អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

អ៊ីរ៉ង់ថាការដែលអាមេរិកបន្ថែមទ័ពទៅតំបន់មជ្ឈិមបូព៌ាជាការគំរាមកំហែងសន្តិសុខ និងសន្តិភាពអន្តរជាតិ

នៅ​ថ្ងៃ​សុក្រ ទី២៤ ឧសភា រដ្ឋបាល​អាមេរិក​បាន​ប្រកាស​ពី​ការ​បញ្ជូន​កម្លាំងទ័ព​បន្ថែម​ចំនួន ១ ៥០០នាក់​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។ ការ​សម្រេច​យ៉ាង​ដូច​នេះ​ត្រូវ​បាន​អាមេរិក​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ដើម្បី​ប្រឈម​ទប់​នឹង​កំណែន​គំរាមកំហែង​ប្រឆាំង​នឹង​ទ័ពអាមេរិក​ក្នុង​តំបន់​ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់។ តែ​ទីក្រុង​តេហេរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ក្នុង​ថ្ងៃ​សៅរ៍ ទី២៥ ឧសភា​ថា កំណើន​ទ័ពអាមេរិក​នៅ​ក្នុង​តំបន់​ជា​រឿង​គ្រោះថ្នាក់​ខ្លាំង និង​កំពុង​បង្ក​ការ​គំរាមកំហែង​សម្រាប់​សន្តិសុខ និង​សន្តិភាព​អន្តរជាតិ។

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជូន​ទ័ពអាមេរិក​បន្ថែម​ចំនួន ១ ៥០០នាក់​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ដោយ​លោក​ដូណាល់ ត្រាំ​ពី​សេតវិមាន មុន​នឹង​លោក​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ៤ថ្ងៃ​ក្នុង​ប្រទេស​ជប៉ុន។ បន្ទាប់​មក រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក Patrick Shanahan បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ថា គោលដៅ​នៃ​ការ​បន្ថែម​ទ័ព​អាមេរិក​ទៅ​ក្នុង​តំបន់​គឺ​ដើម្បី​បង្កើន​ការ​ការពារ និង​សុវត្ថិភាព​កម្លាំងទ័ពអាមេរិក​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​ជា​វិជ្ជមាន​របស់​ប្រទេស​អ៊ីរ៉ង់។ ចំណែក​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៅ​សេនាធិការដ្ឋាន​អាមេរិក​បាន​លំអិត​បន្ថែម​ថា ក្នុង​ចំនួន​ទ័ព​បន្ថែម​ទាំង ១ ៥០០នាក់​មាន ៦០០នាក់​បញ្ជូន​ទៅ​កាន់​ទីតាំង​ខែលមីស៊ីលប្រឆាំងមីស៊ីល Patriot ចំនួន ៤ នៅ​ក្នុង​តំបន់ ហើយ ៩០០នាក់​បញ្ជូន​ទៅ​កាន់​មូលដ្ឋានទ័ព​អាមេរិក​ផ្សេង​ដោយ​មិន​បាន​ប្រាប់​ឈ្មោះ​មូលដ្ឋានទ័ព​នោះ​ទេ។

ទន្ទឹម​នឹង​បន្ថែម​ចំនួន​ទ័ព​ក៏​មាន​ការ​បញ្ជូន​បន្ថែម​នូវ​ឧបករណ៍ឈ្លបយកការណ៍ និង​ឃ្លាំមើល រួម​ទាំង​យន្តហោះ​ចម្បាំង​ចំនួន ១២គ្រឿង។ សូម​រម្លឹក​ថា​សព្វថ្ងៃ អគ្គបញ្ជាការដ្នាន​របស់​អាមេរិក​ឈ្មោះ Centcom ដែល​ទទួល​បន្ទុក​នៅ​មជ្ឈិមបូព៌ា និង​​អាស៊ីកណ្តាល​មួយ​ភាគ​មាន​ចំនួន​ទ័ព ៧០ ០០០នាក់ ក្នុង​នោះ​មាន ១៤ ០០០នាក់​កំពុង​ឈរ​ជើង​លើ​ទឹកដី​អាហ្វហ្កានីស្ថាន ៥ ២០០នាក់​នៅ​អ៊ីរ៉ាក់ និង​តិច​ជាង ២ ០០០នាក់​ក្នុង​ប្រទេស​ស៊ីរី។ តែ​ការ​បញ្ជូន​ទ័ព​បន្ថែម​ចំនួន ១ ៥០០នាក់​ពេល​នេះ​មិន​ទាក់ទង​នឹង​ស៊ីរី ឬ​អ៊ីរ៉ាក់​ទេ នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋអនុរដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ទទួល​បន្ទុក​សន្តិសុខ​អន្តរជាតិ។

ក្រៅ​ពី​ការ​បញ្ជូន​កម្លាំងទ័ព​បន្ថែម រដ្ឋបាល​អាមេរិក​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​លក់​អាវុធ​ជា​ថ្មី​ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សត្រូវ​ស៊ីសាច់ហុច​ឈាម​របស់​អ៊ីរ៉ង់ និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ ដើម្បី​កុំ​ឲ្យ​សភា​ដែល​គណបក្ស​ប្រឆាំង​មាន​សម្លេង​ភាគច្រើន​រារាំង​លើ​គម្រោង​នេះ​បាន រដ្ឋបាល​លោក​ត្រាំ​បាន​លើក​យក​ហេតុផល​ពី​ការ​គំរាមកំហែង​របស់​ប្រទេស​អ៊ីរ៉ង់។ យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​សៅរ៍ ទី២៥ ឧសភា អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​លើ​ទង្វើ​របស់​រដ្ឋបាល​អាមេរិក។ « កំណើន​វត្តមាន​ទ័ពអាមេរិក​នៅ​ក្នុង​តំបន់​របស់​យើង​ជា​រឿង​គ្រោះថ្នាក់ខ្លាំង និង​បង្ក​ការ​គំរាមកំហែង​លើ​សន្តិសភាព និង​សន្តិសុខអន្តរជាតិ​ដែល​គេ​ត្រូវ​ចាត់​វិធានការ​ទប់ទល់ » នេះ​ជា​សម្តី​បង្កប់​ដោយ​ការ​ព្រមាន​ពី​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​យ៉ាវ៉ា ហ្សារីស្វ​នា​ឱកាស​នៃ​ការ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ