អានតួអត្ថបទ

អាមេរិក​បញ្ជា​ឱ្យ​មន្ត្រី​និងបុគ្គលិក​ស្ថានទូត ចាកចេញ​ពី​អ៊ីរ៉ាក់

តើ​មាន​ន័យ​យ៉ាង​ដូចម្តេច ? នៅក្នុង​ខណៈដែល​​ស្ថានភាព​​​កំពុងឡើង​តាន​តឹង​ខ្លាំង​ជាមួយ​អ៊ីរ៉ង់ ​ក្រសួងការ​បរទេស​អាមេរិក​បាន​ចេញ​បទ​បញ្ជា​នៅ​ថ្ងៃពុធ​ទី ១៥​ ឧសភា នេះ ឱ្យ​មន្ត្រី​និង​បុគ្គលិក​ដែល​មាន​តួនាទី​មិន​ចាំបាច់ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​បាកដាដ និង​ក្នុង​ស្ថាន​កុងស៊ុល​ប្រចាំ​ក្រុង​អែរប៊ីល ចាកចេញ​ពី​អ៊ីរ៉ាក់។

លោក Mike Pompeo នៅ​​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាកដាដ ថ្ងៃទី ៩ ឧសភា ២០១៩
លោក Mike Pompeo នៅ​​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាកដាដ ថ្ងៃទី ៩ ឧសភា ២០១៩ Andrew Caballero-Reynolds/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ជា​សេចក្តីសម្រេច​ចិត្តដែល​ធ្វើ​ឡើង​នៅ​ពេល​លោកប្រមុខ​ការទូត​អាមេរិក មាយ ប៉ុមប៉េអូ (Mike Pompeo) អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅទីក្រុង​បាកដាដ ​ដោយឥតព្រៀង​ទុក កាលពី​សប្តាហ៍មុន និង​ដោយ​សំអាង​លើ​ព័ត៌មាន​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ដែល​ថា​ពួក​យុទ្ធជន​​ឈីអ៊ីត​ ស្និទ្ធិ​នឹង​អ៊ីរ៉ង់​ បាន​ដាក់​ពង្រាយ​ជើង​បាញ់​រ៉ុកកែត នៅ​តាម​បណ្តោយ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ អ៊ីរ៉ាក់។

បើ​តាម​អ្នក​ទទួល​ជាន់​ខ្ពស់​ក្នុង​ជួរ​យោធា​អ៊ីរ៉ាក់ វត្តមានដ៏​ភ្ញាក់ផ្អើល​​របស់​លោក​ប៉ុមប៉េអូ ជា​​សារ​ដ៏​ច្បាស់​លាស់​របស់​អាមេរិក ដែល​ចង់ប្រាប់​​អ៊ីរ៉ាក់​ឱ្យការពារ​ផលប្រយោជន៍​អាមេរិក​ពី​ការ​គំរាម​កំហែង​របស់​ពួក​យុទ្ធជនឈីអ៊ីត។ បើ​ពុំ​នោះ​ទេ​អាមេរិក នឹង​ការពារ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​ចាំបាច់​សហការ​ជាមួយអ៊ីរ៉ាក់​ឡើយ។ ​

បន្ថែមពីលើ​នេះទៀត អាមេរិក​និង​សម្ព័ន្ធ​មិត្ត​សង្ស័យ​​ថា អ៊ីរ៉ង់​ទំនង​ជា​នៅ​ពី​ក្រោយ​ទង្វើ​វិច្ឆេទកម្ម កាលពី​យប់​ថ្ងៃ​អាទិត្យ ​បំផ្លាញ​នាវា​ដឹកប្រេង​បួន​គ្រឿង ក្នុង​នោះ​ពីរគ្រឿង​ជា​របស់​អារ៉ាប៊ីសាអូត ព្រមទាំង​ការ​វាយប្រហារ​ដោយ​ប្រើ​យន្តហោះ​ដ្រូន​របស់​ពួក​ឈីអ៊ីត​យេម៉ែន កាលពី​ថ្ងៃ​អង្គារ​លើ​ស្ថានីយ៍​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត។

ហេតុការណ៍​ទាំង​ពីរ បាន​ជំរុញ​ឱ្យ​​មេបញ្ជា​កងទ័ព​អាមេរិក​ប្រកាស​ដាក់​ទាហាន​៥២០០​នាក់​ នៅ​អ៊ីរ៉ាក់​ ឱ្យ​ស្ថិត​ក្នុង​ស្ថានភាពត្រៀមអាសន្ន​ តាំង​ពី​ល្ងាច​ថ្ងៃអង្គារ​មក។ ចំណែក​មន្ត្រី​និង​បុគ្គលិក​ការទូត នៅស្ថានទូត​ក្នុង​ក្រុង​​បាកដាដ និង​ស្ថានកុងស៊ុល​នៅ​អែរប៊ីល ក៏​បាន​ទទួល​បញ្ជា នៅ​ថ្ងៃ​នេះ​​ឱ្យ​ចាក​ចេញពី​អីរ៉ាក់​​ ​ជា​កិច្ចបង្ការ។ សេវាមិន​បន្ទាន់ ​ផ្នែក​ទិដ្ឋាការធម្មតា ត្រូវ​ផ្អាក​ការងារ​មួយ​រយៈ​។ រដ្ឋាបាល​អាមេរិក​បាន​កំរិត​ការ​ផ្គត់ផ្គង់​សេវាបន្ទាន់​ដល់​ពលរដ្ឋ​អាមេរិក​នៅ​លើ​ទឹកដី​អ៊ីរ៉ាក់។ នេះ​បើ​បាន​សេចក្តី​ថ្លែងការណ៍​លម្អិត​របស់​ក្រសួងការបរទេសអាមេរិក។ ជាមួយ​គ្នា​នេះ​ដែរ ​វគ្គ​បំពាក់​បំប៉ន​យោធា​អ៊ីរ៉ាក់​ផ្តល់​ដោយក្រសួងការពារ​ជាតិ​​​អាល្លឺម៉ង់ក៏​ត្រូវ​បានផ្អាក​ ក្រោម​ហេតុផល​តែ​មួយ។

ប៉ុន្តែ​ដូចការ​អះអាងរបស់​មេបញ្ជាការ​កងទ័ព​អង់គ្លេស ​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់បានបញ្ជាក់​ថា​​គ្មាន​ឃើញ​សកម្មភាព​កំរាមកំហែង​មក​ពី​អ៊ីរង់​សោះ។ កងទ័ព​ឈីអ៊ីត​ផ្ទាល់​ បាន​បដិសេធ​ថា​គ្មាន​បាន​ត្រៀម​លក្ខណៈ​វាយប្រហារ​លើ​ផលប្រយោជន៍​អាមេរិកទេ និង​បាន​ចោទ​វ៉ាស៊ីនតោន​ថា​កំពុង​ធ្វើ​សង្គ្រាម​ចិត្តសាស្ត្រ ដូច​អ្វី ដែល​អាមេរិក​ធ្លាប់បាន​​ធ្វើ​ដើម្បី​ចូល​ឈ្លានអ៊ីរ៉ាក់​កម្ចាត់​សាដាមអូសេន​កាលពី​ឆ្នាំ​២០០៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ