ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
អាមេរិក

អាមេរិក៖លោកត្រាំចង់បាននយោបាយអន្តោប្រវេសន៍មួយដោយផ្អែកលើគុណសម្បត្តិ និងសមត្ថភាព

media  
ប្រធានាធិបតីអាមេរិក​លោក​ដូណាល់ ត្រាំ MANDEL NGAN / AFP

នៅ​សហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ឧសភា​នូវ​មហា​គម្រោង​កំណែទម្រង់​លើ​ប្រព័ន្ធ​អន្តោប្រវេសន៍​ស្របច្បាប់។ នៅ​ក្នុង​គម្រោង​កំណែទម្រង់​នេះ លោក​ត្រាំ​ចង់​ជ្រើស​យក​ជនអន្តោប្រវេសន៍​ដោយ​ផ្អែក​លើ​គុណសម្បត្តិ និង​សមត្ថភាព រួច​កាត់​បន្ថយ​ជនអន្តោប្រវេសន៍​ដែល​ចូល​ទឹកដី​អាមេរិក​តាម​រយៈ​ចំណង​គ្រួសារ​របស់​ពួក​គេ។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ មាន​ជនអន្តោប្រវេសន៍​ស្របច្បាប់​ចំនួន ៦០% ចូល​ទឹកដី​អាមេរិក​តាម​រយៈ​ចំណង​គ្រួសារ ហើយ​មាន​តែ ១២% ប៉ុណ្ណោះ​ដែល​ចូល​តាម​រយៈ​គុណសម្បត្តិ និង​សមត្ថភាព។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន​តាម​រយៈ​គម្រោង​កំណែទម្រង់ គឺ​ប្តូរ​ទិសដៅ​មួយ​នេះ​បញ្ច្រាស់​វិញ មាន​ន័យ​ថា ជ្រើស​យក​ជនអន្តោប្រវេសន៍​ដោយ​ផ្អែក​លើ​គុណសម្បត្តិ និង​សមត្ថភាព​ចំនួន ៦០% និង​ទទួល​យក​ជនអន្តោប្រវេសន៍​តាម​រយៈ​ចំណង​គ្រួសារ​តែ ១២%។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ក៏​គ្រោង​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន និង​ពង្រឹង​នីតិវិធី​សុំ​សិទ្ធិជ្រកកោណ​ស្របច្បាប់។

« ផែនការ​របស់​យើង​មាន​កម្មវត្ថុ​សំខាន់​ចំនួន​ពីរ ទី១ បញ្ឈប់​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ធានា​សន្តិសុខ​នៅ​តាម​ព្រំដែន ហើយ​ទី២ បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​អន្តោប្រវេសន៍​ស្របច្បាប់​មួយ​ដែល​ការពារ​ប្រាក់ឈ្នួល​អាមេរិក លើកកម្ពស់​តម្លៃ​អាមេរិក ហើយ​ទាក់ទាញ​ក្រុម​មនុស្ស​ដែល​មាន​គុណសម្បត្តិ និង​មាន​ជំនាញ​ល្អៗ​នៅ​ទូទាំង​ពិភពលោក។

យើង​ក៏​ត្រូវ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​សុំសិទ្ធិ​ជ្រកកោណ​របស់​យើង។ ផែនការ​របស់​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​សុំ​សិទ្ធិ​ជ្រកកោណ​ស្របច្បាប់ និង​មាន​ហេតុផល​ត្រឹមត្រូវ​ចូល​ជំនួស​កន្លែង​អ្នក​ដែល​សុំ​សិទ្ធិជ្រកកោណ​ក្លែង​បន្លំ​ឯកសារ។ ផែនការ​របស់​យើង​មាន​ដាក់​បញ្ចូល​ការ​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​មិន​ប្រក្រតី​នៃ​អន្តោប្រវេសន៍​ស្របច្បាប់​របស់​យើង។

កំណែទម្រង់​ចម្បង​ចុង​ក្រោយ​លើ​នយោបាយ​អន្តោប្រវេសន៍​របស់​យើង​បាន​ធ្វើ​ឡើង​កាល​ពី ៥៤ឆ្នាំ​មុន។ ដូច្នេះ ការ​ធ្វើ​បច្ចុប្បន្នភាព​ដ៏​សំខាន់​មួយ​លើ​នយោបាយ​មួយ​នេះ​ត្រូវ​ធ្វើ​តាំង​ពី​យូរ​មក​ហើយ។ យើង​ចង់​បាន​ប្រព័ន្ធ​មួយ​ផ្អែក​លើ​គុណសម្បត្តិ និង​ប្រព័ន្ធ​មួយ​សប្បុរស។ រួម​គ្នា យើង​នឹង​បង្កើត​ប្រព័ន្ធ​អន្តោប្រវេសន៍​មួយ​ដើម្បី​ធ្វើ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព​ជាង​មុន ខ្លាំង​ជាង​មុន និង​ធំ​ជាង​មុន​ជាង​ពេល​ណាៗ​ទាំង​អស់ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ