អានតួអត្ថបទ

រដ្ឋអាជ្ញាពិសេស​ដែល​ធ្លាប់​ធ្វើឱ្យ​លោក​ត្រាំ​ព្រួយ ចេញ​ថ្លែង​ជា​សាធារណៈ

លោក Robert Mueller រដ្ឋ​អាជ្ញាពិសេស​ទទួល​បន្ទុក​អង្កេត​សំណុំ​រឿង​​សង្ស័យ​រុស្ស៊ី​ចូល​លូក​ដៃ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​អាមេរិក ជួយ​ក្រុម​លោក​ដូណាល់​ត្រាំ កាលពី​ឆ្នាំ​២០១៦ បាន​ចេញ​មុខ​ ថ្លែង​ជា​សាធារណៈ​ជា​លើក​ទី​មួយ​ នៅ​ថ្ងៃទី ២៩ ឧសភា ២០១៩។ សម្រាប់​លោក​រដ្ឋ​អាជ្ញា ទោះ​បី​ជា​គេ​មាន​ការ​សង្ស័យ​​ច្រើន​មែន តែ​គេ​មិន​អាច​ធ្វើ​​ការ​ចោទ​ប្រកាន់​លោក ដូណាល់​ត្រាំ​ បានឡើយ។

រដ្ឋអាជ្ញា​ពិសេស លោក​ Robert Mueller ថ្ងៃទី ២៩ ឧសភា ២០១៩ ថ្លែង​ជា​សាធារណៈ​ នៅ​វ៉ាស៊ីនតោន
រដ្ឋអាជ្ញា​ពិសេស លោក​ Robert Mueller ថ្ងៃទី ២៩ ឧសភា ២០១៩ ថ្លែង​ជា​សាធារណៈ​ នៅ​វ៉ាស៊ីនតោន REUTERS/Jim Bourg
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល​២២​ខែ អតីត​មេ​ដឹកនាំ​ចារកិច្ច​FBI បាន​ដឹកនាំកា​រអង្កេត​ ដោយ​ស្ងប់ស្ងាត់​ ឆ្ងាយ​ពី​កាមេរ៉ា ឬ​ក្បាលមីក្រូ និង​ក្រសែភ្នែក​​របស់សាធារណជន។ លោក​តែង​ផ្តល់​ព័ត៌មាន ឬ​បញ្ចេញ​មតិ តាម​រយៈ​តែ​សំណេរប៉ុណ្ណោះ។​ លោក​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​បញ្ចប់​ការ​អង្កេត​ កាលពី​ចុង​ខែ​មីនា នូវ​ឯកសារ​កម្រាស់​៤០០​ទំព័រ និង​ចេញ​ផ្សាយ ដោយ​កែ​លុប​ចោល​នូវ​រាល់​ទិន្នន័យ​​​ជាការ​​សម្ងាត់ជាតិ​ នៅ​ថ្ងៃ​ទី​១៨​មេសា​២០១៩។ ហើយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញនេះ លោក​បាន​ថ្លែង​ជា​សាធារណៈ​ សង្ខេបអំពី​​​​ខ្លឹម​សារគោល​នៃ​សេចក្តី​សន្និដ្ឋាន​អង្កេត​ថា ៖ មានការ​ប្រឹង​ចូល​ជា​ជ្រៀតជ្រែង​ជា​ច្រើន​និង​ជា​ស្វ័យប្រវត្តិ ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦។

ប៉ុន្តែ ​ទោះ​បី​ជារក​ឃើញ​​មាន​ចំណង​ជា​ច្រើន​រវាង​រុស្ស៊ី​ជាមួយ​សមាជិក​​ក្រុម​ឃោសនា​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​មែន​ក៏​ដោយ​ ក៏​លោក​រដ្ឋ​អាជ្ញាពិសេស​យល់​ថា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​អំពី​ភាព​ត្រូវ​រ៉ូវ​គ្នា​នៃ​ភាគី​ទាំង​ពីរ​ដែរ។

មាន​អាយុ​៧៤​ឆ្នាំ លោក​រដ្ឋ​អាជ្ញា Robert Mueller បាន​គូស​បញ្ជាក់​ទៀត​ថា​ លោក​នឹង​មិន​អញ្ជើញ​ទៅ​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​សភា​ទេ ទោះ​បីជា​បក្ស​ប្រជាធិបតេយ្យ​ចង់​បាន​យ៉ាង​ណា​ក៏​ដោយ ហើយ​លោក​បាន​ប្រកាស​លាលែង​ពី​តួនាទី​និង​ការងារ​នៅ​ក្រសួង​យុត្តធម៌ ដើម្បី​មាន​ជីវិត​​រស់​នៅ​ជា​ជន​សាមញ្ញវិញ។

ទាក់ទង​នឹង​ការចោទ​ប្រកាន់​​​សង្ស័យ​ថា​ប្រធានាធិបតី​ត្រាំ រារាំង​តុលការ​មិន​ឱ្យ​ធ្វើ​អង្កេត​ត្រឹម​ត្រូវ​វិញ លោក​រដ្ឋ​អាជ្ញា​ពិសេសមិនអារកាត់​សេចក្តី​ទេ ដោយ​សុំ​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ​សភា​ជា​អ្នក​សម្រេច​។ លោក​បាន​ពន្យល់​ការពារ​ខ្លួន​ថា “ប្រធានាធិបតីដែល​កំពុង​កាន់​អំណាច​​មិន​ត្រូវ​រង​ការ​ប្តឹង​ផ្តល់​ចំពោះ​បទ​ល្មើស​អ្វីទេ គឺជា​ទង្វើ​ផ្ទុយ​នឹង​​រដ្ឋ​ធម្មនុញ្ញ។” រដ្ឋធម្មនុញ្ញ​មាន​ចែង​អំពី​ដំណើរ​​ការ​ចោទ​ប្រកាន់​ ប្រធានាធិបតី​កំពុង​កាន់​អំណាច ក្រៅ​ប្រព័ន្ធ​តុលាការ។ ពោលគឺ​បែប​បទ​ចង់​ទម្លាក់​ប្រធានាធិបតី« impeachment »​ ត្រូវ​ធ្វើ​នៅ​សភា។

ដោយ​គ្មាន​បង្អង់​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ បាន​សេចក្តី​ថ្លែងការណ៍​បែប​ខឹង​សម្បារភ្លាម ថា​”ដោយ​រដ្ឋអាជ្ញា​​មិន​អាច​រៀប​ដំណើរការ​នីតិវិធី​ប្រឆាំង​នឹងប្រធានាធិបតី ដូច្នេះ​ត្រូវ​ជា​ភារៈ​របស់​សភា” ! នៅ​អាមេរិក គ្មាន​នរណា​អង្គុយ​លើ​ច្បាប់​ទេ។ ប៉ុន្តែ​អ្នក​ប្រជាធិបតេយ្យ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់លាស់​អំពី​ការ​ចាប់​ផ្តើម​​ដាក់​សំណុំ​បែប​បទ​​ទម្លាក់​ប្រធានាធិបតី​ទេ។

សមាជិកបក្ស​ចង់​ដាក់​ឱ្យ​ដំណើរការ​បែប​បទ​សុំ​ទម្លាក់​ប្រធានាធិបតី ប៉ុន្តែ​មេដឹកនាំ​បក្ស​ខ្លាច​មិន​បាន​សម្រេច​ ព្រោះ​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន​​នៅ​ព្រឹទ្ធសភា ហើយ​មកបាំង​ប្រធានបទ​ផ្សេងៗ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ