អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាអ៊ីរ៉ាក់ទើសទាល់ចិត្តខ្លាំងម្ល៉េះនៅចំពោះមុខកំណើនតានតឹងខ្លាំងរវាងអ៊ីរ៉ង់ និងអាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូត​ដល់​ពេល​នេះ កំណើន​តានតឹង​ខ្លាំង​រវាង​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់​ហាក់​មាន​ត្រឹម​កម្រិត​សង្រ្គាមពាក្យសម្តី និង​ការ​បង្ហាញ​សាច់ដុំ​ដាក់​គ្នា។ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេហេរ៉ង់​សុទ្ធ​តែ​បាន​អះអាង​ម្តង​ជា​ពីរ​ដង​ថា ខ្លួន​មិន​ចង់​ធ្វើ​សង្រ្គាម​ជាមួយ​គ្នា​ឡើយ។ គេ​មិន​ដឹង​ថា តើ​អំណះអំណាង​មួយ​នេះ​ជា​ឆន្ទៈពិត​របស់​ភាគី​ជម្លោះ​ទាំង​ពីរ ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង មាន​ប្រទេស​ផ្សេង​កំពុង​ចាក់​គូទ​អាមេរិក​ឲ្យ​ធ្វើ​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។ សម្រាប់​ក្រុម​អ្នកវិភាគ ទោះ​បី​ជា​មាន ឬ​គ្មាន​សង្រ្គាម​ជា​ចំហ​រវាង​អាមេរិក និង​អ៊ីរ៉ង់​ក៏​ដោយ ក៏​ប្រទេស​អ៊ីរ៉ាក់​ក្បែរ​ខាង​កំពុង​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​រវាង​គូសត្រូវ​ទាំង​ពីរ។ តើ​នេះ​មក​ពី​មូលហេតុ​អ្វី​ទៅ?

ប្រមុខការទូតអ៊ីរ៉ង់​លោក Mohammad Javad Zarif (រូបឆ្វេង) និង​សមភាគី​អ៊ីរ៉ាក់​លោក Mohamed Ali Alhakim ក្នុង​ទីក្រុងបាកដាដ ថ្ងៃទី២៦ ឧសភា ២០១៩
ប្រមុខការទូតអ៊ីរ៉ង់​លោក Mohammad Javad Zarif (រូបឆ្វេង) និង​សមភាគី​អ៊ីរ៉ាក់​លោក Mohamed Ali Alhakim ក្នុង​ទីក្រុងបាកដាដ ថ្ងៃទី២៦ ឧសភា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​រងគ្រោះ​ដោយ​គ្រាប់បែក គ្រាប់មីស៊ីល​អាមេរិក និង​ក្រោយ​ពី​បាន​ភ្លក់រសជាតិ​ជម្លោះ​ផ្ទៃក្នុង រួម​ទាំង​ការ​ប្រឈម​មុខ​ទល់​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​អស់​ជា​ច្រើន​ឆ្នាំ​មក អ៊ីរ៉ាក់​ហាក់​កំពុង​ក្លាយ​ជា​សមរភូមិ​សង្រ្គាម​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ៊ីរ៉ង់ និង​អាមេរិក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​សព្វថ្ងៃ​នេះ រវាង​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​គឺ​ជា​មិត្ត​នឹង​គ្នា ហើយ​រវាង​អ៊ីរ៉ាក់ និង​អាមេរិក​ក៏​ជា​មិត្ត​នឹង​គ្នា​ដែរ។ ចុះ​បើ​សុទ្ធ​តែ​ជា​មិត្ត​ទាំង​អស់​គ្នា តើ​គួរ​ត្រូវ​ធ្វើ​ដូចម្តេច?។ នេះ​ហើយ​ជា​សំណួរ​ដែល​រដ្ឋាភិបាល​ទីក្រុង​បាកដាដ​ត្រូវ​រក​ចម្លើយ​មួយ​ឲ្យ​មាន​សមភាព​ដោយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ភាគី​ណា​មួយ​អាក់អន់ ស្រពន់ចិត្ត​ចំពោះ​ខ្លួន​ទេ។ ក្រោម​ភ្នែក​ច្រមុះ​របស់​អ៊ីរ៉ាក់ អ៊ីរ៉ង់​បាន​ដើរ​​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដោយ​បាន​ជួយ​គាំទ្រ​ដល់​ក្រុម​ប្រដាប់​អាវុធ​អ៊ីរ៉ាក់​ឈ្មោះ Hachd al-Chaabi។

នៅ​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម អ៊ីរ៉ង់​ជា​ដៃគូ​មួយ​យ៉ាង​សំខាន់​ដែល​ទំហំ​ទឹកប្រាក់​នៃ​ការ​ដោះដូរ​ជាមួយ​អ៊ីរ៉ាក់​ក្នុង​១ឆ្នាំៗ​មាន​ដល់​ទៅ ១ ២០០លានដុល្លារ។ តម្រូវការ​ឧស្ម័ន និង​ភ្លើងអគ្គិសនី​មួយ​ភាគ​របស់​អ៊ីរ៉ាក់​ត្រូវ​បាន​អ៊ីរ៉ង់​ជា​អ្នក​ផ្គត់ផ្គង់​ឲ្យ។ ជាមួយ​អាមេរិក​វិញ ក្រៅ​ពី​ត្រូវ​ការ​ជំនួយ​កម្លាំងទ័ព និង​ការ​គាំទ្រ​នៅ​ក្នុង​យុទ្ធនាការ​កំចាត់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អ៊ីរ៉ាក់​ក៏​ត្រូវ​ការ​អាមេរិក​នៅ​ក្នុង​វិស័យប្រេង​ឥន្ធនៈ ពិសេស​ការ​ធ្វើ​អាជីវកម្ម​លើ​អណ្តូងប្រេងឆៅ និង​ការ​បង្កើន​ផលិតកម្ម​ប្រេង។ តែ​រដ្ឋាភិបាល​ទីក្រុង​បាកដាដ​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា​បន្តិច​ម្តងៗ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្យាយាម​បង្វែរ​ពី​កម្មវត្ថុ​ប្រឆាំង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទៅ​ជា​កម្មវត្ថុ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​វិញ​ម្តង។

ចំណែក​អ៊ីរ៉ង់​វិញ​ក៏​យល់​មិន​ច្រឡំ​ដែរ​ចំពោះ​បញ្ហា​នេះ និង​កំពុង​រងចាំ​មើល​ជំហរ​របស់​អ៊ីរ៉ាក់។ តែ​ដោយ​ចង់​ចូលរួម​កាត់​បន្ថយ​ភាព​តានតឹង និង​មិន​ចង់​ឃើញ​ទឹកដី​អ៊ីរ៉ាក់​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​រវាង​អ៊ីរ៉ង់ និង​អាមេរិក រដ្ឋាភិបាល​ក្រុង​បាកដាដ​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​ជា​អាជ្ញាកណ្តាល​ដើម្បី​ព្យាយាម​សម្របសម្រួល និង​បញ្ចៀស​ការ​ផ្ទុះសង្រ្គាម។ នៅ​ក្នុង​ន័យ​នេះ នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​លោក​អាឌែល អាប់ឌែល ម៉ាឌី​បាន​ប្រកាស​ពី​ការ​បញ្ជូន​គណៈប្រតិភូ​អ៊ីរ៉ាក់​ទៅ​កាន់​អ៊ីរ៉ង់ និង​អាមេរិក។ គួរ​រម្លឹក​ថា តាំង​ពី​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ តាំង​ពី​លោក​ត្រាំ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់ និង​តាំង​ពី​លោក​ត្រាំ​បាន​ពង្រឹង​កម្លាំងទ័ព រួម​ទាំង​គ្រឿងសព្វាវុធ​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​មក ហានិភ័យ​នៃ​ការ​ផ្ទុះសង្រ្គាម​រវាង​សត្រូវ​ទាំង​ពីរ​កំពុង​កើន​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់។

តែ​អាមេរិក និង​អ៊ីរ៉ង់​ដែល​នៅ​បន្ត​អះអាង​ពី​ការ​មិន​ចង់​មាន​សង្រ្គាម​ជាមួយ​គ្នា​បាន​យល់​ឃើញ​ដូច​គ្នា​ថា បើ​សង្រ្គាម​ផ្ទុះ​មែន នោះ​វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ខាត​បង់ និង​អន្តរាយ​ដូច​គ្នា។ អ៊ីចឹង​សួរ​ថា តើ​ការ​បាញ់​គ្រាប់រ៉ូកែត​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៩ ឧសភា​ចូល​តំបន់បៃតង​ក្នុង​ទីក្រុង​បាកដាដ​ដែល​មាន​វត្តមាន​ស្ថានទូតអាមេរិក​នៅ​ទីនោះ​ជា​ស្នាដៃ​របស់​អ្នក​ណា?។ អាមេរិក​បាន​ចោទ​លើ​ក្រុម​ប្រដាប់​អាវុធ​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ តែ​ទង្វើ​ដែល​នៅ​មិន​ទាន់​មាន​អ្នក​ណា​ចេញ​មុខ​សារភាព​មួយ​នេះ​ត្រូវ​បាន​គ្រប់​ក្រុម​ប្រដាប់អាវុធ​អ៊ីរ៉ាក់​ទាំង​អស់​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ច្រានចោល​យ៉ាង​ដាច់​អហង្ការ។ បើ​តាម​ក្រុម​អ្នកវិភាគ អ្នក​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​មួយ​នេះ​មិនមែន​អ៊ីរ៉ង់ ហើយ​ក៏​មិនមែន​អាមេរិក​ដែរ តែ​ជា​អ្នក​ផ្សេង​ដែល​ចង់​រុញ​អ៊ីរ៉ង់ និង​អាមេរិក​ឲ្យ​ផ្ទុះសង្រ្គាមដាក់​គ្នា​ដើម្បី​ប្រយោជន៍ និង​បុព្វហេតុ​ផ្ទាល់ខ្លួន​ទៅ​វិញ​ទេ។

អ្នក​ផ្សេង​ដែល​គេ​បាន​សម្លឹង​ឃើញ​នោះ​មាន​ពីរ ទី១ គឺ​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ជា​សត្រូវ​ស៊ូពូជ​របស់​អ៊ីរ៉ង់ ហើយ​ទី២ គឺ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ជា​គូប្រជែង​ស្លាប់រស់​នៅ​ក្នុង​តំបន់​របស់​អ៊ីរ៉ង់។ តាម​ពិត​ទៅ ជំហរ​ប្រឆាំង​អ៊ីរ៉ង់​គ្មាន​ថ្ងៃ​អវសាន​របស់​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​មិនមែន​ជា​រឿង​ថ្មី​ទេ។ អ្វី​ដែល​ថ្មី គឺ​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ចង់​ឆ្លៀត​ឱកាស​នៃ​ការ​ដំឡើង​សរសែ ក ដាក់​គ្នា​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ពេល​នេះ​ដើម្បី​ជម្រះបញ្ជីចាស់​ជាមួយ​អ៊ីរ៉ង់​ឲ្យ​ដាច់​ស្រឡះ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បើ​សង្រ្គាម​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ត្រូវ​ផ្ទុះ​ដោយ​ចៀស​មិន​រួច គឺ​តំបន់​ដើមបូព៌ា​ទាំង​មូល​ដែល​ត្រូវ​ធ្លាក់​ក្នុង​ភ្លើងសង្រ្គាម​ដោយ​គ្មាន​ប្រទេស​ណា​មួយ​រួច​ខ្លួន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ