពាវនាវ​របស់​លោក​ហ្កាយដូ។ តែ​បើ​និយាយ​ពី​ការ​បញ្ចុះបញ្ចូល​កងទ័ព​ឲ្យ​នៅ​ខាង​ខ្លួន​វិញ លោក​ហ្កាយដូ​ហាក់​ពិបាក​បន្តិច ពិសេស​ពិបាក​អូសទាញ​អគ្គមេបញ្ជាការ និង​មេទ័ព​គ្រាក់ៗ​ដែល​លោក​ម៉ាឌូរ៉ូ​កំពុង​ក្តាប់​យ៉ាង​ណែន​ក្នុង​ដៃ និង​ដែល​ពួក​គេ​ក៏​កំពុង​បន្ត​ឈរ​ពាំង​ការពារ​លោក​ម៉ាឌូរ៉ូ​ដោយ​ស្លាប់រស់។ ពិត​ណាស់​នា​រយៈពេល​ចុង​ក្រោយ​នេះ មាន​មន្រ្តី​យោធា​ខ្លះ​បាន​ចេញ​មុខ​គាំទ្រ​លោក​ហ្កាយដូរ និង​ខ្លះ​ទៀត​បាន​បែរ​ចុងកាំភ្លើង​ដាក់​លោក​ម៉ាឌូរ៉ូ។ តែ​មន្រ្តី​យោធា​ទាំង​នេះ​ច្រើន​ជា​កូនទាហាន​កំប៉ិកកំប៉ុក ហើយ​មាន​ស័ក្តិ​តូចតាច​ដែល​គ្មាន​ទម្ងន់ និង​ឥទ្ធិពល​ទេ។

សួរ​ថា ឆន្ទៈ​ចង់​បាន​ការ​ផ្លាស់ប្តូរ​មាន​ហើយ ការ​គាំទ្រ​ពី​ប្រជាជន​ភាគ​ច្រើន​មិន​ខ្វះ​ទេ និង​ការ​គាំទ្រ​ពី​បស្ចិមលោក ពិសេស​ពី​សហរដ្ឋអាមេរិក​ក៏​មាន​ដែរ ចុះ​ហេតុអ្វី​បាន​ជា​លោក​ហ្កាយដូ​ពិបាក ឬ​មួយ​នៅ​មិន​ទាន់​អាច​កំចាត់​លោក​ម៉ាឌូរ៉ូ​ចេញ​ពី​អំណាច​បាន?។ គួរ​រម្លឹក​ថា មាន​ព្រឹត្តិការណ៍​ចំនួន​ពីរ​ដែល​លោក​ហ្កាយដូ​បាន​ព្យាយាម​ធ្វើ តែ​មិន​បាន​សម្រេច ទី១ បរាជ័យ​ក្នុង​ការ​នាំ​ជំនួយ​ស្បៀងអាហារ និង​ថ្នាំពេទ្យ​របស់​អាមេរិក​ចូល​ស្រុក​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​កូឡុំប៊ី​ក្នុង​ថ្ងៃ​ទី២៣ កុម្ភៈ និង​ទី២ បរាជ័យ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ក្នុង​ថ្ងៃទី៣០ មេសា​កន្លង​ទៅ​ថ្មីៗ​នេះ។ បរាជ័យ​ក្នុង​ការ​នាំ​ជំនួយ​អាមេរិក​ចូល​ស្រុក​មិន​សូវ​ខកចិត្ត​ប៉ុន្មាន​ទេ តែ​បរាជ័យ​ក្នុង​រដ្ឋប្រហារ​ទម្លាក់​លោក​ម៉ាឌូរ៉ូ​មិន​បាន​ជា​រឿង​ដ៏​ល្វីងជូរចត់ និង​បាក់មុខ បាក់មាត់​ខ្លាំង​ណាស់​សម្រាប់​លោក​ហ្កាយដូ។

តើ​នេះ​មក​ពី​ការ​មើល​ស្រាល​ស្ថានការណ៍ ទុកចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង​ពេក ឬ​មួយ​ក៏​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ខុស?។ លោក​ហ្កាយដូ​បាន​ឆ្លើយ​ដោយ​ចាត់ទុក​បរាជ័យ​មួយ​នេះ​ថា មក​ពី​មាន​មន្រ្តីយោធា និង​ស៊ីវិល​មួយ​ចំនួន​ក្នុង​របប​លោក​ម៉ាឌូរ៉ូ​មិន​បាន​គោរព​ពាក្យ​សន្យា​ដោយ​បាន​ដក​ខ្លួន​ឈប់​រួម​សហការណ៍​ជាមួយ​លោក​វិញ​នៅ​នាទី​ចុង​ក្រោយ។ តែ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា មក​ពី​លោក​ហ្កាយដូ​ខ្លួន​ឯង​បាន​មើលស្រាល​លើ​សមត្ថភាព និង​ការ​តស៊ូ​របស់​លោក​ម៉ាឌូរ៉ូ។ ក្រោយ​ការ​ប៉ុនប៉ង​មិន​បាន​សម្រេច​របស់​លោក​ហ្កាយដូ​មក លោក​ម៉ាឌូរ៉ូ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្តឹង​គំនាប​លើ​ក្រុម​មនុស្សជំនិត​នឹង​លោក​ហ្កាយដូ រួម​ទាំង​មន្រ្តី​យោធា ស៊ីវិល​ជា​ច្រើន​នាក់​ផង។ សមាជិកសភា ៧រូប​ត្រូវ​បាន​ដក​អភ័យឯកសិទ្ធិ មន្រ្តី​យោធា​ជាន់ខ្ពស់ រួម​ទាំង​កូនទាហាន​សរុប ៥៤នាក់​ត្រូវ​បាន​បណ្តេញ​ចេញ ហើយ​អតីត​ប្រមុខ​ស៊ើបការណ៍​បាន​ជាប់ចោទ​ពី​បទ​ក្បត់ជាតិ។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​នៅ​សល់​សេណារីយ៉ូ​អ្វី​ទៀត​ដែល​លោក​ហ្កាយដូ​មាន​ដើម្បី​អាច​ទម្លាក់​លោក​ម៉ាឌូរ៉ូ​បាន ?។ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា​ឥឡូវ​នេះ លោក​ហ្កាយដូ និង​លោក​ម៉ាឌូរ៉ូ​កំពុង​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា​ដោយ​គ្មាន​អ្នក​ណា​អាច​កំចាត់​អ្នក​ណា​ដោយ​ប្រើ​កម្លាំងបាយ​បាន​ទេ។ ដូច្នេះ​សេណារីយ៉ូ​បន្ទាប់​ដែល​គេ​បាន​មើល​ឃើញ គឺ​ការ​ចរចា។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ AFP លោក​ហ្កាយដូ​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​លទ្ធភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សម័យអន្តរកាល​ផ្ទៃក្នុង​មួយ​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​ឡើង​ក្នុង​ការ​បិទបញ្ចប់​របប​ផ្តាច់ការ​របស់​លោក​ម៉ាកូស ប៉េរ៉េ ជីម៉េណេ​កាល​ពី​ឆ្នាំ ១៩៥៨។ សម័យ​អន្តរកាល​ផ្ទៃក្នុង​ដែល​លោក​ហ្កាយដូ​សម្លឹង​ឃើញ គឺ​ការ​ប្រគល់​អំណាច​ទៅ​ឲ្យ​ក្រុម​មួយ​ទៀត​របស់​សព​អតីត​ប្រធានាធិបតី​លោក​អ៊ូហ្គោ ស្ហាវេស​ដោយ​ដាក់​លោក​ម៉ាឌូរ៉ូ​ឲ្យ​នៅ​ក្រៅ​ឆាក​នយោបាយ។

តែ​គេ​មិន​ភ្លេច​និយាយ​ទេ​ថា ទោះ​បី​ជា​ត្រូវ​ធ្វើ​ឡើង​ក្រោម​សេណារីយ៉ូ​ណា​មួយ​ក៏​ដោយ ក៏​កងទ័ព​នៅ​បន្ត​ជា​តួអង្គឯក​ដែល​មាន​ទឹកមាត់ប្រៃ​ចុង​ក្រោយ​ដែរ។ បើ​កងទ័ព​សម្រេច​ទៅ​គាំទ្រ​លោក​ហ្កាយដូ​នៅ​ថ្ងៃ​ណា​មួយ លោក​ម៉ាឌូរ៉ូ​នឹង​ធ្លាក់​ពី​កៅអី​ប្រធានាធិបតី​ដោយ​មិន​បាច់​ទាញ​ទម្លាក់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ