វ៉េណេស៊ុយអេឡា ៖ រដ្ឋាភិបាលពិភាក្សាជាមួយបក្សប្រឆាំងប្រជាធិបតេយ្យ
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា របស់លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ កំពុងស្វះស្វែង ផ្តើមភ្ជាប់កិច្ចពិភាក្សាជាមួយនឹង “បក្សប្រជាធិបតេយ្យ” បក្សប្រឆាំង ដែលមិនបានទទួលការគាំទ្រពីសហរដ្ឋអាមេរិក ដូចបក្សរបស់លោក ហ័ន ហ្កាយដូ។ តំណាងភាគីទាំងសងខាងបានធ្វើដំណើរទៅរកអន្តរការីដល់ន័រវែស។ នេះបើតាមសេចក្តីប្រកាសរបស់ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥២
"មានគណបក្សប្រឆាំងដែលត្រូវបានគេចាត់ទុកជាគំរូប្រជាធិបតេយ្យ និងបក្សប្រឆាំងមួយទៀតជាអាយ៉ងរបស់អាមេរិក” ! នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា ទៅកាន់អ្នកកាសែត ដោយបញ្ជាក់ព័ត៌មានថា ពិតជាមានការចរចាមួយ ប៉ុន្តែលោកមិនអាចលម្អិតឱ្យបានស៊ីជម្រៅឡើយ។ ប្រមុខការទូតវ៉េណេស៊ុយអេឡារូបនេះ ថែមទាំងបានប្រកាសចាត់ទុកលោកដូណាល់ត្រាំ ថាជាឧក្រិដ្ឋជនសង្គ្រាមទៀតផង។
បើតាមប្រភពបួន ស្និទ្ធនឹងក្រុមប្រឆាំង តំណាងរដ្ឋាភិបាល និងបក្សប្រឆាំងប្រជាធិបតេយ្យ បាននាំគ្នាធ្វើដំណើរទៅក្រុងអូស្លូ ដើម្បីជួបជជែកជាមួយតំណាងន័រវែស អំពីលទ្ធភាពសុំប្រទេសនេះឱ្យធ្វើជាអន្តរការី ព្រោះន័រវែសធ្លាប់បានសម្រួលឱ្យមានការចរចាសន្តិភាពរវាងរដ្ឋាភិបាលកូឡុំប៊ីនិងពួកឧទ្ទាមហ្វាក។
ខាងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា តំណាងដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Jorge Rodriguez និងអភិបាលរដ្ឋម៉ីរ៉ានដាលោក Hector Rodriguez ដែលទាំងពីរនាក់សុទ្ធជាសមាជិកបក្សសង្គមនិយម។ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ នាយប់ថ្ងៃពុធ លោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ បានព្រលយឱ្យដឹងដែរថាលោករដ្ឋមន្ត្រីក្រសួងព័ត៌មានកំពុងបំពេញបេសកកម្ម ដ៏សំខាន់មួយនៅបរទេស។ ចំណែកខាងបក្សប្រឆាំង មានរូបសមាជិកសភា លោក Stalin Gonzalez និងទីប្រឹក្សានយោបាយពីររូប គឺលោក Gérado Blyde និងលោក Fernando Martineez។
ពេលនេះ បើតាមប្រភពមួយក្នុងចំណោមប្រភពទាំងបួន គ្មានជំនួបប្រជុំណាមួយត្រូវបានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែតាមគម្រោងភាគីរដ្ឋាភិបាល និងបក្សប្រឆាំងនឹងជួបជជែកជាមួយអ្នកការទូតន័រវែស ដាច់ដោយឡែកពីគ្នា។
ការធ្វើបំលាស់ទីរហូតដល់ន័រវែស សបញ្ជាក់ឱ្យឃើញថាបក្សប្រឆាំងនិងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាកំពុងស្វែងរកដំណោះស្រាយថ្មី ដោយមិនរាប់បញ្ជូលប្រមុខបក្សប្រឆាំងដ៏ល្បីល្បាញគាំទ្រនិងទទួលស្គាល់ដោយសហគមន៍អន្តរជាតិប្រមាណជាង៥០ប្រទេសទេ។ ប្រមុខបក្សប្រឆាំង លោក ហ័ន ហ្កាយដូ ដែលបានប្រកាសតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី តាំងពីខែមករាមក បានជំរុញឱ្យយោធាងើបឡើងប្រឆាំងនឹងលោក ម៉ាឌូរ៉ូ កាលពីថ្ងៃទី ៣០មេសា តែពុំបានសម្រេច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ